ហ្វីលីពីន សម្ព័ន្ធមិត្តរបស់អាមេរិក ក្រាលកម្រាលព្រំក្រហមទទួលប្រធានាធិបតីចិន
ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានធ្វើដំណើរ ទៅដល់ទីក្រុងម៉ានីល នៅថ្ងៃអង្គារនេះ ដើម្បីផ្តើមទស្សនកិច្ចផ្លូវរដ្ឋ ជាលើកទី១របស់លោក នៅក្នុងប្រទេសហ្វីលីពីន ដែលធ្លាប់ជាសម្ព័ន្ធមិត្តរបស់អាមេរិក។ ហ្វីលីពីន ក្នុងអាណត្តិដឹកនាំរបស់លោកប្រធានាធិបតី ឌុយទែរតេ បានព្យាយាមពង្រឹងចំណងមិត្តភាពជាមួយមហាអំណាចចិន ប៉ុន្តែ ទាំងត្រដាបត្រដួស ដោយសារជម្លោះដណ្តើមទឹកដី នៅក្នុងសមុទ្រចិនខាងត្បូង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៩
លោកស៊ី ជីនពីង ជាប្រធានាធិបតីចិន ទី១ ដែលធ្វើដំណើរទស្សនកិច្ចទៅប្រទេសហ្វីលីពីន នៅក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ។ ក្រៅតែពីហ្វីលីពីនជាសម្ព័ន្ធមិត្តរបស់អាមេរិក ជម្លោះដណ្តើមដីកោះ នៅ សមុទ្រចិនខាងត្បូង រវាងចិន និងហ្វីលីពីន ជាដើមហេតុនៃអវត្តមានទស្សនកិច្ចរបស់ប្រមុខដឹកនាំចិន នៅប្រទេសហ្វីលីពីន។ ប៉ុន្តែ ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន នៅឆ្នាំ ២០១៦ លោកឌុយទែរតេ ដែលបែរ បត់ក្បាលនយោបាយផ្ទុយពីមេដឹកនាំហ្វីលីពីនមុនៗ បានបើកដៃ ស្វាគមប្រទេសចិន ដោយបែរខ្នងដាក់អាមេរិក ដែលជាសម្ព័ន្ធមិត្ត និងអតីតម្ចាស់អាណានិគមនិយមលើហ្វីលីពីន។ លោកឌុយទែរតេ មិនត្រឹមតែជេរប្រមាថប្រធានាធិបតី អាមេរិកតែប៉ុណ្ណោះទេ ប៉ុន្តែ លោកនៅ បានប្រកាសឲ្យហ្វីលីពីនបំភ្លេចចោល សាលក្រមរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ នៅទីក្រុងឡាអេ ដែលបានសម្រេចឲ្យហ្វីលីពីនឈ្នះក្តី លើប្រទេសចិន ក្នុងជម្លោះនៅសមុទ្រចិនខាងត្បូងទៀតផង។
ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឌុយទែរតេ ទៅប្រទេសចិន ទីក្រុងប៉េកាំង ក្នុងចេតនា ស្វាគមមេដឹកនាំហ្វីលីពីន បានសន្យាផ្តល់ប្រាក់ជំនួយ និងប្រាក់កម្ចី ប្រមាណ ២៤ពាន់លានដុល្លារ សម្រាប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធ នៅប្រទេសហ្វីលីពីន។ ប៉ុន្តែ ពីរឆ្នាំ កន្លងផុត ការសន្យារបស់ប្រទេសចិន មានតែនៅលើក្រដាស ព្រោះថា មានទឹកប្រាក់តិចតួចណាស់ ដែលចិនបានបញ្ជូនទៅឲ្យរដ្ឋាភិបាលក្រុងម៉ានីល។
សម្រាប់អ្នកវិភាគនយោបាយហ្វីលីពីន វិញ ចិនបានបង្កកប្រាក់ជំនួយ និងទំនាក់ទំនងជាមួយហ្វីលីពីន ដោយសារតែជំហរ នយោបាយមិនទៀងទាត់របស់ប្រធានាធិបតីហ្វីលីពីន ដែលបានបែរត្រលប់ទៅត្រូវរ៉ូវ គ្នាវិញ ជាមួយប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ។ មួយវិញទៀត ម្តងម្កាល លោកឌុយទែរតេ នៅបានដំឡើងសំលេងរិះគន់ ការសាងសង់ កោះសិប្បនិម្មិត្តរបស់ចិន នៅសមុទ្រចិនខាងត្បូង។ គេវាយតម្លៃថា ដោយផ្តល់ប្រាក់ជំនួយ និងប្រាក់កម្ចីរាប់ពាន់លានដុល្លារ ចិនចង់បន្ធូរបន្ថយភាពតានតឹង ជាមួយហ្វីលីពីន ក្នុងជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង។
រដ្ឋមន្រ្តីសេដ្ឋកិច្ចហ្វីលីពីន លោក Benjamin Diokno នៅ សប្តាហ៍មុន បានពន្យល់ពីការយឺតយ៉ាវ ដោយសារតែភាគីចិនមិនធ្លាប់ស្គាល់ ប្រព័ន្ធដាក់ដេញថ្លៃ គម្រោងវិនិយោគ នៅក្នុងប្រទេសហ្វីលីពីន។ ប៉ុន្តែ លោកសង្ឃឹមថា ទស្សនកិច្ចរបស់ប្រធានាធិបតីចិន នៅទីក្រុងម៉ានីល នឹងដាក់សម្ពាធ លើមន្រ្តីចិន ឲ្យប្រញាប់បញ្ជូនកញ្ចប់ប្រាក់ជំនួយ និងប្រាក់កម្ចីទៅតាមការសន្យាកន្លងមក។
នៅក្នុងដំណើរទស្សនកិច្ច កាលពីខែមុន នៅ ទីក្រុងម៉ានីល រដ្ឋមន្រ្តីការបរទេសចិនបានអះអាងថា ការវិនិយោគរបស់ចិន នៅ ហ្វីលីពីនបានកើនឡើង ខ្លាំង នៅ៦ខែដើមឆ្នាំនេះ នៅ ហ្វីលីពីន បន្ទាប់ពី កើនឡើងដល់៦៧ភាគរយ កាលពីឆ្នាំមុន។ ប៉ុន្តែ សម្រាប់ប្រធានវិទ្យាស្ថានពិគ្រោះយោបល់ពាណិជ្ជកម្មហ្វីលីពីន អ្នកវិនិយោគចិនបានចាក់លុយមែន នៅ ហ្វីលីពីន ប៉ុន្តែ សម្រាប់ កាស៊ីណូ ភ្នាល់ល្បែង តាមអ៊ីនធ័រនែត ការវិនិយោគទៅលើអចលទ្រព្យ ផ្នែកសេវា ហើយនិងបោះទុនវិនិយោគ ទៅលើក្រុមហ៊ុនហ្វីលីពីនដែលមានស្រាប់ ប៉ុន្តែ គេកម្រនឹងឃើញក្រុមហ៊ុនចិន វិនិយោគទ្រង់ទ្រាយធំ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ឬរោងចក្រនៅហ្វីលីពីនណាស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ