rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

តើជួង ដែល​អាមេរិក​ព្រម​ប្រគល់​ឱ្យ​ហ្វីលីពីន​វិញ មាន​ប្រវត្តិ​យ៉ាងណា ?

ដោយ អៀង សុខម៉ិញ

នៅ​ថ្ងៃអង្គារ​ទី ១១​ធ្នូ ២០១៨​នេះ សហរដ្ឋ​អាមេរិក​បាន​នាំ​ជួង​ទៅ​ប្រគល់​ឱ្យ​ហ្វីលីពីន​ដែល​ជា​ម្ចាស់​ដើម​វិញ ដោយ​សង្ឃឹម​ថា​នឹង​អាច​បិទ​បញ្ចប់​ប្រវត្តិសាស្ត្រ​ដ៏​សែន​ចុក​ចាប់​រវាង​ប្រទេស​ទាំង​ពីរ។ កាលពី​ជិត​១២០​ឆ្នាំមុន អាមេរិក​បាន​​​រឹប​អូស​យក ជួងជ័យ​នេះទៅ តាម​រយៈ​ការ​​​ធ្វើ​​​សង្គ្រាមសងសឹក និង​​បង្ហូរ​ឈាម​ យ៉ាង​ខ្លាំង។ ហេតុ​អ្វីអាមេរិករឹប​អូស​យក​​ជួង​នេះ ? តើ​ជួង​នេះ​​មាន​ប្រវត្តិ​និង​និម្មិត្តរូប​យ៉ាង​ណា​សម្រាប់​ហ្វីលីពីន និង​អាមេរិក ?

ហ្វីលីពីន​បាន​ទាមទារ​សុំ​យក​ជួង Balangiga ពី​អាមេរិក​មក​វិញ តាំង​ពី​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ! តែ​ទើប​នៅ​ថ្ងៃ​នេះ​ទេ ដែល​ជួង​ទាំងបី (ពីរ​ទម្ងន់​២៧២​គីឡូក្រាម និង​មួយ​ទម្ងន់​១៣៦​គីឡូក្រាម) ​បាន​មក​ត្រលប់​មក​ដី​កំណើត តាមជើង​យន្តហោះ​យោធា​អាមេរិក និង​ក្រោម​សម្រែក​អបអរ​របស់​ប្រជាពលរដ្ឋ​ហ្វីលីពីន។ ការ​ប្រគល់​ជួង​ ឱ្យ​ម្ចាស់​ដើម​វិញ​រិត​តែ​មាន​អត្ថន័យ​ជា​ពិសេស​ទៅ​ទៀត ដ្បិត​​​ខណៈ​​នេះ​ ទំនាក់ទំនង​រវាង​ហ្វីលីពីន ក្រោម​ការ​ដឹកនាំ​របស់​លោក ឌុយទែរតេ និង​សហរដ្ឋ​អាមេរិក កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ​បំផុត ព្រោះ​​ប្រធានាធិបតី​ហ្វីលីពីន​ ​ មិនដែល​លាក់​បាំងសោះ​ចេតនា​ចង់​ផ្តាច់​ចំណង​ពី​អាមេរិក​ទៅ​កៀក​កិត​ជាមួយ​មហាអំណាច​ចិន។​​

បើ​ដូច្នេះ​ តើ​ការ​ប្រគល់​ជួង​​នឹង​អាច​ស្តារ​ទំនាក់ទំនង​ហ្វីលីពីន-​អាមេរិក​ឱ្យ​ប្រសើរ​ឡើង​បានឬ យ៉ាងណា ? មិន​ប្រាកដ​ទេ ចំពោះ​ទំនាក់ទំនង​បច្ចុប្បន្ន តែ​ជាការព្យាបាល​ដំបៅ​​ប្រវត្តិសាស្ត្រច្រើន​​ជាង​។​ ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​ទីក្រុង​ម៉ានីល បាន​ប្រកាសក្នុង​ពិធី​​ប្រគល់​ជួង​​ ទាំង​បី ឱ្យ​​ហ្វីលីពីន​វិញ ថា​លោក​មាន​​កិត្តិយស​​ដ៏​ធំ​ធេង​​ណាស់​​ដែលបាន​​មក​បិទ​បញ្ចប់​​​ទំព័រ​ប្រវត្តិសាស្ត្រដ៏​ចុក​ចាប់​នឹង​គ្នា នៅ​ថ្ងៃ​នេះ នៅ​ទីក្រុង​ម៉ានីល។

ប្រវត្តិសាស្ត្រ​ដ៏​ឈឺ​ចាប់​ បានកើត​ឡើងកាលពី​​ដើម​សតវត្សរ៍​មុន ! ស្ថិត​ក្រោម​អាណានិគម​អេស្ប៉ាញ តាំង​ពី​សតវត្សរ៍​ទី ១៦ ប្រទេស​ហ្វីលីពីន ត្រូវ​បាន​លក់​ទៅ​ឱ្យ​អាមេរិក​នៅ​ឆ្នាំ​១៨៩៨ ក្រោយ​​សង្គ្រាម​រវាង​អេស្ប៉ាញ​និង​អាមេរិក។ ​សង្គ្រាមប្រឆាំង​នឹង​អាណានិគមថ្មី​​អាមេរិក ក៏​បានចាប់​ផ្ទុះ​ឡើងដែរ​​ នៅ​ឆ្នាំ​១៨៩៩។​ គេ​ត្រូវ​រង់​ចាំ​ដល់​ឆ្នាំ​១៩៤៦​ ទើប​ហ្វីលីពីន​បាន​ទទួល​ឯករាជ្យ​។

នៅ​ចន្លោះ​នោះ និង​ជាក់ស្តែង​ថ្ងៃទី ២៨​កញ្ញា ឆ្នាំ​១៩០១ ពួក​ឧទ្ទាម​ ទាមទារ​ឯករាជ្យ នៅ​ក្រុង​Balangiga ក្រុង​សំខាន់​ទី​បី​របស់​ហ្វីលីពីន​នា​សម័យ​នោះ បាន​នាំ​គ្នា​បើក​យុទ្ធនាការ​វាយ​ឆ្មក់ ដោយ​ប្រើ​កាំបិត​ ពូថៅ ផ្គាក់​ ប្រឆាំង​នឹង​កង​ទាហាន​អាមេរិក​ដែល​មក​ត្រួត​ត្រា​​ក្រុង​ សម្លាប់​​ទាហានអស់​៤៨​នាក់ (៣៦​នាក់​ស្លាប់​ភ្លាម ២២​នាក់​រង​របួស ​ក្នុង​នោះ​៨​នាក់ស្លាប់ដោយ​របួស​ធ្ងន់ពេក និង​បាត់​ខ្លួន​បួន​នាក់)។ និយាយ​ជា​រួម ក្នុងមួយ​​កងពលមាន​គ្នា​៧៤​នាក់ មានតែ​បួន​នាក់​គត់​បាន​រួច​ខ្លួន​ គ្មាន​រង​គ្រោះ។

ក្រោយ​ហេតុការណ៍​នេះ និង ដើម្បី​ជាការ​​សងសឹក ឧត្តមសេនីយ៍​Jacob Smith ​ដែល​បាន​ទទួល​បញ្ជា​ពី​ប្រធានាធិបតី​អាមេរិក​ឱ្យ​ស្វែង​រក​សន្តិភាព​ឱ្យ​កោះ​សាម៉ារ Samar បែរ​ជា​​បញ្ជា​ទ័ព​ ឱ្យ​ប្រែក្លាយ​ កោះ​សាម៉ារ ទៅ​វាលរហោស្ថាន និង​សម្លាប់​គ្រប់​ជន​ហ្វីលីពីន​ ភេទ​ប្រុស អាយុ​ចាប់​ពី​១០​ឆ្នាំ​ឡើង​ទៅវិញ។ ពលរដ្ឋ​ហ្វីលីពីន​រាប់​សិបពាន់​នាក់​ ត្រូវ​បាន​ស្លាប់​នៅក្នុង​សង្គ្រាម​សងសឹក​នោះ។ ជា​កិច្ចបិទ​បញ្ចប់ និង​ប្រកាស​ជោគជ័យ ​កងទ័ព​អាមេរិក​ក៏​បាន​រឹប​អូស​យក​ ជួង​សំរិទ្ធ​ទាំង​បី ​របស់វិហារ​កាតូលិក​ ​ក្រុង​Balangiga។ ​​ហេតុ​អ្វី​ជួង​នេះ ? ព្រោះ​ជួង​ទាំង​បី​ ត្រូវ​បាន​គេ​ប្រើ​ជា​សញ្ញា​ដាក់​ហ្វីលីពីន​ឱ្យ​ចូល​ប្រយុទ្ធ​ ! ព្រោះ​​ស្នូរ​ជួង​ទាំង​បី បាន​ធ្វើ​ឱ្យ​ទាហាន​អាមេរិក​ហឹង​ត្រចៀក ចាញ់​ប្រយុទ្ធ ! ហេតុដូច្នេះ​ហើយ​បាន​ជា ​ជួង​នេះ ​​បាន​ក្លាយជា​និម្មិត្ត​រូប​ដ៏​ចម្រូង​ចម្រាស ៖ ខាង​អាមេរិក​ និង​សម្រាប់​ទាហាន​ចាស់ៗ ព្រមទាំង​សភា​អ្នក​តំណាង​ ​ជួង​ថាតំណាង​ជ័យភណ្ឌសង្គ្រាម និង​ពាន​សម្រាប់​​ជា​ឧទ្ទិស​ដល់​ទាហាន​ពលី​ជីវិត តែ​​ជា​និម្មិត្តរូប​នៃ​ការ​តស៊ូ​ដើម្បី​ឯករាជ្យ សម្រាប់​​ហ្វីលីពីន​ ។

ធ្វើ​ពីសំរិទ្ធ​ ជួងធំជាង​គេ​ផលិត​នៅ​ឆ្នាំ​១៨៦៨ កម្ពស់​៧៦​ស.ម. រង្វង់​អង្កត់ផ្ចិត​៨១​ស.ម.។ ជួងទី​ពីរ​វាយត្រា​ឆ្នាំ​១៨៨៩ (តូច​ជាង​ជួង​ទីមួយបន្តិច) និង​ជួង​ទីបី​តូច​ជាង​គេ​ខ្លាំង ត្រឹម​តែ​៦១​ស.ម. ត្រូវ​បាន​ទាហាន​អាមេរិកនាំ​​យក​សហរដ្ឋ​ ដើម្បី​ជា​តំណាង​ជ័យ​ជនះ និង​ដាក់​តាំង​ ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ទាហាន​អាមេរិក​ពលី​ជីវិត​ក្នុង​សង្គ្រាម Wyoming និង​ជួយ​មួយ​ទៀត តាំង​នៅ​មូលដ្ឋាន​យោធា​អាមេរិក​នៅកូរ៉េខាង​ត្បូង។

តាំង​ពី​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក ហ្វីលីពីន​តែង​ទទូច​ទាមទារ​យក​ជួង​ទាំង​បី​មក​វិញ។ ប្រធានាធិបតី​ហ្វីលីពីន​ បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​វិហារ​កាតូលិក​ក្នុង​ការ​ទាមទារ​នេះ ប៉ុន្តែ​មិន​ដែល​បាន​សម្រេច​ម្តង​ណា​ឡើយ។ នៅ​ឆ្នាំ​២០១៧ លោក ឌុយទែរតេ ដែល​ទើប​​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ និង​ដែល​បាន​ប្រកាន់​យក​នយោបាយ​ដក​ខ្លួន​ចេញ​ពី​អាមេរិក​​ទៅស្រវា​ចិន បានស្រែក​ទារ​យក​ជួងទាំង​បី​​មក​ដោយ​ចំៗ។ ប៉ុន្តែបើ​តាម​អ្នក​វិភាគ នេះ​មិន​មែន​ដោយ​សារ​ស្នាដៃ​លោក​ប្រធានាធិបតី​ឌុយទែរតេ​ម្នាក់​ឯងឡើយ តែ​គឺ​ជា​ការ​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​របស់​ពលរដ្ឋ​​​ហ្វីលីពីន និង​ដោយ​សារ​តែ​សមាគម​អតីត​យុទ្ធជន​អាមេរិក​ ក៏​ឈប់​ប្រឆាំង​នឹង​ការ​ប្រគល់​ជួង​ទៅ​ឱ្យ​ម្ចាស់​ដើម​វិញ។

“ដំបៅ​ប្រវត្តិសាស្ត្រ​បាន​ជា​សះ ! ដល់​វេលា​ដែល​សម្ព័ន្ធមិត្ត​ហ្វីលីពីន-អាមេរិក​ ត្រូវ​បើក​ទំព័រ​ថ្មី​ និង​ដើរ​ទៅ​មុខ។ ១១៧​ឆ្នាំ​ក្រោយ ស្នូរ​ជួង​របស់​ក្រុង​Balangiga នៃកោះ​សាម៉ារ អាច​​លាន់​ឮ​ជា​ថ្មី!” នេះ​ជា​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ហ្វីលីពីន ក្នុង​ពិធី​ទទួល​ជួង៕

ការឡើងកម្តៅអាកាសធាតុ រដ្ឋាភិបាល​​បារាំង​​បញ្ចេញ​សកម្មភាព​មិន​គ្រប់គ្រាន់ ?

ឥណ្ឌា​ប្រឈមនឹង​វិបត្តិ​ខ្វះទឹក​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់មាន

មជ្ឈិមបូព៌ា៖ផែនការសន្តិភាពដែលអាមេរិកចង់បង្រួបបង្រួមអ៊ីស្រាអែល និងក្រុមប្រទេសនៅឈូងសមុទ្រពែក្សដើម្បីប្រឆាំងអ៊ីរ៉ង់

ហេតុផល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​សង្គម​សិង្ហបុរី​

តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?

បំណុល​ជាតិ​​ចំណាយ​​សាធារណៈ​​និង​​ការ​​ព្រមាន​​របស់​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​​លើ​​រដ្ឋាភិបាល​​បារាំង​​

Huawei​ សម្រុក​ពង្រីក​និង​ពង្រឹង​ការរកស៊ី​នៅអាហ្វ្រិក​ ក្រោយ​ពិបាក​វាយលុក​ទីផ្សារ​នៅ​លោកខាងលិច​

អាមេរិក-កូរ៉េ​ខាង​ជើង៖ ១​​ឆ្នាំ​ក្រោយ​ជំនួប​កំពូល​ តើ​ទំនាក់ទំនងត្រាំ-គីម​ដើរដល់ណា?

តើនាយករដ្ឋមន្រ្តីជប៉ុនអាចជួយកាត់បន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានកម្រិតណាដែរ?

ចំនួន​និស្សិតចិន​សិក្សានៅ​អាមេរិក​ទំនងជាធ្លាក់ចុះ​​ ដោយសារ​ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ​

អាស៊ាន​អាច​ជា​ចំណុច​ក្តៅជាងគេ​បើ​មាន​សង្រ្គាមត្រជាក់​រវាង​ចិន​និង​អាមេរិក

តើអ្វី​ជា​មូលហេតុ​ចម្បង​នៅពីក្រោយ​ការធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ចចិន?

អឺរ៉ុប ៖ ក្រោយ​ការបោះឆ្នោត ដល់វេលាប្រជែង​​គ្នា​​យក​​តំណែង​ដឹកនាំ​អឺរ៉ុប

ចិន-អាមេរិក៖ ​សង្រ្គាមត្រជាក់ថ្មី​កំពុង​ចាប់ផ្តើម?

ហេតុអ្វីបានជាអ៊ីរ៉ាក់ទើសទាល់ចិត្តខ្លាំងម្ល៉េះនៅចំពោះមុខកំណើនតានតឹងខ្លាំងរវាងអ៊ីរ៉ង់ និងអាមេរិក?

ការ​បោះឆ្នោតសភា​អឺរ៉ុប​និង​​គម្រោង​លុយ​អឺរ៉ូ​នៅ​១០​ឆ្នាំ​ក្រោយ​​វិបត្តិហិរញ្ញវត្ថុ​សាកល​

តើ​សភា​អឺរ៉ុប​មាន​តួនាទី​យ៉ាងណា​ខ្លះ ?

ដំឡើងពន្ធ​ជា​រឿង​ដ៏​រសើប តែ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ជប៉ុន​ចាំបាច់ត្រូវតែ​ធ្វើ?