rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ហេតុអ្វី​អាមេរិក​រឹតបន្តឹង​ការនាំចេញ​នុយក្លេអ៊ែរ​ទៅប្រទេស​​ចិន?

ដោយ ឈាង បុប្ផា

អាមេរិក​នៅថ្ងៃ​ព្រហស្បតិ៍​ទី ១១ តុលា បាន​ប្រកាស​រឹតបន្តឹង​ការនាំចេញ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​ទៅ​ឲ្យ​ប្រទេស​ចិន។ សេចក្តី ប្រកាស​របស់​ក្រសួង​ថាមពល​អាមេរិក​ធ្វើឡើង នៅ​ថ្ងៃ​ដែល​លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន​សន្យា នឹង​បន្ថែម ការដាក់សម្ពាធ​ពាណិជ្ជកម្ម​ទៅ​លើ​ប្រទេស ចិន បើសិន​ចិន​មិន​ព្រមចូល​តុចរចា និង​នៅ​បន្ត​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។

 

អាមេរិក​បាន​សម្រេច​រឹតបន្តឹង ការផ្ទេរ​បច្ចេកវិទ្យា នុយក្លេអ៊ែរ​ស៊ីវិល ទៅ​ឲ្យ​ចិន ប្រាកដណាស់​ថា ធ្វើឡើង នៅក្នុង​បរិបទ​ដែល​អាមេរិក និង​ចិន​តានតឹង​នឹង​គ្នា ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ។ ប៉ុន្តែ សម្រាប់​ក្រសួង​ថាមពល​អាមេរិក វិធានការ​រឹតបន្តឹង​ទៅលើ​ការនាំចេញ​នុយក្លេអ៊ែរ​ស៊ីវិល​ទៅ​ចិន ធ្វើឡើង ក្នុង​ហេតុផល​សន្តិសុខ​ជាតិ អាមេរិក និង​ថា អាមេរិក​ចង់​ប្រយុទ្ធប្រឆាំង នឹង​ការលួចបន្លំ យក​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​របស់​អាមេរិក ទៅ​ប្រើខុសច្បាប់ ឬ ដើម្បី​ផលប្រយោជន៍​យោធា​របស់​ចិន។

តាម​ក្រសួង​ថាមពល​អាមេរិក វិធានការ​រឹតបន្តឹង​ការនាំចេញ​នុយក្លេអ៊ែរ​ស៊ីវិល​ទៅ ចិន ធ្វើឡើង នៅក្រោយ​កើត​មាន​កង្វល់ និង​បារម្ភ​ដែល​ថា ចិន​កំពុង​ព្យាយាម ទិញ នាំចូល​កាន់តែ​ច្រើន សំភារៈ​នុយក្លេអ៊ែរ គ្រឿងបរិក្ខា ហើយ​និង​បច្ចេកវិទ្យា​ចុងក្រោយ ក្នុង​វិស័យ​នុយក្លេអ៊ែរ ពី​ក្រុមហ៊ុន​អាមេរិកាំង។

មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​អាមេរិក ម្នាក់​ដែល​សុំ​មិនបញ្ចេញឈ្មោះ​បាន​និយាយ​ថា នៅ​មួយ​រយៈ​ចុងក្រោយនេះ ចិន​បាន​បង្កើន​សកម្មភាព លួច​កម្មសិទ្ធិ​បញ្ញា​របស់​អាមេរិក ជាពិសេស ក្នុង​វិស័យ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​នេះតែម្តង។ រដ្ឋមន្រ្តី​ក្រសួង​ថាមពល​អាមេរិក លោក​Rick Perry វិញ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​នៅថ្ងៃ​ម្សិលមិញ​ថា អាមេរិក​នឹងមិនអាច​ព្រងើយកន្តើយ ទុក​ឲ្យ​ចិន ធ្វើ​សកម្មភាព ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​អាមេរិកាំង។

ហេតុអ្វី បាន​ជា​នុយក្លេអ៊ែរ​ស៊ីវិល​លក់​ទៅ​ឲ្យ​ចិន ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​អាមេរិក?

ចិន​ទិញ នាំចូល​នុយក្លេអ៊ែរ​ស៊ីវិល​ពី​អាមេរិក ទៅ​តាម​កិច្ច​ព្រមព្រៀង​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​រួមគ្នា តាំង​ពី​ឆ្នាំ១៩៨៥។ នៅឆ្នាំ ២០១៥​ទៀតសោត អាមេរិក​ក្នុង​រដ្ឋបាល​របស់​លោក​បារ៉ាក់ អូបាម៉ា បាន​ពន្យារ បន្ត កិច្ចព្រមព្រៀង​ក្នុង​ការលក់​សំភារៈ​នុយក្លេអ៊ែរ​ស៊ីវិល​ទៅ​ឲ្យ​ចិន។

ក្នុង​អាណត្តិ​របស់ខ្លួន លោក​អូបាម៉ា​បាន​ជំរុញ ឲ្យ​មាន​ការនាំចេញ​គ្រឿង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ទៅ​ចិន នៅក្នុង​បរិបទ​ដែល​លោកអូបាម៉ា​ចង់​ទាក់ទាញ​ឲ្យ​ចិន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ។ ជារួម អាមេរិក​ចង់​ជំរុញ​ឲ្យ​ចិន ប្រើប្រាស់​ថាមពល​បាន​ពី​រោងចក្រ​នុយក្លេអ៊ែរ​ស៊ីវិល​ជាជាង​ថាមពល​ដែល​បាន​មក​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម ដែល​ជាប្រភព​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ធ្វើ​ឲ្យ​ផែនដី​ឡើងកំដៅ។ ជាមួយ​គ្នានោះ ដោយ​លក់​គ្រឿង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​ទៅ​ឲ្យ​ចិន អាមេរិក​បាន​ទទួលផល​ចំណេញ​សេដ្ឋកិច្ច​ច្រើន ព្រោះថា ក្នុង​នាម​ជាប្រទេស​ធំនាំចេញ​ច្រើនជាងគេ បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល អាមេរិក​មាន​ចិន​ជា​ទីផ្សារ​ធំទី ២ បន្ទាប់​ពី​អង់គ្លេស ដែល​ទិញ​នាំចេញ​គ្រឿង​នុយក្លេអ៊ែរ​ពី​អាមេរិក។

តាំង​ពី​អាមេរិក​ចុះ​កិច្ចព្រមព្រៀង លក់​នាំចេញ​នុយក្លេអ៊ែរ​ទៅ​ចិន តែង​តែ​មាន​ចំណោទសួរ និង​ក្តីបារម្ភ​ជាហូរហែរ ជាពិសេស​ពី​មន្រ្តី ឬ​ក្រុម​អ្នកជំនាញ យោធា​អាមេរិក។ តាម​អ្នកជំនាញ​អាមេរិក ប្រទេស​ចិន​បាន​ទិញនាំចូល​សំភារៈ បច្ចេកវិទ្យា​នុយក្លេអ៊ែរ​របស់​អាមេរិក ទៅ​ច្នៃ ប្រើ​សម្រាប់​ហេតុផល​យោធា។ គេ​វាយតម្លៃ​ថា ដោយ​ទិញ​យក​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​ឈាន​មុខ​របស់ អាមេរិក ចិន​អាច​មាន​សមត្ថភាព កែច្នៃ​កាកសំណល់​នុយក្លេអ៊ែរ ដើម្បី​ផលិត​ភ្លុយតូនីញ៉ូម ដែល​គេ​ប្រើ​សម្រាប់​ផលិតអាវុធ​នុយក្លេអ៊ែរ។ មន្រ្តី​ជើងទឹក​អាមេរិក​វិញ សង្ស័យ​ដែរ​ថា ដោយ​ទិញ នាំចូល​គ្រឿង​បរិក្ខា​នុយក្លេអ៊ែរ​ស៊ីវិល របស់​ក្រុមហ៊ុន​អាមេរិក ចិន​បាន​ច្នៃ យក​ឧបករណ៍ដែល​មានតួនាទី​ផលិតទឹក ធ្វើ​ឲ្យ​ម៉ាស៊ីន​ប្រតិករ​ចុះ​ត្រជាក់នោះ ទៅ​ប្រើ​ជា​គ្រឿង​បំពាក់​ឲ្យ​នាវា​មុជទឹករបស់​ខ្លួន ព្រោះថា ឧបករណ៍​នុយក្លេអ៊ែរ​របស់​អាមេរិក អាច​ជួយ​ការពារ​កុំ​ឲ្យ​គេ​អាច​ចាប់សញ្ញា​របស់​នាវាមុជទឹកបាន។

គឺ​ការសង្កេត និង​ក្តីបារម្ភ​រហូត​មក​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ រដ្ឋបាល​លោក​ដូណាល់ ត្រាំ​អាចលើក​យក​ហេតុផល​សន្តិសុខ​ជាតិ មក​រឹតបន្តឹង​ការនាំចេញ​នុយក្លេអ៊ែរ​ទៅ​ចិន។ វិធានការ​នេះ​គ្របដណ្តប់​ទៅលើ​កិច្ចសន្យា​ផ្តល់​អាជ្ញាបណ្ណ​ថ្មី សម្រាប់​ក្រុមហ៊ុន​យក្ស​ចិន ឈ្មោះ China General Nuclear Power Group ដែល​ជាក្រុមរដ្ឋ​ចិន និង​ដែល​ត្រូវ​បាន​អាមេរិក​ដាក់​ក្នុង​បញ្ជី​ខ្មៅ ទទួល​ទណ្ឌកម្ម​សេដ្ឋកិច្ច ក្នុង​បទ​ចោទប្រកាន់​ឃុបឃិត លួច​យក​បច្ចេកវិទ្យា​នុយក្លេអ៊ែរ កាល​ពី​ឆ្នាំ​២០១៧។

អ្នកណា​ខាត អ្នកណា​ចំណេញ?

អ្នកដែល​ខាត គឺ​អាមេរិក ព្រោះថា ចិន​ជា​ទីផ្សារ​ធំទី ២ របស់​ក្រុមហ៊ុន​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក។ នៅ​ឆ្នាំ ២០១៧ ការនាំចេញ នុយក្លេអ៊ែរ របស់​អាមេរិក​ទៅ​ចិន មាន​តម្លៃ ១៧០​លាន​ដុល្លារ។ មន្រ្តី​អាមេរិក​ទទួល​ស្គាល់​ថា វិធានការ​រឹតបន្តឹង​ការនាំចេញ នឹង​ប៉ះពាល់​ដល់​ប្រយោជន៍ ចំណូល​របស់​ក្រុមហ៊ុន​អាមេរិកាំង និង​ការងារ​របស់​ប្រជាជន​អាមេរិកាំង។ ប៉ុន្តែ សម្រាប់​មន្រ្តី​រដ្ឋបាល​លោកដូណាល់ ត្រាំ គេ​ត្រូវ​គិត​ដល់​ប្រយោជន៍ វែងឆ្ងាយ ព្រោះថា ដោយ​រឹតបន្តឹង​ការនាំចេញ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ទៅ​ប្រទេស​ចិន ដែល​ជំនាញ​ខាង​លួច ចម្លង​យក​បច្ចេកវិទ្យា​របស់​អាមេរិក នោះ អាមេរិក នឹង​អាច​ទប់​ស្កាត់​កុំ​ឲ្យ​ចិន អាច​មាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ យក​មក​ប្រកួតប្រជែង​ជាមួយ អាមេរិក នៅក្នុង​ទីផ្សារ​នុយក្លេអ៊ែរ​ស៊ីវិល។ ម្យ៉ាងទៀត ដោយ​ត្រួតពិនិត្យ ល្អិតល្អន់​ជាងមុន​លើ​បច្ចេកវិទ្យា​ដែល​លក់ទៅ​ឲ្យ​ចិន នោះ ចិន​ក៏​មិនអាច​បន្លំ​យក​បច្ចេកវិទ្យា​ដែល​ទិញ បាន​ពីអាមេរិក ទៅ​ប្រើ​ដើម្បី​ផលប្រយោជន៍​យោធា ឬ​លក់​ទៅ​ឲ្យ​ភាគី​ទីបីទៀត៕

 

នៅក្រោយ​ការរិះគន់ អូស្ត្រាលី​ប្តូរជំហរ​ពីរឿង​ចង់​ផ្ទេរ​ស្ថានទូត​ទៅ​នៅហ្ស៊េរុយសាឡិម

តើ​លោក​អាន់វ៉ា អ៊ីប្រាហ៊ីមកំពុង​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី?

អារ៉ាប៊ីសាអូឌីត ថាមិន​ដែល​មាន​បំណង​សម្លាប់​លោក Jamal Khashoggi ទេ!

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​សុំ​លាលែងពី​​តំណែង

IMF៖​កំណើនសេដ្ឋកិច្ច​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០១៨ និង ២០១៩ មាន​តិច​ជាង​ការ​ប្រមើលទុក

ចិនចោទ​ប្រធាន​អាំងទែរប៉ូល​ដែលបាត់ខ្លួន ពីបទ​​ពុករលួយ

ប្រេស៊ីល៖​ការបោះឆ្នោត​ប្រធានាធិបតី​បង្កប់​ដោយ​ភាព​ប្រេះឆា​ក្នុង​សង្គម និងកំណើន​​សម្លេង​របស់​គណបក្ស​ស្តាំនិយមជ្រុល

តើអ្វី​ខ្លះ​ជា​កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​ ប៉ុមប៉េអូ នៅតូក្យូ ព្យុងយ៉ាង សេអ៊ូល ?

ណូបែល​សន្តិភាព​ឆ្នាំ​២០១៨ បាន​ទៅ​​លើ​សកម្មជន​ប្រយុទ្ធ​ប្រឆាំង នឹង​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​

ហេតុអ្វីបាន​ជា​ឥណ្ឌា​នៅតែ​ផ្គើន​ចង់ទិញ​ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី S-400?

បារាំង​ចោទ​អ៊ីរ៉ង់​ពី​បទ​នៅ​ពី​ក្រោយ​គម្រោង​ធ្វើ​ភេរវកម្ម​នៅ​ជាយ​ក្រុង​ប៉ារីស​

របាយការណ៍៖ កំដៅផែនដី​នឹង​កើនឡើង ១,៥អង្សាសេ នៅឆ្នាំ ២០៤០

អាមេរិក​រកឃើញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​កាណាដា និង​ម៉ិចស៊ិក

ហេតុអ្វី​ សារTwitter​តែ​ប៉ុន្មានម៉ាត់​ធ្វើ​ឲ្យ​លោក​Musk ខ្ទាតចេញ​ពីតំណែង​ប្រធាន​ក្រុមហ៊ុន​Tesla?

ចោរ​បន្លំ​ចូល​ក្នុង​គណនី ​Facebook ​របស់​អ្នក​ប្រើ ​មិន​តិច​ជាង​៥០​លាន​គណនី

តើ​ព្រឹទ្ធសភាអាមេរិក​នឹងតែងតាំង បេក្ខជន​ចៅក្រម​តុលាការ​កំពូល ដែល​រងចោទប្រកាន់​ពីរឿងអាស្រូវផ្លូវភេទ?

តើ​ទស្សនកិច្ច​របស់​លោកអ៊ែរដូហ្កាន​នៅ​អាល្លឺម៉ង់​អាច​ជួយ​ស្តារ​ទំនាក់ទំនង​តានតឹង​រវាង​តួកគី និង​អាល្លឺម៉ង់​បាន​ដែរ​ឬទេ?

អ៊ីរ៉ង់ ក្លាយជា​សំណុំរឿង​ស្នូល​នៃ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.

អ.ស.ប. បើក​មហាសន្និបាត​លើក​ទី​៧៣ នៅ​ក្នុង​បរិបទ​ពិភពលោក​ពោរពេញ​ដោយ​ជម្លោះ និង​ការ​មិន​ទុក​ចិត្ត​គ្នា