rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

លោកដូណាល់ ត្រាំ ដំឡើងពន្ធ​១០ភាគរយ លើ​ពាក់កណ្តាល​នៃ​ទំនិញចិន នាំចូល​អាមេរិក

ដោយ ឈាង បុប្ផា

ចិន និង​អាមេរិក​កំពុង​ផុង​លង់ខ្លួន​កាន់តែ​ជ្រៅ​ទៅក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​នឹង​គ្នា។ នៅថ្ងៃ​ចន្ទម្សិលមិញ អាមេរិក​បាន​ប្រកាស​ដាក់​ពន្ធ​បន្ថែម ១០%​លើ​ទំនិញចិន នាំចូល​អាមេរិក ដែល​មាន​ទំហំទឹកប្រាក់ ២០០​ពាន់​លាន​ដុល្លារ។ ចិន វិញ តាមរយៈ​ក្រសួងសេដ្ឋកិច្ច នៅថ្ងៃ​អង្គារ​នេះ​បាន​ប្រកាស​ហើយថា នឹង​ចាត់​វិធានការតប​វិញ​ប្រឆាំង​ក្រុងវ៉ាស៊ីនតោន។ តើចិន​នឹង​អាច​ដំឡើង​ពន្ធធ្ងន់ លើ​ទំនិញនាំចូល​ពី​អាមេរិក ដូច​ដែល​អាមេរិក​បាន​ដាក់​ទៅលើ​ទំនិញ​ចិន​ដែរឬទេ?

អាមេរិក នៅថ្ងៃ​ម្សិលមិញ បាន​ប្រកាស​ដំឡើង​ពន្ធ ១០ ភាគរយ លើ​ទំនិញចិន តម្លៃ ២០០ ពាន់​លាន​ដុល្លារ ដែល​នាំចូល​ទៅ​អាមេរិក។ តាម​សេចក្តីថ្លែងការណ៍​របស់​សេតវិមាន វិធានការ​នេះ នឹង​ចូលជា​ធរមាន ចាប់ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ថ្ងៃទី ២៤ កញ្ញា។

ទំនិញ​ចិន​នាំចូល​ទៅ​អាមេរិក ដែល​ត្រូវប៉ះពាល់​ដោយសារ​ការដំឡើងពន្ធ​១០ភាគរយ​របស់​លោកដូណាល់ ត្រាំ មាន​ប្រមាណ ៦០០០​ប្រភេទ ដែល​មាន​តាំង​ពី​ម៉ាស៊ីន​អគ្គិសនី ផលិតផលប្លាស្ទិក ដូចជា កាបូប វ៉ាលីស ឧបករណ៍​សម្រាប់​ផ្ទះបាយ ហើយ​និង​ចំណីអាហារ​ចិន ដូចជា ត្រី ឬ​បន្លែ ជាដើម។ បើមើលតាម​បញ្ជីរាយ​ឈ្មោះ​ទំនិញ​ចិន​ដែល​ត្រូវ​ជាប់ពន្ធ​១០​ភាគរយ របស់​លោកដូណាល់ ត្រាំ លើកនេះ គឺ​គ្រួសារ​អាមេរិក ដែល​ជា​អ្នកប្រើប្រាស់​ទំនិញ​នាំចូលមកពី​ចិន ដែល​ត្រូវ​រងគ្រោះ បង់​ថ្លៃ​ជាងមុន។

យ៉ាងណាក៏ដោយ នៅក្នុង​ដំណាក់កាល​ទី២ នៃ​ការដំឡើងពន្ធ​លើ​ទំនិញនាំចូល​មកពី​ចិន គេ​សង្កេត​ឃើញថា លោក​ដូណាល់ ត្រាំ បាន​លើកលែង មិន​ដំឡើង​យកពន្ធ លើ​ផលិតផល​ចិន​មួយចំនួន ដែល​ប្រជាជនអាមេរិក ត្រូវការ​ប្រើប្រាស់​ច្រើន ដូចជា គ្រឿង​វាយនភណ្ឌ ទំនិញ​កសិកម្ម កៅអី​សម្រាប់​ក្មេង មួក​ការពារ​សុវត្ថិភាព ហើយ​និង​នាឡិការ​វ័យឆ្លាត​ជាដើម។ លោកដូណាល់ ត្រាំ បាន​សម្រេច​មិន​ដំឡើងពន្ធ​លើ​គ្រឿង​អេឡិចត្រូនិក ដោយសារតែ​មាន​ការតវ៉ា និង​ឡប់ប៊ី ពី​ក្រុមហ៊ុន​ធំៗ ដែលមាន​រោងចក្រ​ផលិត​ម៉ាស៊ីន​កុំព្យូទ័រ ទូរស័ព្ទដៃ ឬ​នាឡិកា​វ័យឆ្លាត នៅ​ប្រទេស​ចិន។ សម្រាប់​ក្រុមហ៊ុន​Apple ជាដើម ការដំឡើងពន្ធ លើ​ទំនិញ បច្ចេកវិទ្យា​នឹង​ធ្វើ​ឲ្យ​ទំនិញរបស់​ក្រុមហ៊ុន​ឡើងថ្លៃ និង​អាច​ប៉ះពាល់​មិនត្រឹម​សុខភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន ប៉ុន្តែ ប៉ះពាល់​ផងដែរ ដល់​អ្នកប្រើប្រាស់​អាមេរិកាំង​ដែល​ត្រូវ​ចំណាយ​លុយ​ច្រើន​ជាងមុន។ សមាគម​អ្នកប្រើប្រាស់​ជាច្រើន នៅ​អាមេរិក រួមទាំង​ក្រុមហ៊ុន​អាមេរិក​ផង ដែល​ត្រូវការ​ទិញ នាំចូល​វត្ថុធាតុ​ពីចិន បាន​ព្រមាន​រួចហើយ​ពីផលប៉ះពាល់ នៃ​សង្រ្គាមពាណិជ្ជកម្ម​ចិន និង​អាមេរិក ទៅលើ​ប្រជាជន និង​សេដ្ឋកិច្ច​អាមេរិក។

ដោយ​ដំឡើងពន្ធ​លើ​ទំនិញ​នាំចូល​មក​ពី​ចិន រដ្ឋបាល​លោកដូណាល់ ត្រាំ ចង់ជំរុញ ឲ្យ​មានការផលិត ក្នុង​ស្រុក។ នៅក្នុង​ដំណាក់កាល​ទី២ នៃ​វិធានការ​ដំឡើង​ពន្ធ លើ​ទំនិញនាំចូល​មក​ពី​ចិន លោក​ដូណាល់ ត្រាំ សម្រេច​ផ្តោតតែទៅទំនិញចិន ក្នុង​ទំហំទឹកប្រាក់ ២០០ពាន់លាន​ដុល្លារ ប៉ុន្តែ លោក​បាន​គំរាមរួចហើយថា បើសិន​ចិន ចាត់វិធានការ​ឆ្លើយតប ប្រឆាំង​នឹង​អាមេរិក នោះ លោក​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញចិន​ផ្សេងទៀត ក្នុង​តម្លៃ ២៦៧ពាន់​លាន​ដុល្លារ។បើសិន​ជាដូច្នេះមែន នោះ លោកដូណាល់ ត្រាំ កំពុង​ដំឡើង​ពន្ធ​លើរាល់ទំនិញ ទាំងអស់​របស់ចិន ដែល​នាំចូលទៅ​អាមេរិក គឺ​គ្មាន​លើកលែង នាឡិកា​វ័យឆ្លាត​របស់​ក្រុមហ៊ុន​Apple ទៀតនោះទេ។

មន្រ្តីជាន់ខ្ពស់​របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ ម្នាក់ បាន​និយាយ​ប្រាប់​អ្នកកាសែត កាលពី​ថ្ងៃ​ចន្ទម្សិលមិញ​ថា ដោយ​ដំឡើងពន្ធ ១០ភាគរយ លើ​ទំនិញនាំចូល​ពី​ចិន អាមេរិក​គ្មានបំណង​ចាប់​បង្ខំ​ចិន​នោះទេ ប៉ុន្តែ ជា​មធ្យោបាយ​ដើម្បី ធ្វើការ​ជាមួយ​ចិន និង​ប្រាប់​ចិន​ឲ្យ​ដឹងថា វា​ដល់​ពេលហើយ​ដែល​ចិន ត្រូវ​កែតម្រូវ​ឡើងវិញ នយោបាយ​ធ្វើ​ពាណិជ្ជកម្ម​មិន​យុត្តិធម៌ និង​មិន​ស្មោះត្រង់ ដែល​អាមេរិក​បាន​ចាប់ចំណុច​បាន។

នៅក្នុង​សេចក្តីថ្លែងការណ៍ នៅថ្ងៃ​ចន្ទម្សិលមិញ លោកប្រធានាធិបតី​ដូណាល់ ត្រាំ បាននិយាយ​ដែរ​ថា អាមេរិក​គឺ​បាន​បញ្ជាក់​ទៅ​ចិន ​យ៉ាង​ច្បាស់​ពី​ជំហរ​របស់​អាមេរិក ដែល​ចង់​ឲ្យ​ចិន​ធ្វើការ​ផ្លាស់ប្តូរ។ អាមេរិក​បាន​ផ្តល់​ឱកាស​ជាច្រើន​ដង ឲ្យ​ចិន ធ្វើ​ជំនួញ​ដោយ​យុត្តិធម៌ ជាមួយ​អាមេរិក។ ប៉ុន្តែ រហូត​មក​ដល់​សព្វថ្ងៃ ចិន​មិន​ចង់​ដូរ​របៀបធ្វើ​ពាណិជ្ជកម្ម​របស់ខ្លួន​ទាល់តែសោះ។

អាមេរិក​សម្រេច​ដំឡើង​ពន្ធ​១០ភាគរយ លើ​ទំនិញចិន ក្នុង​ទំហំ​ទឹកប្រាក់ ២០០​ពាន់​លាន​ដុល្លារ នៅ​ក្នុង​កាលៈទេសៈ ដែល​ការចរចា កន្លងមក រវាងមន្រ្តី និង​អាមេរិក នៅទីក្រុង​វ៉ាស៊ីនតោន គ្មាន​បាន​ផ្តល់​លទ្ធផល​អ្វី​ជា​ផ្លែផ្កា​នោះទេ។ ចិន​និង​អាមេរិក​បាន​កើតមាន​ជម្លោះ ពាណិជ្ជកម្ម​នឹង​គ្នា នៅក្រោយ អាមេរិក​កាលពី​ខែ​កក្កដា និង​សីហា​ឆ្នាំនេះ បាន​ដំឡើងពន្ធ​២៥​ភាគរយ លើ​ទំនិញ​នាំចូល​ពី​ចិន ក្នុងទំហំទឹកប្រាក់ ៥០ពាន់​លាន​ដុល្លារ។ គោលដៅ​របស់​ទីក្រុង​វ៉ាស៊ីនតោន​គឺ​ចាប់បង្ខំ​ឲ្យ​ចិន កែប្រែ នយោបាយ​ធ្វើ​ពាណិជ្ជកម្ម​របស់ខ្លួន ជាពិសេស គឺ​រឿងចាប់តម្រូវ​ឲ្យ​ក្រុមហ៊ុន​បរទេស ត្រូវ​តែ​ចែករំលែក ផ្ទេរ​បច្ចេកវិទ្យា​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុកចិន បើសិន​គេ​ចង់​បោះទុន​វិនិយោគ​ក្នុង​ប្រទេស​ចិន។

នៅក្នុង​រឿងនេះ លោកដូណាល់ ត្រាំ​ធ្លាប់​រិះគន់រួចហើយ ​រដ្ឋាភិបាល​ចិន ថា បាន​ធ្វើ​ជំនួញ ដោយ​មិនស្មោះត្រង់ និង​យកប្រៀប​លើ​អាមេរិក។ ជាមួយ​នឹង​ការសម្ពាធ​លើ​ទីក្រុង​ប៉េកាំង រដ្ឋបាល​លោកដូណាល់ ត្រាំ ទាមទារ​ចង់​បាន​ផងដែរ ឲ្យ​ចិន ដែល​នាំទំនិញ ចូល​អាមេរិក ច្រើនជាង អាមេរិក​នាំចូល​ទៅ​ចិននោះ ចូលរួម​កាត់បន្ថយ ឱនភាព​ពាណិជ្ជកម្ម​របស់​អាមេរិក ឲ្យ​បាន​២០០​ពាន់លាន​ដុល្លារ។ យ៉ាងណាក៏ដោយ ទីប្រឹក្សា​សេដ្ឋកិច្ច​របស់លោកដូណាល់ ត្រាំ​បាន​និយាយ​ថា អាមេរិក​នៅ​តែ​បើកដៃ​ចំហរ​ជានិច្ច ដើម្បី ចរចា​ពិភាក្សា​ជាមួយ​ចិន ពោល​គឺ​មិន​បិទផ្លូវទេ។ អាមេរិក​នៅ​បាន​និយាយ​ដែរថា ខ្លួន​បាន​ទុកពេល​ឲ្យ​ចិន រហូត​ដល់​ឆ្នាំក្រោយ បើ​មិន​ដូច្នោះទេ ពន្ធ ១០ភាគរយ លើ​ទំនិញ​ចិន ២០០ពាន់​លាន​ដុល្លារ នឹង​ឡើង​ដល់ ២៥ភាគរយ ចាប់ពី​ខែ​មករា​ឆ្នាំក្រោយទៅ។

ចិននឹងចាត់វិធានការ​ប្រឆាំងតប​អាមេរិកវិញ ព្រោះ​គ្មាន​ជម្រើស

អនុប្រធាន​អាជ្ញាធរ​គ្រប់គ្រង​ចលនទ្រព្យរ​ចិន លោក​ Fang Xinghai ​បាន​និយាយថា យុទ្ធសាស្រ្ត​ របស់​អាមេរិក​គ្មាន​ប្រសិទ្ធិភាព ផ្ទុយទៅវិញ វា​នឹង​ទៅបំពុល​ការចរចា​ពិភាក្សា​រវាង​ភាគី​ទាំងពីរ។ កាលពី​សប្តាហ៍​មុន រដ្ឋមន្រ្តី ក្រសួង​សេដ្ឋកិច្ច​អាមេរិក លោក​Steven Mnuchin ទើប​បាន​បោះដៃ អញ្ជើញ មន្រ្តី​ជាន់ខ្ពស់​ចិន ឲ្យ​បន្ត​ចរចា ក្នុង​រឿងដំឡើងពន្ធ​នាំចូល រៀងខ្លួន ដើម្បី​បញ្ចៀស កុំឲ្យមាន​សង្រ្គាម​ពាណិជ្ជកម្ម រវាងមហាអំណាចទាំងពីរ។ ចិន​ក៏​ធ្លាប់​បាន​ឆ្លើយ​យល់ព្រម​រួចហើយ​ដែរ។ ប៉ុន្តែ ការសម្រេច​ដំឡើងពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន ដល់​ទៅ ២០០ពាន់​លាន​ដុល្លារ​យ៉ាងដូច្នេះ គឺ​មាន​ន័យ​ស្មើនឹង​ទៅ​បិទផ្លូវ​ចរចា។

តាម​អនុប្រធាន​អាជ្ញាធរ​ចិន គ្រប់គ្រង​ចលនទ្រព្យ Fang Xinghai ការសម្រេច​ដំឡើងពន្ធ​ទៅលើ​ទំនិញ​ទាំងអស់​របស់​ចិន ដែល​នាំចូលទៅ​អាមេរិក នឹង​ប៉ះពាល់ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន ខាតបង់​តិចតួច​ប៉ុណ្ណោះ គឺ​ប្រមាណ ០,៧ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុកសរុប។

ប្រទេស​ចិន តាមរយៈ​អ្នកនាំពាក្យ​របស់​ក្រសួងហិរញ្ញវត្ថុ បាន​អះអាង​នៅថ្ងៃ​អង្គារ​ថា នឹង​ចាត់​វិធានការ​ប្រឆាំង​តប​វិញ។ នៅក្នុង​មួយឆ្នាំនេះ អាមេរិក​បាន​ប្រកាស​ដំឡើង​ពន្ធ ៣លើក​លើ​ទំនិញ​ចិន នាំចូល​អាមេរិក។ ទី ១ គឺ​ការដំឡើង​ពន្ធ ២៥ភាគរយ​លើ​ដែកថែប និង​អាលុយមីញ៉ូម​របស់​ចិន។ លើក​ទី ២ គឺ​នៅ​ខែ​កក្កដា នៅពេលលោកដូណាល់ ត្រាំ​ប្រកាស​ដំឡើងពន្ធ ២៥​ភាគរយ លើ​ទំនិញ នាំចូល​មក​ពី​ចិន ក្នុងទំហំទឹកប្រាក់ ៥០ពាន់លាន​ដុល្លារ អាមេរិក។ កាលណោះ ទីក្រុង​ប៉េកាំង​បាន​ឆ្លើយបក​វិញ ដោយ​បាន​ប្រកាស​ដំឡើង​ពន្ធ លើ​ទំនិញ អាមេរិក នាំចូល​ទៅ​ចិន ក្នុង​ទំហំទឹកប្រាក់ ៥០ពាន់លាន​ដែរ។

ប៉ុន្តែ ចំណោទ​លើកនេះ គឺ​ថា បើសិន​ចិន​ចង់​វាយប្រហារ ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក នាំចូល​ចិន ឲ្យ​ស្មើ​នឹង​ទំហំ​ទឹកប្រាក់ ២០០​ពាន់លាន​ដុល្លារ ដូច​អាមេរិក នោះ គឺ​ចិន​ទំនង​មិនអាច​ធ្វើ​បាន​ទេ។ ចិន​អាច​ត្រឹម​តែ​ដំឡើង​ពន្ធ​លើ​ទំនិញអាមេរិក បាន​យ៉ាងច្រើន ៨០ពាន់លាន​ដុល្លារ គឺ​មិន​អាច​ដល់ ២០០ពាន់លានដុល្លារ ដូច​អាមេរិក​ដាក់លើ​ចិន​នោះទេ ព្រោះថា ទំនិញ​អាមេរិក​ដែល​នាំចូលទៅ​ចិន មាន​តម្លៃ សរុប​តែ​ប្រមាណ ១៣០ពាន់លាន​ដុល្លារ។ គឺ​តិច​ជាង​ទំនិញចិន​នាំចូល​ទៅ​អាមេរិក មាន​តម្លៃ សរុប ៥០០​ពាន់លាន​ដុល្លារ។ ឃើញ​ថា បើនិយាយ​ពី​បរិមាណ​ទំនិញ ដែល​ចិន អាច​ដំឡើង​ពន្ធ​ដើម្បី​ប្រឆាំង​តប​នឹង​អាមេរិក​វិញ ចិន​អាច​ចាញ់ប្រៀបឆ្ងាយណាស់ ប៉ុន្តែ អ្នកជំនាញ​មួយចំនួន​បាន​វាយតម្លៃថា ចិន​ទំនង​ជា​នឹង​រក​វិធី​ផ្សេង ដើម្បី​បំបាក់​អាមេរិកវិញ ដូចជា​តាមផ្លូវ​រដ្ឋបាល ចាប់គាប ក្រុមហ៊ុន​អាមេរិក មិន​ឲ្យ​ទិញ ផលិតផលចិន ឬ ទប់ស្កាត់​មិន​ឲ្យ​ក្រុមហ៊ុន​អាមេរិក ចូល​បោះទុន​វិនិយោគ​នៅ​ចិន​តែម្តង៕

 

នៅក្រោយ​ការរិះគន់ អូស្ត្រាលី​ប្តូរជំហរ​ពីរឿង​ចង់​ផ្ទេរ​ស្ថានទូត​ទៅ​នៅហ្ស៊េរុយសាឡិម

តើ​លោក​អាន់វ៉ា អ៊ីប្រាហ៊ីមកំពុង​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី?

អារ៉ាប៊ីសាអូឌីត ថាមិន​ដែល​មាន​បំណង​សម្លាប់​លោក Jamal Khashoggi ទេ!

ហេតុអ្វី​អាមេរិក​រឹតបន្តឹង​ការនាំចេញ​នុយក្លេអ៊ែរ​ទៅប្រទេស​​ចិន?

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​សុំ​លាលែងពី​​តំណែង

IMF៖​កំណើនសេដ្ឋកិច្ច​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០១៨ និង ២០១៩ មាន​តិច​ជាង​ការ​ប្រមើលទុក

ចិនចោទ​ប្រធាន​អាំងទែរប៉ូល​ដែលបាត់ខ្លួន ពីបទ​​ពុករលួយ

ប្រេស៊ីល៖​ការបោះឆ្នោត​ប្រធានាធិបតី​បង្កប់​ដោយ​ភាព​ប្រេះឆា​ក្នុង​សង្គម និងកំណើន​​សម្លេង​របស់​គណបក្ស​ស្តាំនិយមជ្រុល

តើអ្វី​ខ្លះ​ជា​កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​ ប៉ុមប៉េអូ នៅតូក្យូ ព្យុងយ៉ាង សេអ៊ូល ?

ណូបែល​សន្តិភាព​ឆ្នាំ​២០១៨ បាន​ទៅ​​លើ​សកម្មជន​ប្រយុទ្ធ​ប្រឆាំង នឹង​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​

ហេតុអ្វីបាន​ជា​ឥណ្ឌា​នៅតែ​ផ្គើន​ចង់ទិញ​ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី S-400?

បារាំង​ចោទ​អ៊ីរ៉ង់​ពី​បទ​នៅ​ពី​ក្រោយ​គម្រោង​ធ្វើ​ភេរវកម្ម​នៅ​ជាយ​ក្រុង​ប៉ារីស​

របាយការណ៍៖ កំដៅផែនដី​នឹង​កើនឡើង ១,៥អង្សាសេ នៅឆ្នាំ ២០៤០

អាមេរិក​រកឃើញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​កាណាដា និង​ម៉ិចស៊ិក

ហេតុអ្វី​ សារTwitter​តែ​ប៉ុន្មានម៉ាត់​ធ្វើ​ឲ្យ​លោក​Musk ខ្ទាតចេញ​ពីតំណែង​ប្រធាន​ក្រុមហ៊ុន​Tesla?

ចោរ​បន្លំ​ចូល​ក្នុង​គណនី ​Facebook ​របស់​អ្នក​ប្រើ ​មិន​តិច​ជាង​៥០​លាន​គណនី

តើ​ព្រឹទ្ធសភាអាមេរិក​នឹងតែងតាំង បេក្ខជន​ចៅក្រម​តុលាការ​កំពូល ដែល​រងចោទប្រកាន់​ពីរឿងអាស្រូវផ្លូវភេទ?

តើ​ទស្សនកិច្ច​របស់​លោកអ៊ែរដូហ្កាន​នៅ​អាល្លឺម៉ង់​អាច​ជួយ​ស្តារ​ទំនាក់ទំនង​តានតឹង​រវាង​តួកគី និង​អាល្លឺម៉ង់​បាន​ដែរ​ឬទេ?

អ៊ីរ៉ង់ ក្លាយជា​សំណុំរឿង​ស្នូល​នៃ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.

អ.ស.ប. បើក​មហាសន្និបាត​លើក​ទី​៧៣ នៅ​ក្នុង​បរិបទ​ពិភពលោក​ពោរពេញ​ដោយ​ជម្លោះ និង​ការ​មិន​ទុក​ចិត្ត​គ្នា