អានតួអត្ថបទ
ចិន-កាណាដា

រាជអាជ្ញា​កាណាដា​ប្រឆាំង​មិន​ឲ្យ​​ដោះលែង​កូនស្រី​របស់​ក្រុមហ៊ុនHuaweiឲ្យ​នៅក្រៅឃុំ

តុលាការ​កាណាដា​បាន​បើក​សវនការ លើ​ករណី​ចាប់ខ្លួន ​អនុប្រធាន​ក្រុមប្រឹក្សា និង​ជា​កូនស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​ហួវៃ ដែល​ត្រូវ​គេ​សង្ស័យ​ថា បាន​លួច​ធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់ ដោយ​ល្មើស​នឹង​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក ទៅលើ​ប្រទេស​អ៊ីរ៉ង់។ បន្ទាប់​ពី​សវនការ​នៅ​ថ្ងៃ​សុក្រ តុលាការ​កំពូល​កាណាដា បាន​លើក​ពេល​សម្រេច​ទៅ​នៅ​ថ្ងៃ​ចន្ទ។ ថ្ងៃ​ដែល​តុលាការ​នឹង​សម្រេច​ថា តើ​ត្រូវ​ដាក់​លោកស្រី ម៉េង វ៉ាន់ចូវ ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន ឬ ក៏យ៉ាងណា នៅ​ក្នុង​អំឡុង​ពេល​រង់ចាំ​សេចក្តីសម្រេច​ទាក់ទង​នឹង​ការ​ធ្វើ​បត្យាប័ន​លោកស្រី​ទៅ​កាន់​សហរដ្ឋ​អាមេរិកនោះ។ 

លោកស្រី​ម៉េង វ៉ាន់ចូវ (រូបគំនូរ​ខាងឆ្វេង) ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទៅតាម​ដីកា​របស់​អាមេរិក បង្ហាញ​មុខ​នៅ​តុលាការកំពូល​កាណាដា នៅ​ Vancouver ថ្ងៃទី ៧ ធ្នូ ២០១៨
លោកស្រី​ម៉េង វ៉ាន់ចូវ (រូបគំនូរ​ខាងឆ្វេង) ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទៅតាម​ដីកា​របស់​អាមេរិក បង្ហាញ​មុខ​នៅ​តុលាការកំពូល​កាណាដា នៅ​ Vancouver ថ្ងៃទី ៧ ធ្នូ ២០១៨ ©REUTERS/Jane Wolsak
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សវនការ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ រាជអាជ្ញា​កាណាដា​បាន​ប្រកាស​ថា លោកស្រី ម៉េង វ៉ាន់ចូវ ប្រធាន​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ និង​ជា​កូនស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​ហួវៃ Huawei ត្រូវ​បាន​អាជ្ញាធរ​អាមេរិកាំង​ចោទប្រកាន់​ថា បាន​លាក់​កំបាំង​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​ហួវៃ ហើយ​និង​ក្រុមហ៊ុន​ហុងកុង​មួយ​ឈ្មោះ Skycom ដើម្បី​អាច​លួច គេចផុត​ពី​វិធានការ​ដាក់ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើ​ប្រទេស​អ៊ីរ៉ង់។

ដោយ​ដកស្រង់​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters កាលពី​ឆ្នាំ ២០១៣ រាជអាជ្ញា​កាណាដា បា​អះអាងថា ក្រុមហ៊ុន​ហុងកុង​Skycom ដែល​ជាដៃគូ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា ហួវៃ បាន​លក់​គ្រឿងបរិក្ខា​ព័ត៌មានវិទ្យា​ទៅ​ឲ្យ​ក្រុមហ៊ុន​លក់ទូរស័ព្ទ​នាំមុខ​គេ​នៅ​អ៊ីរ៉ង់ ដែល​ជា​ការលើ្មស​ទៅ​នឹង​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើអ៊ីរ៉ង់។ នៅពេលនោះ លោកស្រី ម៉េង វ៉ាន់ចូវ បើទោះ​មាន​ឈ្មោះ​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​របស់​ក្រុមហ៊ុន​Skycom បាន​និយាយ​កុហក ក្រុម​ធនាគារ ពីទំនាក់ទំនង​រវាង​ក្រុមហ៊ុន​ Huawei និង​Skycom។

ទៅតាម​ឯកសារ​របស់​តុលាការ​កាណាដា នៅ​ថ្ងៃ​សុក្រ តុលាការ​ក្រុង​ញូវយ៉ក​បាន​ចោទប្រកាន់ និង​ចេញដីការ​តាមចាប់ខ្លួន លោកស្រី ម៉េង កាលពី​ថ្ងៃទី ២៩​សីហា។ នៅថ្ងៃទី ១​ធ្នូ អាជ្ញាធរ​កាណាដា បាន​ចាប់ខ្លួន លោកស្រី ម៉េង វ៉ាន់ចូវ ទៅតាម​ការទាមទារ​របស់​អាជ្ញាធរ​អាមេរិក ដែល​ដឹងថា លោកស្រី ម៉េង ត្រូវធ្វើដំណើរ​ឆ្លងកាត់ ប្រទេស​កាណាដា នៅ​ដើម​ខែធ្នូនេះ។

នៅ​ថ្ងៃ​ចន្ទ តុលាការ​កាណាដា​នឹង​សម្រេច​ថា តើ​ត្រូវ​ដាក់​លោកស្រី ម៉េង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ដែរឬទេ នៅ​ក្នុង​ពេល រង់ចាំ​ការសម្រេច​ធ្វើ​បត្យាប័ន​ទៅតាម​ការទាមទារ​របស់​អាជ្ញាធរ​អាមេរិក។ ការធ្វើបត្យាប័ន​លោកស្រី​ម៉េង​ទៅ​អាមេរិក គឺ​ជា​ការសម្រេច​ចុងក្រោយ​របស់​តុលាការ​កាណាដា។ អាមេរិក​មាន​ពេល​២ខែ ដើម្បី​ដាក់ពាក្យ​សុំ​ការធ្វើបត្យាប័ន​លោកស្រី​ម៉េង វ៉ាន់ចូវ ជាផ្លូវការ។

នៅ​ក្នុង​សវនការ​នៅថ្ងៃ​សុក្រ រាជអាជ្ញា​កាណាដា បាន​ប្រឆាំង​ដាច់ខាត មិន​ឲ្យ​មាន​ការដោះលែង​លោកស្រី ម៉េង​នៅក្រៅឃុំ​បណ្តោះអាសន្ន ក្នុង​ហេតុផល​ថា លោកស្រី​ម៉េង​មាន​មធ្យោបាយ​ធនធាន​ច្រើន ដើម្បី​អាច​លួច​រត់គេច​ចេញ​ពី​ប្រទេស​កាណាដា។ តាម​អាយ្យការ​កាណាដា លោកស្រី​ម៉េង​ធ្លាប់​មាន​ទម្លាប់​គេច មិនធ្វើដំណើរ​ទៅ​​ជាន់ទឹកដី​អាមេរិក ចាប់តាំង​ពីដឹង​ថា មាន​ការស៊ើបអង្កេត​ប្រឆាំង​នឹង​លោកស្រី ក្នុង​បទសង្ស័យ រំលោភ​ទណ្ឌកម្ម​របស់​អាមេរិក ដែល​ដាក់​ទៅលើ​អ៊ីរ៉ង់។ តាម​រាជអាជ្ញា​កាណាដា នៅ​អាមេរិក លោកស្រី ម៉េង​អាច​ប្រឈម​នឹង​ការជាប់ទោស​ពន្ធនាគារ ៣០ឆ្នាំ បើសិន​គេ​រកឃើញថា លោកស្រី​បាន​ឃុបឃិត លួចបន្លំ បោកប្រាស់​ស្ថាប័ន​ហិរញ្ញវត្ថុ ដូចការចោទ​ប្រកាន់​មែន។

មេធាវី​របស់​លោកស្រី​ម៉េង​វិញ បាន​អះអាងថា លោកស្រី​ម៉េង​នឹង​គោរព​តាម​ច្បាប់​របស់​កាណាដា ហើយ​និង​មិនរត់គេចខ្លួន ចាកចេញពី​កាណាដា ដោយ​លួចលាក់ ដែល​នឹង​ធ្វើ​ឲ្យ​អាប់អោន​កិត្តិយស​របស់​ឪពុកលោកស្រី​នោះទេ។

នៅថ្ងៃ​សៅរ៍ ក្រសួង​ការបរទេស​ចិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទាមទារ​ឲ្យ​កាណាដា ដោះលែង​ជា​បន្ទាន់​ លោកស្រី​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ចិន ហួវៃ បើសិន​មិន​ចង់​មាន​ផលវិបាក​ធ្ងន់ធ្ងរ។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ ​ក្រសួងការបរទេស​ចិនបាន​បញ្ជាក់​ផងដែរថា គេ​បាន​កោះហៅ​ឯកអគ្គរាជទូត​កាណាដា​នៅ​ទីក្រុង​ប៉េកាំង ដើម្បី ទទួល​បាន​សារ​ ទាមទារ​របស់​រដ្ឋាភិបាល​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ