អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឥណ្ឌូណេស៊ី៖​ហេតុអ្វី​បាន​ជា​យន្តហោះ​ប៊ូអ៊ីង​របស់​ក្រុមហ៊ុន Lion Air ធ្លាក់​ក្នុង​សមុទ្រ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ក្រុម​អ្នកស៊ើបអង្កេត​បាន​ចេញ​ផ្សាយរបាយការណ៍​មួយ​នា​ថ្ងៃ​ពុធ ទី២៨ វិច្ឆិកា​ស្តីពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ប៊ូអ៊ីង ៧៣៧ Max ៨ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air ក្នុង​សមុទ្រ​កាល​ពី​ថ្ងៃទី២៩ តុលា។ គ្រោះថ្នាក់​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​អ្នកដំណើរ និង​ក្រុម​បុគ្គលិក​បម្រើ​ក្នុង​យន្តហោះ​សរុប​ទាំង​អស់​ចំនួ ១៨៩នាក់។ នៅ​ក្នុង​របាយការណ៍ ក្រុម​អ្នកស៊ើបអង្កេត​បាន​លើក​ឡើង​ពី​បញ្ហា​ជា​ច្រើន​ដែល​ក្រុមហ៊ុន Lion Air បាន​ជួប​ប្រទះ និង​ថា គេ​មិន​គួរ​អនុញ្ញាត​ឲ្យ​យន្តហោះ​ដែល​ជួប​គ្រោះថ្នាក់​នោះ​ហោះហើរ​ទេ។

លោក Nurcahyo Utomo (រូបស្តាំ) អ្នកទទួលខុសត្រូវ​នៃ​ទីភ្នាក់ងារ​សន្តិសុខ​ផ្នែក​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី ថ្ងៃទី២៨ វិច្ឆិកា ២០១៨
លោក Nurcahyo Utomo (រូបស្តាំ) អ្នកទទួលខុសត្រូវ​នៃ​ទីភ្នាក់ងារ​សន្តិសុខ​ផ្នែក​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី ថ្ងៃទី២៨ វិច្ឆិកា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​ក្រុម​អ្នកស៊ើបអង្កេត​ឥណ្ឌូណេស៊ី​ពេល​នេះ​គ្រាន់​ជា​របាយការណ៍​បឋម ចំណែក​របាយការណ៍​ផ្លូវការ​ចុង​ក្រោយ​នឹង​ត្រូវ​ចេញ​នៅ​ក្នុង​រង្វង់​ឆ្នាំ ២០១៩ ឬ​អាច​ដើម​ឆ្នាំ ២០២០។ ទោះ​ជា​យ៉ាង​នេះ​ក្តី របាយការណ៍​បឋម​បាន​បំភ្លឺ និង​ឆ្លើយ​នឹង​ចម្ងល់​មួយ​ចំនួន​ទាក់ទង​នឹង​គ្រោះថ្នាក់ ពិសេស​ចម្ងល់​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​កំពុង​រង់ចាំ​ការពិត។ របាយការណ៍​បឋម​នៅ​មិន​បាន​បញ្ជាក់​ច្បាស់ៗ​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នោះ​នៅ​ឡើយ​ទេ តែ​បាន​លើកឡើង​ពី​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​ដែល​យន្តហោះ​នោះ​បាន​ជួប​ប្រទះ។ បញ្ហា​បច្ចេកទេស​ទាំង​នោះ​រួម​មាន ប្រព័ន្ធ​ស្វ័យប្រវត្តិ​ទាក់ទង​នឹង​ការ​ប្រើ​អ្នកបើកបរ​ស្វ័យប្រវត្តិ និង​ភាព​រអាក់រអួល​របស់​ប្រព័ន្ធ​បញ្ជា​មួយ​ចំនួន ពិសេស​ការ​ផ្តល់​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​ល្បឿន ឬ​កម្ពស់​របស់​យន្តហោះ។

ជាក់ស្តែង​នៅ​ក្នុង​ជើង​ហោះហើរ​ដែល​ជួប​គ្រោះថ្នាក់​កាល​ពី​ថ្ងៃទី២៩ តុលា ក្រុម​អ្នក​បើកបរ​បែរ​ជា​បាន​សួរ​ទៅ​ក្រុម​គ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស​នៅ​ព្រលាន​ពី​ល្បឿន និង​កម្ពស់​របស់​យន្តហោះ​ខ្លួន​ទៅ​វិញ។ ធ្ងន់ធ្ងរ​ជាង​នេះ លោក​នួរកាយ៉ូ យូតូម៉ូ អ្នក​ទទួល​ខុសត្រូវ​នៃ​ទីភ្នាក់ងារ​សន្តិសុខ​ផ្នែក​ដឹកជញ្ជូន និង​ជា​អ្នក​ដឹកនាំ​ការ​ស៊ើបអង្កេត​បាន​គូសបញ្ជាក់​នៅ​ក្នុង​សន្និសីទកាសែត​ថា យន្តហោះ​ដដែល​នោះ​ធ្លាប់​បាន​ជួប​បញ្ហា​ដូច​គ្នា​នេះ​នៅ​ក្នុង​ជើងហោះហើរ​លើក​មុន​ម្តង​ហើយ តែ​កាល​ណោះ ក្រុម​អ្នក​បើកបរ​ចេះ​ដោះស្រាយ​ដោយ​បញ្ជៀស​មិន​ឲ្យ​យន្តហោះ​ធ្លាក់។ លោក​យូតូម៉ូ​មិន​អាច​បញ្ជាក់​បាន​ទេ​ថា តើ​នៅ​ក្នុង​ពេល​ហោះហើរ​ក្នុង​ថ្ងៃទី២៩ តុលា ក្រុម​អ្នកបើកបរ​បាន​ធ្វើ​កិច្ចការ​ដូច​ដែល​ខ្លួន​បាន​ធ្វើ​នៅ​ក្នុង​ពេល​ហោះហើរ​លើក​មុន​ឬ​អត់។

អ្វី​ដែល​លោក​យូតូម៉ូ​បាន​បញ្ជាក់​ច្បាស់ៗ​នោះ​គឺ​ថា យន្តហោះ​នោះ​លែង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​ហោះហើរ​បាន​ទៀត​ឡើយ និង​ថា គេ​មិន​គួរ​ណា​អនុញ្ញាត​ឲ្យ​យន្តហោះ​នោះ​ហោះហើរ​ក្នុង​ថ្ងៃទី២៩ តុលា​នោះ​ទេ ពោល​គួរ​តែ​ត្រូវ​ជួសជុល​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន។

របាយការណ៍​បាន​ស្នើ​ឲ្យ Lion Air ពង្រឹង​សន្តិសុខ

ទោះ​បី​របាយការណ៍​របស់​ក្រុម​អ្នកស៊ើបអង្កេត​ឥណ្ឌូណេស៊ី​មិន​បាន​ចង្អុល​ចំ​មុខ ឬ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​នរណា​ម្នាក់​ក៏​ដោយ​ក៏​គេ​ដឹង​ថា ក្រុម​អ្នកស៊ើបអង្កេត​ចង់​និយាយ​សំដៅ​ខ្លាំង​លើ​ក្រុមហ៊ុន Lion Air ព្រោះ​ចង់​ឬ​មិន​ចង់ ក្រុមហ៊ុន​អាកាសចរណ៍​ដែល​លក់​សំបុត្រ​តម្លៃ​ថោក​មួយ​នេះ​មាន​ចំណែក​ទទួល​ខុស​ត្រូវ​សឹង​តែ​ទាំង​ស្រុង​លើ​រាល់​បញ្ហា​ទាំង​អស់។ នៅ​ក្នុង​ន័យ​នេះ របាយការណ៍​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ក្រុមហ៊ុន Lion Air ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ដើម្បី​ពង្រឹង​សន្តិសុខ​យន្តហោះ​របស់​ខ្លួន ពិសេស​រឿង​បច្ចេកទេស​ដោយ​កត់ត្រា​ឲ្យ​បាន​ច្បាស់លាស់​នូវ​បញ្ហា​គ្រប់​យ៉ាង​ដែល​យន្តហោះ​នីមួយៗ​បាន​ជួប​ប្រទះ និង​បញ្ហា​ដែល​បាន​ដោះស្រាយ​ជា​ស្ថាពរ។

គួរ​រម្លឹក​ថា​នៅ​ក្នុង​គ្រោះថ្នាក់​កាល​ពី​ថ្ងៃទី២៩ តុលា អ្នកដំណើរ​រួម​ទាំង​ក្រុម​បុគ្គលិក​ទាំង ១៨៩នាក់​នៅ​ក្នុង​យន្តហោះ​បាន​ស្លាប់​ទាំង​អស់​គ្មាន​សល់​ម្នាក់។ រហូត​មក​ដល់​ពេល​នេះ ទើប​មាន​សាកសព​តែ ១២៥នាក់​ប៉ុណ្ណោះ​ដែល​បាន​រក​ឃើញ​អត្តសញ្ញាណ​ផ្លូវការ។ ដោយឡែក នៅ​ក្នុង​ចំណោម​ប្រអប់​ខ្មៅ​ទាំង​ពីរ​នៅ​ក្នុង​យន្តហោះ​ដែល​ប្រអប់​ទី១ សម្រាប់​ថត​ទិន្ន័យ​របស់​យន្តហោះ និង​ប្រអប់ទី២ សម្រាប់​ថត​កិច្ចសន្ទនា​របស់​អ្នកបើកបរ គឺ​ទើប​មាន​ប្រអប់​ទី១ ដែល​ថត​ទិន្ន័យ​របស់​យន្តហោះ​ដែល​បាន​រក​ឃើញ។

ក្រុមហ៊ុន​ប៊ូអ៊ីង​ឈរ​នៅ​កណ្តាល

របាយការណ៍​របស់​ក្រុម​អ្នកស៊ើបអង្កេត​ឥណ្ឌូណេស៊ី​មិន​បាន​និយាយ​ដល់​ក្រុមហ៊ុន​ប៊ូអ៊ីង​ទេ ពោល​មិន​បាន​ទម្លាក់​កំហុស​ដាក់​ប៊ូអ៊ីង​ពី​បញ្ហា​បច្ចេកទេស​ដែល​កើត​ចេញ​ពី​ការ​ផលិត​របស់​ប៊ូអ៊ីង​ឡើយ។ តែ​សម្រាប់​ប៊ូអ៊ីង​វិញ ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក​មួយ​នេះ​បាន​ចាប់​អារម្មណ៍​លើ​ការងារ​របស់​ក្រុម​អ្នក​បច្ចេកទេស Lion Air។ ចូរ​កុំ​ភ្លេច​ថា ការ​ដែល​យន្តហោះ​ជួប​គ្រោះថ្នាក់​ធ្លាក់​អាច​ហោះហើរ​បាន​ក៏​ដោយសារ​មាន​ការ​អនុញ្ញាត​ពី​ក្រុម​អ្នក​បច្ចេកទេស​ដែរ។ នៅ​មួយ​ថ្ងៃ​មុន​ថ្ងៃ​ហោះហើរ ក្រុម​អ្នក​បើកបរ​បាន​ប្រាប់​ពី​បញ្ហា​ដល់​ក្រុម​អ្នក​បច្ចេកទេស តែ​បន្ទាប់​ពី​បាន​ពិនិត្យ​រួចរាល់ ក្រុម​អ្នកបច្ចេកទេស​ក៏​បាន​សម្រេច​ឲ្យ​យន្តហោះ​នោះ​ហោះហើរ​ដូច​ដែល​បាន​គ្រោង​ទុក។

នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន ក្រុមហ៊ុន​ប៊ូអ៊ីង​ហាក់​មិន​បាន​ទម្លាក់​កំហុស​ដាក់​ក្រុម​អ្នកបច្ចេកទេស ឬ​ក្រុម​អ្នកបើកបរ​ទេ តែ​បាន​ចោទ​ជា​សំណួរ​ដូច​ក្រុម​អ្នកស៊ើបអង្កេត​ឥណ្ឌូណេស៊ី​ដែល​ថា តើ​ក្រុម​អ្នកបើកបរ​នៃ​ជើង​ហោះហើរ​ក្នុង​ថ្ងៃទី២៩ តុលា​មាន​បាន​អនុវត្តន៍​នីតិវិធី​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ធ្លាក់​ដែរ​ឬ​ទេ។ ទន្ទឹម​គ្នា​នេះ ក្រុមហ៊ុន​ប៊ូអ៊ីង​ក៏​មិន​បាន​បញ្ជាក់​ពី​ការ​ផ្លាស់ប្តូរ​ឧបករណ៍​មួយ​ចំនួន​នៅ​ក្នុង​យន្តហោះ​ដែរ។ យ៉ាង​ណា​ក៏​ដោយ អគ្គនាយក​ក្រុមហ៊ុន Lion Air បាន​ប្តេជ្ញា​គោរព​តាម​អនុសាសន៍​របស់​ក្រុម​អ្នកស៊ើបអង្កេត​ឥណ្ឌូណេស៊ី ពិសេស​ចាត់​វិធានការ​ពង្រឹង​សន្តិសុខ​លើ​គ្រប់​យន្តហោះ​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ