អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក

លោកម៉ៃ ប៉ុមប៉េអូ និង​គីម ជុងអ៊ុន​ព្រមព្រៀង​រៀបចំ​ជំនួបកំពូល​លើកទី២ រវាង​អាមេរិក និង​កូរ៉េខាងជើង

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កូរ៉េខាងជើង​ជា​ថ្មី​នា​ថ្ងៃ​អាទិត្យ ទី៧ តុលា លោក​រដ្ឋមន្រ្តីការបរទេស​អាមេរិក​ម៉ៃ ប៉ុមប៉េអូ​បាន​ជួប​សន្ទនា​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន។ លទ្ធផល​នៃ​ជំនួប​រវាង​ឥស្សរជន​ទាំង​ពីរ​ត្រូវ​បាន​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​នៅ​កូរ៉េខាងត្បូង​ប្រាប់​ឲ្យ​ដឹង​ថា លោក​ម៉ៃ ប៉ុមប៉េអូ និង​គីម ជុងអ៊ុន​បាន​ឯកភាព​គ្នា​ឲ្យ​មាន​ជំនួបកំពូល​លើកទី២ រវាង​អាមេរិក និង​កូរ៉េខាងជើង។ ទន្ទឹម​គ្នា​នេះ លោក​ប៉ុមប៉េអូ​ក៏​បាន​និយាយ​ជាមួយ​លោក​គីម ជុងអ៊ុន​ពី​ជំហាន​នៃ​ការ​រំសាយ​នុយក្លេអ៊ែរ​ដែល​សន្យា​ដោយ​កូរ៉េខាងជើង​ផង​ដែរ។ លោក​ប៉ុមប៉េអូ​បាន​ចាត់ទុក​កិច្ចសន្ទនា​ជាមួយ​លោក​គីម ជុងអ៊ុន​ថា មាន​លក្ខណៈស្ថាបនា​ នោះ​បើ​ទោះបី​នៅ​សល់​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​បន្ត​ធ្វើ​ក៏​ដោយ។

លោករដ្ឋមន្រ្តីការបរទេសអាមេរិកម៉ៃ ប៉ុមប៉េអូ (រូបឆ្វេង) និងលោកប្រធានាធិបតីកូរ៉េខាងត្បូងមូន ចៃអ៊ីន ថ្ងៃទី៧ តុលា ២០១៨
លោករដ្ឋមន្រ្តីការបរទេសអាមេរិកម៉ៃ ប៉ុមប៉េអូ (រូបឆ្វេង) និងលោកប្រធានាធិបតីកូរ៉េខាងត្បូងមូន ចៃអ៊ីន ថ្ងៃទី៧ តុលា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​ជំនួប​រវាង​លោក​រដ្ឋមន្រ្តីការបរទេស​អាមេរិក​ម៉ៃ ប៉ុមប៉េអូ និង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​ក្នុង​ថ្ងៃ​អាទិត្យ ទី៧ តុលា​ដដែល​ដែល​លទ្ធផល​នៃ​ជំនួប​រវាង​លោក​ម៉ៃ ប៉ុមប៉េអូ និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ត្រូវ​បាន​ទម្លាយ។ លោក​ប៉ុមប៉េអូ​បាន​និយាយ​ប្រាប់​លោក​ចៃអ៊ីន​ថា លោក​បាន​ជួប​សន្ទនា​មួយ​ទល់​មួយ​ជាមួយ​លោក​គីម ជុងអ៊ុន​រយៈពេល ២ម៉ោង រួច​បញ្ចប់​ដោយ​ស្រស់ស្រូប​អាហារ​ថ្ងៃ​ត្រង់​រួម​គ្នា។ ចំណែក​ប្រធានរឿង​វិញ លោក​ប៉ុមប៉េអូ​បាន​និយាយ​ជាមួយ​លោក​គីម ជុងអ៊ុន​ពី​នីតិវិធី​នៃ​ការ​រំសាយ​នុយក្លេអ៊ែរ​ដែល​សន្យា​ដោយ​កូរ៉េខាងជើង និង​ពី​នីតិវិធី​នៃ​ការ​ត្រួតពិនិត្យ​នៅ​ក្នុង​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​នោះ។

បន្ទាប់​មក លោក​ប៉ុមប៉េអូ និង​លោក​គីម ជុងអ៊ុន​ក៏​បាន​ឯកភាព​គ្នា​ឲ្យ​មាន​ជំនួបកំពូល​លើកទី២ រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​នា​ពេល​ឆាប់ៗ​ខាង​មុខ។ តើ​ជំនួបកំពូល​លើកទី២ គ្រោង​ធ្វើ​នៅ​ទីកន្លែង​ណា និង​នៅ​ពេល​ណា​ពិតប្រាកដ ទីក្រុង​វ៉ាស៊ីនតោន និង​ព្យុងយ៉ាង​សន្យា​បន្ត​ជជែក​គ្នា​ដើម្បី​សម្រេច​រឿង​នេះ​នៅ​ពេល​ខាង​មុខ។ តែ​ដើម្បី​អាច​ធ្វើ​ការងារ​ទាំង​អស់​ខាង​លើ​នេះ​បាន លោក​ម៉ៃ ប៉ុមប៉េអូ និង​លោក​គីម ជុងអ៊ុន​បាន​ព្រមព្រៀង​គ្នា​ក្នុង​បង្កើត​ឲ្យ​មាន​ក្រុម​ការងារ​រួម​គ្នា​មួយ​នៅ​ថ្ងៃ​ខាង​មុខ។

គួរ​រម្លឹក​ថា នៅ​ក្នុង​ដំណើរ​ទៅ​កាន់​ទឹកដី​កូរ៉េខាងជើង​លើកទី៤ ពេល​នេះ លោក​ម៉ៃ ប៉ុមប៉េអូ​បាន​ចាត់​ទុក​ជា​ការ​បោះជំហាន​ថ្មី​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​មិន​ញញើត​នឹង​ចាត់​ទុក​កិច្ចសន្ទនា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ថា​មាន​លក្ខណៈ​ស្ថាបនា នោះ​បើ​ទោះ​បី​ជា​នៅ​សល់​ការងារ​ជា​ច្រើន​ដែល​ត្រូវ​បន្ត​ធ្វើ​ក៏​ដោយ។ នៅ​ក្នុង​ន័យ​នេះ លោក​ប៉ុមប៉េអូ​បាន​លើក​សម្តី​លោក​ដូណាល់ ត្រាំ​ដែល​ថា មាន​ជំហាន​ជា​ច្រើន​ដែល​ត្រូវ​បោះ​នៅ​លើ​ផ្លូវ​នេះ តែ​ឥឡូវ យើង​បាន​បោះ​មួយ​ជំហាន​ហើយ។ « ខ្ញុំ​គិត​ថា វា​ជា​ដំណឹង​ល្អ​សម្រាប់​ទាំង​អស់​គ្នា » នេះ​ជា​ការ​សន្និដ្ឋាន​របស់​លោក​ម៉ៃ ប៉ុមប៉េអូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ