អានតួអត្ថបទ

មេដឹកនាំ​របបយោធាថៃ​ ត្រូវគេ​រិះគន់​យ៉ាងខ្លាំង​ក្រោយពី​បង្កើត​ទំព័រហ្វេសប៊ុក​ផ្ទាល់ខ្លួន

ត្រឹមតែ​រយៈពេលមួយថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​មេដឹកនាំ​របបសឹកថៃ​គឺលោក ប្រាយុទ្ឋ ចាន់អូចា​ បង្កើត​ទំព័រហ្វេសប៊ុសផ្លូវការ​ផ្ទាល់ខ្លួន​រួចមក​ ព្យុះនៃ​ការវាយប្រហារ​ ពីសំណាក់​មហាជនថៃ​ នៅថ្ងៃទី១៥​ ខែតុលា​ ក៏ចាប់ផ្ទុះ​​យ៉ាងខ្លាំងក្លា​។ ការរិះគន់​មានសន្ធឹកខ្លាំង​ ក៏ព្រោះតែ​មេដឹកនាំថៃ​រូបនេះ​ មានគោលនយោបាយ​ រឹតត្បឹត​ការបញ្ចេញមតិ​របស់សាធារណជនថៃ​តាមបណ្តាញសង្គម​ដូចជា​ ហ្វេសប៊ុក និង Twitter ជាដើម​។

នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចា
នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចា REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

មានមតិយោបល់​ច្រើនជាង​ ៩ ០០០​ ត្រូវបាន​ពលរដ្ឋថៃ​នាំគ្នា​បញ្ចេញព្រោងព្រាត​ ក្នុងរយៈពេល​មិនទាំងដល់​ ២៤ម៉ោងផង​ គឺ​បន្ទាប់ពី​ពួកគេ​បានឃើញ​ និងដឹងថា​ មេដឹកនាំ​យោធាថៃ​ដ៏មានឥទ្ធិពល​ មានទំព័រហ្វេសបុក​ផ្លូវការផ្ទាល់ខ្លួន​។ ហើយរឿង​ ដែលគួរឲ្យកត់សម្គាល់នោះ​គឺ​ ក្នុងចំណោមមិតយោបល់ជាង​ ៩ ០០០ ភាគច្រើន​គឺជាមតិរិះគន់​។

ពលរដ្ឋ​ជាច្រើន​ បានបង្ហាញ​ការមិនពេញចិត្ត​ ការណ៍ដែល​រដ្ឋាភិបាលសឹកថៃ​ ផ្តើមយុទ្ធនាការ​ដោយប្រើបណ្តាញសង្គម​ ខណៈដែល​រដ្ឋាភិបាលខ្លួនឯងវិញ​ បែរជា​ដាក់ការហាមឃាត់​ដល់ពលរដ្ឋថៃ​ មិនឲ្យ​មានសិទ្ធិសេរីភាព​ក្នុងការបញ្ចេញយោបល់ផ្ទាល់ខ្លួន​ តាមបណ្តាញសង្គម​ដ៏ពេញនិយម​ទៅវិញ​។

តួយ៉ាង​ មាន​ប្រជាពលរដ្ឋថៃម្នាក់​ បានសរសេរ​នៅលើទំព័រហ្វេសប៊ុក​ នាយករដ្ឋមន្ត្រីថៃ​ថា​ “ហាមគេ​មិនឲ្យធ្វើការតស៊ូមតិ​តាមបណ្តាញសង្គម​ ប៉ុន្តែ​ខ្លួនឯង​បែរជា​ប្រើប្រាស់បណ្តាញសង្គម​ទៅវិញ​។ មនុស្សនេះ​មុខក្រាស់មែន​”។

ដោយឡែក​ ពលរដ្ឋថៃ​ម្នាក់​ដែលគាំទ្រ​ការបង្កើត​ទំព័រហ្វេសប៊ុក​របស់មេដឹកថៃ​វិញ​ បានសរសេរដែរថា​ “សូមលោក​ដឹកនាំប្រទេសថៃ​នៃយើង​ឲ្យបានទៅ​។ ពលរដ្ឋថៃ​ ខ្លាចណាស់​ ខ្លាចមេដឹកនាំមិនល្អ​វិលត្រលប់​មកដឹកនាំប្រទេស​ឲ្យខ្ទេចខ្ទីម្តងទៀត​”។

ឆ្លើយតប​នឹងមតិរិះគន់​ខាងលើ អគ្គលេខាធិការរង​ នៃការិយាល័យ​នាយករដ្ឋមន្រ្តី​ បានចេញមុខ​អះអាងថា​ ប្រមុខរដ្ឋាភិបាលថៃ​ប្រើប្រាស់​ព័ន្ធផ្សព្វផ្សាយសង្គម​ ដែល​រួមបញ្ចូលទាំង​ទំព័រហ្វេសប៊ុក​ Twitte​r និងវេបសាយ​ផ្លូវការ​ គឺក្នុងគោលបំណង​បង្ហាញពី​សមិទ្ធផល​ និងប្រវត្តិផ្ទាល់ខ្លួន​របស់លោក​តែប៉ុណ្ណោះ​។

ក្រៅពីនេះ​ អគ្គលេខាធិការរង​នៃការិយាល័យ​នាយករដ្ឋមន្រ្តីថៃ​ ក៏បានប្រាប់​ភ្នាក់ងារសារព័ត៌មាន​បារាំង​ AFP​ ផងដែរថា​ ការផ្សព្វផ្សាយ​តាមបណ្តាញសង្គម​របស់លោកនាយករដ្ឋមន្ត្រីថៃ​ប្រាយុទ្ឋ ចាន់អូចា​ គឺ​មិនមានអ្វីពាក់ព័ន្ធនឹង​យុទ្ធនាការនយោបាយ​សោះឡើយ​ ហើយវា​គឺគ្រាន់តែជា​មធ្យោបាយមួយ​ ដែល​លោកប្រាយុទ្ធ​ប្រើដើម្បីទាក់ទង​ជាមួយ​ពលរដ្ឋថៃ​តែប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ