អានតួអត្ថបទ

ប្រធាន​ក្លឹប​បាល់ទាត់Leicester ជាតិថៃ​ស្លាប់​ក្នុង​គ្រោះ​ធ្លាក់​ឧទ្ធម្ភាគចក្រ

បន្ទាប់​ពី​ស្ថិត​ក្នុង​ស្ថានភាពសង្ស័យ​អស់​រយៈ​ពេល​ជាង​២៤​ម៉ោង ព័ត៌មាន​ពិត​ទើប​ត្រូវ​បញ្ជាក់​នៅ​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ប្រធាន​ក្លឹប​បាល់​ទាត់អង់គ្លេស ​Leicester City ជាតិ​ថៃ លោក វិឆៃ ស្រីវឌ្ឍនាប្រាភា Vichai Srivaddhanaprabha ពិត​ជា​បាន​ស្លាប់ នៅ​ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​ កាលពី​ថ្ងៃ​សៅរ៍​ទី ២៧ តុលា ២០១៨ មែន។

កម្រង​ផ្កា​ឧទ្ធិស​ដល់​វិញ្ញណក្ខន្ធ​លោក​ប្រធានក្លឹប Leicester
កម្រង​ផ្កា​ឧទ្ធិស​ដល់​វិញ្ញណក្ខន្ធ​លោក​ប្រធានក្លឹប Leicester © Reuters
ផ្សាយពាណិជ្ជកម្ម

ឧទ្ធម្ភាគចក្រ បាន​ធ្លាក់​ នៅ​លើ​ចំណត​រថយន្ត​ ក្រោយ​ពី​បាន​ហោះ​ចេញ​ពី​ស្តាត ទី​ដែល​មាន​ការ​ប្រកួត​បាល់ទាត់ រវាង ក្រុម​Leicester និង​West Ham ​បាន​បន្តិច។ តាម​ទម្លាប់​ក្រោយ​ពីការ​ប្រកួត​នៅ​ស្តាត​របស់​ខ្លួន​រួច​ លោក វីឆៃ ស្រី​វឌ្ឍនាប្រាភា តែង​​មាន​ទម្លាប់​ចាក​ចេញ​ពី​ស្តាត ដោយ​ជិះ​ឧទ្ធម្ភាគចក្រ ចេញ​ពី​ទីលាន​ប្រកួត​តែ​ម្តង។

បើ​តាមប៉ូលិស​អង់គ្លេស គ្រោះ​ថ្នាក់​បាន​សម្លាប់​ជីវិត​មនុស្ស​បួន​នាក់​ផ្សេង​ទៀត ពីរ​នាក់​ជា​ក្រុម​គ្រូប​ង្ហាត់​ និង​​អ្នក​បើកម្នាក់ អ្នក​ដំណើរ​ម្នាក់​ទៀត។​ ក្រុម​អ្នក​អង្កេត​​អាកាសចរណ៍​ក៏​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ដើម្បី​សិក្សា​ស្វែង​រក​មូលហេតុ​នៃ​គ្រោះ​ថ្នាក់។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជូន​ដំណឹងអំពី​​មរណភាព​របស់​ប្រធានក្នុង​ជន្មាយុ​៦០​ឆ្នាំ ក្លឹប​Leicester បាន​សម្តែង​ការ​កោត​សរសើរ​អំពី​សណ្តាន​ចិត្តល្អ និង​​ដ៏​សប្បុរសរបស់​លោក វិឆៃ ស្រីវឌ្ឍនាប្រាភា ដែល​មួយ​ជីវិត​នេះ​បាន​ផ្តល់​សេចក្តី​ស្រលាញ់​ដល់​គ្រួសារ​និង​ក្លឹប។

លោក វិឆៃ ស្រីវឌ្ឍនាប្រាភា ជា​មហាសេដ្ឋី ដែល​មាន​ទ្រព្យ​ធន​ប្រមាណ ២៩០០​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៦។ នៅ​ឆ្នាំ​២០១០ លោក​បាន​ទិញ​ក្លឹប​បាល់​ទាត់​ Leicester City ក្នុង​តម្លៃ ៤០​លាន​លីវ ដែល​ជា​ក្លឹប​ដ៏​តូច​មួយរបស់​អង់គ្លេស គ្មាន​ឈ្មោះ​បោះ​សំឡេង ឱ្យ​បាន​ក្លាយ​ជា​ជើង​ឯករបស់​League​​​បាល់ទាត់​អង់គ្លេស ដ៏​ល្បីល្បាញ​ នៅ​ឆ្នាំ​២០១៦។

ម្ចាស់​ក្លឹប​បាល់​ទាត់​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​បាល់ទាត់​គោរព​ស្រលាញ់​កាន់​តែ​ខ្លាំង​ថែម​ទៀត ដោយ​សារ​ទឹក​ចិត្ត​សប្បុរសរបស់​លោក។ ក្រៅ​អំពី​ចែក​ចាយ​ភេសជ្ជៈ​ដោយ​ឥត​គិត​ថ្លៃ ក្នុង​ថ្ងៃ​​ខួប​កំណើត​ លោក វិឆៃ​ ស្រីវឌ្ឍនាប្រាភា បាន​ធ្វើ​​អំណោយ​២លាន​ផោន​ដល់​មន្ទីរ​ពេទ្យ​របស់​ស្រុក។ ក្នុ​ងនាម​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​យ៉ាងខ្ជាប់​ខ្ជួន លោក តែង​និមន្ត​ព្រះ​សង្ឃ​ថៃ​មក​ប្រោះព្រំ​កីឡាករ និង​ស្តាត​Leicester ជា​ញឹក​ញយ។

បាល់​ទាត់​ជា​កីឡា​របស់​គ្រួសារ ! ក្នុង​ចំណោម​កូន​ទាំង​បួន កូនប្រុស​របស់​លោក​ម្នាក់ ឈ្មោះ​ Aiyawatt ហៅ​ តុប ជា​អនុប្រធាន​ក្លឹប និង​កូន​ប្រុស​ទីពីរ អាភិចិត្ត Apichet ជា​នាយក​ប្រតិបត្តិ។

មរណភាព​របស់​លោក​វិឆៃ​ ស្រីវឌ្ឍនាប្រាភា មិន​ត្រឹម​តែ​បាន​ធ្វើ​ឱ្យ​រំជួល​ចិត្ត​ក្រុម​អ្នក​គាំទ្រ​នៅ​អង់គ្លេស​ទេ ! នៅ​ប្រទេស​ថៃ អ្នក​ចូលចិត្ត​បាល់​ទាត់ ក៏​រន្ធត់​ចិត្ត​នឹង​ដំណឹង​ដ៏ក្រៀម​ក្រំនេះ​ដែរ ព្រោះ​លោក​មហា​សេដ្ឋី​បាន​លើក​កីឡា​បាត់​ទាត់​ថៃ​ផង និង​បាន​ធ្វើ​ឱ្យ​គេស្គាល់​ប្រទេស​ថៃ​កាន់​តែ​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ