អានតួអត្ថបទ

លោក គីម ជុងយ៉ាង ជាតិ​កូរ៉េខាងត្បូង​ជាប់​ឆ្នោត​ជា​ប្រធាន​អាំងទែរប៉ូល​ថ្មី

អាំងទែរប៉ូល មាន​ប្រមុខ​ដឹកនាំ​ថ្មី ជា​ជនជាតិ​កូរ៉េខាង​ត្បូង ! ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ស្ថាប័ន ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ពុធ ទី ២១​វិច្ឆិកា ២០១៨​នេះ។ លោក គីម ជុងយ៉ាង (Kim Jong-yang) បាន​ឈ្នះ​​ឆ្នោត​ ទល់​នឹង​បេក្ខជន​ជនជាតិ​រុស្ស៊ី លោក Alexandre Prokoptchouk។ លោក គីម ជុងយ៉ាង ត្រូវ​បំពេញ​​តួនាទី​ជា​ប្រធាន​អាំងទែរប៉ូល សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ។

លោក Kim Jong-yang ជនជាតិ​កូរ៉េខាង​ត្បូង ជាប់​ឆ្នោត​ជា​ប្រធាន​អាំងទែរប៉ូល​ថ្មី
លោក Kim Jong-yang ជនជាតិ​កូរ៉េខាង​ត្បូង ជាប់​ឆ្នោត​ជា​ប្រធាន​អាំងទែរប៉ូល​ថ្មី YONHAP / AFP
ផ្សាយពាណិជ្ជកម្ម

លោក គីម ជុងយ៉ាង បាន​ទទួល​នាទី​ជា​ប្រធាន​អាំងទែរប៉ូល​ស្តីទីភ្លាម តាំង​ពី​ប្រធាន​អាំង​ទែរប៉ូល​ពេញ​សិទ្ធ លោក ម៉េងហុងវៃ (Meng Hongwei) បានប្រកាស​សុំ​​លាលែង​ចេញតំណែង​ក្រោយពី​ជាប់​ចោទ​ពុករលួយ​នៅ​ចិន​ និង​បន្ទាប់​ពី​មាន​ហេតុការណ៍​​ពី​បាត់​ខ្លួន​យ៉ាង​ចម្លែក​កាលពី​​ដើម​ខែ​តុលា នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កំណើត (ចិន)។

ជួប​ប្រជុំ​គ្នា​តាំង​ពី​ថ្ងៃ​អាទិត្យ នៅ​ក្រុង​ឌូបៃ ប្រតិភូ​អាំងទែរប៉ូល បានសម្រេច​​បោះឆ្នោត​ជ្រើសរើស​ នៅ​ថ្ងៃ​នេះ លោក គីម ជុងយ៉ាង ឱ្យ​ទទួល​តំណែង​ជា​ប្រធាន​អាំងទែរប៉ូល​ជា​ផ្លូវការ ផ្ទុយ​ស្រឡះ​អំពី​ព័ត៌មាន​ផ្តល់​ដោយ​កាសែត The Times។ កាលពី​សប្តាហ៍មុន សារព័ត៌មាន​The Times ​បាន​ចុះផ្សាយ​ថាបើ​តាម​ប្រភព​អង់គ្លេស ​បេក្ខជន​អាឡិចសង់ ប្រូកូបឈូក (Alexandre Prokoptchouk) ជនជាតិ​រុស្ស៊ី​ មាន​ប្រជាប្រិយភាពខ្លាំង​​ជាង។

ប៉ុន្តែលោកឧត្តមសេនីយ៍វ័យ​​​៥៦​ឆ្នាំ ដែល​ជា​អនុប្រធាន​អាំងទែរប៉ូល​តាំង​ពី​ឆ្នាំ ២០១៦ ជា​ជនជាតិ​រុស្ស៊ី ! គំនិត​​​រិះគន់ប្រឆាំង​​​​​​ម៉ូស្គូបាន​ផុស​ឡើង ! ​ក្លាយ​ជា​សំឡេង​​ប្រឆាំង​រារាំង​ បេក្ខភាព​លោក ប្រូកូបឈូក។ ថ្វីបើ​តួនាទី​ជា​ប្រធាន​មាន​តម្លៃ​ជា​កិត្តិយស​ច្រើន​ជាង​អំណាច​ប្រតិបត្តិ​មែន តែ​គេ​ខ្លាច​ក្រែង​រុស្ស៊ី​​ទាញ​យក​ស្ថាប័ន​អន្តរជាតិ​មួយ​នេះមក​ធ្វើ​ជា​ឧបករណ៍​បម្រើ​ប្រយោជន៍​ក្រេមឡាំង។ ចំណែក​ឯ​បេក្ខភាព​​របស់​លោក គីម ជុងយ៉ាង វិញ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​មហាសន្និបាត​របស់​ស្ថាប័ន។

នៅ​ល្ងាចមិញ ប្រមុខ​ការ​ទូត​អាមេរិក លោក Mike Pompeo បាន​ប្រកាសដោយ​ចំៗ​​លើក​ទឹក​ចិត្ត​ ជាតិ​និងអង្គការ​ទាំង​ឡាយ​មាន​ពាក់ព័ន្ធ​នឹង​អាំងទែរប៉ូល​ ឱ្យ ជ្រើសរើស​ប្រធាន​ដែលស្មោះត្រង់ ពោល​គឺ​​បោះឆ្នោត​ជូន​លោក គីម ជុងយ៉ាង។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​បួន​រូប ក៏​បាន​ធ្វើ​សេចក្តី​អំពាវនាវ​ នៅ​ក្នុង​លិខិត​ចំហ​មួយ​ ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ចន្ទ សុំ​ឱ្យ​ប្រតិភូ​ ​ទាំង​១៩២​ប្រទេស ជា​សមាជិក​អាំងទែរប៉ូលទាំង​អស់ ច្រាន​ចោល​បេក្ខភាព​រុស្ស៊ី។

“ហេតុការណ៍​កន្លង​មក​ថ្មីៗ​នេះ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​រុស្ស៊ី​បាន​រំលោភ​​នីតិវិធី​អាំងទែរប៉ូល​ ដោយ​ទៅ​​សំលុត​រំខាន​ក្រុម​អ្នក​ប្រឆាំង” ! នេះបើ​តាម​សារ​បន្ថែម​របស់​អ្នក​នាំ​ពាក្យ​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក កាលពី​ម្សិលមិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ