អានតួអត្ថបទ
ជប៉ុន

ជប៉ុន៖​រដ្ឋាភិបាល​បើក​ទ្វារ​ទទួល​ពលករបរទេស​បន្ថែម​ដើម្បី​ឆ្លើយតប​នឹង​កង្វះ​កម្លាំងពលកម្ម

នៅ​ក្នុង​ប្រទស​ជប៉ុន រដ្ឋាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ ទី១២ តុលា​ពី​ការ​ចង់​ពន្លឿន​សេចក្តីព្រាងច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ទទួល​ពលករ​បរទេស​ច្រើន​ជាង​មុន។ គោលដៅ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​កង្វះ​កម្លាំងពលកម្ម​ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​វិស័យ​មួយ​ចំនួន។ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា​បាន​ទម្លាយ​ឲ្យ​ដឹង​ថា សេចក្តីព្រាងច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សភា​នា​ពេល​ឆាប់ៗ​ខាង​មុខ ហើយ​ការ​អនុវត្តន៍​អាច​នឹង​ចាប់​ផ្តើម​ពី​ខែ​មេសា ឆ្នាំ ២០១៩។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោកយ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោកយ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា AFP
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ មាន​តែ​ពលករបរទេស​ដែល​មាន​កម្រិត​ជំនាញ​ខ្ពស់​ទេ​ដែល​អាច​ទៅ​ធ្វើ​ការ​នៅ​ជប៉ុន​បាន តែ​ជាមួយ​នឹង​សេចក្តីព្រាងច្បាប់​ថ្មី រដ្ឋាភិបាល​គ្រោង​នឹង​បង្កើត​ទិដ្ឋាការ​ការងារ​ថ្មី​មួយ​ទៀត​ដើម្បី​ទទួល​យក​ពលករបរទេស​ដែល​មាន​កម្រិតជំនាញ​មធ្យម​សម្រាប់​ធ្វើ​ការ​នៅ​ជប៉ុន​រយៈពេល ៥ឆ្នាំ។ តែ​ទន្ទឹម​គ្នា​នេះ ពលករបរទេស​ដែល​មាន​កម្រិត​ជំនាញ​ខ្ពស់ និង​កម្រិតជំនាញ​មធ្យម​ត្រូវ​គោរព​លក្ខខណ្ឌ​ចាំ​បាច់​មួយ​ចំនួន​ដូច​គ្នា ពិសេស​ត្រូវ​មាន​ចំណេះដឹង​ភាសា​ជប៉ុន​សម្រាប់​ការ​រស់នៅ​ប្រចាំថ្ងៃ មាន​ន័យ​ថា បេក្ខជន​ដែល​ចង់​ដាក់​ពាក្យ​ទៅ​ធ្វើ​ការ​នៅ​ជប៉ុន​ត្រូវ​រៀន​ភាសា​ជប៉ុន​ជាមុន។

ដោយឡែក សម្រាប់​ពលករបរទេស​ដែល​មាន​កម្រិត​ជំនាញ​ខ្ពស់ និង​ចេះ​ភាសា​ជប៉ុន​ស្ទាត់​អាច​ទទួល​បាន​ទិដ្ឋាការ​ការងារ​រយៈពេល​យូរ និង​អាច​នាំ​ប្រពន្ធកូន​ទៅ​រស់នៅ​ជាមួយ​បាន។ វិស័យ​ដែល​ជប៉ុន​កំពុង​ខ្វះ​កម្លាំងពលកម្ម​ខ្លាំង​ជាង​គេ គឺ​កសិកម្ម សំណង់ ថែទាំ​មនុស្ស ឬ​មើល​ក្មេង។ ម្យ៉ាង​ទៀត ប្រជាជន​ជប៉ុន​ក៏​មិន​សូវ​ចូលចិត្ត​ធ្វើ​ការងារ​ទាំង​អស់​នេះ​ដែរ ព្រោះ​វា​លំបាក និង​បាន​ប្រាក់ខែ​មិន​សូវ​ច្រើន។ គួរ​រម្លឹក​ថា អស់​ពេល​ជា​យូរ​មក​ហើយ​ដែល​ក្រុមអ្នកជំនួញ​ជប៉ុន​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ទ្វារ​ទទួល​ពលករបរទេស​ឲ្យ​បាន​ច្រើន​ជាង​នេះ។

តែ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​ស្ហ៊ីនហ្សូ អាបេ​ដែល​មាន​ស្និទ្ធ​នឹង​ក្រុម​អ្នក​ជំនួញ​មាន​ការ​ប្រយ័ត្នប្រយែង​ដោយ​ខ្លាច​ការ​ប្រឆាំង​តវ៉ា​ពី​ក្រុមអ្នកជាតិនិយម ព្រោះ​ពួក​នេះ​ក៏​ជា​អ្នក​គាំទ្រ​គណបក្ស​សេរីប្រជាធិបតេយ្យ​របស់​លោក​អាបេ​ដែរ។ យ៉ាង​ណា​ក៏​ដោយ លោក​យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ធានា​ថា នយោបាយ​អន្តោប្រវេសន៍​របស់​ជប៉ុន​នឹង​គ្មាន​ការ​ផ្លាស់ប្តូរ​ទេ។ តាម​តួលេខ​ផ្លូវការ ជប៉ុន​ដែល​មាន​ពលរដ្ឋ​ចំនួន ១២៨លាននាក់​បាន​ទទួល​ពលករបរទេស​ចំនួន ១ ២៨០ ០០០នាក់​ក្នុង​ឆ្នាំ ២០១៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ