rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ណូបែល

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ជ័យលាភី​ណូបែល​វេជ្ជសាស្ត្រ​២០១៨ ជាអ្នកស្រាវជ្រាវ​ប្រឆាំង​នឹង​ជំងឺ​មហារីក

media
លោក​James P. Allison (ឆ្វេង) និង​លោក Tasuku Honjo ជ័យលាភី​ណូបែល​វេជ្ជសាស្ត្រ​ឆ្នាំ២០១៨ Reuters

លោក James P. Allison ជនជាតិ​អាមេរិកនិង​លោក​ Tasuku Honjo ជនជាតិ​ជប៉ុន ជា​ជ័យលាភី​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ ឆ្នាំ​២០១៨។ គណៈកម្មការ​ណូបែល​សម្រេច​លើក​ទឹកចិត្ត​អ្នកស្រាវ​ជ្រាវ​ទាំង​ពីរ ដែល​បាន​​​រកឃើញ​វិធី​សាស្ត្រ​ ព្យាបាល​ជំងឺ​មហារីកកំណាចៗ។ វិធីសាស្ត្រ​ព្យាបាល​នេះ ​មាន​ប្រើប្រាស់​ តាំង​ពី​ពី​រ​បី​ឆ្នាំ​មក និង​បាន​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ដោយ​មហារីក​ស្បែក​បាន​ពាក់កណ្តាល​ក្នុង​មួយ​ឆ្នាំ។


រង្វាន់​ណូបែល​វេជ្ជសាស្ត្រ​ឆ្នាំ​២០១៨ ត្រូវ​បា​នប្រគល់​ជូន​លោក​ James P. Allison ជនជាតិ​អាមេរិកនិង​លោក​ Tasuku Honjo ជនជាតិ​ជប៉ុន ចំពោះ​ស្នាដៃ​ស្រាវជ្រាវ ​បង្ហាញ​ឱ្យ​ឃើញ​ អំពីយុទ្ធសាស្ត្រផ្សេងៗ​នៃ​ការ​ព្យាបាល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក ដោយប្រើ​​​កោសិកាដែល​ស៊ាំនឹង​មេរោគ​​ -គោលិកាស។ ការព្យាបាល​ដៅឱ្យ​ចំ​​លើ​កោសិកាស៊ាំ ដើម្បី​ឱ្យ​កោសិកា​នោះ​ទៅ​បំពេញ​បេសកកម្ម​ ជាអ្នក​ការពារ​សរីរាង្គ ហើយ​ងាក​មក​​ប្រឆាំង​នឹង​កោសិកា​កាច​-ចម្លែក ពោល​គឺ​កោសិកា​មហារីក​វិញ។

ជ័យលាភី​ទាំងពីរ បាន​ធ្វើការ​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​ព្យាបាល​ថ្មី​នេះ ដាច់​ដោយឡែក​ពី​គ្នា ៖ កើត​នៅ​ឆ្នាំ​១៩៤៨ លោក James P. Allison ជាសាស្ត្រាចារ្យ​នៅ​​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក នៃ​សាកលវិទ្យាល័យ​តិចសាស់ សហរដ្ឋ​អាមេរិក បាន​សិក្សា​អំពី​ប្រូតេអ៊ីន ដែលមាន​​ដំណើរ​ការ​ដូច​ហ្វ្រាំង​​ទប់​ប្រព័ន្ធ​ការពារ​ខ្លួន។ នៅ​ពេល​បន្ធូរ​ហ្វ្រាំង និង​នៅ​ពេល​ព្រលែង​គោលិកា​ការពារ​ខ្លួន (គោលិកាស)​ វា​នឹង​ទៅ​ប្រឆាំងកោសិកា​មហារីក។

ចំណែក​លោក​ Tasuku Honjo ជា​ជនជាតិ​ជប៉ុន កើត​នៅ​ឆ្នាំ​១៩៤២ នៅក្យូតូ ​​ជា​សាស្ត្រាចារ្យនៅ​សាកលវិទ្យាល័យ​ក្យូតូ ​តាំង​ពី​ឆ្នាំ​១៩៨៤មក បាន​រក​ឃើញ​​ប្រូតេអ៊ីន​ទី​ពីរ មាន​សមត្ថភាពជា​ហ្វ្រាំង​ដែរ។

របកគំហើញ​របស់​អ្នក​ទាំង​ពីរ បាន​ជំរុញ​ឱ្យ​ការ​ព្យាបាល​ជំងឺ​មហារីក​ មាន​ភាព​ប្រសើរ​ជឿន​លឿន​ខ្លាំង​គួរឱ្យ​កត់​សម្គាល់ ជាពិសេស​ជំងឺ​មហារីក​សួត និង​មហារីក​ស្បែក​Mélanome។ ទីផ្សារ​ផលិត​ថ្នាំ​ព្យាបាល​ជំងឺមហារីក​ក៏​បាន​រីក​ធំ​ដល់​ប្រមាណ​១៥ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​នេះ។

អ្នក​​ទាំង​ពីរ​ ក៏​ធ្លាប់​បាន​ទទួលពាន​​រង្វាន់​ Tang (ណូបែល​អាស៊ី​) រួម​គ្នា​ម្តង​កាលពី​ឆ្នាំ​២០១៤។ ហើយ​នៅ​ឆ្នាំ​នេះ​ លោក​ទាំង​ពីរមាន​​​កិត្តិយស​ក្លាយ​ជា​ជ័យលាភី​ណូបែលវេជ្ជសាស្ត្រ​របស់​​ស៊ុយអ៊ែត ដ៏​មាន​កិត្យានុភាព​ទូទាំង​ពិភពលោក រួមគ្នាទៀត ជាមួយ​នឹង​ទឹក​ប្រាក់​ជា​រង្វាន់ ជិត​១លាន​អឺរ៉ូ​ចែក​ជា​ពីរ៕