អានតួអត្ថបទ

ជំនួប​កំពូល​APEC៖ ប៉ូលិស​ប៉ាពូអាស៊ីនូវែលហ្គីណេ​សម្រុកចូល​សភា ដើម្បី ទារប្រាក់​បន្ថែម

នៅ​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ ប៉ូលិស និង​ទាហាន នៅ​ថ្ងៃ​អង្គារនេះ បាន​លើកគ្នា សម្រុកចូល​ក្នុង​វិមាន​រដ្ឋសភា ដើម្បី​ទាមទារ​ប្រាក់បន្ថែម បានមកពី​ការបំពេញ ការងារ នៅក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​APEC កាលពី​ចុងសប្តាហ៍​នេះ។ អ្នកនាំពាក្យ​របស់​ប៉ូលិស​ជាតិ​ប៉ាពូអាស៊ីនូវែលហ្គីណេ បាន​បញ្ជាក់​ពី​ហេតុការណ៍នេះ និង​ថា ស្ថានការណ៍​បាន​ស្ងប់ស្ងាត់​មក វិញ បន្ទាប់ពី​ក្រុម​ប៉ូលិស តវ៉ា បាន​ចេញ​មក​ប្រមូល​ផ្តុំ​គ្នា នៅ​ក្រៅអគារ​របស់​សភា ដើម្បី​ទាមទារ​ដំណោះស្រាយ​ពី​រដ្ឋាភិបាល។ 

ប៉ូលិស​ប៉ាពូអាស៊ីនូវែលហ្គីណេ ទទួលគារវកិច្ចប្រធានាធិបតី​ចិននៅ​ទីក្រុង​ Port Moresby នៅក្នុង​អំឡុងកិច្ចប្រជុំ​កំពូល​APEC ថ្ងៃទី ១៦​វិច្ឆិកា ២០១៨
ប៉ូលិស​ប៉ាពូអាស៊ីនូវែលហ្គីណេ ទទួលគារវកិច្ចប្រធានាធិបតី​ចិននៅ​ទីក្រុង​ Port Moresby នៅក្នុង​អំឡុងកិច្ចប្រជុំ​កំពូល​APEC ថ្ងៃទី ១៦​វិច្ឆិកា ២០១៨ ©Mast Irham/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​កិច្ចប្រជុំកំពូល​APEC បិទបញ្ចប់ បាន​តែ​២ថ្ងៃ ប៉ូលិស និង​ទាហាន​របស់​ប៉ាពូអាស៊ីនូវែលហ្គីណេ បាន​លើកគ្នា​សម្រុក​ចូលទៅក្នុង​អគារ​រដ្ឋសភា ដើម្បី ទាមទារ​ប្រាក់បន្ថែម​ពីការងារ​ដែល​ពួកគេ​បាន​បំពេញ នៅក្នុង​កិច្ចប្រជុំ​កំពូល APEC។ វីដេអូ​របស់​សមាជិក​សភា ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហាញ​ពី​កញ្ចក់ទ្វារ ហើយ​និង​សំភារៈ តុកៅអី នៅក្នុងរដ្ឋសភា ដែល​ត្រូវ​វាយបំផ្លាញ។ លោក Bryan Kramer អ្នកតំណាងរាស្រ្ត​ម្ចាស់​វីដេអូ​នៅលើបណ្តាញ​ហ្វេសប៊ុក បាន​សរសេរ​ថា នៅក្នុង​ពេល​សម្រុកចូល​ទៅក្នុង​រដ្ឋសភា បុគ្គលិក​ជាច្រើននាក់​របស់​រដ្ឋសភា ត្រូវ​បាន​ក្រុមប៉ូលិស​តវ៉ា វាយ​ធ្វើ​បាប នៅក្នុង​ពេល​ប៉ះទង្គិចគ្នា នៅថ្ងៃនេះ។

តាម​អ្នកតំណាងរាស្រ្ត​ដដែល ប៉ូលិស និង​ទាហាន​ប៉ាពូអាស៊ីនូវែលហ្គីណេ​បាន​លើកគ្នា​សម្រុក​ចូលទៅក្នុង​រដ្ឋសភា ដើម្បី​បង្ហាញ​ពីការខឹងសម្បារ​របស់ពួកគេ នៅ​ក្រោយ​ពេល​ពួកគេ​ត្រូវ​បាន​កោះប្រជុំ​ជាមួយ រដ្ឋមន្រ្តី​ប៉ូលិស ដែល​ទទួល​បន្ទុក​លើ​ការបង់ប្រាក់ពិសេស សម្រាប់​បេសកកម្ម នៅក្នុង​អំឡុងកិច្ចប្រជុំ​កំពូល​APEC។

សាក្សីម្នាក់ បាន​និយាយ​ប្រាប់អ្នកកាសែត របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា ប៉ូលិស និង​ទាហាន​ដែល​ប្រមូលផ្តុំគ្នា នៅ​មុខ​រដ្ឋសភា និង​ស្រែក​តវ៉ា ថា ពួកគេ​មិនបាន​ទទួល​បាន​ប្រាក់​បន្ថែម ៩០​អឺរ៉ូ ដែល ថ្នាក់លើ​បាន​សន្យា សម្រាប់​ការបំពេញ​ការងារ​នៅក្នុង​កិច្ចប្រជុំ​APEC នោះទេ។

នៅក្នុង​សេចក្តីថ្លែងការណ៍​នៅថ្ងៃ​អង្គារនេះ អគ្គលេខាធិការ​APEC លោក​Chris Hawkins បាន​អះអាង ថា គេ​ត្រូវការ​ពេលវេលា​យ៉ាងហោច មួយ​សប្តាហ៍ នៅក្រោយ​ការរៀបចំ​ព្រឹត្តិការណ៍​ធំៗ​ណាមួយ ដើម្បី ទូទាត់​ផ្ទេរប្រាក់ ទៅ​ឲ្យ​ភាគី​ដែល​ពាក់ព័ន្ធ។ សម្រាប់លោក​Chris Hawkins កិច្ចប្រជុំ​APEC ទើបតែ​បញ្ចប់​ទៅ តែ ២​ថ្ងៃ​ប៉ុណ្ណោះ។ ម្យ៉ាងទៀត គេ​បាន​ចាប់ផ្តើម ផ្ទេរប្រាក់​បន្ថែម ទៅឲ្យ​បុគ្គល​ដែល​បាន​បំពេញការងារ​នៅក្នុង​អំឡុង​កិច្ចប្រជុំ។ ដូច្នេះ ប៉ូលិស និង​ទាហាន​គួរ​តែ​ពិនិត្យ​មើល​គណនី​ធនាគារ​របស់ខ្លួន សិន មុន​នឹង​បញ្ចេញកំហឹង ខឹងសម្បារ នៅ​រដ្ឋសភា។

មាន​ប្រជាជន ៨លាននាក់ ប៉ាពូអាស៊ីនូវែលហ្គីណេ ជា​ប្រទេស​ដ៏ក្រីក្រ​ជាងគេ​បំផុត នៅក្នុង​ចំណោម​ប្រទេស​សមាជិក APEC។ នៅក្នុង​ពេល​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​ខ្វះថវិកា​សម្រាប់​បើក​ឲ្យ​គ្រូបង្រៀន ហើយ​និង​ការផ្ទុះឡើងវិញ នូវ​ជម្ងឺ​ស្វិតដៃជើង និង​ជម្ងឺគ្រុនចាញ់រដ្ឋាភិបាល ប៉ាពូអាស៊ីនូវែលហ្គីណេ ត្រូវ​បាន​រងការរិះគន់​ខ្លាំង ពី​ក្រុមបក្សប្រឆាំង ហើយ​និងប្រជាជន ក្នុង​ការចំណាយ​ថវិកា​សម្រាប់​រៀបចំ​ទទួល​APEC ហើយ​និង​រឿង​ចំណាយ​លុយ​រាប់ម៉ឺន​ដុល្លារ សម្រាប់​ទិញ រថយន្ត​ដ៏ទំនើប Maserati ដើម្បី​ដឹកមេដឹកនាំ​ធំៗ ដែល​ជា​ភ្ញៀវ ដូចជា ប្រធានាធិបតីចិន លោក​ស៊ី ជីនពីង​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ