អានតួអត្ថបទ

ហុងកុងបើកស្ថានីយ៍ថ្មី​ភ្ជាប់​ខ្សែ​រថភ្លើង​ទៅមក​ក្រុងប៉េកាំង

នៅ​ថ្ងៃអាទិត្យ​ទី ២៣​កញ្ញា​នេះ ហុងកុងបាន​បើក​ស្ថានីយ៍អយស្ម័យយាន​ថ្មី ឈ្មោះ​ថា West Kowloon ។ ជា​ស្ថានីយ៍​ដ៏​ធំ​ ដែល​មាន​កម្មវត្ថុ​បើក​ទូលាយ​ចរន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែក ឱ្យ​កាន់​តែ​រលូន តភ្ជាប់​​កោះហុងកុង​ ជា​អតីតដែនដី​​ក្រោម​អាណានិគម​អង់គ្លេស ទៅរដ្ឋធានី​ប៉េកាំង​ តាម​រយៈ​រថភ្លើង​ល្បឿន​លឿនខ្សែ​ថ្មី ក្នុងរយៈ​​ពេល​តែ​២ម៉ោង។​

រថភ្លើង​ល្បឿន​លឿន​មក​ពី​ប៉េកាំង​ចូល​ដល់​ស្ថានីយ៍ហុងកុង​
រថភ្លើង​ល្បឿន​លឿន​មក​ពី​ប៉េកាំង​ចូល​ដល់​ស្ថានីយ៍ហុងកុង​ © Reuters
ផ្សាយពាណិជ្ជកម្ម

រថភ្លើងចេញ​​​ពី​ក្រុង​ប៉េកាំង​បាន​មក​ដល់ ! រថភ្លើង​ទីមួយ​​ក៏​បាន​ចាក​ចេញ​ពី​ហុងកុង​សំដៅ​ចិន​ដី​គោក​ដែរ នៅ​ថ្ងៃ​អាទិត្យនេះពី​ស្ថានីយ៍ West Kowloon ដ៏​ធំ​ទូលាយ ដ៏​មហាទំនើប ដែល​មាន​សមត្ថភាព​​ទទួល​អ្នក​ដំណើ​រ​បាន​ដល់​២សែន​នាក់​ក្នុង​មួយ​ថ្ងៃ។

ជា​គម្រោង​សាងសង់​​ដែល​ផ្តួច​ផ្តើម​ឡើង​តាំង​ពី​ឆ្នាំ​២០០៨ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ​៤ពាន់​លាន​​អឺរ៉ូ។ អ្នក​ដំណើរ​ដំបូងៗ​បានសម្តែង​ការ​រីករាយ ចំពោះ​ខ្សែរថភ្លើង​ថ្មី ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​ ផ្លាស់​ទី​ពី​ក្រុង​ដែន​កោះ ទៅ​​ដែនដី​គោក​ក្នុង​រយៈ​ពេល​តែ​ពីរ​ម៉ោង​ ទល់​នឹង​បីកន្លះ បើ​ប្រៀប​ទៅនឹង​មធ្យោបាយ​ចាស់។

ប៉ុន្តែ​គម្រោង​នេះ​ មាន​ភាព​ចម្រូងចម្រាស​ខ្លាំង នៅ​ពេល​ចាប់​ដំណើរ​ការ​ដោយ​ការ​បញ្ឈរ​ការិយាល័យ​ត្រួតពិនិត្យ​ពន្ធគយ និង​ព្រំដែន​ នៅ​ប្រមាណ​ពីរ​បី​ម៉ែត្រ​ពី​ស្ថានីយ៍ ដែល​បង្ក​បង្កើត​ឱ្យមាន​គំនិត​គិត​ដល់​ការ​វាត​ទី​ដី។ ពីព្រោះ​រដ្ឋាភិបាល​ហុងកុង​ សុខ​ចិត្ត​ចែក​រំលែក​ទីស្នាក់ការ​របស់​ខ្លួន កណ្តាល​ក្រុង​ ទៅ​ឱ្យ​អាជ្ញាធរ​ចិន​គ្រប់គ្រង​​ជា​តំបន់​ពិសេស​ ស្ថិត​ក្រោម​អធិបតេយ្យភាព​ប៉េកាំង​។ ភ្នាក់ងារ​សន្តិសុខ​ចិន ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​តំបន់​ពិសេស​​នៃ​ស្ថានីយ៍​។

សម្រាប់​បក្ស​ប្រឆាំង​និង​អ្នក​វិភាគ​ នេះ​ជា​ចំណែក​មួយ​នៃ​​យុទ្ធសាស្ត្រ​នយោបាយ​ដ៏​ស្មុគស្មាញ​របស់​ចិន ដែល​ចង់​ត្រួតត្រា​ និង​កំរិត​សេរីភាពហុងកុង ​ ​តាម​រយៈ​រដ្ឋាភិបាល​ហុងកុង​ដែល​គាំទ្រ​ប៉េកាំង ឬ​ដោយ​ផ្ទាល់​តែ​ម្តង។ តាំង​ពី​ឆ្នាំ​មុន​មក​ គេ​ចិន​សម្រុក​ខ្លាំង​គួរ​ឱ្យ​ព្រួយ​បារម្ភ​​ ខ្លាច​តែ​ទម្រង់​​​កិច្ចព្រមព្រៀងចិន-អង់គ្លេស ​​ ​“ប្រទេស​មួយ​ប្រព័ន្ធ​ដឹកនាំ​ពីរ”​ មិន​អាច​ធន់​បាន​យូរ។

ចេញ​ផុតពី​អាណានិគម​អង់គ្លេស​នៅ​ឆ្នាំ​១៩៩៧ ​ហុងកុង​​បាន​ប្រគល់​មក​ឱ្យ​​ចិន​ តែ​រក្សា​ប្រព័ន្ធ​ដឹកនាំ និង​ច្បាប់​​ដាច់​ដោយ​ឡែក ខុស​ពី​ចិន​ដី​គោក។ ប៉ុន្តែ​ជាមួយ​នឹង​ការ​បង្កើត​ស្ថានីយ៍​រថភ្លើង​ថ្មី​ អ្នក​វិភាគ​យល់​ថា​ ការ​សាកល្បង​បិទ​ខ្ទប់​សេរីភាព​ អាច​នឹង​មាន​ឥទ្ធិពល​កាន់​ច្បាស់ ជាពិសេស​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ព្រោះ​ដោយ​ជាក់​ស្តែង​ កាសែត និង​សៀវភៅ​ដែល​ដាក់លក់​នៅ​ក្នុង​ស្ថានីយ៍​ មាន​កំរិត​មិន​ដូច​នៅកន្លែង​​នៃ​ហុងកុង​ឡើយ។

បើ​តាម​​​ភ្នាក់ងារ​សារព័ត៌មាន​បារាំង ដែល​មាន​វត្តមាន​នៅ​ស្ថានីយ៍​រថភ្លើង​នា​ថ្ងៃ​អាទិត្យ​នេះ គេ​អាច​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធ័រនែត ប្រព័ន្ធ​សង្គម​ដែល​ហាមឃាត់​នៅ​ចិន​បាន​។ ​តើ​សេរីភាព​នេះ​នឹងត្រូវ​បាន​រក្សា​​ជា​និរន្តរ៍​ទៅ​ឬយ៉ាង​ណា​ ?!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ