អានតួអត្ថបទ
កាណាដា-ចិន

ហេតុអ្វី​សមាជិកសភា​កាណាដា​ធ្វើដំណើរទៅ​ប្រទេស​ចិន?

ចាប់ពី​ថ្ងៃ​សៅរ៍​ទី ៥​មករា គណៈប្រតិភូ​សភា​កាណាដា​បានផ្តើម​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ប្រទេស​ចិន។ ដំណើរទស្សនកិច្ច​របស់​សមាជិកសភា និង​ព្រឹទ្ធសភា​កាណាដា នៅប្រទេស​ចិន ត្រូវ​បាន​គ្រោងទុក​ជាយូរ​មកហើយ ប៉ុន្តែ វា​កើតឡើង​នៅ​ចំ​កាលៈទេសៈ ដែល​ប្រទេស​ចិន និង​កាណាដា កំពុង​មាន​ភាពតានតឹង​ការទូត​នឹងគ្នា ដោយសារ​សំណុំរឿង​ចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ និង​ជា​កូនស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​ទូរស័ព្ទ Huawei នៅក្នុង​ទឹកដី​កាណាដា។ 

ប៉ូលិស​ចិន​នៅ​មុខ​ស្ថានទូត​កាណាដា នៅ​ទីក្រុង​ប៉េកាំង​​ថ្ងៃទី ១២ ធ្នូ ២០១៨
ប៉ូលិស​ចិន​នៅ​មុខ​ស្ថានទូត​កាណាដា នៅ​ទីក្រុង​ប៉េកាំង​​ថ្ងៃទី ១២ ធ្នូ ២០១៨ ©REUTERS/Thomas Peter
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅ​ប្រទេស​ចិន ដោយ​ចាប់ផ្តើម​ដំបូង​នៅ​ទីក្រុង​សៀងហៃ ហុងកុង គណៈប្រតិភូ​សភា​កាណាដា សង្ឃឹម​ចូលរួម​ឲ្យ​មានការដោះលែង​ឲ្យ​មាន​សេរីភាព​ជនជាតិ​កាណាដា ដែល​ត្រូវ​បាន​ចាប់ខ្លួន នៅក្នុង​ប្រទេស​ចិន។ ចាប់តាំង​ពី​អាជ្ញាធរ​កាណាដា​បាន​ចាប់ខ្លួន កូនស្រី របស់​ស្ថាបនិក​ក្រុមហ៊ុន​Huawei កាលពី​ដើម​ខែ​ធ្នូ ឆ្នាំមុន ជនជាតិ​កាណាដា​ពីរ​រូប ដែល​នៅក្នុង​មួយរូប ជា​អតីត​មន្រ្តីទូត​កាណាដា ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់ខ្លួន ក្នុងមូលហេតុ​គំរាមកំហែង​សន្តិសុខ​ជាតិចិន។ ចំណែក​ជនជាតិ​កាណាដា ១៣​នាក់​ផ្សេងទៀត ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ប្រទេស​ចិន នៅ​ក្នុង​រយៈពេល​ដូចគ្នានេះ។

នៅ​ក្នុង​ដំណើរទស្សនកិច្ច​ទៅ​ប្រទេស​ចិន គណៈប្រតិភូ​សភា​កាណាដា​ទាំង​៦រូប ដឹងច្បាស់ណាស់​ថា ពួកគេ​កំពុង​ដើរ​នៅលើ​សំបកពងមាន់​ដ៏ផុយស្រួយ នៅពេល​លើកនិយាយ​ពី​ការចាប់ខ្លួន ជនជាតិ​កាណាដា ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ នៅ​ប្រទេស​ចិន។ ប៉ុន្តែ យ៉ាងណាក៏ដោយ ពួកគេ​នឹង​មិនទាមទារ​ឲ្យ​អាជ្ញាធរ​ចិន ត្រូវតែ​ដោះលែង ជនជាតិ​កាណាដា​ភ្លាមៗ​នោះទេ។ តាម​ប្រភព​មន្រ្តីទូត​កាណាដា សមាជិក​សភា​កាណាដា​គ្រាន់តែ​ចង់​ឲ្យ​ជនជាតិ​របស់ខ្លួន ទទួល​បាន​សិទ្ធិ​ការពារ​ខ្លួន ដោយ​ពេញលេញ នៅតុលាការ​ចិន។

តាម​អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​ចិន ជនជាតិ​កាណាដា​ទាំងពីររូប គឺ Michael Kovrig និង Michael Spavor ត្រូវ​បាន​ចាប់ខ្លួន ដោយសារ​តែ​បាន​រំលោភ​ច្បាប់​ក្នុង​ប្រទេស​ចិន។ ប៉ុន្តែ ជាទូទៅ ការចាប់ខ្លួន​ជនជាតិ​កាណាដា នៅ​ប្រទេស​ចិន ត្រូវ​បាន​គេ​ចាត់ទុក​ជា​ការសងសឹក​របស់​ទីក្រុង​ប៉េកាំង ដែល​ធ្លាប់​បាន​និយាយ​គំរាម​ឲ្យ​រដ្ឋាភិបាល​កាណាដា ដោះលែង កូនស្រី ស្ថាបនិក​ក្រុមហ៊ុន​Huawei បើសិន​មិនចង់​ជួប​ផលវិបាកធ្ងន់ធ្ងរ។

នៅ​ក្នុង​ប្រទេស​ចិន សមាជិកសភា​កាណាដា នឹង​ព្យាយាម​ពន្យល់​សមភាគី ចិន ថា ក្នុង​សំណុំរឿង​ចាប់ខ្លួន ប្រធានផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​Huawei កាណាដា គ្មាន​ជម្រើសអ្វី​ផ្សេង ក្រៅ​តែ​ពី​អនុវត្ត​តាម​ច្បាប់​នោះ​ទេ។ លោកស្រី ម៉េង វាន់ចូវ កូនស្រី​របស់ស្ថាបនិក​ក្រុមហ៊ុន​យក្សចិន Huawei ត្រូវ​អាជ្ញាធរ​កាណាដា ចាប់​ខ្លួន នៅ​ពេល​ចុះចត​នៅទីក្រុង​Vancouver នៅក្រោយ​មាន​ដីកា​តាម​ចាប់ខ្លួន​របស់​តុលាការ​អាមេរិក ដែលចោទប្រកាន់​លោកស្រី ថា បាន​រំលោភ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក ទៅលើ​ប្រទេស​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ