អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ផែនដី​ប្រឈម​នឹង​ការផុត​ពូជសត្វ​ទ្រង់ទ្រាយ​ធំ !

ចុះផ្សាយ​នៅ​ថ្ងៃ៖

សត្វចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ សត្វស្លាប សត្វល្មូន​ សត្វ​រស់​ក្នុង​ទឹក​លើ​គោក ត្រី ... ចំនួន​ ​សត្វ​នៅ​លើ​ផែន​ដី បាន​ថយ​ចុះ​អស់​៦០% នៅ​រវាង​ពី​ឆ្នាំ​១៩៧០ដល់​ឆ្នាំ​២០១៤។ នេះ​បើ​តាមមូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិ ហៅ​កាត់​ថា WWF ដែល​ទើប​ចេញ​ផ្សាយរបាយការណ៍​ចុងក្រោយ​របស់​ខ្លួន នៅ​ថ្ងៃទី ៣០​តុលា ២០១៨។ ​ជា​ការបាត់​បង់​​សត្វ ដែល​បាន​ឈាន​ចូល​កំរិត​អាសន្ន​ និង​ដែល​តម្រូវ​ឱ្យ​ពិភពលោកត្រូវ​​ប្តូរ​សកម្មភាព​និង​ស្វែង​រក​កិច្ចព្រមព្រៀង​​សង្គ្រោះ​ធម្មជាតិ ជា​បន្ទាន់។

ចំនួន​សត្វ​ព្រៃ​បាន​ធ្លាក់​ចុះ​អស់​៦០%​ក្នុង​រយៈ​ពេល​តែ​៤៤​ឆ្នាំ
ចំនួន​សត្វ​ព្រៃ​បាន​ធ្លាក់​ចុះ​អស់​៦០%​ក្នុង​រយៈ​ពេល​តែ​៤៤​ឆ្នាំ AFP/JOSEPH EID
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​​ “ផែនដីរស់រវើក” របស់​មូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិ WWF ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​នៃ​ជីវិត​សត្វ​លើ​ភព​ផែនដី​ទាំង​មូល។

បើតាម​លទ្ធផល​​សិក្សា​តាមដាន​ជីវិត​សត្វ​ជាង៤ពាន់​ប្រភេទ ចំនួន​ជាង​​១ម៉ឺន៦​​ពាន់​ក្បាល នៅ​រវាង​ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​២០១៤ ចំនួន​សត្វ​ព្រៃ (សត្វ​រស់​ក្នុង​ធម្មជាតិ) បាន​បាត់​បង់​អស់​ទៅ​៦០%។ ហើយ​ចំនួន​សត្វ​រស់​នៅក្នុង​ទឹក​សាប​ បាន​ធ្លាក់​ចុះ​អស់​ទៅ​៨០% !

បរិមាណ​សត្វ​បាន​ធ្លាក់​ចុះ​​នៅទូទាំង​ពិភពលោក តែ​តំបន់​ត្រូពិក​ប៉ះពាល់​ខ្លាំង​ជាងគេ។ នៅ​តំបន់​ការ៉ាអ៊ីប/អាមេរិកកណ្តាល ​បរិមាណ​សត្វ​ធ្លាក់​ចុះ​អស់​៨៩% ក្នុង​រយៈ​ពេល​៤៤​ឆ្នាំ។ អាមេរិក​ខាង​ជើង​និង​តំបន់​ប៉ូល គ្រាន់​បើ​ជាង​គេ​ដោយ​មាន​បាត់​បង់​ចំនួន​សត្វ​តែ​២៣% និង​៣១%​នៅ​តំបន់​អឺរ៉ុប/អាហ្វ្រិកខាងជើង និង​ដើមបូព៌ា។

ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផុត​ពូជ

ជា​ទូទៅ​ការ​បាត់បង់​បរិមាណ​សត្វ​ ជា​ការ​គំរាមកំហែង​ខ្លាំង​ជាងគេ​ ! ក្នុង​ន័យ​នេះ​ បើតាម​ សន្ទស្សន៍​នៃ​ការ​ផុត​ពូជ មាន​ពពួក​សត្វ​៥​ប្រភេទ​ ៖ សត្វ​ស្លាប សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ សត្វ​រស់​ក្នុង​ទឹកផង​លើ​គោកផង ពពួក​ផ្កាថ្ម និង​រុក្ខជាតិ​ក្នុង​ទឹក​ Cycadales កំពុងធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ការ​ផុតពូជ ក្នុង​ល្បឿន​លឿន​ក្រៃ !​ លឿនខ្លាំង ពី​​​ ១០០ ទៅ​១ពាន់​ដង លើស​​កាលពី​​សម័យ​ដែល​មនុស្ស​មិន​ទាន់​មាន​សកម្មភាព​បំផ្លិច​បំផ្លាញ​ជីវិត​ជីវចម្រុះនិង​គីមីសាស្ត្រ​របស់​ផែនដី។ សម្រាប់​ក្រុម​អ្នក​វិទ្យាសាស្ត្រ ​ជីវិត​សត្វ​នៅ​ភពផែនដី​បច្ចុប្បន្ន​​នេះ​កំពុង​ស្ថិត​​នៅ​ក្នុង​ដំណាក់កាល​ផុត​រលត់​ពូជ​ទាំងហ្វូងៗ។ ដំណើរ​ផុត​ពូជ​ទើប​តែ​មាន​ជា​​​​លើក​ទី៦ប៉ុណ្ណោះ​ ក្នុង​អំឡុង​ពេល​៥រយលាន​ឆ្នាំ នៃ​ការ​កកើត​ជីវិត​សត្វ​លោក។​

​​​សកម្មភាព​មនុស្សជា​ដើម​ហេតុ​ចំបង

សម្រាប់​អ្នក​វិទ្យាសាស្ត្រ មូលហេតុ​ចំបង ដែល​នាំ​ឱ្យ​ជីវិត​សត្វ​ចុះ​ថយ​ គឺ​ជា​ស្នាដៃ​មនុស្ស ! សេចក្តី​ត្រូវការ​ផ្នែក​ទទួល​ទាន កសិកម្ម​បែប​ប្រពលវប្បកម្ម បែប​បំផ្លិចបំផ្លាញ​ដី នេសាទ​ហួស​ហេតុ ការ​ប្រែប្រួល​អាកាសធាតុ ការ​បំពុល​បរិស្ថាន​ដោយ​ប្រើ​ផ្លាស្ទិក។ តើ​នេះ​មិនមែន​ជា​សកម្មភាព​របស់​មនុស្ស​ទេ​ឬ ?!

មនុស្ស​ត្រូវ​ការ​សព្វ​ត្រូវ​ការ​គ្រប់ ថាមពល ទឹក​ ព្រៃ ត្រី ចំណី​អាហារ ជីរ ថ្នាំ​សម្លាប់​សត្វ រ៉ែ ... សេចក្តី​ត្រូវ​ការ​របស់​មនុស្ស​ផ្នែក​ធនធាន​ធម្មជាតិ​បាន​កើន​ឡើង​ ក្នុង​កំរិត​ដល់​ទៅ​១៩០​%​​ ​នា​រយៈ​ពេល​៥០​ឆ្នាំ ចុងក្រោយ​នេះ រហូត​អ្នក​វិទ្យាសាស្ត្រ​បាន​ហៅ​ ដំណាក់កាល​នេះថា​ ជា​ការ​“បង្កើន​ល្បឿន”។ សម្រាប់​មូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិ WWF ​​ផែន​ដី បាន​ឈាន​ចូល​ដល់​សករាជ​ថ្មី ក្លាយ​ជា​​ភព​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​របស់​ពូជសត្វតែមួយ​ពួក នោះ​គឺ​មនុស្ស​។

មនុស្ស​លុក​លុយ​គ្រប់​ទិស​តំបន់ ៖ គិត​មក​ត្រឹម​ថ្ងៃ​នេះ​ មាន​ចំណែក​ដី​ផែន​ដី​ប្រមាណ​១ភាគ​បួន​ប៉ុណ្ណោះ​ដែល​មិន​ទាន់​ត្រូវ​បានមនុស្ស​ទៅ​ឆ្កឹះឆ្កៀល​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០៥០ ដី​ទំនេរ​ គេច​ផុត​ពី​សកម្មភាព​មនុស្ស​នឹង​មាន​សល់​តែ​១០%​ប៉ុណ្ណោះ។ តំបន់​ដី​សើម រង​គ្រោះ​ខ្លាំង​ជាង​គេ​ដោយ​បាន​បាត់បង់​ផ្ទៃដី អស់​ទៅ ៨៧%​បើ​ប្រៀប​ធៀប​ទៅនឹង​សម័យ​មុន​ឧស្សាហកម្ម។

ការ​ធ្វើ​កសិកម្ម​ដើម្បី​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវ​ការ​ផ្នែក​ចំណី​អាហារ​មនុស្ស​ ក៏​ជា​មូលហេតុ​ចំបង​មួយ​ទៀត​ នៃ​កា​របង្កើន​ល្បឿន​ហិនហោចជីវិត​រុក្ខជាតិនិង​សត្វ។ ៤០%​នៃ​ផ្ទៃ​ផែនដី ត្រូវ​បំផ្លែង​ទៅ​ជា​ដី​កសិកម្ម​ ដោយ​ត្រូវ​ការ​ទឹក​ប្រមាណ​៧០%​ និង​​​ ជាង​៣០%​នៃ​ឧស្ម័ន​កាបូនិក ក៏​មាន​ប្រភព​មក​ពី​កសិកម្ម។ ដំណាំ​សណ្តែក ប្រេង​ដូង និង​ការ​ចិញ្ចឹម​គោ ជា​ដើម​ហេតុ​នៃ​ការ​កាប់​ព្រៃឈើ​អស់​៨០%​ នាពេល​បច្ចុប្បន្ន​នេះ។​

មនុស្ស​បាន​បំផ្លាញ​ប្រព័ន្ធ​អេកូសាស្ត្រ​ ដែល​ខំ​បង្កើត​និង​ចិញ្ចឹម​យើង​រហូត​មក​ ហើយ​ឥលូវ​ប្រព័ន្ធ​អេកូសាស្ត្រ​នេះ​កំពុង​តែ​ចាប់​រលំ។ ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ មនុស្សទាញ​យក​ផល ជំពាក់​​ពី​​ផែន​ដី​កាន់​តែ​ច្រើន​ឡើងៗ។

បដិវត្តធម្មជាតិ

ជា​​មាន​​សំណាង​ល្អ​ ​មនុស្ស​បាន​ដឹង​​យ៉ាង​ច្បាស់​លាស់​ថា​មាន​អ្វី​ដែល​កំពុង​កើត​ឡើង​នាពេល​នេះ ! ហេតុ​ដូច្នេះ​ហើយ​បាន​ជា​WWF បាន​អំពាវនាវ​ឱ្យ​ពិភពលោក​នាំ​គ្នា​បញ្ចេញ​សកម្មភាព​ ភ្លាម​ពីពេល​នេះ​ដល់​ឆ្នាំ​២០២០ ដោយ​គ្រប់​ប្រទេស​ត្រូវ​សន្យា​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ផង និង​ទទួល​ព្រមការពារ​ធម្មជាតិ​ទៀត នៅក្នុង​សន្និសីទ​ពិសេស​នៅ​ប៉េកាំង។ សន្នសីទ​ដែល​រៀប​ចំ​ឡើង​ក្នុង​កម្មវត្ថុ​កាត់​បន្ថយ ឱ្យ​ដល់​សូន្យ​ ការ​បាត់​បង់​ជីវចម្រុះ​​នៅ​ឆ្នាំ​២០៣០។

ចំពោះ​បញ្ហា​អាកាសធាតុ​ គេរង់ចាំ​ទាល់​តែ​ឃើញ​មាន​គ្រោះ​ធម្មជាតិ​ខ្លាំងៗ​កំណាចៗ​ច្រើន ទើប​ពិភពលោក​អាច​សម្រេច​កិច្ចព្រមព្រៀង​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​បាន។ ឯ​​បញ្ហាធម្មជាតិ​ វា​មិន​ដូច​បញ្ហា​អាកាសធាតុ​ឯណា ! ការ​បាត់​បង់​ព្រៃ ដំណើរ​រលត់​ផុត​ពូជ​សត្វ ឥត​មាន​ឥទ្ធិពល​អ្វី​មក​ប៉ះ​ដល់​ស្បែក​មនុស្ស​ ឱ្យ​ភ្ញាក់​អារម្មណ៍​ទេ។ ​ដូច្នេះ​វា​ពិត​ជា​​លំបាកសម្រេច​លទ្ធផល​​បន្តិច​ហើយ​។ ​ទាល់​តែ​មាន​បដិវត្តធម្មជាតិ​ទើប​បាន ! នេះ​បើ​តាម​ប្រសាសន៍​របស់​នាយកមូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិWWF ដែល​អះអាង​ទៀត​ថា​សព្វ​ថ្ងៃ​នេះ ពលរដ្ឋ​បាន​យល់​អំពី​បរិស្ថាន នាំ​គ្នា​ដាំ​ដុះ​រុក្ខជាតិក្នុង​ផើង ​ ថែថួនថ្នម​សត្វ​ក្នុង​ផ្ទះ ដើម្បីបំពេញ​សេចក្តី​ត្រូវការ​​​ធម្មជាតិ តែ​តម្រូវការ​បែបសិប្បនិម្មត្ត​ទេ មិន​បា​ន​គិត​ដល់​ធម្មជាតិ​ពិតៗ​នៅ​ក្រៅផ្ទះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ