អានតួអត្ថបទ
ចិន-អាស៊ាន

ចិន និង​អាស៊ាន​នឹងធ្វើ​សមយុទ្ធ​រួមគ្នា នៅ​សប្តាហ៍ក្រោយ

ប្រទេស​សមាជិក​អាស៊ាន និង​ធ្វើសមយុទ្ធ​ជាលើកទី១ ជាមួយ​ប្រទេស​ចិន នៅ​សប្តាហ៍​ក្រោយ នៅ​សមុទ្រ​ចិន​ខាងត្បូង។ ទោះបី​ចិន និង​ប្រទេស​សមាជិក​មួយចំនួន កំពុង​ប្រឈមមុខ​ដាក់គ្នា ក្នុង​ជម្លោះ​ដណ្តើម​ទឹកដី នៅ​​សមុទ្រចិន​ខាងត្បូង ប៉ុន្តែ ទាំង​ចិន និង​អាស៊ាន ព្យាយាម​កាត់បន្ថយ​ភាពតានតឹង​នឹងគ្នា ដូចជា​តាមរយៈ​ការធ្វើ​សមយុទ្ធរួមគ្នា​ នៅ​សប្តាហ៍​ក្រោយ​នេះ​ជាដើម។ យ៉ាងណាក៏ដោយ សមយុទ្ធ​ចិន និង​អាស៊ាន នឹង​ស្ថិតនៅ​ក្រោម​ក្រសែភ្នែក តាមដាន​របស់​អាមេរិក ដែល​ធ្លាប់​តែ​មាន​អំណាច​យោធា នាំមុខគេ នៅ​ក្នុង​តំបន់។ 

រដ្ឋមន្រ្តីការពារ​ជាតិ​ចិន លោកWei Fenghe (ឆ្វេង) និង​រដ្ឋមន្រ្តីការពារ​ជាតិ​សិង្ហបុរី លោក Ng Eng Hen នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​ថ្នាក់រដ្ឋមន្រ្តីការពារ​ជាតិ ថ្ងៃទី ១៩​តុលា ២០១៨
រដ្ឋមន្រ្តីការពារ​ជាតិ​ចិន លោកWei Fenghe (ឆ្វេង) និង​រដ្ឋមន្រ្តីការពារ​ជាតិ​សិង្ហបុរី លោក Ng Eng Hen នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​ថ្នាក់រដ្ឋមន្រ្តីការពារ​ជាតិ ថ្ងៃទី ១៩​តុលា ២០១៨ ©REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធ​ចិន អាស៊ាន​ត្រូវ​បាន ​រដ្ឋមន្រ្តី​ការពារ​ជាតិ​សិង្ហបុរី ​ប្រកាស​ឡើង នៅក្នុង កិច្ចប្រជុំ អាស៊ាន ជាទី​ដែល​មាន​ការចូលរួម​ផងដែរ ពី​រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក​James Mattis។ អង្គុយ​ក្បែរ​ប្រមុខកងទ័ព​ចិន រដ្ឋមន្រ្តី​ការពារ​ជាតិ​សិង្ហបុរី លោក​Ng Eng Hen បាន​អះអាង ថា សមយុទ្ធ​កងទ័ព​ជើងទឹក អាស៊ាន ហើយ​និង​ចិន ដែល​ត្រូវ​រៀបចំ​ធ្វើ នៅ​សមុទ្រចិន​ខាងត្បូង មាន​គោលដៅ កសាង​ជំនឿ ទុកចិត្ត រវាង​ភាគី​ទាំងពីរ។ តាម រដ្ឋមន្រ្តីការពារ​ជាតិ​សិង្ហបុរី តាំង​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ កងទ័ព​ជើងទឹក​អាស៊ាន​បាន​ចេញ​ដំណើរ​រួចហើយ​ទៅ ទីក្រុង​កំពង់ផែ​របស់​ចិន Zhangjiang ដែល​មាន​ប្រចាំការ​កងទ័ព​ជើងទឹក​ភាគខាងត្បូង របស់​កងទ័ពចិន។

ចិន​ដែល​ទាមទារ​ជា​ម្ចាស់គ្រប់គ្រង​ផ្តាច់មុខ សមុទ្រ​ចិន​ខាងត្បូង កំពុង​ប្រឈម​ឈ្លោះ​ជាមួយ ប្រទេស​សមាជិក​មួយចំនួន របស់​សមាគម​អាស៊ីអាគ្នេយ៍ ដូចជា ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និង​ព្រុយណេ។ ប្រទេស​សមាជិក​អាស៊ាន​ទាំង​៤ បាន​តវ៉ា ប្រឆាំង សកម្មភាព​ពង្រីក ឥទ្ធិពល​យោធា​របស់​ចិន តាមរយៈ​ការសាងសង់ និង​បោះទីតាំង​យោធា​នៅ​កោះសិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាងត្បូង។

អ្នកតាមដាន​នយោបាយ​អាស៊ីអាគ្នេយ៍​វាយតម្លៃថា ដោយ​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាលើកទី១ ជាមួយ អាស៊ាន ចិន​ប៉ង​ចង់​កាត់បន្ថយ​ឥទ្ធិពល របស់​អាមេរិក នៅក្នុង​តំបន់ ព្រោះថា ប្រទេស​សមាជិក​មួយចំនួន​របស់​អាស៊ាន ជាសម្ព័ន្ធមិត្ត ដៃគូ​របស់​អាមេរិក។ ដើម្បី​ជៀសវាង​ការថ្នាំងថ្នាក់ចិត្ត ពីភាគី​អាមេរិក រដ្ឋមន្រ្តីការបរទេស​សិង្ហបុរី បាន​ប្រកាស​ដែរថា អាស៊ាន​មាន​គម្រោង​ធ្វើ​សមយុទ្ធ​មួយទៀត ជាមួយ អាមេរិក នៅ​ឆ្នាំក្រោយ។

រដ្ឋមន្រ្តី​ការពារ​ជាតិ អាមេរិក ដែល​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​សិង្ហបុរី​ដែរនោះ​បាននិយាយ​ប្រាប់​អ្នកកាសែតថា លោកមិន​ជឿថា សមយុទ្ធ​ចិន អាស៊ាន នឹង​ធ្វើ​ឲ្យ​យុទ្ធសាស្រ្ត​របស់​អាមេរិក​រួមចុះថយ នៅ​ក្នុង​តំបន់​ដ៏សំខាន់​ដូចជា​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះទេ។ នៅក្នុង​ជំនួប នៅ​ថ្ងៃ​សុក្រ ប្រមុខយោធា​អាមេរិក​បាន​និយាយ​សង្កត់ធ្ងន់​ថា គ្មាន​ប្រទេស​ណាមួយ អាច​សរសេរ​ឡើងវិញ​ច្បាប់អន្តរជាតិ​ផ្លូវទឹក​នោះទេ។ អាមេរិក​សង្ឃឹមថា ប្រទេស​តូចឬ ធំ គោរព​ច្បាប់​ដែល​មានចែង​កន្លងមក។

អ្នកវិភាគ​នយោបាយ​សម្រាប់ វិទ្យាស្ថាន​សិង្ហបុរី ម្នាក់ បាន​និយាយ​ថា សមយុទ្ធ​ចិន និង​អាស៊ាន​នៅ​សប្តាហ៍ មាន​គោលដៅ​ចង់​បញ្ជាក់ថា ចិន និង​អាស៊ាន​អាចគ្រប់គ្រង ​ដោះស្រាយ​បញ្ហា ដែនទឹក​រួមគ្នា។ ប៉ុន្តែ វា​នឹងមិនធ្វើ​ឲ្យ​អាមេរិក​អាច​បាត់មុខ លែង​អាច​ឈរជើង​នៅ​អាស៊ី​នោះទេ ព្រោះថា អាស៊ាន​នៅតែ​បើកចំហរ ចង់សហការ​ជាមួយ​គ្រប់ភាគី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ