អានតួអត្ថបទ
ឥណ្ឌូណេស៊ី-ធនាគារពិភពលោក

ធនាគារពិភពលោក​ផ្តល់​ប្រាក់កម្ចី​ចំនួន ១ ០០០លានដុល្លារ​ឲ្យ​ឥណ្ឌូណេស៊ី​ដែល​រងគ្រោះ​ដោយ​រញ្ជួយដី

នៅ​ថ្ងៃ​អាទិត្យ ទី១៤ តុលា ធនាគារពិភពលោក​បាន​ផ្តល់​ប្រាក់កម្ចី​ឲ្យ​ឥណ្ឌូណេស៊ី​ដែល​មាន​ទឹកប្រាក់​ដល់​ទៅ ១ ០០០លានដុល្លារ។ ជំនួយ​នេះ​មាន​គោលដៅ​ជួយ​រដ្ឋាភិបាល​ទីក្រុង​ហ្សាកាតា​នៅ​ក្នុង​កិច្ចខិតខំប្រឹងប្រែង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​រង​ការ​ខូចខាត​ដោយ​គ្រោះរញ្ជួយដី​បន្តបន្ទាប់​នា​រយៈពេល​ចុង​ក្រោយ​នេះ ពិសេស​គ្រោះ​ស៊ូណាមី​បំផ្លាញ​ស្រុក​ប៉ាលូ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២ ០០០នាក់ និង​បាត់ខ្លួន​ជា​ច្រើន​រយនាក់​ផ្សេង​ទៀត។

ធនាគារពិភពលោក​ផ្តល់​ប្រាក់កម្ចី​ចំនួន ១ ០០០លានដុល្លារ​ឲ្យ​ឥណ្ឌូណេស៊ី​ដែល​រងគ្រោះ​ដោយ​រញ្ជួយដី
ធនាគារពិភពលោក​ផ្តល់​ប្រាក់កម្ចី​ចំនួន ១ ០០០លានដុល្លារ​ឲ្យ​ឥណ្ឌូណេស៊ី​ដែល​រងគ្រោះ​ដោយ​រញ្ជួយដី Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សន្និសីទកាសែត​ក្រោយ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​រួម​គ្នា​រវាង​មូលនិធិរូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​ដែល​អគ្គនាយិកា​ធនាគារពិភពលោក​លោកស្រី​គ្រីស្តាលីណា យ័រយីវ៉ា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ធនាគារពិភពលោក​បាន​តម្កល់​លុយ ១ ០០០លានដុល្លារ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ចាយវាយ​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​តំបន់​ដែល​រងគ្រោះ​ដោយ​រញ្ជួយដី​នា​ថ្មីៗ​កន្លង​ទៅ។ ទឹកប្រាក់ ១ ០០០លានដុល្លារ​នេះ​មិនមែន​ជា​ជំនួយ​ទេ តែ​ជា​ប្រាក់កម្ចី នេះ​ជា​ការ​លំអិត​បន្ថែម​របស់​លោកស្រី​គ្រីស្តាលីណា។ នាយិកា​ធនាគារពិភពលោក​រូប​នេះ​បាន​បញ្ជាក់​ថា ប្រាក់កម្ចី​នេះ​អាច​ប្រើ​នៅ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ខូចខាត​ផង និង​អាច​ប្រើ​ដើម្បី​បង្ការ​ទប់​គ្រោះធម្មជាតិ​នា​ពេល​ខាង​មុខ​ផង។

តាម​លោកស្រី​គ្រីស្តាលីណា វិធីសាស្រ្ត​ដ៏​ប្រសើរ​ក្នុង​ការ​ជួយ​ជនរងគ្រោះ គឺ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខ្ទេចខ្ទីរ​ឡើង​វិញ និង​រិះរក​វិធានការ​យ៉ាង​ដើម្បី​ឲ្យ​គ្រោះធម្មជាតិ​នា​ពេល​ខាង​មុខ​សម្លាប់​មនុស្សតិច និង​មាន​ការ​ខូចខាត​តិចតួច។ គួរ​រម្លឹក​ជូន​ថា ឥណ្ឌូណេស៊ី​បាន​ជួប​គ្រោះ​រញ្ជួយដី​ច្រើន​ដង​នា​រយៈពេល​ថ្មីៗ​នេះ ហើយ​ធ្ងន់ធ្ងរ​ជាង​គេ គឺ​គ្រោះ​ស៊ូណាមី​បំផ្លាញ​ស្រុក​បាលូ​ស្ទើរ​ទាំង​ស្រុង​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២ ០០០នាក់ និង​បាត់ខ្លួន​ជា​ច្រើន​រយនាក់​ផ្សេង​ទៀត។ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ថា ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ​អាច​ប្រើ​ពេល​ដល់​ទៅ ២ឆ្នាំ ពិសេស​ការងារ​សាងសង់​លំនៅដ្ឋាន​ឲ្យ​ពលរដ្ឋ​ដែល​បាត់បង់​អស់​រលីង។

រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី​លោក​ស្រ៊ី មូលយ៉ានី អ៊ីនដ្រាវ៉ាទី​បាន​អរគុណ​ធនាគាពិភពលោក​ចំពោះ​ប្រាក់កម្ចី​ចំនួន ១ ០០០លានដុល្លារ ព្រម​ទាំង​ប្រាក់ជំនួយ​ចំនួន ៥លានដុល្លារ​ដែល​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​គ្រោង​ជួយ​ក្រុមគ្រួសារ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ក្នុង​ស្រុក​បាលូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ