rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

បោះឆ្នោតឃុំសង្កាត់​តៃវ៉ាន់៖ បរាជ័យ​បាក់មុខ​​របស់​បក្ស​កាន់អំណាច​ដែលចង់​បាន​​ឯករាជ្យ​ពី​ចិន

ដោយ ឈាង បុប្ផា

​គណបក្ស​របស់លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ បាន​ទទួល​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ នៅ​ក្នុង​ការបោះឆ្នោត​ភូមិ ឃុំសង្កាត់ និង​ទីក្រុង កាល​ពី​ថ្ងៃ​សៅរ៍ទី ២៤​វិច្ឆិកា។ នៅ​ក្រោយ​ការប្រកាស​លទ្ធផលឆ្នោត ដែល​បង្ហាញ​ថា គណបក្ស​កាន់អំណាច បាត់បង់​ក្រុង មក​នៅត្រឹមតែ ៦ក្រុង (គណបក្ស​ប្រឆាំង គួកមិញតាង បាន​ទទួល ១៥ក្រុង) ប្រធានាធិបតី តៃវ៉ាន់ លោកស្រី ឆៃ អ៊ីងវេន បាន​ប្រកាស​លាលែង​ចេញ​ពី​មុខតំណែង​ប្រធាន​បក្ស​កាន់​អំណាច។ ទីក្រុង​ប៉េកាំង​វិញ តាមរយៈ​កាសែត​រដ្ឋចិន បាន​ប្រកាស​អបអរ ជ័យជំនះ​របស់​បក្ស​ប្រឆាំង​តៃវ៉ាន់ គណបក្ស​ជាតិនិយម​គួកម៉ិញតាង ដែល​នៅ​តែ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុង​ប៉េកាំង។

 

លទ្ធផល​ឆ្នោត នៅ​ថ្ងៃ​ម្សិលមិញ បាន​បង្ហាញ​ថា គណបក្ស​ប្រឆាំង គឺ​គណបក្ស​ជាតិនិយម គួកមិញតាង បាន​ប្រមូល​គ្រប់គ្រង​ទីក្រុង​ចំនួន ១៥ ក្នុង​ចំណោម ទីក្រុង​សរុប ២២ ចំណែក​បក្ស​កាន់អំណាច​វិញ បានបាត់បង់​សំលេង​ឆ្នោត យ៉ាង​ក្រាសក្រែល គឺ​បាន​តែ ៦ក្រុងប៉ុណ្ណោះ។ ហើយ​អ្វី​ដែល​អាម៉ាស់​បំផុតនោះ គឺ​គណបក្ស​កាន់អំណាច បាន​បរាជ័យ​ខ្លាំង នៅតាម​ទីក្រុង ដែល​ខ្លួន​ធ្លាប់ ឈ្នះ​ភ្លូកទឹកភ្លូកដី កាលពី​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ ២០១៦។

 

ការបោះឆ្នោត នៅ​ថ្ងៃ​សៅរ៍​ទី ២៤​វិច្ឆិកា ជា​ការបោះឆ្នោត​ថ្នាក់​មូលដ្ឋាន ប៉ុន្តែ វា​មាន​សារៈសំខាន់ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ជំហរ និង​ការវាយតម្លៃ​របស់​ប្រជាជន​តៃវ៉ាន់ ទៅលើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​តៃវ៉ាន់ គឺ​រដ្ឋាភិបាល​របស់លោកស្រី ឆៃ អ៊ីនវេន។ ដោយ​បោះឆ្នោត​ទម្លាក់​បេក្ខជន​របស់​បក្ស​កាន់អំណាច​របស់​លោកស្រី ឆៃ អ៊ីងវេន ប្រជាជន​តៃវ៉ាន់ ចង់​ដាក់​ពិន័យបក្ស​កាន់អំណាច និង​ចង់​បញ្ជាក់​ថា គេ​មិន​សប្បាយចិត្ត​នឹង​ការដឹកនាំ​កន្លង​មក​របស់​លោកស្រី​ប្រធានាធិបតី ឆៃ អ៊ីងវេន​នោះទេ។

នៅ​ក្នុងសុន្ទរកថា ថ្លែង​សុំ​លាលែង​ចេញពី​មុខតំណែង​ប្រធាន​បក្ស​ចម្រើន​ប្រជាធិបតេយ្យ លោកស្រី ឆៃ អ៊ីងវេន បាន​ថ្លែង​ថា លោកស្រី​សុំ​ចេញមុខ​ទទួល​ខុសត្រូវ​ទាំងអស់ លើ​ បរាជ័យ​ឆ្នោត នៅថ្ងៃ​សៅរ៍។ លោកស្រី​បាន​ថ្លែង​សុំទោស​ដល់​អ្នកគាំទ្រ ដែល​បើតាម​លោកស្រី គឺ​ខកចិត្ត ដោយសារ​តែ​គណបក្ស​កាន់អំណាច​មិន​អាច​ឆ្លើយតប​តាម​ការចង់បាន របស់​ពួកគេ។

ចង់ ឬ​មិន​ចង់ លទ្ធផល​ឆ្នោត​ឃុំសង្កាត់ និង​ក្រុង​លើក​នេះ នឹង​ធ្វើ​ឲ្យ​ជោគវាសនា របស់​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ កាន់តែ​មិនច្បាស់​លាស់។ លោកស្រី ឆៃ អ៊ីងវេន ដែល គ្រោង​នឹង​ឈរ​ឈ្មោះ​សាជាថ្មី សម្រាប់​ការបោះឆ្នោត ប្រធានាធិបតី នៅ​ឆ្នាំ ២០២០ខាងមុខ។

លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់​វិញ ជឿថា ក្រុង​ប៉េកាំង បាន​លូកដៃ​ចូល​ក្នុង​កិច្ចការបោះឆ្នោត។ រដ្ឋាភិបាល​បាន​បើក​ការស៊ើបអង្កេត​ទៅលើ​ការលូកដៃ​របស់​ចិន នៅក្នុង​ការបោះឆ្នោត ឃុំសង្កាត់ នៅថ្ងៃ​សៅរ៍ ជាពិសេស​ទៅលើ​ការផ្តល់​ហិរញ្ញប្បទាន​ដល់​បេក្ខជន​របស់​បក្ស​គួកមិញតាង បក្ស​ប្រឆាំង ដែល​នៅតែ​រក្សា ទំនាក់ទំនង​ជិតដិត​ជាមួយ​ក្រុង​ប៉េកាំង។

ចិន៖ លទ្ធផល​ឆ្នោត​បង្ហាញ​ថា ប្រជាជន​តៃវ៉ាន់ ចង់​បាន​ទំនាក់ទំនង​សន្តិភាព​ជាមួយ​ក្រុងប៉េកាំង

ហេតុផល​សេដ្ឋកិច្ច​ដូចជា​ការកាត់បន្ថយ​ប្រាក់សោធននិវត្ត ហើយ​និង​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាកបុណ្យ ជាហេតុផល​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​តៃវ៉ាន់ មិន​សប្បាយចិត្ត​នឹង​រដ្ឋាភិបាល​ដឹកនាំ​បក្ស​ចម្រើនប្រជាធិបតេយ្យ​របស់​លោកស្រី​ឆៃ អ៊ីងវេន។ ប៉ុន្តែ ជាមួយគ្នានោះ ប្រជាជន​តៃវ៉ាន់ វាយតម្លៃថា ជីវភាព​រស់នៅ និង​ជំនួញ​របស់​ពួកគេ បាន​រង​ប៉ះពាល់​ខ្លាំង ដោយសារ​តែ​ទំនាក់ទំនង​សេដ្ឋកិច្ចតៃវ៉ាន់ និង​ចិន ​ដែល​ចាប់ធ្លាក់ចុះ ល្អក់កករ ចាប់តាំង​ពី​លោកស្រី ឆៃ អ៊ីងវេន មក​ពីគណបក្ស​មាននិន្នាការ​ទាមទារ​ឯករាជ្យ ឈ្នះឆ្នោត ចូលដឹកនាំ​រដ្ឋាភិបាល​តៃវ៉ាន់។

ចាប់តាំង​ពីលោកស្រី ឆៃ អ៊ីងវេន មកពីគណបក្ស​ចម្រើន​ប្រជាធិបតេយ្យ ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​តៃវ៉ាន់ ទីក្រុង​ប៉េកាំង ឈប់​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​របស់​លោកស្រី​ឆៃ អ៊ីងវេន។ មកពី​គណបក្ស​ដែល​ធ្លាប់​ចង់​បាន​ឯករាជ្យ​ឲ្យ​តៃវ៉ាន់ លោកស្រី ប្រធានាធិបតី​តៃវ៉ាន់ បាន​បដិសេធ​រហូតមក​ការប្រកាស​ទាមទារ​របស់​ចិន ដែល​ថា តៃវ៉ាន់​ជា​ដែនដី​កោះរបស់ចិន ពោល​គឺ​ខុស​ពី​មេដឹកនាំ​តៃវ៉ាន់​មុន គឺលោក​ ម៉ា យីងចូវ​មក​ពីគណបក្ស​គួកមិញតាង។ ជាលទ្ធផល ចិន​បាន​ដាក់សម្ពាធ​គ្រប់​បែបយ៉ាង មិន​ថា តាម​ផ្លូវ​សេដ្ឋកិច្ច ឬ​នយោបាយការ​ការបរទេស ទៅ​លើ​កោះតៃវ៉ាន់។ ប្រទេស​ចិន ដែល​ប្រកាស​ទាមទារ​តៃវ៉ាន់ ជាដែនដី​កោះ​របស់​ខ្លួន បាន​កាត់ផ្តាច់​ទំនាក់ទំនង​សេដ្ឋកិច្ច ជាមួយ​តៃវ៉ាន់ និង​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន ឬ​ប្រទេស​ណា ដែល​មិន​ទទួល​ស្គាល់​តៃវ៉ាន់ ជា​ដី​កោះ​របស់​ចិន។

ដោយសារ​តែ​ការដាក់សម្ពាធ​របស់​ចិន តៃវ៉ាន់ បាន​បាត់បង់​មិនត្រឹមតែ ប្រយោជន៍​សេដ្ឋកិច្ច ដូចជា​ភ្ញៀវទេសចរ​ចិន ទៅតៃវ៉ាន់តែប៉ុណ្ណោះទេ ប៉ុន្តែ តៃវ៉ាន់​នៅ បាន​បាត់បង់​ប្រទេស​សម្ព័ន្ធមិត្ត ដែល​បាន​រត់ចោល​តៃវ៉ាន់ ទៅ​ទទួល​ស្គាល់​ចិន​តែមួយវិញ។

បរាជ័យ​របស់​បក្ស​កាន់អំណាច លើកនេះ បញ្ជាក់ឲ្យឃើញថា ​នយោបាយ​ដាក់ទណ្ឌកម្ម​របស់​ចិន ទៅលើ​កោះតៃវ៉ាន់ មាន​ប្រសិទ្ធិភាព។ មួយវិញទៀត វា​បាន​ទៅ​បំបាក់​មុខមាត់​របស់​លោកស្រី​ឆៃ អ៊ីងវេន ផ្ទាល់​តែម្តង។ នៅ​មុន​ការបោះឆ្នោត នៅថ្ងៃ​សៅរ៍ លោកស្រី ឆៃ អ៊ីងវេន ធ្លាប់​បាន​ប្រកាស​ចាត់ទុក​ការបោះឆ្នោត​ឃុំសង្កាត់​លើកនេះ ថា ជា​លទ្ធិប្រជាធិបតេយ្យ​ដ៏សំខាន់ នៅ​តៃវ៉ាន់ ដែល​ខុស​ពី​ចិន​ដីគោក ល្បី​ខាង គាបសង្កត់ បិទ​សិទ្ធិ​សេរីភាព។

បោះឆ្នោត គាំទ្រ​គណបក្ស​ជាតិ​និយម គួកមិញតាង ដែល​មាននិន្នាកា​ទៅរក​ចិន តើ​ប្រជាជន​តៃវ៉ាន់ លែង​ចង់​បាន​ឯករាជ្យ?

ប្រជាជន​តៃវ៉ាន់ បោះឆ្នោត គាំទ្រ​គណបក្ស​គួកមិញតាង ដែល​មាន​និន្នាការ​ងាកទៅ​ជិតស្និទ្ធិ​ជាមួយ ចិន ប៉ុន្តែ មិនមែន មាន​ន័យថា ពួកគេ​ចង់ឲ្យ​តៃវ៉ាន់ ទៅ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ផ្តាច់មុខ​របស់​ចិន​នោះទេ។ ជាក់ស្តែង គណបក្ស​គួកមិញតាង បាន​ចាញ់ឆ្នោត​ប្រធានាធិបតី កាលពី​ឆ្នាំ ២០១៦ រហូត​ធ្វើ​ឲ្យ​គណបក្ស​របស់​លោកស្រីឆៃ អ៊ីងវេន ឈ្នះឆ្នោត ក៏ដោយសារ​តែ​គណបក្ស​គួកមិញតាង ត្រូវ​បានប្រជាជន​វាយតម្លៃថា មាននិន្នាការ រណប​​ក្រុងប៉េកាំង​ជ្រុលពេក។

ប្រជាជន​តៃវ៉ាន់ មិន​ចង់​ឲ្យ​តៃវ៉ាន់ ធ្លាក់​ទៅក្នុង​ដៃ​របស់​ចិន ក៏ប៉ុន្តែ ជាមួយ​គ្នា​នោះ ពួកគេ​ក៏​មិនចង់​មាន​ជម្លោះ ជាមួយ​ចិន ដែល​ធ្វើ​ឲ្យ​ខូច​ឆ្នាំង​បាយ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​តៃវ៉ាន់​ដែរ។ ដោយ​ចង់​បន្ត​នយោបាយ​ដូចមុន គឺ មិន​ចង់​រំលឹក​និយាយ​ខ្លាំង​ពី​បញ្ហា​ឯករាជ្យ​ដែល​នឹង​ធ្វើ​ប្រទេស​ចិន ខឹង ក្តៅក្រហាយ ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​តៃវ៉ាន់ ប្រជាជន​តៃវ៉ាន់ ផ្តោត​សំខាន់​ចង់​បាន​ប្រយោជន៍​សេដ្ឋកិច្ច។ ទាំង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់អំណាច អាច​សិក្សា​ទាញយក​បទពិសោធន៍​ពីការបោះឆ្នោត​លើកនេះ សម្រាប់​ឈ្នះឆ្នោត នៅក្នុង​ការបោះឆ្នោត ប្រធានាធិបតី​ខាងមុខ។ ពោល​គឺ​ដើម្បី​បំពេញ​តម្រូវការ បំពេញចិត្ត​ប្រជាជន​តៃវ៉ាន់ ដែល​ចង់​បាន​ប្រធានាធិបតីមួយ មេដឹកនាំមួយ ដែល​មិន​ប្រកាស​ចំហរ​ធ្វើ​សង្រ្គាម​ជាមួយ​ចិន ប៉ុន្តែ ក៏មិនត្រូវ​ស្ថិតនៅក្រោម​រណប​ខ្លាំង​របស់​ចិនដែរ៕

ប្រធានាធិបតីកាហ្សាក់ស្ថាន លាលែង​ពី​តំណែង​ ក្រោយ​៣០ឆ្នាំ​នៃ​អំណាច

អ.ស.ប.៖​មាន​មនុស្ស​ជាង ២ ០០០លាននាក់​ក្នុង​លោក​កំពុង​បន្ត​ខ្វះ​ទឹកស្អាត​ប្រើប្រាស់

ទិន្នន័យ​នៃ​ប្រអប់ខ្មៅ​បង្ហាញពី​មូលហេតុ​ស្រដៀងគ្នា​នៃ​ការធ្លាក់យន្តហោះ​របស់​អេត្យូពី​និង​ឥណ្ឌូណេស៊ី​

ហ្វីលីពីន​ជា​​ប្រទេស​ទី២​ដែល​បាន​ដក​សមាជិកភាព​ចេញ​ពី​​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ក្រុង​ឡាអេ​

ក្រោយ​ហេតុការណ៍​បាញ់រះ ​​នូវែលសេឡង់ សន្យា​​​ធ្វើ​​កំណែ​ទ​ម្រង់​​ច្បាប់​កាន់​កាប់អាវុធ

ខ្មាន់កាំភ្លើង​បាញ់រះ សម្លាប់​មនុស្ស​៤៩នាក់ នៅ​វិហារអ៊ីស្លាម នៅនូវែលសេឡង់

អាកាសធាតុ៖ អង្គការ​៤ រួមគ្នា​ប្តឹង​រដ្ឋ​បារាំង ពី​ “ភាព​យឺតយ៉ាវ និង​ភាព​អសកម្ម”

Brexit៖​ច្រកចេញ​របស់​អង់គ្លេស​ពី​សហភាពអឺរ៉ុប​កំពុង​បន្ត​ស្រពិចស្រពិល​កាន់​តែ​ខ្លាំង

ប្រធានាធិបតី​អាល់ហ្សេរី​ឈប់​ឈរឈ្មោះ សម្រាប់​អាណត្តិទី ៥ ប៉ុន្តែ ប្រជាជន​នៅតែ​មិនទុកចិត្ត

ប្រទេសមួយ​ចំនួន​ផ្អាក​ប្រើ​យន្តហោះ​Boeing737max ​ក្រោយ​គ្រោះថ្នាក់​នៅ​អេត្យូពី

ខួប៦០ឆ្នាំ​នៃ​បដិវត្ត​ទីបេ ៖ ប៉េកាំង​ថា​សម្តេច​សង្ឃ​ដាឡៃ​ឡាម៉ា គ្មាន​នាំ​ប្រយោជន៍​ឱ្យ​ទីបេ

លោក​ដូណាល់ ត្រាំ ចង់​ទារប្រាក់​ចំណាយ​បន្ថែម ពី​ប្រទេស​ដែល​មាន​មូលដ្ឋាន​ទ័ព​អាមេរិក

បារាំង​ប្រារព្ធ​ទិវាសិទ្ធិនារី៨មីនា ដោយ​ផ្តោត​លើ​​ វិសមភាព​ប្រាក់ខែ

តុលាការ​ធម្មនុញ្ញថៃ​សម្រេច​រំលាយ​គណបក្ស​ថៃរ៉ាក់សាឆាត​ដែលស្និទ្ធនឹង​លោកថាក់ស៊ីន​

កូរ៉េខាងជើងកំពុងសាងសង់​ឡើងវិញ នូវ​ស្ថានីយ៍​បាញ់​រ៉ុកែត​ Sohae

សេដ្ឋកិច្ច និង​សង្គម​ជា​សំណុំរឿង​អាទិភាព​នៃ​សម័យប្រជុំពេញអង្គ​លើកទី១៣ របស់​សភាប្រជាជនចិន

វ៉េណេស៊ុយអេឡា ៖ លោក ហ្កៃដូ ត្រលប់​ចូល​ស្រុកវិញ ជា​ហានិភ័យ ឬ​ជា​ការទម្លាយ​វិបត្តិ ?

សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បញ្ឈប់​សមយុទ្ធ​ប្រចាំឆ្នាំ​​ជា​សម្បទាន​​ឆ្ពោះ​​ទៅ​​រំសាយ​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង?

NASA និង SpaceX បាញ់បញ្ជូន​យាន​ Dragon ដោយ​ជោគជ័យ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​

កូរ៉េខាង​ជើង​សុំ​បន្តចរចា ទាំង​អះអាង​ថា ខ្លួន​មិន​បាន​សុំឲ្យ​ដក​ទណ្ឌកម្ម​ទាំងស្រុង​ទេ