អានតួអត្ថបទ
វៀតណាម

តើ​វៀតណាម​កំពុង​ឈាន​ទៅ​មាន​ប្រធានាធិបតី​មាន​អំណាច​ផ្តាច់ការ?

សភា​វៀតណាម នៅថ្ងៃ​អង្គារ​ម្សិលមិញ បាន​បោះឆ្នោត ជ្រើសរើស​លោក​ង្វៀន ភូជង់ អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី ជំនួស លោក ចិន ដាយគ័ង ដែល​បាន​ទទួល​មរណភាព កាលពី​មួយខែមុន។ ទោះក្លាយ​ជា​ប្រធានាធិបតី​វៀតណាម លោក​ង្វៀន ភូជង់ នៅតែ​បន្តកាន់​តំណែង របស់​លោក ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​ ដែល​ជាតំណែង​សំខាន់​ជាងគេ នៅ​វៀតណាម។ 

លោក​ង្វៀន ភូជង់ស្បថ​ចូល​ធ្វើ​ជា​ប្រធានាធិបតី​វៀតណាម នៅ​ថ្ងៃទី ២៣ តុលា ២០១៨
លោក​ង្វៀន ភូជង់ស្បថ​ចូល​ធ្វើ​ជា​ប្រធានាធិបតី​វៀតណាម នៅ​ថ្ងៃទី ២៣ តុលា ២០១៨ ©REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

ជាមួយ​សំឡេង គាំទ្រ ៩៩,៨ភាគរយ និង​សំឡេង​ប្រឆាំងតែមួយ សភា​វៀតណាម បាន​បោះឆ្នោត ជ្រើសរើស​លោក​ង្វៀន ភូជង់​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី វៀតណាម ជំនួស​លោក​ចិន ដាយគ័ង ដែល​ទទួលមរណភាព ដោយ​រោគាពាធ កាលពី​ខែ​កញ្ញា​មុន​។ ការបោះឆ្នោត​របស់​សភា​ឯកបក្ស​វៀតណាម មានន័យ បន្ថែម​តំណែង​ប្រធានាធិបតី​មួយទៀត ឲ្យ​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក​ង្វៀនភូជង់។ តាំង​ពី​ឆ្នាំ ១៩៦០ ពោល​គឺ​តាំង​ពី​បដិវត្ត​វៀតណាម ដឹកនាំ​ដោយ​លោក​ហូ ជីមិញ នេះ​ជា​លើកទី១ ក្នុង​ប្រវត្តិសាស្រ្ត​វៀតណាម ដែល​តំណែង​ដឹកនាំ​ប្រទេស សំខាន់​ពីរ ស្ថិត​ក្នុង​ដៃ​មនុស្ស​តែម្នាក់។

នៅក្នុង​ពិធី​ស្បថចូល​កាន់តំណែង នៅ​សភា លោក​ង្វៀន ភូជង់ បាន​ប្រកាស​ថា ក្នុង​នាម​ជាប្រធានាធិបតី​វៀតណាម លោកសន្យា​នឹង​ធ្វើការ​ស្មោះស្ម័គ្រ​នឹង​ប្រទេស​ជាតិ ប្រជាជន ហើយ​និង​រដ្ឋធម្មនុញ្ញ។ លោក ង្វៀន​ទទួល​ស្គាល់​ដែល​ថា វា​ជា​កិត្តិយស​ដែលលោក ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី ប៉ុន្តែ នោះ​ក៏ជា​ការទទួលខុសត្រូវ​ដ៏ធ្ងន់ បើមើល​ទៅលើ​អាយុ​របស់​លោក (៧៤ឆ្នាំ)។

ប្រទេស​វៀតណាម ដឹកនាំក្រុម​មនុស្ស៤នាក់ ដែល​គេ​ឲ្យ​ឈ្មោះ​ថា សរសរ​គ្រឹះទាំងបួន គឺ ប្រធានាធិបតី ប្រធាន​សភា នាយករដ្ឋមន្រ្តី ហើយ​និង​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត។ អគ្គលេខាធិការបក្ស ដើរតួនាទី សំខាន់​ជាងគេ នៅក្នុង​ប្រទេស​ដែល​ដឹកនាំ​ឯកបក្ស​កុម្មុយនិស្ត​វៀតណាម ចំណែក ប្រធានាធិបតី មានតំណែង ត្រឹម​ពិធីការ សម្រាប់​ទទួល​ថ្នាក់ដឹកនាំ​បរទេស គឺ​គ្មាន​សិទ្ធិ​សម្រេច​គោលនយោបាយ​ប្រទេស​នោះទេ។

ប៉ុន្តែ ដោយ​ក្រសោប​យក​តំណែង សំខាន់ ពីរ មក​កាន់ក្នុង​ដៃ តែម្នាក់ លោក​ង្វៀន ភូជង់ នឹង​មាន​អំណាច​ច្រើនជាង​នាយករដ្ឋមន្រ្តីទៅទៀត។

សម្រាប់​អ្នកតាមដាន​នយោបាយ​វៀតណាម​មួយចំនួន​ លោក​ង្វៀន ភូជង់ ក្រសោប​យក​តំណែង​ប្រធានាធិបតី មួយ​បន្ថែមទៀត ដើម្បី​ហេតុផល​នយោបាយ។ ក្នុង​នាមជា​អគ្គលេខាធិការបក្ស លោក​មាន​អំណាច​អនុវត្ត​បាន​តែក្នុង​បក្ស ហើយ ប៉ុន្តែ មិនអាច​ប្រើ​ការកើត ក្នុង​រដ្ឋាភិបាល នោះទេ។ គេ​វាយតម្លៃថា ដោយ​បន្ត​កាន់​តំណែង​ជា​អគ្គលេខាធិការ​បក្ស លោក​ង្វៀន ភូជង់ ចង់​ប្រើ​អំណាច​ប្រធានាធិបតី​មួយបន្ថែមទៀត ដើម្បី ចេញ​បញ្ជារ បង្កើតច្បាប់ ដើម្បី កម្ចាត់ ក្រុមប្រឆាំង របស់​លោក នៅ​ក្នុង​បក្ស ដូចជា​ក្រុមបក្សពួក​របស់​អតីត​នាយករដ្ឋមន្រ្តីង្វៀន តាន់ស៊ុង តាមរយៈ​ការអនុវត្ត​ច្បាប់ ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ជាដើម។ យុទ្ធនាការ បោសសម្អាត ក្រុមមនុស្ស​ប្រឆាំង ក្នុង​រង្វង់​បក្ស និង​ចង់​ក្រសោប​យក​អំណាច តែម្នាក់ឯង កើតមាន​រួចហើយ នៅប្រទេស​ជិតខាងចិន។

នៅថ្ងៃ​អង្គារ នៅក្រោយ​ការបោះឆ្នោត​របស់​សភា ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ទីក្រុង​ហាណូយ បានចេញ​សេចក្តីថ្លែងការណ៍ អបអរ​លោក​ង្វៀន ភូជង់ ដែល​ត្រូវ​បានជ្រើសរើស ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​វៀតណាម។ ធ្លាប់​ជា​សត្រូវ ក្នុង​អតីតកាល វៀតណាម និង​អាមេរិក​កំពុង​ចង់​ពង្រឹង​ការសហការ រវាង​គ្នា ដើម្បី តប់ទល់​នឹង​ការពង្រីក​អំណាច​យោធា​ និង​សេដ្ឋកិច្ច​របស់​ចិន នៅក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ