ចិនចាប់ខ្លួនពលរដ្ឋកាណាដាម្នាក់ទៀត
អាជ្ញាធរកាណាដា បានបញ្ជាក់ព័ត៌មាននៅល្ងាចថ្ងៃពុធម្សិលមិញថា ពិតជាមានការចាប់ខ្លួនពលរដ្ឋកាណាដាម្នាក់ទៀត ជាគម្រប់បីនាក់ នៅក្នុងប្រទេសចិនមែន។ ប៉ុន្តែ គ្មានអ្វីដែលត្រូវគិតថាការចាប់ខ្លួននេះមានពាក់ព័ន្ធនឹងការឃាត់ខ្លួនប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនយក្សចិនHuaweiឡើយ។ នេះជាការធានាអះអាងបន្ថែមរបស់កាណាដា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៧
“រដ្ឋាភិបាលបានដឹងអំពីការចាប់ខ្លួនពលរដ្ឋកាណាដានៅចិន ! ប៉ុន្តែបើតាមព័ត៌មានបឋម ការឃាត់ខ្លួននេះគ្មានពាក់ព័ន្ធនឹងសន្តិសុខជាតិចិនឡើយ” ! នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសកាណាដា នៅក្នុងសន្និសីទកាសែត ដោយបញ្ជាក់ថា ខុសពីការចាប់ខ្លួនពលរដ្ឋកាណាដាពីរនាក់មុន ករណីចាប់ខ្លួនជនទីបីនេះ មានទម្រង់ជាបញ្ហាទិដ្ឋាការច្រើនជាង។
ជនទីបីនេះ មិនមែនជាអ្នកការទូត ហើយក៏មិនមែនជាអ្នកទទួលខុសត្រូវក្រុមហ៊ុនរកស៊ីនៅចិនដែរ។ អាជ្ញាធរកាណាដាបានជំរុញឱ្យក្រុមគ្រួសារ ដោះស្រាយបញ្ហាហើយ តែគោរពជីវិតឯកជន ទើបពុំមានការលាតត្រដាងព័ត៌មានបន្ថែមនោះ។ នេះបើតាមប្រភពផ្លូវការកាណាដា។
សូមបញ្ជាក់ថាកាលពីថ្ងៃទី ១០ធ្នូ ក្នុងពេលដែលកាណាដានិងចិនកំពុងមានវិបត្តិការទូត ទាក់ទងនឹងសំណុំរឿងHuawei អាជ្ញាធរប៉េកាំងបានចាប់ខ្លួនពលរដ្ឋកាណាដាពីររូប គឺ លោក Michael Kovrig អតីតអ្នកការទូត កំពុងបម្រើការឱ្យអង្គការវិភាគនយោបាយ International Crisis Group និងលោក Michael Spavor ដែលតែងផ្តល់ប្រឹក្សាជារឿយៗអំពីទំនាក់ទំនងជាមួយកូរ៉េខាងជើង។ ជាផ្លូវការ ប៉េកាំងចាប់ខ្លួនជនទាំងពីរ ពីបទមានការគំរាមកំហែងសន្តិសុខជាតិចិន ដែលគ្មានជាប់ចំណងអ្វីជាមួយនឹងការឃាត់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនHuaweiទេ។ តែបើតាមអ្នកសង្កេតការណ៍ ការចាប់ខ្លួននេះ គឺដើម្បីមានមធ្យោបាយដាក់សម្ពាធលើកាណាដា ក្នុងសំណុំរឿងHuaweiតែប៉ុណ្ណោះ។
ប៉េកាំងបានគំរាមថាកាណាដានឹងរងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមិនឆាប់ផ្តល់សេរីភាពឱ្យលោកស្រីម៉េង វ៉ាន់ចូវ។ នៅទីបំផុត ក្នុងពេលរង់ចាំសិក្សាសំណើធ្វើបត្យាប័នទៅអាមេរិក លោកស្រីម៉េង បានទទួលសេរីភាព រស់នៅក្នុងផ្ទះគាត់ដ៏ស្កឹមស្កៃនៅក្រុងវ៉ាន់កូវឺ គ្រាន់តែពុំអាចចាកចេញពីទឹកដីកាណាដាបាន។
ថ្វីបើកាណាដា បានធានាថាគ្មានអន្តរាគមន៍នយោបាយក្នុងសំណុំរឿងចាប់ខ្លួនកូនស្រីរបស់ស្ថាបនិកHuaweiនេះមែន តែលោកដូណាល់ ត្រាំ បានសាបព្រោះភាពសង្ស័យ ដោយប្រកាសត្រៀមខ្លួនធ្វើអន្តរាគមន៍ ប្រសិនបើសំណុំរឿងនេះអាចជួយស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ