អានតួអត្ថបទ
ភូមា​

ភូមា៖ ​​​​​​ជាប់​​គុក​​៧​​ឆ្នាំ​ដោយសារ​តែ​បាន​រិះគន់​លោកស្រី​​ អ៊ុង សានស៊ូជី​នៅ​លើ​​ Facebook​

នៅ​ភូមា អតីត​អ្នក​ធ្វើ​បទ​អត្ថាធិប្បាយ​នយោបាយ​មួយ​រូប​នៅ​លើ​កាសែតផ្លូវការ​ភូមា​មួយ​​​​​ដែល​​​ស្និទ្ធ​​នឹង​​របប​សឹក​​ ទើប​ត្រូវ​​បាន​​តុលាការ​​ភូមា​​ផ្តន្ទាទោស​​ដាក់​​​គុក​​ចំនួន​ ​៧​ឆ្នាំ​​ពី​បទ​​បាន​​​រិះគន់​ជ្រុលពេក​ទៅ​​លើ​ប្រមុខ​ដឹកនាំ​ភូមា លោកស្រី អ៊ុងសាន ស៊ូជី ​នៅ ​លើ​ ប្រព័ន្ធ សង្គម Facebook។ លោកស្រី​​ស៊ូជី ​ដែល​ កំពុងស្ថិត​​​​នៅ​តែល​តោល​ឯកា​​លើ​ឆាក​អន្តរជាតិ​ ​ចាប់​តាំង ​ពី​​ផ្ទុះ​វិបត្តិ​​​រ៉ូហ៊ីងយ៉ា​មក​។

លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi )​នៅពេលរង់ចាំ​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតីវៀតណាម​លោក Tran Dai Quang ​នៅ​អំឡុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅហាណូយ​​​នា​ថ្ងៃ​ទី​ ១៣ ខែកញ្ញាឆ្នាំ ២០១៨ ​
លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi )​នៅពេលរង់ចាំ​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតីវៀតណាម​លោក Tran Dai Quang ​នៅ​អំឡុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅហាណូយ​​​នា​ថ្ងៃ​ទី​ ១៣ ខែកញ្ញាឆ្នាំ ២០១៨ ​ REUTERS/Kham/Pool/File Photo
ផ្សាយពាណិជ្ជកម្ម

យោង​តាម​អ្នកនាំ​ពាក្យ​ម្នាក់​របស់​តុលាការ​ភូមា ដែល​បាន​ថ្លែង​ប្រាប់​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​​បារាំង AFP  លោក Ngar Min Swe ដែល​ជា​អតីត​អ្នក​ធ្វើ​បទ​អត្ថាធិប្បាយ​​​​នយោបាយ​​​ សម្រាប់​កាសែត​ផ្លូវការ​ភូមា​ឈ្មោះ Global New  Light of Myanmar ទើប​បាន​ទទួល​ស្គាល់​ទោស​របស់​​ខ្លួន​នៅ​​ថ្ងៃ​អង្គារ​ ពី​​បទ​បាន​សរសេរ​រិះគន់​ជ្រុលពេក​​​​​នៅ​លើ​ប្រព័ន្ធ​សង្គម Facebook ប្រឆាំង​ទៅ​លើ​លោកស្រី​អ៊ុងសានស៊ូជី​ ដែល​ជា​ទីប្រឹក្សា​រដ្ឋ ​និង​ក៏​ធ្វើ​ឲ្យ​ប្រជាជន​ភូមា មាន​ការ​យល់​ខុស​ទៅ​លើ​រូប​លោកស្រី ស៊ូជី​ផង​ដែរ​​។​

សូមបញ្ជាក់ថា អ្នក​ធ្វើ​អត្ថាធិប្បាយ​នៅ​លើ​កាសែត​ផ្លូវការ​ភូមា​ខាង​លើ​នេះ នា​ជំនាន់​របប​សឹក ត្រូវ​បាន​គេ​ស្គាល់​ជា​យូរ​ឆ្នាំ​មក​ហើយ​ នៅ​លើ​ជំហររបស់គាត់​ក្នុងការ​ប្រឆាំង​​ទល់នឹង​លោកស្រី​អ៊ុងសាន់​ស៊ូ ជី ​ដែល នា​​ជំនាន់​នោះ​ជា​អតីត​អ្នក​ប្រឆាំង​ភូមា​ដ៏​ល្បីល្បាញ​មួយ​រូប​​នៅ​ក្នុង​ប្រទេស។​

នាជំនាន់នោះ ​លោក Ngar Min Swe បាន​ធ្វើកា​រិះគន់​យ៉ាង​ខ្លាំងក្លា​នៅ​លើ​​ប្រព័ន្ធសង្គម​ហេ្វសប៊ុក​ប្រឆាំង​នឹងលោកស្រី​ស៊ូជី ​នៅ​ពេល​​ដែល​លោកស្រី​ស៊ូជី បាន​ឱបប្រធានាធិបតី​អាមេរិក​ដែល​ជំនាន់​នោះ ​គឺ​លោក​បារ៉ាក់ អូបាម៉ា ​នៅ​នា​​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​​ភូមា​នា​​ឆ្នាំ ២០១៤។ ការ​ឱបរឹត​សម្តែង​ការ​​គួរសម​​ចំពោះ​ លោក​អូបាម៉ា​​​ពីសំណាក់​​លោកស្រី​ស៊ូជី តាម​បែប​លោក​ខាង​លិច​នេះ ត្រូវ​បាន​អ្នក​ធ្វើ​បទអត្ថាធិប្បាយ​នយោបាយភូមា​​នៅ​ជំនាន់នោះ​ ធ្វើការ​បរិហារយ៉ាងចាស់ដៃ ​ថា​ជា​ "ការ​ប្រព្រឹត្ត​ដ៏​ខុស​ឆ្គង​មួយ​​គន្លង​​ប្រពៃណី​និង​វប្បធម៌របស់​​ភូមា។ ភូមា​ដែល​ជា​ប្រទេស​អាស៊ី​អភិរក្ស​និយម​​មួយ​​ដែល​​ប្រកាន់​ទំនៀម​ទំលាប់​ប្រពៃណីរបស់​​ខ្លួន​ដ៏​ខ្ជាប់ខ្ជួន​និង​ម៉ឺងម៉ាត់​​។

យ៉ាងណាមិញ ការ​ទិតៀន​រិះគន់​នានា​ទៅ​លើ​រួប​លោកស្រី អ៊ុងស៊ាន ស៊ូជី​នោះ ក៏​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ខណៈ​ដែល​ប្រមុខ​ដឹកនាំ​ភូមា​រូប​នេះ កំពុង​​ប្រឈម​មុខ​នឹង​​វិបត្តិ​រ៉ូហ៊ីងយ៉ា​ដែល​អ.ស.ប. បាន​​បរិហារ​ថា​​ជា​អំពើ​ប្រល័យ​ពូជសាសន៍មួយ​​ដែល​បង្ក​ឡើង​ដោយ​កងទ័ព​ភូមា​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ