អានតួអត្ថបទ
ចិន

កំណើនសេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​ទាប​ខ្លាំង នៅត្រីមាស​ទី ៣ ឆ្នាំនេះ

កំណើន​សេដ្ឋកិច្ច​ចិន បាន​ធ្លាក់​ថយ​ចុះ មក​នៅ​ត្រឹម ៦,៥%សម្រាប់​ត្រីមាស​ទី ៣ ឆ្នាំនេះ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ការិយាល័យ​ស្ថិតិជាតិ​ចិន នៅ​ថ្ងៃ​សុក្រនេះ។ ៦,៥%​ជា​អត្រា​កំណើន​ដ៏​ទាប ដែល​ចិន​មិន​ធ្លាប់ ជួប​ប្រទះ ចាប់តាំង​ពី​វិបត្តិហិរញ្ញវត្ថុ​សកល កាលពី​ឆ្នាំ ២០០៨។ កំណើន​សេដ្ឋកិច្ច​របស់​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក ទី​២ ធ្លាក់ចុះ នៅ​ពេល​ដែល​អាមេរិក ចិន​កំពុង​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​នឹងគ្នា។ 

កម្មករ​នៅ​រោងចក្រ​នៅ​ខេត្ត​សានទុងប្រទេស​ចិន
កម្មករ​នៅ​រោងចក្រ​នៅ​ខេត្ត​សានទុងប្រទេស​ចិន ©. REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

កំណើនសេដ្ឋកិច្ច​ចិន នៅ​ឆ្នាំនេះ បាន​ធ្លាក់​ថយចុះ​បន្ត​បន្ទាប់ ពី​៦,៨% នៅ​ត្រីមាស​ទី១ មក​នៅ​ត្រឹម ៦,៥% សម្រាប់​ត្រីមាស​ទី៣។ កំណើន​សេដ្ឋកិច្ច​តែ​៦,៥% ធ្លាប់​ជា​ការព្យាករ​ទុក របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង ប៉ុន្តែ ៦,៥% ជា​អត្រាកំណើន​ដ៏​ទាប ដែល​ប្រទេស​ចិន មិន​ធ្លាប់​មាន​ចាប់តាំង ពី​ឆ្នាំ ២០០៩ មក (ចាប់តាំង​ចិនធ្វើ​នយោបាយ​ជំរុញ​សេដ្ឋកិច្ច នៅក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ សកល នៅ​ឆ្នាំ ២០០៨)។

អ្នកនាំពាក្យ​របស់​ការិយាល័យ​ស្ថិតិ​ចិន ដែល​ជាអ្នកបង្ហាញ​តួលេខ នៅថ្ងៃ​សុក្រ​នេះ ទទួល​ស្គាល់​ថា បរិយាកាស​ដ៏ស្មុគស្មាញ នៅ​បរទេស ហើយ​និង​នយោបាយ​កំណែទម្រង់ ក្នុង​ស្រុក កំពុង​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​របស់​ចិន នៅ​ថេរ​នឹង​ថ្កល់។

នៅ​មួយរយៈ​ចុងក្រោយនេះ រដ្ឋាភិបាល​ចិន ដែល​ព្រួយបារម្ភ​ពី​ការកើនឡើង​នៃ​បរិមាណ ប្រាក់បំណុល​ក្នុង​ប្រទេស បាន​រឹតបន្តឹង​លក្ខខណ្ឌ​ខ្ចីប្រាក់ កាត់បន្ថយ​ការចំណាយ​សាធារណៈ ហើយ​និង​ការវិនិយោគ នៅតាម​ទីមូលដ្ឋាន។ នយោបាយ​រឹតបន្តឹង​កំពុង​បង្កភាពស្មុគស្មាញ​ដល់​ក្រុមហ៊ុន​វិនិយោគ ប៉ះពាល់​ទៅ​ដល់​គម្រោងការដា្ឋន​សាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ ហើយ​និង​ផ្ទះសម្បែង ដែល​តាមពិត​ជា​សរសរគ្រឹះ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន។

កំណើន​សេដ្ឋកិច្ច របស់​មហាអំណាច​ចិន ធ្លាក់​ថយចុះ នៅ​ចំ​ពេល​ដែល​ចិន​កំពុង​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក។ អ្នកជំនាញ មួយចំនួន​បាន​និយាយ​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស BBC ថា ខណៈ​ពេល​សេដ្ឋកិច្ច​របស់​ចិន​កំពុង​តឹងតែង ដោយសារ​តែ​នយោបាយ​កាត់បន្ថយ ប្រាក់បំណុល ក្នុង​ស្រុក សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ជាអ្វី​ដែល​ប្រទេស​ចិន មិន​បាន​គិត​ស្មាន​ដល់​នោះទេ។ ការសម្រេច​របស់​លោកដូណាល់ ត្រាំ ក្នុង​ការដំឡើងពន្ធ​លើ​ទំនិញ​ចិន នាំចូល​ទៅ​អាមេរិក ក្នុង​ទំហំ​ទឹកប្រាក់​២៥០ពាន់​លាន​ដុល្លារ កំពុង​ពិន័យ​ទំនិញ​នាំ​ចេញ​របស់​ចិន ដែល​ជា​ម៉ាស៊ីន​សេដ្ឋកិច្ច​សំខាន់​របស់​ចិន។ ទោះបី​ជា​ការនាំចេញ​របស់​ចិន ប្រចាំ​ត្រីមាស​ទី ៣ មិន​ទាន់​រងជាប់​ដង្កាប់​ពន្ធគយ​របស់​អាមេរិក ប៉ុន្តែ គេវាយតម្លៃថា ផលប៉ះពាល​ជា​អវិជ្ជមាន​ទៅលើ​ការនាំចេញ​របស់​ចិន ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក ចិន នឹង​ស្តែង​ឲ្យ​ឃើញ នៅ​ឆ្នាំក្រោយ។

ការស្ទង់​មតិ​ជាច្រើន​បាន​បង្ហាញ​ថា ដោយសារ​តែ​ជម្លោះ ពាណិជ្ជកម្ម​ចិន និង​អាមេរិក ក្រុមហ៊ុន​អាមេរិក និង​អឺរ៉ុប​ជាច្រើន បាន​ផ្អាក ទៅវិញ គម្រោង​វិនិយោគ​របស់​ខ្លួន នៅ​ប្រទេស​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ