អានតួអត្ថបទ
សហរដ្ឋអាមេរិក-ភូមា

អាមេរិក​ចោទកងទ័ព​ភូមា​ថា មាន​​​ផែនការ​ច្បាស់លាស់​ក្នុង​ការធ្វើទុក្ខបុកម្នេញ​ជនជាតិ​រ៉ូហ៊ីងយ៉ា

នៅក្នុង​របាយការណ៍​ចេញផ្សាយ​នៅថ្ងៃ​ចន្ទ​ម្សិលមិញ ក្រសួងការបរទេស​អាមេរិក​បាន​វាយតម្លៃថា អំពើហិង្សា និង​ការធ្វើទុក្ខបុកម្នេញ​របស់​កងទ័ព​ភូមា ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ានៅ​រដ្ឋរ៉ាឃីន ភាគខាងជើង​ភូមា ធ្វើឡើង​ដោយ​មាន​ផែនការគ្រោងទុកជាមុន និងមាន​ការសម្របសម្រួល​គ្នា ដោយ​ផ្ចិតផ្ចង់​បំផុត​។ ក្រុង​វ៉ាស៊ីនតោនបាន​ព្រមាន​រួចហើយថា ការសន្និដ្ឋាន​ណាមួយ របស់​ក្រសួងការបរទេស​អាមេរិក​ នឹង​អាច​ធ្វើ​ឲ្យ​មាន​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក។

ជនជាតិរ៉ូហ៊ីងយ៉ា​១០នាក់​ដែលត្រូវ​បានកងទ័ពភូមា​ចាប់ខ្លួន នៅ​ភូមិ Inn Din ថ្ងៃទី ២​កញ្ញា ២០១៧
ជនជាតិរ៉ូហ៊ីងយ៉ា​១០នាក់​ដែលត្រូវ​បានកងទ័ពភូមា​ចាប់ខ្លួន នៅ​ភូមិ Inn Din ថ្ងៃទី ២​កញ្ញា ២០១៧ ©TRIAL REUTERS
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក ​ត្រូវ​បាន​ចងក្រងឡើង ដោយ​ពឹងផ្អែក​លើ​សក្ខីកម្ម​របស់​​ជនជាតិ​រ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ដែល​បាន​រត់ភៀសខ្លួន​ពី​រដ្ឋរ៉ាឃីន ទៅ​រស់នៅក្នុង​​ជំរំភៀសខ្លួន​ក្នុងទឹកដី​បង់ក្លាដែស។ របាយការណ៍​កម្រាស ២០ទំព័រ បាន​បង្ហាញថា អំពើហិង្សា​ដ៏ធ្ងន់ធ្ងរ ទៅ​លើជនជាតិ​រ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាឃីន ត្រូវបាន​​ធ្វើឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ និង​ជាទូទៅ។ ទិសដៅ​គឺ​ដើម្បី បំភិតបំភ័យ និង​តាម​ប្រមាញ់ បណ្តេញ​ប្រជាជន​រ៉ូហ៊ីងយ៉ា។ តាម​អ្នកសរសេរ​របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក ការអនុវត្ត ហើយ​និង​វិសាលភាព​​នៃ​ប្រតិបត្តិការ​របស់​ក្រុម​យោធា​ភូមា បាន​បង្ហាញ​ដែរថា អំពើហិង្សា ហើយ​និង​ការធ្វើទុក្ខបុកម្នេញ​ទៅលើ​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា ធ្វើឡើង​ដោយ​មាន​ការរៀបចំ​ផែនការទុកជាមុន និង​​យ៉ាងច្បាស់លាស់។

នៅក្នុង​របាយការណ៍​​ ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​រួចរស់​មានជីវិត ​ដែល​គេ​បាន​ជួបសម្ភាសន៍​ បាន​លើកនិយាយ​ពី​ការសម្លាប់​ទារក កុមារតូចៗ ការប្រហារជីវិត​ដោយ​ព្រៃផ្សៃ ការកប់សម្លាប់មនុស្សទាំងរស់ ហើយ​និង​ការចាប់រំលោភ​ផ្លូវភេទ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជាទូទៅ មិនថា នៅ​កន្លែង​សាធារណៈ។

នៅក្នុង​របាយការណ៍ ដែល​ចេញផ្សាយ​ដោយ​ស្ងាត់ នៅលើវិបសៃតិ៍​របស់​ក្រសួង​ការបរទេស​អាមេរិក គេ​មិន​បាន​ប្រើពាក្យ ប្រល័យពូជសាសន៍ លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ឬ​ពាក្យ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិនោះទេ។ សម្រាប់​ក្រសួងការបរទេស​អាមេរិក គោលដៅ​នៃ​ របាយការណ៍​ មិនមែន​ដើម្បី​កំណត់ថា ការធ្វើទុក្ខបុកម្នេញ​ទៅលើ​ជនជាតិភាគតិច​​រ៉ូហ៊ីងយ៉ា គឺជា​អំពើប្រល័យពូជសាសន៍នោះទេ។ គោលដៅ​របស់​របាយការណ៍អាមេរិក គឺ​ដើម្បី​ស្រង់បទល្មើស​ជាក់ស្តែង​របស់​ឧក្រិដ្ឋជន ដែល​ត្រូវប្រឈម​នឹង​ការជំនុំជម្រះ​នៅ​តុលាការ។ តាម​អ្នកនិពន្ធ​របាយការណ៍ គឺ​រដ្ឋមន្រ្តី​ក្រសួងការបរទេស​អាមេរិក លោក​Mike Pompeo ដែល​ជាអ្នកសម្រេច​ថា តើគួរ​មាន​​ចំណាត់​ការផ្លូវច្បាប់​ នៅក្នុង​​សំណុំរឿងជនជាតិ​រ៉ូហ៊ីងយ៉ា​ដែរឬទេ។​

របាយការណ៍​របស់​ក្រសួងការបទេស​ស្តីពី​ជនជាតិ​រ៉ូហ៊ីងយ៉ាត្រូវ​បាន​ចេញផ្សាយ នៅ​មួយខែ​ក្រោយ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ដែលនៅក្នុងនោះ គេ​បានចោទប្រកាន់​កងទ័ព​ភូមា ថាមាន​ចេតនា​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍​ប្រឆាំង​ជនភាគតិច​រ៉ូហ៊ីងយ៉ា។ អង្គការ​សហប្រជាជាតិ​បាន​ទាមទារឲ្យ​មានការជំនុំជម្រះ ​មេទ័ព និង​មេបញ្ជាការ​កងទ័ព​ភូមា​៥រូប នៅ​តុលាការ​អន្តរជាតិ។ អាមេរិក​វិញ រហូតមកដល់​ពេលនេះ បាន​ត្រឹម​លើកឡើង​ពីការបោសសម្អាត​ជាតិពិន្ធុប៉ុណ្ណោះ ប៉ុន្តែ មិនបាន​ប្រើពាក្យ​ប្រល័យពូជសាសន៍​នោះទេ។ នៅក្នុង​សំណុំរឿង​រ៉ូហ៊ីងយ៉ា រដ្ឋបាល​អាមេរិក​កំពុង​ពិចារណាថ្លឹងថ្លែង​ណាស់ ព្រោះថា ការប្រើពាក្យ​​ប្រល័យពូជសាសន៍​ នឹង​អាចធ្វើ​ឲ្យ​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ប្រឆាំង​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ