អានតួអត្ថបទ

ឥណ្ឌូណេស៊ី ចាប់បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតីឥណ្ឌូណេស៊ី ​ ត្រូវ​ចាប់​ផ្តើម​ ចាប់​ពី​ថ្ងៃអាទិត្យ​ទី ២៣​កញ្ញា​ទៅ។ បេក្ខជន​ដែល​ចូល​​ប្រកួត​ប្រជែង​គ្នា​ នៅ​ថ្ងៃ​ទី ១៧ មេសា​២០១៩ យក​តំណែង​ជា​ប្រមុខ​ដឹកនាំ​​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ធំ​លំដាប់​ទីបី​ពិភពលោក គឺ​លោក Joko Widodo ប្រធានាធិបតី​ផុត​អាណត្តិ និង​លោក Prabowo Subianto អតីត​ឧត្តមសេនីយ៍​សម័យ​ស៊ូហាតូ។ ​យុទ្ធ​នាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​ដែល​ពលរដ្ឋ​​កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​សុខភាព​សេដ្ឋកិច្ច​ជាតិ។

លោក Joko Widodo និង​Ma'ruf Amin (ខាងស្តាំ) ជជែក​ជាមួយ​គូប្រជែង​លោក Prabowo Subianto និងលោក Sandiaga Uno ក្នុង​ពិធី​ប្រកាស​បេក្ខភាព​ប្រធានាធិបតី
លោក Joko Widodo និង​Ma'ruf Amin (ខាងស្តាំ) ជជែក​ជាមួយ​គូប្រជែង​លោក Prabowo Subianto និងលោក Sandiaga Uno ក្នុង​ពិធី​ប្រកាស​បេក្ខភាព​ប្រធានាធិបតី © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ទី ១៧ មេសា ឥណ្ឌូណេស៊ី​មាន​រៀប​ចំការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ផង សភាជាតិ​ផង និង​សភា​តំបន់​ផង ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រជាពល​រដ្ឋ​ប្រមាណ​ជាង ១៨៦​លាន​នាក់។ យុទ្ធនាកា​រឃោសនា ដែល​ចាប់​ផ្តើម​ នៅ​ថ្ងៃអាទិត្យ​នេះ ផ្តោត​ជា​សំខាន់​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច វិសមភាព​សង្គម អត្តសញ្ញាណជាតិ និង​ការ​ស្ទុះ​ឡើង​នៃ​ភាព​មិន​អនុគ្រោះ​គ្នា នៅ​ក្នុង​ប្រទេសអ៊ីស្លាម​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​​ដែល​មាន​ប្រជាជន​សរុប​ជាង​២៦០​លាន​នាក់។

បើ​ការ​ស្ទង់​មតិ ប្រធានាធិបតី​ផុត​អាណត្តិ​ នៅ​តែ​មាន​ប្រជាប្រិយភាព​​ខ្ពស់ រហូត​មាន​រហ័សនាមថាលោក Jokowi ​ នាំ​មុខ​ខ្លាំង ជាមួយ​ស្ទីល​ដឹកនាំ​ស្និទ្ធ​នឹង​ប្រជាពលរដ្ឋ​ លើក​ស្ទួយ​ហេដ្ឋារចនា​សម្ព័ន្ធ ដោយមាន​ពលរដ្ឋ​ចង់​បោះឆ្នោត​ឱ្យ​ដល់​ទៅ ៥២%​ទល់​នឹង​៣០%​សម្រាប់​គូប្រជែង។ ប៉ុន្តែ​បេក្ខជន​ប្រធានាធិបតីផុត​អាណត្តិ​​រូប​នេះ ត្រូវ​ប្រឹង​ធ្វើ​យុទ្ធនាការ​ជំនះ​ឧបសគ្គ​ថ្មីៗ​ជា​ច្រើន​ដូចត្រូវ​ប្រឈម​ ការ​បំប៉ោង​បង្វិល​មតិ​សាធារណៈ​តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​មិន​ពិត (Fake News) តាម​ប្រព័ន្ធ​សង្គម -ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច ប្រាក់​រូពី​រូបិយបណ្ណ​ជាតិ​ធ្លាក់​ខ្លាំង​មិន​ធ្លាប់​គិត​ចាប់​តាំង​ពី​២០​ឆ្នាំ​មក ជា​ដើម​។ល។

​ជម្រើស​យកលោក Ma’ruf Amin ប្រមុខ​សាសនា​​​អ៊ីស្លាម ជា​អ្នក​អភិរក្ស​​និយម​មក​ធ្វើ​ជាអនុប្រធានាធិបតី​សម្រាប់​អាណត្តិ​ថ្មី អាច​ជា​យុទ្ធ​សាស្ត្រ​មួយ​របស់​លោកJoko Widodoសម្រាប់​ទាក់ទាញ​ម្ចាស់​ឆ្នោត​ជា​អ្នក​អភិរក្ស​ខ្លាំង តែ​អាច​ធ្វើ​ឱ្យ​អ្នក​ជឿនលឿន​កើត​រោគ​សង្ស័យ។

បេក្ខជន​ទាំង​ពីរ​ត្រូវ​ប្រកួត​ប្រជែង​​នឹង​លោក Prabowo Subianto ដែល​បាន​ជ្រើសរើស​អតីត​អភិបាល​រង​ក្រុង​ហ្សាការតា​ លោក​មហាសេដ្ឋី​ Sandiaga Uno ជា​បេក្ខជន​អនុប្រធានាធិបតី​។​ លោក Prabowo Subianto ធ្លាប់​ចាញ់​ឆ្នោត​ប្រធានាធិបតី​​កាលពី​ឆ្នាំ​២០១៤ ទល់​នឹង​លោក​វីដូដូនេះ​ផ្ទាល់ និង​ធ្លាប់​មានប្រវត្តិ​ជា​ឧត្តមសេនីយ៍​ក្នុ​ងសម័យដឹកនាំ​របស់​​លោក​ស៊ូហាតូ។ ក្រោយ​របប​ផ្តាច់ការ​បាន​ដួល​រលំ​ទៅ​ លោក Subianto បាន​ទទួល​ស្គាល់​ទំនួល​ខុស​ត្រូវក្នុង​ចាប់​សកម្មជន​ប្រជាធិបតេយ្យ ​តែ​មិន​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​ទេ។ ក៏​ប៉ុន្តែ​គូប្រជែង​នេះ អាចប្រើ​បញ្ហា​សេដ្ឋកិច្ច​ វិបត្តិ​ប្រាក់​បំណុល​ និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​មក​ឃោសនាវាយ​បក​លើ​​លោក​Jokowi​បាន។

យុទ្ធនាកា​រ​ឃោសនា​នឹង​ប្រឈម​គ្នា​ខ្លាំង ព្រោះការ​​បន្លំ​ព័ត៌មានស្ទុះ​​កើនខ្លាំង​តាំង​ពី​មុន​បើយុទ្ធនាការ​ជា​ផ្លូវការ​។ ការ​វាយប្រហារ​តាម​ប្រព័ន្ធ​សង្គម​ មា​ន​ឥទ្ធិពល​ខ្លាំង​ជាង​ការ​បោះឆ្នោត​មុខៗ​ឆ្ងាយ​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ