អានតួអត្ថបទ
ចិន-អាមេរិក

ចិន​​​នឹង​​ប្រតិកម្ម​​​វាយ​បក​តប​ត​អាមេរិក​​​វិញ​​​នៅ​​ក្នុង​​ជម្លោះ​​ពាណិជ្ជកម្ម​​

នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កាន់តែ​កើន​ខ្លាំង​ឡើងៗ​ជាមួយ​នឹង​អាមេរិក ប្រទេស​ចិន លែង​ទ្រាំទ្រ​បានទៀត​ហើយ នៅ​ខណៈ​ដែល​ទីក្រុង​វ៉ាស៊ីនតោន ត្រៀម​នឹង​យកពន្ធ​បន្ថែម​ទៀត​ទៅ​លើ​ផលិតផល​ចិន​-​នេះ​បើយោងតាម​ការសែត​ប្រជាមានិត​ចិន​ជា​ភាសា​អង់គ្លេស​ឈ្មោះ​ Global Times ។​

ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump ) នៅ​សេតវិមាន​​​ថ្ងៃ​ទី​​១២​​កញ្ញា​​២០១៨ ​
ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump ) នៅ​សេតវិមាន​​​ថ្ងៃ​ទី​​១២​​កញ្ញា​​២០១៨ ​ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​ប៉េកាំង​លែង​បន្ទាប​ខ្លួន​ទៀត​ហើយ​ជាមួយ​អាមេរិក ​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ ដោយហេតុ​ថា ទីក្រុងប៉េកាំង អាច​នឹង​ឆ្លើយ​ដិសេធ​​អាមេរិក​វិញ​នៅ​ក្នុង​ការ​ចូលរួម​កិច្ចចរចា​ពាណិជ្ជកម្ម​នានា​នា​វគ្គ​ថ្មី​​ដែល​​ស្នើ​ឡើង​ដោយ​អាមេរិក​នៅ​រវាង​ថ្ងៃ​ទី ២០​ កញ្ញា​ខាង​មុខ​ ប្រសិនបើ ​រដ្ឋបាល​លោក ដូណាល់ ត្រាំ ធ្វើការ​តម្លើង​ពន្ធគយ​ថ្មី-​នេះ​បើយោង​តាម​កាសែត​អាមេរិក​មួយ​ឈ្មោះ  The Wall Street Journal ចេញផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ដែល​ដក​ស្រង់​សំដី​របស់​បណ្តា​អ្នកទទួល​ខុសត្រូវ​ចិន​។​

យោងតាម​ទិន្នានុប្បវត្ត​ The Wall Street Journal មន្ត្រី​ជាន់​ខ្ពស់​ចិន​មួយ​រូប បាន​ថ្លែង​ចំអក​សក​សៀត​ឲ្យ​អាមេរិក​ថា “ទីក្រុង​ប៉េកាំង​នឹង​មិន​ចរចា​ដោយសារ​ការ​ភ្ជង់​កាំភ្លើង​លើ​សៀតផ្កា​នោះ​ទេ”។​

គួរបញ្ជាក់ថា នៅ​ថ្ងៃ​ចន្ទ​នេះ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ប្រហែល​នឹង​ធ្វើការ​ជូន​ដំណឹង​​អំពី​ការ​តម្លើង​ពន្ធគយ​ថ្មីៗ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​​ប្រមាណ ២០០​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ស្មើ​នឹង ១២៣​ពាន់​លាន​អឺរ៉ូ។ ​ទំនិញ​ចិន​ដែល​ពាក់ព័ន្ធ​នឹង​វិធានការ​អាមេរិក​ថ្មី​នេះ​​​នឹង​ត្រូវ​យក​ពន្ធ​​ប្រមាណ​ជា​១០​%​-នេះ​បើយោងតាម​ការ​បង្ហើប​ប្រាប់​របស់​កាសែត Wall Street Journal​នៅ​ខណៈ​ដែល​រដ្ឋបាល​អាមេរិក បាន​និយាយ​ពី​ពេល​មុន​ថា ការ​តម្លើង​ពន្ធ​ថ្មី​មាន​រហូត​ដល់​ចំនួន ២៥%។​

ទន្ទឹមគ្នានេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ប្រតិកម្ម​តប​វិញ​ថា “ទីក្រុង​ប៉េកាំង​នឹងតបត​វិញ រាល់​គំនិត​ផ្តួចផ្តើមថ្មីៗរបស់​អាមេរិក​នៅ​ក្នុង​ការ​តម្លើង​ពន្ធគយ​នេះ។​

គួររំលឹកថា អាមេរិក ធ្លាប់​បាន​តម្លើង​ពន្ធ​ ២៥%​រួច​ទៅ​ហើយ​នៅ​លើ​ទំនិញ​នាំ​ចូល​ទូទៅ​របស់​ចិន​​ដែល​គិត​ជា​ទឹកប្រាក់​ប្រចាំ​ឆ្នាំ​ចំនួន ៥០​ពាន់​លាន​ដុល្លារ។ ចំណែក ប៉េកាំង ក៏​បាន​ប្រតិកម្ម​តបត​វិញ ​ដោយ​ចាត់វិធានការ​ដូច​គ្នា​នឹង​អាមេរិក​​ដែរ។

ក្រៅពី​ការ​តម្លើង​ពន្ធ​​សង​សឹក​អាមេរិក​​ ប៉េកាំង អាច​នឹង​ធ្វើការ​កម្រិត​នៅ​លើ​ការ​នាំ​ទំនិញ​ចេញ​របស់​ខ្លួន ​ឬ​ក៏​វត្ថុ​ធាតុ​ដើម​និង​គ្រឿង​បន្លាស់​ចំបាច់​ផ្សេងៗ​សម្រាប់​ក្រុមហ៊ុន​ផលិត​អាមេរិក​ទៀត​ផង-​នេះបើយោងតាម​ការ​អះអាង​របស់​លោក​Lou Jiwei  អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ចិន​​នៅនា​​ឱកាស​សន្និសីទ​មួយ​នៅ​ទីក្រុង​ប៉េកាំង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ