អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រវត្តិ​ភ្នំភ្លើង​អាណាក់​ក្រាកាតូអា​របស់​ឥណ្ឌូណេស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចំនួន​ជនរងគ្រោះ​បាត់​បង់​ជីវិត​ក្នុង​គ្រោះ​រលក​យក្ស​នៅឥណ្ឌូណេស៊ី កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ។ ក្នុង​ខណៈ​ដែល​ប្រតិបត្តិការ​សង្គ្រោះ​កំពុងបន្ត​ប្រឹង​ប្រែង​​​ស្វែង​រក​សាកសព​និង​ជន​បាត់​ខ្លួន អ្នក​ជំនាញ​​បាន​ព្រមាន​អំពីហានីភ័យ​ដ៏​ខ្ពស់​នៃគ្រោះ​ជួប​​​រលក​យក្ស​ថ្មី​ទៀត​។ ហេតុអ្វី ? ព្រោះ​រលក​យក្ស​ដែល​វាយបោក​លើ​​កោះ​ស៊ូមាត្រ និង​ជ្វា (ហ្សាវា) កាលពី​ថ្ងៃសៅរ៍ ​បណ្តាល​មក​ពីបន្ទុះ​​ភ្នំភ្លើង​ អាណាក់ ក្រាកាតូអា។ ជា​ភ្នំភ្លើង​ដ៏ល្បីល្បាញ និង​សកម្មបំផុត ដែល​ស្ថិតក្រោម​ការ​ត្រួត​ពិនិត្យ​តាំង​ពី​១០​ឆ្នាំមក​ហើយ។

ភ្នំភ្លើង​ Anak Krakatoa ឬ​កូនភ្នំភ្លើងក្រាកាតូអា
ភ្នំភ្លើង​ Anak Krakatoa ឬ​កូនភ្នំភ្លើងក្រាកាតូអា Phys.org
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​តែ​៦​ខែ​ចុងក្រោយ​នេះ​សោះ ឥណ្ឌូណេស៊ី បាន​រងគ្រោះ​រលក​យក្ស​ដល់​ទៅ​បី​ដង។ តែ​ដើម​ហេតុ​បង្ក​ឱ្យ​មាន​រលក​យក្ស​សុទ្ធ​តែ​ខុស​គ្នា​ទាំង​បី។ នេះ​បើ​តាម​អ្នក​ជំនាញ​ភូគព្ភវិទ្យា។

រលកយក្ស​អាច​បណ្តាល​មក​ពី​ការ​រញ្ជួយ​ដី ដូច​យ៉ាង ករណីមហន្តរាយ​​រលកយក្ស​ឆ្នាំ​២០០៤ ទៅ​លើ​កោះស៊ូមាត្រា ឬ​លើ​ហ្វូគុស្ហ៊ីម៉ា នៅ​ឆ្នាំ​២០១១។ ការ​ហូរ​បាក់​ដី បាក់​ជញ្ជាំង​ភ្នំ ក្រោម​សមុទ្ទ​ ឬបំផ្ទុះ​ភ្នំភ្លើង ក៏អាច​ជា​ដើម​ហេតុ​ដែរ ជាក់ស្តែង​រលកយក្ស​កាលពី​ថ្ងៃ​សៅរ៍ ទី ២២​ធ្នូ ២០១៨ ដែល​វាយ​បោក​លើ​ឥណ្ឌូណេស៊ី​យ៉ាង​ដំណំ​នោះ គឺ​ជា​ផលវិបាក​នៃ​​បន្ទុះ​ភ្នំភ្លើង​ អាណាក់ ក្រាកាតូអា។

ភ្នំភ្លើង​នេះ កំពុង​មាន​សកម្មភាព​យ៉ាង​ខ្លាំង​ និង​ជា​ប្រភពនៃ​ការ​គំរាម​កំហែង​ឥណ្ឌូណេស៊ី​ឱ្យ​ប្រឈម​នឹង​គ្រោះ​រលកយក្ស​ជា​ថ្មី​ទៀត ព្រោះ​ជាមួយ​នឹង​ការ​បាក់​ដីមួយ​ភាគ​កាលពី​ថ្ងៃ​សៅរ៍​ អាណាក់ក្រាកាតូអា លែង​មាន​លំនឹង ! ដូច្នេះ​វា​អាច​នឹង​មាន​ផ្ទាំង​ភ្នំភ្លើង​មួយ​ចំណែក​ណា​ទៀត​បាក់​ស្រុតទៀត។ បើ​ដូច្នេះ​គេ​ត្រូវ​ធ្វើ​ដូចម្តេច ? តើអ្នក​ជំនាញ​​ស្គាល់​​ភ្នំភ្លើង​អាណាក់ក្រាកាតូអា ប៉ុណ្ណា ?

​នៅ​ថ្ងៃទី ២៧ សីហា ឆ្នាំ​១៨៨៣ ភ្នំភ្លើង​ក្រាកាតូអា បាន​ផ្ទុះ​ឆេះ​ឡើង​ ជះ​អណ្តាត​ភ្លើង​ និង​ជះ​ផេះ​ផ្សែង​ខ្មៅ​ខ្មួលខ្មាញ់​កម្ពស់​ជាង​២០​គីឡូម៉ែត្រ លើ​ផ្ទៃ​អាកាស មើល​ឃើញ​ដល់​អឺរ៉ុប​ និង​អម​ដោយ​សំឡេង​​ផ្ទុះ​លាន់កក្រើក​ត​គ្នា​រដឹក​​ឮ​ដល់​ប្រទេស​អូស្ត្រាលី និង​ក្នុង​ចម្ងាយ​ដល់​៤៥០០គីឡូម៉ែត្រ ពោល​គឺ​ជិត​ដល់​កោះ​ម៉ូរីស​​។ តំបន់​ទាំង​មូល ធ្លាក់​ក្នុង​ភាព​ងងឹង​សូន្យ​សុង​រយៈ​ពេល​ពីរ​ថ្ងៃ។ ដោយសារ​លម្អ​ធូលី​ភ្នំភ្លើង ទិដ្ឋភាព​នៃ​ព្រះអាទិត្យ​រះ និង​លិច នៅ​ទូទាំង​ពិភពលោក មាន​លក្ខណៈ​អស្ចារ្យក្រៃ​ ​​ក្នុង​រយៈ​ពេលពេញ​​មួយ​ឆ្នាំ​។ ការព្យាករ​ឧតុនិយម ត្រូវ​រំខាន​រាប់​សិប​ឆ្នាំ។ បំផ្ទុះ​ភ្នំភ្លើងដ៏​អស្ចារ្យ​នោះ បាន​ធ្វើកំពូល​ក្រាកាតូអា បាក់​រលំ​លិច​បាត់​ ពោល​ គឺ​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដ៏​អាក្រក់​បំផុត​មួយ​របស់​ផែនដី ដោយ​​បាន​បង្ក​ឱ្យ​មាន​រលកយក្ស ​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​៣៦០០០​នាក់។

ជាង​៤០​ឆ្នាំ ក្រោយ​បាតុភូត​​បន្ទុះ​ភ្នំភ្លើង​ក្រាកាតូអា នៅ​រវាង​ឆ្នាំ​១៩២៨ ភ្នំភ្លើងថ្មីមួយ​បាន​ដុះ​ចេញ​លេច​ឡើង​លើ​ផ្ទៃ​ទឹក។​ ​ពលរដ្ឋ​ឥណ្ឌូណេស៊ី ក៏​ដាក់​ឈ្មោះ​ឱ្យ​​ថា Anak Krakatoaអាណាក់ក្រាកាតូអា ឬ​​​កូនភ្នំភ្លើង​​ក្រាកាតូអា ! ជា​ភាសា​ឥណ្ឌូណេស៊ី អាណាក់ មាន​ន័យ​​ថា​ កូន !

មានកំពូល​ជា​រាង​មាត់​អណ្តូង អាណាក់ក្រាកាតូអា ជា​កូនកោះ​ភ្នំភ្លើង​ ដែល​មាន​កំហូង​ជម្រៅ​ដល់​ទៅ​​៣០០​ម៉ែត្រ។ តាំង​ពី​ចាប់​កំណើត​មក អាណាក់ក្រាកាតូអា ជា​ភ្នំភ្លើង​ពាក់​កណ្តាល​សកម្ម​ ចង់​ផ្ទុះ​ខ្ជាក់​ភ្លើង​រហូត។ សកម្មភាព​ផ្ទុះ​ខ្ជាក់​តូចៗ តែង​តែ​មាន​ជា​រៀង​រាល់​ពីរ​បី​ឆ្នាំម្តង​ ជា​ហេតុ​ធ្វើ​ឱ្យ​កោះ​ភ្នំភ្លើង​នេះ​រីកធំ​ជា​លំដាប់ (ផ្ទុះ​ម្តង​ធំ​បន្តិចៗ)។ នេះ​បើ​តាមការ​ពន្យល់​របស់​របស់​អ្នក​ជំនាញ​ភ្នំភ្លើង​នៃ​សាកលវិទ្យា​ល័យ​ Monash អូស្រ្តាលី។ ជា​កោះ​គ្មាន​មនុស្ស​រស់​នៅ អាណាក់​ក្រាកាតូអា បាន​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ភ្នំភ្លើង​ដ៏​ទាក់ទាញ​របស់​ឥណ្ឌូណេស៊ី និង​ជា​ប្រធានបទ​នៃ​ការ​សិក្សា​ដ៏​ចំបង​របស់​អ្នក​ជំនាញ​ភ្នំភ្លើង។ ដោយសារ​សម្រស់​ធម្មជាតិ​គ្មាន​ប្រៀប និង​ដោយសារ​ភាព​សម្បូរ​បែប​ផ្នែក​រុក្ខជាតិ​និង​សត្វ អង្គការ​យូណេស្កូ​បាន​ចាត់​ទុក​ភ្នំភ្លើង​អាណាក់​ក្រាកាតូអា ជា​បេតិកភណ្ឌ​របស់​មនុស្សជាតិ។​

ប៉ុន្តែ ​ អាណាក់​ក្រាកាតូអា ដែល​គ្រហឹម​ចង់​ផ្ទុះ​កាន់​តែ​​ញឹកញយ​ ព្រម​ទាំង​បាន​បង្ហុយ​ផ្សែង​ផេះ​លើ​ផ្ទៃ​មេឃ​យ៉ាង​ខ្ពស់ និង​ស្ថិត​ក្រោម​ការ​តាមដាន​ខ្លាំង​បំផុតតាំង​ពី​ជាង​១០​ឆ្នាំ​មកនោះ ចាប់​មាន​សកម្មភាពកាន់​តែ​​ខ្លាំង​តាំង​ពី​ខែ​មិថុនា​មក។ កាលពី​ខែ​តុលា ទូក​សង្គ្រោះ​វិះ​តែ​នឹង​បើក​បុកដុំ​​កំអែ​ភ្នំភ្លើង​អាណាក់​ក្រាកាតូអានេះផង។

​គ្រោះកាច​​កាលពី​ថ្ងៃសៅរ៍ គ្រាន់​តែ​ជា​បន្ទុះ​តូច​មួយ​របស់​អាណាក់ក្រាកាតូអា តែ​ច្រើន​ជ្រុល​តែ​ប៉ុណ្ណោះ។ តែ​ពេល​នេះ​អាណាក់​ក្រាកាតូអា លែង​មាន​លំនឹង​ហើយមាន​សកម្មភាព​ខ្លាំង​ទៀត​។ ហេតុ​ដូច្នេះ​បាន​អ្នក​ជំនាញ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ ខ្លាច​មាន​​រលក​យក្ស​ជា​ថ្មី​នោះ។

ដើម្បី​កាន់​បន្ថយ​ហានិភ័យ​ គេ​ត្រូវ​សិក្សាមើល​ផែនទី​​បាតសមុទ្ទ​ជុំ​វិញ​ជើង​ភ្នំភ្លើងអាណាក់ក្រាកាតូអា ថាតើ​មាន​សញ្ញា​នៃ​គ្រោះ​បាក់​ដី​ បាក់​ជញ្ជាំង​ភ្នំភ្លើង​ក្រោម​ទឹក​ដែរឬអត់។ ប៉ុន្តែ​ជាទូទៅ អង្កេត​ក្រោម​សមុទ្ទ ប្រើពេល​យូរ​ ដល់​ទៅ​រាប់​ខែ​ទម្រាំ​អាច​រៀប​ចំ​និង​ទប់ស្កាត់​បាន។ នេះ​តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រាវជ្រាវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ