អានតួអត្ថបទ

អាមេរិក​កាត់ទោស​កូរ៉េខាងជើង​ឱ្យ​សង​៥០១​លាន​ដុល្លារ ចំពោះ​ករណី​ស្លាប់​និស្សិត​Warmbier

តុលាការ​អាមេរិក​ បាន​ចេញ​សាលក្រម ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ​កាត់ទោស​កូរ៉េខាង​ជើង ឱ្យ​បង់​ប្រាក់​ ចំនួន ៥០១​លាន​ដុល្លារ ចំពោះ​ទំនួល​ខុស​ត្រូវ​នៃ​ការ​ស្លាប់​របស់​និស្សិត​អាមេរិក ឈ្មោះ Otto Warmbier។ បើ​តាម​តុលាការ​ ដោយ​សារ​តែ​​ទារុណកម្ម ក្នុង​អំឡុង​ពេល​ជាប់​ឃុំ​ឃាំង ​ទើប​និស្សិត​អាមេរិក​ត្រូវ​​​ស្លាប់។

ផ្ទាំង​សារ​គាំទ្រ​គ្រួសារ  Warmbierក្នុង​ពេល​បញ្ចុះ​សព ​Otto Warmbier ថ្ងៃទី ២១​មិថុនា ២០១៧
ផ្ទាំង​សារ​គាំទ្រ​គ្រួសារ Warmbierក្នុង​ពេល​បញ្ចុះ​សព ​Otto Warmbier ថ្ងៃទី ២១​មិថុនា ២០១៧ AFP/GETTY IMAGES NORTH AMERICA/BILL PUGLIANO
ផ្សាយពាណិជ្ជកម្ម

"គ្រួសារ​អាមេរិក​បាន​រង​អំពើ​ឃោរឃៅ​​ ដោយ​ផ្ទាល់ ពី​កូរ៉េខាង​ជើង ដោយ​ចាប់​កូន​គាត់​ទៅ​ធ្វើ​ជា​កូន​អុក​សម្រាប់​ប្រឈម​នឹង​សហរដ្ឋ​អាមេរិក !" នេះ​ជា​ប្រសាសន៍​របស់​ចៅក្រម​ លោកស្រី Beryl Howell។ សម្រាប់​តុលាការ​ កូរ៉េខាង​ជើង បាន​ធ្វើ​ទារុណកម្ម ចាប់​ជា​ចំណាប់​ថ្នូរ និង​បាន​ធ្វើ​ឃាត​មនុស្ស​ដោយគ្មាន​ឆ្លងកាត់​តុលាការ ព្រម​ទាំង​ធ្វើ​ឱ្យ​អ្នក​ជា​ឪពុកម្តាយ​រង​របួស​​ផ្លូវ​ចិត្ត​ទៀត។ ដូច្នេះ​កូរ៉េខាង​ជើង ត្រូវ​បង់​ប្រាក់​ ៥០១ ១៣៤ ៦៨៣,៨០​ដុល្លារ ទៅ​ឱ្យ​អ្នក​ជា​ឪពុកម្តាយ ដើម្បី​សង​ជំងឺ​ចិត្ត​គាត់។

លោកស្រី​ចៅក្រម ក៏​បាន​លើក​ឡើង​ទៀត​ថា​ បើ​តាម​គ្រូពេទ្យ​ជំនាញ​ប្រព័ន្ធប្រសាទ Daniel Kanter យុវនិស្សិត​អាមេរិក មាន​ដំបៅ​ក្នុង​ខួរក្បាល​ បង្ក​ឡើងដំណើរ​​ឈាម​ហូរ​ទៅ​ចិញ្ចឹម​ខួរ​ក្បាល​ត្រូវ​អាក់​ខាន​​រយៈ​ពេលពី​៥​ទៅ​២០​នាទី។ ​យោង​​តាម​អ្វី​ដែល​គេ​ធ្លាប់​ដឹង ​ភ្នាក់​ងារ​​កូរ៉េខាង​ជើង ទំនង​ជា​វាយ​សួរ​ចម្លើយ​និស្សិត​អាមេរិក ដោយ​ជ្រមុជ​ទឹក​ បង្ថប់​ដណ្តើម ឆក់​ខ្សែភ្លើង និង​ចាប់​ដក​ធ្មេញ​។

សូម​បញ្ជាក់​ថា និស្សិត​ Otto Warmbier បាន​ស្លាប់​នៅ​ខែ​មិថុនា ឆ្នាំ​២០១៧ ក្នុង​វ័យ២២​ឆ្នាំ ក្រោយ​​ពី​ជាប់​ឃុំឃាំង​អស់​១៨​ខែ និង​បាន​បញ្ជូន​ត្រលប់​មក​ដល់​ទឹក​ដី​អាមេរិក​វិញ។ ​និស្សិតនៅ​សាកលវិទ្យាល័យ​Virginia ​រូបនេះ ត្រូវបាន​ ​ព្យុងយ៉ាង ចាប់​ខ្លួន​ ពីបទ​បាន​លួច​ផ្ទាំង​ឃោសនា​ និង​កាត់​ទោស​ធ្វើ​ការ​ជា​ទម្ងន់​រយៈ​ពេល​១៥​ឆ្នាំ។ គេ​មិន​ដឹង​អំពី​មូលហេតុ​ពិត​ប្រាកដ​នៃ​មរណភាពទេ។ ប៉ុន្តែ​កាលពី​ខែ​តុលា ​ប្រព័ន្ធផ្សព្វផ្សាយ​​ព័ត៌មាន​អាមេរិក បាន​លើក​ឡើង​អំពី​ភស្តុតាង​ដែល​នាំ​ឱ្យ​គេ​សន្និដ្ឋាន​ថា​និស្សិត​អូតូ រង​ការ​វាយ​ដំ។ ព្យុងយ៉ាង​បាន​បដិសេធ​​រាល់​គ្រប់​សកម្មភាព​ធ្វើ​ទារុណកម្ម​ តែ​អះអាង​ថា​និស្សិត​រូប​នេះ ទទួល​ជាតិ​​ពុល ពេល​នៅក្នុង​ពន្ធនាគារ។

កូរ៉េខាង​ជើង​ទំនង​ជា​មិន​បង់​ប្រាក់​​ទៅ​តាម​សេចក្តី​សម្រេច​របស់​តុលាការ​អាមេរិក​ទេ។ ហើយ​ទ្រព្យ​ធន​របស់​ព្យុងយ៉ាង​ដែល​អាមេរិក​អាច​រឹប​អូស​បាន​ក៏​មាន​តិច​បំផុត។ ប៉ុន្តែ​សេចក្តី​សម្រេច​​នេះ អាច​នឹងរំខាន​ដល់​​ការ​ចរចា​រវាង​វ៉ាស៊ីនតោន និង​ព្យុងយ៉ាង​ ស្តី​ពីការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ ដែល​កំពុង​ជាប់​គាំង បើ​ទោះ​បីលោក ដូណាល់ ត្រាំ គ្រោង​នឹង​មាន​ជំនួប​ មួយ​ទល់​នឹង​មួយ​ជា​ថ្មី ជាមួយ​​លោក គីម ជុងអ៊ុន​ ​នៅ​ដើម​ឆ្នាំ​២០១៩​នេះក៏​ដោយ។ តែ​បើ​តាមការ​អះអាង​ របស់​លោកប្រធានាធិបតី ត្រាំ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ការចរចា​កំពុង​ទៅ​មុខ ហើយ​លោក​ ត្រៀម​ជា​ស្រេច​នឹង​ទៅ​ជួបប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​ជា​ថ្មី​ក្នុង​ពេល​ឆាប់ៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ