rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ហេតុអ្វីបាន​ជា​ឥណ្ឌា​នៅតែ​ផ្គើន​ចង់ទិញ​ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី S-400?

ដោយ ឈាង បុប្ផា

ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន ធ្វើ​ដំណើរ​ទស្សនកិច្ច នៅថ្ងៃ​នេះ និង​ថ្ងៃ​សុក្រ​ស្អែក នៅ​ប្រទេស​ឥណ្ឌា។ នៅ​ទីក្រុង​ញូវដេលី ក្រៅតែ​ពី​ចូលរួម​ក្នុង​ជំនួបកំពូល​ឥណ្ឌា និង​រុស្ស៊ី លើក​ទី​១៩ ប្រធានាធិបតី​រុស្ស៊ី នឹង​ជំរុញ​ផងដែរ​ឲ្យ​មាន​ការចុះ​ហត្ថលេខា​លើ​កិច្ចសន្យា ទិញ ប្រព័ន្ធ​ខែល​មីស៊ីល រុស្ស៊ី តម្លៃ ៥ពាន់​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​ឥណ្ឌា​បាន​យល់ព្រមព្រៀង​ទិញ រុស្ស៊ី កាលពី​ឆ្នាំ ២០១៦។ កិច្ចសន្យា​ដែល​ឥណ្ឌា ត្រូវ​ទិញ​ប្រព័ន្ធ​ខែល​មីស៊ីល​ពី​រុស្ស៊ី មិនត្រឹមតែ​បង្ក​ផលរមាស់​ដល់​ចិន ប៉ាគីស្ថាន ប្រទេសជិត​ខាង​របស់​ឥណ្ឌា​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​កំពុង​ធ្វើ​ឲ្យ​ឥណ្ឌា​ប្រឈម​ផងដែរ​នឹង​ការដាក់​ទណ្ឌកម្ម​ពី​អាមេរិក។

 

ប្រធានាធិបតី​រុស្ស៊ី លោកវ្លាឌីមៀរ ពូទីន ធ្វើដំណើរ​ទៅ​ប្រទេស​ឥណ្ឌា នៅថ្ងៃ​នេះ ដើម្បី​ទៅ​ចូលរួម ក្នុង​ជំនួប​កំពូលទ្វេភាគី ឥណ្ឌា និង​រុស្ស៊ី ប៉ុន្តែ វិមាន​ក្រេមឡាំង​បាន​បញ្ជាក់ដែរថា លោក​ពូទីន​នឹងធ្វើ​ជាអធិបតីភាព​នៃ​ការចុះ​ហត្ថលេខា លើ​កិច្ចសន្យា​លក់​ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី ប្រភេទ S-400 ទៅ​ឲ្យ​ឥណ្ឌា ដែល​មាន​តម្លៃ ៥ពាន់​លាន​ដុល្លារ។ ក្នុង​រឿង​ទិញ​ប្រព័ន្ធ​ខែល​មីស៊ី​ពី​រុស្ស៊ី អាមេរិក​ធ្លាប់បាន​ព្រមាន​រួចហើយ​ថា នឹង​ដាក់​ទណ្ឌកម្ម​លើ​ឥណ្ឌា បើសិន​ឥណ្ឌា​ទិញ​សព្វាវុធ​ពី​រុស្ស៊ី។

ហេតុអ្វី​បាន​ជា​ឥណ្ឌា​នៅតែ​ចចេស​ចង់​ទិញ​ប្រព័ន្ធ​មីស៊ីល រុស្ស៊ី បើទោះ​មាន​ការគំរាម​ពី​អាមេរិក?

ឥណ្ឌា​ត្រូវការ​ប្រព័ន្ធខែល​មីស៊ីល​រុស្ស៊ី S-400​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​ខ្លួន ជាពិសេស ដើម្បី​ទប់ទល់​នឹង​ចិន ដែល​ចេះ​បង្កើន​កម្លាំង​យោធា និង​ដែល​កំពុង​មាន​ជម្លោះ​ព្រំដែន​គោក​ជាមួយ​ឥណ្ឌា​រហូតមកដល់​សព្វថ្ងៃនេះ។

ឥណ្ឌា​បាន​ចុះកិច្ចព្រមព្រៀង​ទិញ ប្រព័ន្ធ​ខែល​មីស៊ីល រុស្ស៊ី តាំង​ពី​ចុងឆ្នាំ ២០១៦ គឺ​នៅមួយឆ្នាំ​ក្រោយ​ដែល​ចិន​បាន​ចុះកិច្ចសន្យា​ទិញ​ប្រព័ន្ធ​ខែល​មីស៊ីល S-400 ហើយ​និង​យន្តហោះ​ចម្បាំង​ពី​រុស្ស៊ី។

ម្យ៉ាងទៀត ឥណ្ឌា​ត្រូវការ​ប្រព័ន្ធខែលមីស៊ីល​រុស្ស៊ី ដើម្បី ការពារ​ខ្លួន​ពី​ប៉ាគីស្ថាន ដែល​ឥណ្ឌា ចាត់ទុក​ជាសត្រូវ​សួរពូជ ដ៏គ្រោះថ្នាក់ ដែល​គំរាមកំហែង​សន្តិសុខ ឥណ្ឌា​គ្រប់ពេលវេលា។ ដោយ​ទិញ សព្វាវុធ​ពី​រុស្ស៊ី ក្នុង​ទំហំទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​យ៉ាងដូច្នេះ ឥណ្ឌា​មាន​យុទ្ធសាស្រ្ត​ផងដែរ ចង់​ទាញ​រុស្ស៊ី​កុំ​ឲ្យ​ទៅ​ស្និទ្ធ​តែ​នឹង​ចិន ហើយនិង​ប៉ាគីស្ថាន​ដូចមុនទៀត គឺ​ឲ្យ​មក​ស្និទ្ធ​នឹង​ខ្លួន​ផង។

សូមអាន៖ ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នៅ​រុស្ស៊ី ​ជម្រុញ​ឥណ្ឌា​ឲ្យ​ក្លាយ​ជា​ម៉ូយ​ដុំ​របស់​រុស្ស៊ី

នៅក្រោយ​សហភាពសូវៀត​ដួលរលំ រុស្ស៊ី​បាន​ក្លាយ​ជា​ប្រទេស​ធំនាំមុខ ដែលផ្គត់ផ្គង់​លក់​អាវុធ​ឲ្យ​ឥណ្ឌា។ ដូច្នេះ ការទិញ​នាំចូល​អាវុធ ពី​រុស្ស៊ី ក្លាយ​ជា​ទម្លាប់​ប្រពៃណី​ទៅហើយ របស់​ឥណ្ឌា។ សព្វាវុធ​របស់​រុស្ស៊ី​តែមួយមុខ គឺ​មិនគ្រប់គ្រាន់ទេ។ ឥណ្ឌា ដែល​បាន​គ្រោង​ថវិកា​១០០​ពាន់លានដុល្លារ ដើម្បី​ធ្វើទំនើបកម្ម កងទ័ព មិន​ឲ្យ​ចាញ់​ចិន និង​ប៉ាគីស្ថាន បាន​ទិញ​នាំចូល​អាវុធ រាប់​លាន​ដុល្លារ ផងដែរ​ពី​អាមេរិក។

នៅ​ដើម​ខែ​កញ្ញា នៅក្រោយ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក និយាយ​ពី​ករណីលើកលែង​ឥណ្ឌា មន្រ្តី​ជាន់ខ្ពស់​របស់​ក្រសួងការពារ​ជាតិ​អាមេរិក​វិញ​បាន​និយាយ​ផ្ទុយពីនោះ ដោយ​ថា គេ​មិន​អាច​ធានា​ទេ​ថា ឥណ្ឌា នឹង​អាចរួចខ្លួ​ពី​ទណ្ឌកម្ម បើសិន​ឥណ្ឌា​ទិញ​សព្វាវុធ​របស់​រុស្ស៊ី។ ច្បាប់ ប្រយុទ្ធប្រឆាំង​នឹង​សត្រូវ តាមរយៈ​ការដាក់​ទណ្ឌកម្ម ឬCAATSA ដាក់​ទណ្ឌកម្ម លើ​ស្ថាប័ន ឬ​ប្រទេស​ណា​ដែល​ចុះកិច្ចសន្យា​ទិញ​អាវុធ​ពី​ក្រុមហ៊ុន​រុស្ស៊ី សភា​អាមេរិក​បោះឆ្នោត​អនុម័តឡើង កាលពីឆ្នាំមុន ក្នុង​គោលដៅ​ដាក់​សំពាធ​លើ​រុស្ស៊ី ដែល​បាន​រឹបអូស​យក​ទឹកដី​គ្រីមេ​ពី​ប្រទេស​អ៊ុយក្រែន ហើយ​និង​ការលូកដៃ​របស់​រុស្ស៊ី ក្នុង​ការបោះឆ្នោត​អាមេរិក។

នៅ​ខែ​កញ្ញា​មុននេះ អាមេរិក​ទើបតែ​បាន​អនុវត្ត​ច្បាប់ CAATSA ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អង្គភាពយោធា និង​មន្រ្តី​ចិន នៅបន្ទាប់ពី​ចិន​បាន​ទទួល​ប្រព័ន្ធ​ខែល​មីស៊ីល​ប្រភេទ S-400 ដែល​ចិន​បានចុះ​កិច្ចសន្យា​ទិញ ពី​រុស្ស៊ី តាំង​ពី​ឆ្នាំ ២០១៥។

ឥណ្ឌា​វិញ​ដឹងខ្លួន​ថា ក៏​ជាប់​ក្នុង​សំណាញ់​ច្បាប់​ដាក់ទណ្ឌកម្ម​របស់​អាមេរិក ដែរ។ ហេតុដូច្នេះហើយ បាន​ជា​នៅប៉ុន្មាន​ខែ​មុន​នេះ ឥណ្ឌា​បាន​សរសេរ​សំបុត្រ​ស្នើ​សុំ​ឲ្យ​ភាគី​អាមេរិក អនុគ្រោះ​លើកលែង កុំ​អនុវត្ត​ច្បាប់​CAATSA ទៅលើ​ឥណ្ឌា។ ឥណ្ឌា​បាន​បង្ហាញ​ថា ខ្លួន​ត្រូវការ​សព្វាវុធ​រុស្ស៊ីមែន ប៉ុន្តែ នៅតែ​ជា​សម្ព័ន្ធមិត្ត និង​ជាអតិថិជន​ទិញ អាវុធ​ដ៏សំខាន់​ដដែល​របស់​អាមេរិក។ នៅ​ខែ​មុននេះ ក្រុង​ញូវដេលី និង​វ៉ាស៊ីនតោន​នៅ​បាន​ប្រកាស​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជាលើក​ទី ១​នៅ​ឆ្នាំ ២០១៩ និង​បាន​ព្រមព្រៀងថា នឹង​ចែករំលែក​ព័ត៌មាន​សម្ងាត់​រវាង​កងទ័ព​ប្រទេស​ទាំងពីរ។

អាមេរិក​នឹងអាច​លើកលែង ឥណ្ឌា?

អាមេរិក​អាច​ដាក់​ទណ្ឌកម្ម​ទៅលើ​ចិន ដែល​ហ៊ាន​ល្មើស​នឹង​ច្បាប់​ហាមប្រាម​របស់​អាមេរិក ហើយ​ម្យ៉ាងទៀត ក៏ដោយសារ​តែ​អាមេរិក និង​ចិន កំពុង​តែ​មាន​ជម្លោះ​ពាណិជ្ជកម្ម​នឹងគ្នាទៀត។ ប៉ុន្តែ នៅក្នុង​ករណី​ឥណ្ឌា​វិញ គឺ​អាមេរិក​រាង​ពិបាក​បន្តិច។ ហេតុអ្វី​បាន​ជា​ដូច្នេះ ?

ឥណ្ឌា​ជា​ប្រទេស​ដែល​ទិញ នាំចូល​អាវុធ​ច្រើនជាងគេ នៅក្នុង​ពិភពលោក និង​ជាអតិថិជន​សំខាន់​របស់​អាមេរិក។ បន្ទាប់ពី​រុស្ស៊ី អាមេរិក គឺ​ប្រទេស​ធំ​ទី ២ ដែល​ជា​លក់សព្វាវុធ​ច្រើនជាងគេ​ទៅ​ឲ្យ​ឥណ្ឌា។ ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ឥណ្ឌា​ដែល​ជា​អតិថិជន​ទិញ អាវុធ​របស់​អាមេរិក មិនត្រឹម​តែ​ប៉ះពាល់​ដល់​កិច្ចសន្យា​ទិញលក់​អាវុធ អាមេរិក និង​ឥណ្ឌា​ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះទេ ប៉ុន្តែ នឹង​អាច​ប៉ះពាល់​ផងដែរ ដល់​ការដោះដូរ​ពាណិជ្ជកម្ម​អាមេរិក និង​ឥណ្ឌា ដែល​មាន​ទំហំ​ទឹកប្រាក់ ១០០​ពាន់លាន​ដុល្លារ។

ដាក់ទណ្ឌកម្ម​លើ​ឥណ្ឌា​នឹង​អាចបំផ្លាញ​ផងដែរ​ដល់​យុទ្ធសាស្រ្ត​របស់​អាមេរិក ដែល​សង្ឃឹម​កម្លាំងយោធា​របស់​សម្ព័ន្ធមិត្ត​ឥណ្ឌា ដើម្បី​ទប់ទល់​នឹង​ការពង្រីក​អំណាចយោធា​របស់​ចិន។ នៅ​ខែ​កញ្ញា​កន្លងទៅ នៅពេល​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក ធ្លាប់​បាន​បង្ហើប រួចហើយ ពី​ករណី​លើកលែង មិន​ប្រើច្បាប់ ដាក់​ទណ្ឌកម្ម​លើ​ឥណ្ឌា និង​ទៅលើ​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេងទៀត របស់​អាមេរិ ក ដូចជា ឥណ្ឌូណេស៊ី អារ៉ាប៊ី សាអូឌីត ឬ​កាតា ដែល​ចង់​ទិញ ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី។ តាម​ប្រមុខការបរទេស​អាមេរិក លោក Jame Mattis បើអាមេរិក​ដាក់​ទណ្ឌកម្ម​ទៅ​លើ​សម្ព័ន្ធមិត្ត នោះ​គឺ​មិន​ខុសអី​ពី​រុញ​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ឲ្យ​ទៅធ្លាក់​ក្នុង​ដៃ​របស់​ប្រទេស​សត្រូវ ដូចជា​រុស្ស៊ី​នោះទេ។

ចិន ឥណ្ឌា តួកគី អារ៉ាប៊ី សាអូឌីត និង​កាតា​សុទ្ធតែ​ចង់​បាន​ប្រព័ន្ធ​ខែលមីស៊ីល រុស្ស៊ី S-400

ផលិត និង​ដាក់​លក់​ចាប់តាំង​ពី​ឆ្នាំ ២០០៧ ប្រព័ន្ធ​ខែល​មីស៊ីលរបស់​រុស្ស៊ី  S-400 ត្រូវ​បាន​គេ​ចាត់ទុក​ជាប្រព័ន្ធ​ការពារ​ដែនអាកាស ដ៏ទំនើប និង​ជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ពិភពលោក ក្នុង​ផ្នែក​ផលិតសព្វាវុធ។ អ្នកជំនាញខាង​សព្វាវុធ​អន្តរជាតិ​ជាច្រើន​វាយតម្លៃថា ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី មាន​កម្លាំង​ខ្លាំង​ជាង​ប្រព័ន្ធ​ខែល​មីស៊ីលរបស់​អាមេរិក THAAD ដែល​អាមេរិក​បាន​យក​ទៅដាក់ នៅ​កូរ៉េខាងត្បូង ឬ​នៅកោះ Guam ទៅ​ទៀត។

អ្នកជំនាញ​អាមេរិកវិញ យល់​ថា ប្រព័ន្ធ​ខែល​មីស៊ីល​របស់​រុស្ស៊ី គ្រោះថ្នាក់ និង​គំរាមកំហែង​ខ្លាំងណាស់​ដល់​កម្លាំង​ទ័ពអាកាស​អាមេរិក។ គេ​ហ៊ាន​និយាយ​ដូច្នេះ ព្រោះ​ថា ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី S-400 ដែល​មាន​បំពាក់​ជាមួយ​ដោយ​រ៉ាដា និង​មីស៊ីល​ជាច្រើន​ដើម អាច​ចាប់​បាន​សញ្ញា រាល់​វត្ថុ​ដែល​ហោះ​លើ​អាកាស ដូចជា​យន្តហោះ​ចម្បាំង​ដ៏ទំនើប​របស់​អាមេរិក F 35 ដល់​ទៅ ១០០​ក្នុង​ពេល​តែមួយ។ វា​អាច​បាញ់បំផ្លាញ គោលដៅ ដែល​ហោះ ក្នុង​រយៈចម្ងាយ ៤០០​គីឡូម៉ែត្រ និង​កំពស់​ពីដី ៣០គីឡូម៉ែត្រ ដល់​ទៅ ៦ ក្នុង​ពេល​តែមួយ៕

 

 

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ទៅ​អាមេរិក​ដើម្បី​ដើរ​ចេញ​ពី​ភាពឯកា

អ៊ុយក្រែន​នឹង​មាន​សភាថ្មី ក្មេងខ្ចី ដូច​ប្រធានាធិបតី ?

២០កក្កដា៖ ខួប​៥០ឆ្នាំនៃ​​ការបញ្ជូន​មនុស្សឱ្យ​​ទៅ​ចុះចត​លើឋាន​ព្រះចន្ទ

OMS ប្រកាស​កម្រិត​អាសន្ន​នៃ​ការ​​ឆ្លង​​មេរោគ​​អេបូឡា នៅ​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

សហភាពអឺរ៉ុប​ដាក់​ទណ្ឌកម្ម​តួកគីដែល​ចូល​ទៅ​ជីកខួង​បូមឧស្ម័ន​​នៅ​សមុទ្រ​ស្ហ៊ីប

បារាំង៖ បុណ្យជាតិ​១៤កក្កដា​២០១៩ ក្នុង​ន័យ​សហប្រតិបត្តិការ​កងទ័ព​អឺរ៉ុប

ទិន្នន័យ​ឯកជន​របស់អ្នកប្រើប្រាស់៖ ហ្វេសប៊ុក​ត្រូវ​ពិន័យ​ឲ្យ​បង់ប្រាក់ ៥ពាន់លាន​ដុល្លារ

បារាំង​សម្ពោធ​នាវាមុជទឹក​ទំនើបថ្មី ដែល​ស្ងាត់ខ្លាំង និងមាន​សមត្ថភាព​បាញ់មីស៊ីល​ចម្ងាយមធ្យម

អ៊ីរ៉ង់​រករឿង​ចង់​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស នៅ​ច្រក​សមុទ្ទ Ormuz

អ៊ីរ៉ង់-អាមេរិក៖ ទីប្រឹក្សា​កិច្ចការ​បរទេស​បារាំង​ទៅ​អ៊ីរ៉ង់ ដើម្បី​បើកផ្លូវ​សម្របសម្រួល

ក្រសួងការបរទេសអាមេរិក បើកភ្លើងខៀវ​លក់​សព្វាវុធ​ឲ្យតៃវ៉ាន់ ចំនួន​២២០០លាន​ដុល្លារ

Amnesty International៖ អាជ្ញាធរ​ហ្វីលីពីន កំពុង​ប្រហារ​ជីវិត​មនុស្ស​ក្រៅ​ផ្លូវច្បាប់ យ៉ាង​ចំហ

អ៊ីរ៉ង់បន្តប្រើអ៊ុយរ៉ាញ៉ូមជាអាវុធដើម្បីសងសឹកនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក

​ហេតុអ្វី​ធនាគារ​កណ្តាល​អាមេរិកឈឺក្បាល នៅពេលចំនួន​ការងារ​កើនឡើងខ្លាំង?

អ៊ីរ៉ង់ប្រាប់​អង់គ្លេសឲ្យ​​ដោះលែង​ កប៉ាល់ដឹកប្រេង​របស់ខ្លួន ជាប្រញាប់

អ៊ីរ៉ង់​ប្តេជ្ញាបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ថ្វីបើ​មាន​ការព្រមាន​ពី​អាមេរិក​

បារាំង និងអាល្លឺម៉ង់ជាប្រទេសទទួលបានតំណែងសំខាន់នៅក្នុងសហភាពអឺរ៉ុប

តើ​អ្វីជា​ជំហរ​របស់​ចិន នៅក្រោយ​បាតុកម្ម​ហិង្សា​របស់​បាតុករ​ហុងកុង ?

ហុងកុងប្រារព្ធខួប២២ឆ្នាំនៃការផ្ទេរដែនដីពីអង់គ្លេសមកឱ្យចិនវិញ យ៉ាងហិង្សា

លោក ត្រាំ ជាប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បំផុត​ដែល​បាន​ឆ្លង​ព្រំដែន ទៅ​កូរ៉េ​ខាង​ជើង