អានតួអត្ថបទ

អាមេរិកនិងចិន បោះ​ជំហាន​ទៅ​រក​ការព្រមព្រៀង​ពាណិជ្ជកម្ម​នឹង​គ្នា

លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្រកាស​នៅថ្ងៃសៅរ៍​ទី ២៩​ធ្នូ​ថា បាន​ជួប​ពិភាក្សា​ជាមួយ​សមភាគី​ចិន លោក ស៊ី​ ជីនពីង តាម​ទូរស័ព្ទ​ យ៉ាង​រលូន។ បើ​តាម​លោក​ប្រធានាធិបតី សហរដ្ឋ​អាមេរិក​និង​ចិន ​កំពុង​តែ​ឈាន​ទៅ​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​មួយ ដែល​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

ប្រធានាធិបតី​អាមេរិក និង​សមភាគី ចិន នៅ​ក្រុងប៉េកាំង កាលពី​ថ្ងៃទី ៩ វិច្ឆិកា ២០១៧
ប្រធានាធិបតី​អាមេរិក និង​សមភាគី ចិន នៅ​ក្រុងប៉េកាំង កាលពី​ថ្ងៃទី ៩ វិច្ឆិកា ២០១៧ Fred DUFOUR / AFP
ផ្សាយពាណិជ្ជកម្ម

វាយ​ហើយ​អង្អែល តើ​នេះ​ជាយុទ្ធសាស្ត្រ​របស់​លោក​ត្រាំ​ឬ ?! បន្ទាប់​ពី​បាន​គំរាម​យក​ពន្ធគយ​លើ​ផលិត​ផលចិន​ឱ្យ​កាន់តែធ្ងន់​ធ្ងរចាប់​ពី​ឆ្នាំ​២០១៩​ទៅ លោក​ត្រាំ ​ថ្ងៃ​នេះ បែរ​ជា​​អួត​សរសើរ​​អំពី​កិច្ចពិភាក្សា​ដ៏​វិជ្ជមាន​ជាមួយ​លោក ស៊ី ជីនពីង​ទៅ​វិញ។ កិច្ចព្រមព្រៀង​កំពុង​ចាប់​មាន​ទម្រង់​ហើយ ! ជា​កិច្ចព្រមព្រៀង​ដ៏​ពេញ​លេញ ផ្តោត​លើ​គ្រប់​ប្រធានបទ គ្រប់​វិស័យ​ និង​គ្រប់​ចំណុច​ដែល​អាមេរិក​និង​ចិន​ធ្លាប់​ខ្វែង​គ្នា​។ ការ​ចរចា​បាន​ផ្តល់​​ភាព​ជឿន​លឿន​ច្រើន​។ ​នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ដូណាល់ ត្រាំ ដែល​បាន​អះអាង​ថា​​​បាន​ជជែក​ពិភាក្សា​គ្នា យ៉ាង​យូរ​ តាម​ទូរស័ព្ទ ជាមួយ​ប្រធានាធិបតី​ចិន លោក​ ស៊ី​ ជីនពីង។

សារព័ត៌មាន​ផ្លូវការ​ចិន ក៏​បាន​បញ្ជាក់​ថា​ប្រធានាធិបតី​ទាំង​ពីរ​ពិត​ជា​បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​មែន កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ និង​បាន​ប្រកាស​ថា​ក្រុមការងារ​ទាំង​ពីរ​ប្រទេស​ កំពុង​ធ្វើការ​រួម​គ្នា​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​​។ លោក ស៊ី ជិនពីង សង្ឃឹមថា​អាមេរិក​និង​ចិន​នឹង​បន្ត​ដំណើរ​រួម​គ្នា​ ហើយប្រឹង​​រក​ឃើញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​ផ្តល់​ប្រយោជន៍​​ដល់​គ្នា​ទៅ​វិញ​មក។

សូម​បញ្ជាក់​ថា​ដំណឹង​នេះ​ធ្លាក់​មក ក្នុង​ខណៈ​ដែល​ចិន​បាន​បង្ហាញ​កាយ​វិការ​សម្រប​សម្រួល​ច្រើន។ ជាក់ស្តែង កាលពីមុននេះមួយ​ថ្ងៃ ចិន​ព្រម​ឱ្យ​មាន​ការ​នាំ​ចូល​អង្ករ​អាមេរិក​ទៅ​ចិន ជា​លើក​ទី​មួយ។ នៅ​ក្នុង​ជំនួប​​នៅប្រទេស​អាហ្សង់ទីន កាលពី​ដើម​ខែ លោក ដូណាល់ ត្រាំ និង​លោក​ស៊ីជីនពីង បាន​ព្រមព្រៀង​គ្នា​ផ្អាក​សង្គ្រាម​ និង​ផ្អាក​ការ​យក​ពន្ធ​គយ​ រយៈ​ពេល​៩០​ថ្ងៃ ដើម្បី​ទុក​ពេល​ចរចា​គ្នាស្វែង​​រក​កិច្ចព្រមព្រៀងគោល​មួយ។

​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​បាន​ផ្ទុះ​ឡើង​​​តាំង​ពី​ជិត​មួយ​ឆ្នាំ ជា​ក្តីព្រួយ​បារម្ភ​របស់​ពិភព​លោក​ទាំងមូល។ ហើយ​ក្រៅ​អំពី​បញ្ហា​ពាណិជ្ជកម្ម​ ​មហាអំណាច​ទាំង​ពីរ ខ្វែង​គំនិត​គ្នា​លើ​ចំណុច​​​​ជា​ច្រើន​ទៀត។ កាលពី​១០​ថ្ងៃ​មុន អាមេរិក​បានធ្វើ​ការ​ចោទ​ប្រកាន់​ជនជាតិ​ចិន​ពីរ​នាក់​ពីបទ​វាយប្រហារ​អ៊ីនធ័រនែត។ ហើយ​មុន​នេះទៀត មាន​​​​ការ​ចាប់​ខ្លួនកូន​ប្រធាន​​ក្រុមហ៊ុន​ទូរស័ព្ទ​ហួរវ័យ​របស់​ចិន​ នៅ​កាណាដា តាម​សំណើ​អាមេរិកទៀត។ ការ​នេះ​បានធ្វើ​​ឱ្យ​ប្រទេស​ទាំង​ពីរ​មើល​មុន​គ្នា​កាន់​តែ​មិន​ចំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ