rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

សង្គ្រាមពាណិជ្ជកម្ម រុញច្រាន​ឲ្យជប៉ុន​និង​ចិន​ ខិតចូល​រកគ្នា​

ដោយ អ៊ុង គឹមអ៊ាន់

នាយករដ្ឋមន្រ្តី​ជប៉ុន​លោក ស្ហីនហ្សូ អាបេ ​នៅថ្ងៃនេះបានធ្វើ​ទស្សនកិច្ច​ដ៏កម្រ​ និងលើកដំបូង​ទៅកាន់​ប្រទេសចិន​ រយៈពេល​បីថ្ងៃ​គឺរាប់​ចាប់ពី​ថ្ងៃទី ២៥-២៧ តុលា​​។ ដំណើរ​ទស្សនកិច្ចនេះ​ គឺជា​សញ្ញាមួយ​នៃ​កិច្ចខិតខំប្រឹងប្រែង​របស់​ប្រទេស​ទាំងពីរ​ជាពិសេស​ពីភាគីជប៉ុន​ ដើម្បីធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី​នៃប្រទេស​ដែលជា​គូសត្រូវ​នឹងគ្នា​ និង​ចំពេល​មាន​ការកើនឡើង​ នៃ​ភាព​មិនប្រាកដប្រជា​នៃ​ចំណងការទូត​រវាង​ប្រទេសនានា​ នៅជុំវិញ​ពិភពលោក​។

ទំនាក់ទំនងទ្វេភាគីជប៉ុន-ចិន

ជា​ការពិតណាស់​ ដំណើរទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រីជប៉ុន​ ស្ហីនហ្សូ ​អាបេ ​ត្រូវបានគេ​ចាត់ទុកថា​ជាដំណើរទស្សនកិច្ច​ដ៏សែនកម្រ​មួយ​។ ជា​ដំណើរទស្សនកិច្ច​ដ៏កម្រ​ ពីព្រោះថា​ដំណើរទស្សនកិច្ច​នេះ​ គឺជា​ទស្សនកិច្ច​លើកទីមួយ​របស់​នាយករដ្ឋមន្រ្តីជប៉ុន​ចាប់តាំងពីឆ្នាំ​ ២០១១​មក​ និងជា​ផ្នែកមួយ​នៃដំ​ណើរការ​ផ្សះផ្សា​ឡើងវិញ​ នូវ​ទំនាក់ទំនង​ដ៏សែន​សោះកក្រោះ​ រវាង​ប្រទេសទាំងពីរ​ដែលជា​គូសត្រូវ​ប្រវត្តិសាស្ត្រ​ និងជា​សត្រូវ​ដណ្តើម​ទឹកដី​ជាមួយគ្នា​។

ជាក់ស្តែង​ ទំនាក់ទំនង​រវាងជប៉ុន​និងចិន បានធ្លាក់ក្នុង​សភាពអាប់អួរ​ជាខ្លាំង​ហៅលែងឮ​តែម្តង​ កាលពីឆ្នាំ​ ២០១២​ នៅគ្រា​ដែលចិន​ចេញមុខ​អះអាងថា ​ទីប្រជុំ​កោះមានជម្លោះ ​គឺប្រជុំ​កោះ ​សេនកាគុ ដែល​កំពុងស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់ជប៉ុន​ ជា​កម្មសិទ្ធិ​របស់ខ្លួន​។

ក្នុង​អំឡុងពេល​នៃ​ជំនួបរវាង​គ្នានេះ​ដែរ​មេដឹកនាំ​ជប៉ុន​លោកអាបេ​ និង លោក​ប្រមុខរដ្ឋចិន​ នឹង​ប្រារព្ធរួមគ្នា​ ខួបលើក​ទី ៤០ ឆ្នាំ​ នៃ​សន្ធិសញ្ញាសន្តិភាព​និងមិត្តភាព ​រវាង​ប្រទេសទាំងពីរ​ ដែល​បាន​ចុះហត្ថលេខា​កាលពីឆ្នាំ​១៩៧៨​ ពោលគឺ​ក្រោយពី​សម័យសង្គ្រាម​លោកលើកទី២​។

ក្រៅតែ​ពីចង់​លើកតម្តើង​ទំនាក់ទំនង​ល្អជាមួយគ្នា​ ប្រទេសខ្លាំង​ក្បែរខាងគ្នា​គឺជប៉ុន ​និង ចិន​ នឹង​ដាក់លើ​តុជជែកពិភាក្សា​គ្នា​ នូវ​ចំណុចសំខាន់ៗ​ផ្សេងទៀត​ ដែល​ក្នុងនោះ​រួមមាន​ វិស័យសេដ្ឋកិច្ច​ និង​បញ្ហាជម្លោះ​ដណ្តើមទឹកដី​។

សង្គ្រាមពាណិជ្ជកម្ម នាំជប៉ុន-ចិន ខិតចូលគ្នា

បើតាម​លោកស្រី​ Kristin​ Vekasi​ ជំនួយការ​សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ នៃ​សាកលវិទ្យាល័យ​Maine​និងជា​អ្នកជំនាញ​ខាងចំណង​ទំនាក់ទំនងជប៉ុន-ចិន​ បានឲ្យដឹងថា​ សង្គ្រាមពាណិជ្ជកម្ម​ដែល​កំពុងផ្ទុះ និងបង្កឡើងដោយ​ សហរដ្ឋអាមេរិក​របស់លោកត្រាំ​ វាហាក់បីដូចជា​ ចលករមួយ​ ជួយឲ្យ​ប្រទេសបងធំ​នៅអាស៊ី​ទាំងពីរ​គឺ​ជប៉ុន-ចិន​ ងាក​មក​ខិតជិតគ្នា​។

ក្នុងន័យនេះ​ វា​គូសបញ្ជាក់​ថា​ ទាំងជប៉ុន​ ទាំងចិន​ ពិតណាស់​កំពុង​ស្ថិតក្នុងស្ថានភាព​គ្រោះថ្នាក់​ដូចគ្នា​ ពីព្រោះ​រដ្ឋបាល​អាមេរិក​ដឹកនាំ​ដោយ​លោកត្រាំ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ មិនត្រឹមតែ​ជាមួយ​គូប្រជែង​ដូចជាចិន​ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំង​ប្រឆាំងទៅនឹង​សម្ព័ន្ឋមិត្តដែលក្នុងនោះ​រួមមានទាំង​ជប៉ុនផងដែរ​។ ដូចនេះហើយ​ នយោបាយ​គិតតែពី​ខ្លួនឯង​របស់​សហរដ្ឋមេរិក​ ប្រាកដណាស់​នឹង​ច្រាន​ជប៉ុន​ឲ្យ​រងគ្រោះ​បាន​ ហើយ​ដើម្បីដោះស្រាយ​វិបត្តិ​នៅចំពោះមុខ​នេះ​ ប្រទេសជប៉ុន​ ក៏ដូចជាចិនដែរ​ត្រូវងាក​មកជិតស្និទ្ឋិ​នឹងគ្នា​កាន់តែខ្លាំង​ជាងមុន​ ដើម្បីធ្វើយ៉ាង​ណាឲ្យ​សក្តានុពល​សេដ្ឋកិច្ច​របស់​ខ្លួន​មានស្ថិរភាព​និង​រឹងមាំ​បន្ត​ទៅមុខទៀត​បាន​។

ទំព័រសករាជថ្មីនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជប៉ុន-ចិន

យុទ្ឋសាស្ត្រ​ស៊ីជំរៅ​ក្នុងការ​បង្កើន​សក្តានុពល​សេដ្ឋកិច្ច​រួមគ្នា​រវាងជប៉ុន​ និងចិន ​នៅពេលនេះ​ មិនត្រូវបាន​គេ​លាតត្រដាង​ឲ្យដឹង​នៅឡើយទេ​ ដូច្នេះហើយ​ ចម្លើយ​ គឺមានតែ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោកអាបេ​និងប្រធានាធិបតីចិន​លោកស៊ី ជីងពីន​ ទេ​ដែលដឹងច្បាស់​។

តែទោះ​ជាយ៉ាងនេះក្តី​ ភាគីទាំងពីរ​ចង់​ធ្វើឱ្យប្រសើរឡើង​នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ​ដោយក្រុមហ៊ុន​ជប៉ុន​ចង់បង្កើនលទ្ធភាព​ ចូលទៅកាន់​ទីផ្សារដ៏ធំ​របស់ចិន​ ហើយទីក្រុង​ប៉េកាំងវិញ​ ក៏ចាប់អារម្មណ៍​នឹងបច្ចេកវិទ្យា​ ព្រមទាំង​ចំណេះដឹង​របស់​ក្រុមហ៊ុនជប៉ុន​ដែរ​។

បើតាមការចុះផ្សាយ​របស់ទី​ភ្នាក់ងារបារាំង​ AFP​ មេដឹកនាំ​ប្រទេសទាំងពីរ​ ទំនងជា​ផ្តោតសំខាន់​លើកិច្ចព្រមព្រៀង​ដែលមាន​សក្តានុពល​មួយចំនួន​ រួមមាន​ទាំង​ការវិនិយោគ​រួមគ្នា​ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ នៅក្នុងតំបន់​រួមមាន​ទាំង ក្នុងប្រទេស​ឥណ្ឌូណេស៊ី​និងហ្វីលីពីន​។ ថ្មីៗនេះ​ លោកអាបេ​ បានបង្ហាញ​ពីការ​ចាប់អារម្មណ៍​ទៅលើ​ គម្រោងផ្លូវមួយ​ ខ្សែក្រវ៉ាត់មួយ​ដ៏ធំ​របស់ប្រទេសចិន​ដែរ​ ប៉ុន្តែ​អ្នកជំនាញ​និយាយថា​កិច្ចព្រមព្រៀង​ជាក់ស្តែង​ស្តីពី​ការចូលរួម​របស់​ជប៉ុន​ក្នុងគម្រោងនេះ​ គឺមិនទំនងជា​អាចកើតឡើង​ទេ​នាពេលនេះ​។

ទោះជាបែបនេះក្តី​ អ្នកជំនាញ​ស្តីពី​ចំណងទំនាក់ទំនង​ជប៉ុន-ចិន​ បាននិយាយ​ហើយថា​ ប្រទេសជប៉ុន​និងប្រទេសចិន​ ពិតជា​មានសេដ្ឋកិច្ច​សមស្របគ្នា​ណាស់​ ហើយប្រទេសទាំងពីរ​ អាចទទួល​បាន​ប្រយោជន៍យ៉ាងខ្លាំង​ពីទំនាក់ទំនង​ពាណិជ្ជកម្ម​ និងការវិនិយោគទុនរួមគ្នា​។

ដោយឡែក​កន្លងមកថ្មីៗនេះ​ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុជប៉ុន​ ក៏បាន​សម្តែង​សុទិដ្ឋិនិយម​ ដោយបាននិយាយ​ផងដែរថា​ កិច្ចចរចា​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​ជាមួយចិន​គឺជារឿងល្អខ្លាំងណាស់​ ហើយភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ រក្សា​កិច្ចសហប្រតិបត្តិការ​ក្នុង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​និងវិធានការ​នានា​។ លើសពីនេះទៀត​ គេដឹងថា​ដើម្បី​អាចរកផ្លូវ​ដើររួមគ្នាមួយ​ឆ្ពោះទៅកាន់​ការបង្កើន​វិស័យសេដ្ឋកិច្ច​ មេដឹកនាំ​ជប៉ុន​-ចិន​ ថែមទាំង​ទុកបញ្ហាជម្លោះ​ទឹកដី​ជាមួយគ្នា​មួយឡែក​សិន​ទៀតផង​។

ជាចុងក្រោយ​ ក្រោយពី​បញ្ចប់​ដំណើរទស្សនកិច្ច​លើកនេះ​ ជប៉ុន​ទំនងជា​នឹង​បញ្ជូន​អ្នកតំណាង​ក្រុមហ៊ុនធំៗ​គ្រាក់ៗ​របស់ខ្លួន​ចំនួនប្រមាណ​ជា​ ៥៧៩​ ក្រុមហ៊ុន​ ទៅចូលរួម​ក្នុងពិធីសម្ពោធ​ពិព័រណ៍​នាំចូលអន្ដរជាតិចិន​ នៅសៀងហៃ​នៅខែវិច្អិការ​ក្រោយ​។ នេះ​បើតាមប្រភព​ពីសារព័ត៌មាន​នៅចិន​។ បន្ថែមលើនេះ​ ប្រទេសជប៉ុន​ ក៏​សង្ឃឹម​ផងដែរថា​ ប្រធានាធិបតីចិន​គឺលោកស៊ី ជីនពីង​នឹងទៅធ្វើទស្សនកិច្ច​ទៅកាន់​ប្រទេសជប៉ុន​វិញម្តង​ ក្នុងពេល​ខាងមុខឆាប់ៗនេះ​៕

ពិពណ៌កសិកម្ម៖ លោក​ម៉ាក្រុង​ចង់​ឲ្យ​រួមគ្នា​រក​គំនិត​ថ្មីៗ ដើម្បី​គោលនយោបាយ​កសិកម្ម​អឺរ៉ុប

គណៈប្រតិភូ​អាមេរិក​ និង​ចិន​ជួប​ចរចា​គ្នា​ជាថ្មី​មុន​ថ្ងៃ​ផុតកំណត់​នៃ​ការ​ដំឡើងពន្ធ​

រវាងឥណ្ឌា និង​ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត​ព្យាយាម​នៅ​កណ្តាល​ទាំង​លំបាក

វ៉េណេស៊ុយអេឡា៖​ជំនួយមនុស្សធម៌​កំពុង​ក្លាយ​ជា​អាវុធការទូត​រវាង​ក្រុម​គាំទ្រ​លោកម៉ាឌូរ៉ូ និង​ក្រុម​គាំទ្រ​លោកហ្កាយដូ

លោកត្រាំ បង្ខំ​អឺរ៉ុប​ឱ្យ​ទទួល​យក​ពលរដ្ឋ​​ជីហាត​នៅស៊ីរី​ត្រលប់​ចូល​ស្រុក​វិញ

អឺរ៉ុប៖​ក្រុមហ៊ុន​ផលិត​យន្តហោះអ៊ែរប៊ូស (Airbus) ប្រកាស​បញ្ឈប់​កម្មវិធី​ផលិត​យន្តហោះ​ធុន A៣៨០

ថៃ៖​គណបក្សរ៉ាក់សាឆាត​ដែល​ស្និទ្ធនឹង​​លោកថាក់ស៊ីន​កំពុង​ប្រឈម​នឹង​ការ​រំលាយ​ពី​តុលាការធម្មនុញ្ញ?

អេស្ប៉ាញ​បើក​សវនាការ​កាត់ទោស​មេដឹកនាំ​ទាមទារ​ឯករាជ្យ​តំបន់​កាតាឡូញ៉ា

មេ​ដឹកនាំ​​សឹកថៃ​​ ថា​​គម្រោង​ធ្វើ​រដ្ឋប្រហារ​សាជាថ្មី​ជា​ "ព័ត៌មាន​មិនពិត​"

កូរ៉េ​ខាងត្បូង​​ព្រម​ដំឡើង​ចំណាយ ដើម្បី​​ទ្រទ្រង់​​វត្តមាន​​កងទ័ព​​អាមេរិក លើ​ទឹកដីខ្លួន

ថៃ៖ មិនបាន​មួយថ្ងៃ​ផង ម្ចាស់ក្សត្រី​អ៊ុប៊ុនរ៉ាត់ ដក​​បេក្ខភាព​ឈរឈ្មោះ​ជា​នាយករដ្ឋមន្រ្តី​វិញ​

បេក្ខនារី​នាយករដ្ឋមន្រ្តី​របស់​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​កំពុង​ធ្វើ​ឲ្យ​រញ្ជួយ​នយោបាយ​ថៃ?

លោកដូណាល់ ត្រាំ ប្រកាសថា​នឹង​ជួប​លោក គីម ជុងអ៊ុន ជា​លើកទី២​នៅ​វៀតណាម

អាមេរិក៖​លោកត្រាំ​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ទៅ​កាន់​ប្រជាជាតិ​នៅ​ក្នុង​បរិបទ​ប្រទាញប្រទង់​រឿង​សង់ជញ្ជាំង​ជាមួយ​ម៉ិចស៊ិក

ហ្វេសប៊ុក​អាយុ​បាន​១៥ឆ្នាំ រង​​ការរិះគន់​​កាន់​​តែច្រើន ប្រមូល​​ចំណូល​​បាន​​កាន់តែ​​ខ្ពស់

សង្រ្គាមពាណិជ្ជកម្ម៖​តើ​ចិន​កំពុង​រួសរាន់​បញ្ចប់​ច្បាប់ថ្មី​ស្តីពី​វិនិយោគបរទេស​ដើម្បី​បំពេញចិត្ត​សហរដ្ឋអាមេរិក​ឬ?

ព្រឹត្តិការណ៍​សំខាន់ៗបី​ បង្កើន​ភាពតានតឹងនៅវ៉េណេស៊ុយអេឡា

អឺរ៉ុបខំរកវីធី​ ​​បន្តធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់ ហើយ​គេច​ពី​ទណ្ឌកម្ម​​របស់​​អាមេរិក

គ្រោះ​ត្រជាក់​ខ្លាំង​ខុស​ប្រក្រតី​នៅ​អាមេរិក ជា​ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ ?

វ៉េណេស៊ុយអេឡា៖​លោក​ម៉ាឌូរ៉ូ​ថយក្រោយ​មួយ​ជំហាន តែ​លោក​ហ្កាយដូ​បោះជំហាន​ទៅ​មុខ​កាន់​តែ​លឿន