អានតួអត្ថបទ
ចិន-អាមេរិក

ចិន និង​អាមេរិក​កំពុង​បន្ត​បង្ហាញ​​សាច់ដុំ​ដាក់​គ្នា​នៅក្នុង​សមុទ្រចិន​ខាងត្បូង

នៅ​អាមេរិក អ្នក​ទទួល​ខុសត្រូវ US Navy បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី១ តុលា​ថា នាវាចម្បាំង​ចិន​បាន​បើក​សំដៅ​កៀក​ខ្លាំង​នឹង​នាវាពិឃាត​របស់​អាមេរិក​នៅ​ក្នុង​សមុទ្រចិនខាងត្បូង។ អ្នក​ទទួល​ខុសត្រូវ​អាមេរិក​រូប​នេះ​ដដែល​បាន​បន្ថែម​ថា ទង្វើ​ប្រកប​ដោយ​គ្រោះថ្នាក់​របស់​នាវាចម្បាំង​ចិន​នេះ​បាន​បង្ខំ​នាវាពិឃាត​អាមេរិក​ឲ្យ​ប្តូរ​ផ្លូវ​របស់​ខ្លួន។ ក្រសួង​ការពារជាតិ​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​តប​នៅ​ថ្ងៃ​អង្គារ ទី២ តុលា​ថា វត្តមាន​នាវាពិឃាត​អាមេរិក​នៅ​ក្បែរ​ទីប្រជុំកោះ Spratleys ជា​រំលោភ​លើ​អធិបតេយ្យ​របស់​ចិន។

នាវាពិឃាតអាមេរិក Destroyer USS Decatur
នាវាពិឃាតអាមេរិក Destroyer USS Decatur 网络照片
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​ចិន​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​បាន​ធ្វើ​ឡើង​ព្រម​គ្នា​ពី​ក្រសួង​ការពារជាតិ និង​ក្រសួង​ការបរទេស។ « ទង្វើ​របស់​អាមេរិក​បាន​គំរាមកំហែង​យ៉ាង​ខ្លាំង​លើ​អធិបតេយ្យ និង​សន្តិសុខ​របស់​ចិន ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​កងទ័ព​រវាង​ចិន និង​អាមេរិក រួម​ទាំង​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ » នេះ​ជា​សារ​របស់​ក្រសួង​ការពារជាតិ​ចិន។ ចំណែក​ក្រសួង​ការបរទេស​បាន​ស្នើ​អាមេរិក​ឲ្យ​បញ្ឈប់​បង្ក​រឿង​តាម​ទង្វើ​របៀប​នេះ​ជា​បន្ត​ទៀត។ ប្រតិកម្ម​របស់​ចិន​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អាមេរិក​បាន​បញ្ជូន​នាវាពិឃាត​របស់​ខ្លួន​ទៅ​កាន់​សមុទ្រចិន​ខាងត្បូង​ក្នុង​ថ្ងៃ​អាទិត្យ ទី៣០ កញ្ញា​ក្រោម​ហេតុផល​ថា « ប្រតិបត្តិការ​ដើម្បី​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍ »។

ជា​ការ​ឆ្លើយ​តប​វិញ ចិន​ក៏​បាន​បញ្ជូន​នាវាចម្បាំង​របស់​ខ្លួន​ទៅ​ក្បែរ​នាវាពិឃាត​របស់​អាមេរិក​ក្នុង​គោលដៅ​បណ្តេញ​ឲ្យ​ចាកចេញ​ពី​តំបន់​វិញ។ អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ម្នាក់​របស់ US Navy បាន​ថ្លែង​ថា នាវាចម្បាំងចិន​បាន​បរ​ចូល​កៀក​នឹង​នាវាពិឃាត​អាមេរិក​ក្នុង​ចម្ងាយ​ប្រមាណ​តែ ៤១ម៉ែត្រ​ប៉ុណ្ណោះ។ រូប​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ដដែល​បាន​បន្ថែម​ដោយ​ចាត់​ទុក​ទង្វើ​របស់​នាវចម្បាំង​ចិន​ថា មាន​លក្ខណៈបំពារបំពាន គ្រោះថ្នាក់ និង​គ្មាន​វិជ្ជាជីវៈ។ រឿងអាស្រូវ​ច្រំដែល​មួយ​នេះ​បាន​បង្ខំ​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក Jim Mattis ឲ្យ​លុបចោល​ទស្សនកិច្ច​នៅ​ចិន​ក្នុង​ខែ​តុលា​នេះ​ដើម្បី​ជជែក​ពី​បញ្ហា​សន្តិសុខ​ជាមួយ​សមភាគី​ចិន​លោក Wei Fenghe។

អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៅ​ក្រសួង​ការពារជាតិ​អាមេរិក​បាន​បញ្ជាក់​ថា ការ​លប់ចោល​ទស្សនកិច្ច​របស់​លោក Jim Mattis នៅ​ចិន​ក៏​ដោយសារ​តែ​សមភាគី​ចិន​លោក Wei Fenghe ជាប់​រវល់​មិន​ទាន់​អាច​ទទួល​ជួប​លោក Jim Mattis បាន។ អ្វី​ជា​ការ​កត់សម្គាល់ ការ​បន្ត​បង្ហាញ​សាច់ដុំ​ដាក់​គ្នា​រវាង​អាមេរិក និង​ចិន​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​ក្នុង​លោក​កំពុង​មាន​សង្រ្គាមពាណិជ្ជកម្ម​រវាង​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ