អានតួអត្ថបទ
ហុងកុង

អាជ្ញាធរ​ហុងកុង​​បិទ​​​គណបក្ស​​​មួយ​ដែល​មាន​និន្នាការ​​​ឯករាជ្យ​និយម​

អាជ្ញាធរ​​ហុងកុង​ ទើប​​នឹង​សម្រេច​បិទ​​គណបក្ស​មួយ ឈ្មោះ​ថា គណបក្ស​​​ជាតិ​ហុងកុង ​នៅ​​ថ្ងៃ​​ចន្ទ​​ម្សិលមិញ​។​​ គណបក្ស​ជាតិ​​ដែល​​ធ្វើ​​សកម្មភាព​​ដើម្បី​​​​ឯករាជ្យ​​នៅ​​ក្នុង​​ដែន​ដី​​ហុងកុង​ -ហុងកុង​​​ដែល​​ជា​​អតីត​​អាណានិគម​របស់​​អង់គ្លេស។​ ការ​​បិទ​​​​គណបក្ស​​​ជាតិ​​​នេះ​ ក៏​​​​ជា​​លើក​​ទី​មួយ​ដែរ​ ចាប់តាំងពី​​​ហុងកុង​ បាន​​ក្លាយ​​ជា​​ដែនដី​​​របស់​​ចិន​​វិញ​​នៅ​​ក្នុង​​ឆ្នាំ​ ១៩៩៧​មក​​ ។​

ប៉ូលីស​ចិន​ឈរយាម​ការពារ​នៅ​ក្នុង​​ហុងកុង
ប៉ូលីស​ចិន​ឈរយាម​ការពារ​នៅ​ក្នុង​​ហុងកុង REUTERS/Tyrone Si
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ជាតិ​​​​​ហុងកុង (HKNP) ដែល​មាន​​សមាជិក​​សកម្ម​ចំនួន​​​តែ​ជាង១០​នាក់​នោះ ​​ជា​គណបក្ស​ដ៏​តូច​មួយ​ ​បើ​យោង​​ទៅ​លើ​​ចំនួន​​សមាជិក​​របស់​​ខ្លួន​​ ក៏ប៉ុន្តែ បក្ស​នេះ បាន​​ធ្វើ​អោយ​មតិ​មហាជន មាន​ការ​ចាប់​អារម្មណ៍​មិន​តិច​ទេ​​​មក​លើ​​គណបក្ស​​​ខ្លួន​ ជាអាទិ័​​នៅ​​លើ​​ជំហរ​​ដាច់​ខាត​​​នៅ​​ក្នុង​​សុន្ទរកថា​​របស់​គណ​បក្ស​​នេះ។​​

កាលពី​ខែ​​កក្កដា​​មុន ប៉ូលីស​​នៅ​​ហុងកុង បាន​ទាមទារ​អោយ​​​បិទ​​​គណបក្ស​ជាតិ​នេះ ដែល​​ជា​​វិធានការ​​លើក​លើក​ដំបូង​​បង្អស់​មួយ​​ដែរ​​ចាប់តាំង​ពី​​ហុងកុង ​បាន​​វិល​ត្រឡប់​​មកនៅ​​ក្រោម​​​​ការ​​​​​​​គ្រប់គ្រង​​​របស់​​ចិន​​វិញ​នៅ​ក្នុង​​​ឆ្នាំ ​១៩៩៧។  ការ​ទាមទារ​​​របស់​​​ប៉ូលីស​​ហុងកុង​​​ក្នុង​ការ​បិទទ្វារ​​​គណបក្ស​​ជាតិហុងកុង​​​នេះ ​បានជំរុញ​​​ឲ្យ​​មាន​​ការរិះ​គន់​​ទិតៀន​​​យ៉ាង​​ខ្លាំងក្លា​​ពី​​សំណាក់​​អង្គការ​​ការពារ​​សិទ្ធិ​​មនុស្ស​​ រួម​ទាំង​​ក្រសួង​​ការបរទេស​របស់​​ប្រទេស​​អង់គ្លេស​​ផងដែរ​​​ដែល​​បាន​ទាមទារ​​ឲ្យ​​មាន​​ការ​គោរព​​សិទ្ធិ​​សេរីភាព​​នៅ​​ក្នុង​​ការ​​បញ្ចេញ​​មតិ​​នៅ​​ហុងកុង​។​

កាលពី​ថ្ងៃ​​ចន្ទ​ម្សិលមិញ ​អាជ្ញាធរ​ហុងកុង ​ក៏​​បាន​ជូន​ដំណឹង​ដែរ​​អំពី​ការ​​យល់ព្រម​​របស់​ខ្លួន​ ចំពោះ​សេចក្តី​ស្នើ​​របស់​​ប៉ូលីស​​ហុងកុង​​​នៅ​ក្នុង​​ការ​បិទ​​គណបក្ស​ជាតិ​​ ដោយ​​យោង​​​ទៅ​​លើ​​ច្បាប់​​មួយ​​ដែល​​អនុញ្ញាត​ដល់​​ការ​បិទ​​បញ្ចប់​​សកម្មភាព​​របស់​​​សមាគម​​ខ្លះៗ ​នៅ​ហុងកុង​ ក្នុង​ហេតុផល​​​ដើម្បី​​ការពារ​សន្តិសុខ​ជាតិ​​ឬ​​ក៏​​សណ្តាប់ធ្នាប់​​សាធារណៈ។​

លោក John Lee ដែល​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​សន្តិសុខនៅហុងកុង បាន​ថ្លែង​ថា គណបក្ស​​ជាតិ​​ មាន​គោលដៅ​​ដ៏​​ច្បាស់លាស់​​​មួយ ​គឺ​​ចង់​​​ធ្វើ​​ឲ្យ​​ហុងកុង​ ក្លាយ​​ទៅ​​ជា​​សាធារណៈរដ្ឋ​ឯករាជ្យ​​មួយ​ ​ដែល​​ផ្ទុយ​​​នឹង​​​រដ្ឋធម្មនុញ្ញ​​របស់​​ហុងកុង។

​នៅ​ក្នុង​ការ​បិទ​គណបក្ស​ជាតិ​នៅ​ហុងកុង​នេះ  អង្គការ​សិទ្ធ​មនុស្ស​ Human Rights Watch បាន​វិនិច្ឆ័យ​ថា ជាវិធានការ​​​របស់ទីក្រុង​​ប៉េកាំង​​និង​​រដ្ឋាភិបាល​​​​ហុងកុង​នៅ​​​ក្នុង​​ការ​​បំបិទ​​​សិទ្ធិ​សេរីភាព​​របស់​​ប្រជាជន​​​​ហុងកុង ។  មិនតែប៉ុណ្ណោះ អង្គការ​ Human Rights Watch ថែមទាំង​ បាន​​រិះគន់​ផងដែរ​​ទៅ​​លើរូប​​​លោក John Lee រដ្ឋមន្ត្រី​​ទទួល​បន្ទុក​​ផ្នែក​សន្តិសុខនៅហុងកុង​ ថា​ការ​បិទទ្វារ​​​​​​​​គណបក្ស​​ជាតិ​​នៅ​​ហុងកុង​នេះ គឺ​ជា​ការ​ពុំសមហេតុសមផល​ឡើយ ​ដោយហេតុថា គណបក្ស​​មួយ​នេះ ពុំដែល​​បាន​​បង្ក​​នូវ​​អំពើ​ហិង្សា​​ឬ​​ក៏​​បង្ក​​ជា​​គ្រោះថ្នាក់​​ណាមួ​យ​​ឡើយ​​នៅ​​ក្នុងសង្គម​​ហុងកុង​ ​រហូត​មក​ទល់​ពេល​នេះ។ ​ចំពោះ Human Rights Watch ​ការ​បិទទ្វារ​​គណបក្ស​​ជាតិ​នៅហុងកុង​​នេះ ក៏ អាច​នឹង​​ជំរុញ​​ឲ្យ​​មាន​​ការ​ហាម​ឃាត់​​​គណបក្ស​​នយោបាយ​​នានា​​ផ្សេងៗ​​ទៀត​ដែរ​​​នៅ​​​ក្នុង​​ទឹកដី​​ហុងកុង​៕​​​​​​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ