អានតួអត្ថបទ

សម្តេចសង្ឃ​ដាឡៃឡាម៉ា​៖ “ខ្ញុំ​ដឹងថាមាន​រឿងអាស្រូវផ្លូវភេទ​ ក្នុងស្ថាប័ន​ពុទ្ធសាសនា​ តំាងពី​ទសវត្សរ៍​ឆ្នាំ៩០​”

សម្ដេចសង្ឃ​ដាឡៃឡាម៉ា​ បានមានសង្ឃធដីកា​កាលពី​ថ្ងៃសៅរ៍​ទី១៥​ កញ្ញា​ ថា​ ករណី​បំពារបំពានផ្លូវភេទ​ក្នុងស្ថាប័ន​ពុទ្ធសាសនា​ មិនមែនជា​រឿងថ្មីឡើយ​ ព្រោះ​ព្រះអង្គ​បានដឹងឮ​អំពីបញ្ហានេះ​ ចាប់តាំងពី​អំឡុងឆ្នាំ១៩៩០​ មកម្ល៉ោះ​។ សម្រាប់​សម្ដេចសង្ឃ​ វាដល់ពេលហើយ​ដែលក្រុមមេដឹកនាំសាសនា​ទាំងអស់​ពួតដៃគ្នា​ដោះស្រាយបញ្ហា​ ដែលកើតឡើងជ្រាំដែលនេះ​។

សម្តេចសង្ឃដាឡៃឡាម៉ា
សម្តេចសង្ឃដាឡៃឡាម៉ា TT News Agency/Johan Nilsson
ផ្សាយពាណិជ្ជកម្ម

សម្តេចសង្ឃរាជ ព្រះពុទ្ធសាសនា ដ៏ល្បី នៃតំបន់ខ្ពស់រាបទីបេ  ដែលមាន មនុស្សរាប់លាននាក់ នៅជុំវិញពិភពលោក​គោរព​ គឺ​ សម្តេចសង្ឃ​ដាឡៃឡាម៉ា​ កំពុងធ្វើ​ទស្សនកិច្ច​នៅក្នុងប្រទេសហូឡង់​ ជាកន្លែង​ដែល​ ព្រះអង្គ​បានជួបជាមួយនឹង​ជនរងគ្រោះ​ដោយការរំលោភបំពានផ្លូវភេទ​ ពីសំណាក់​គ្រូអាចារ្យ​ពុទ្ធសាសនា​។

ក្រុមអ្នករងគ្រោះ​រាបសិបនាក់​ បានប្រាប់ទៅ​សម្តេចសង្ឃ​ដាឡៃឡាម៉ាថា​ ពួកគេ​បានជ្រកកោន​ក្រោមម្លប់​នៃវិស័យព្រះពុទ្ធសាសនា​ដោយក្តីស្រលាញ់​ និងការគោរពប្រតិបត្តិ​យ៉ាងស្មោះស្ម័គ្រ​ ក៏ប៉ុន្តែ​ពួកគេ​បែរជាត្រូវបាន​ជនឆ្លៀតឳកាស​រំលោភបំពាន​ទៅវិញ​។

ឆ្លើយតប​នឹងបញ្ហានេះ​ សម្តេចសង្ឃ​មានសង្ឃដីកាថា​ អ្នកដែល​ប្រព្រឹត្តិ​អំពើរំលោភបំពានផ្លូវភេទ​ មិនបាន​ខ្វល់ខ្វាយ​ទាល់តែសោះ​ អំពី​ការប្រៀនប្រដៅ​របស់ព្រះពុទ្ធអង្គ​ ហើយ​ពេលដែល​រឿងអាស្រូវ​គ្រប់យ៉ាង​ត្រូវបានផ្សព្វផ្សាយ​ជាសាធារណៈ​ វានាំ​មកនូវ​ភាពអាម៉ាស់​សម្រាប់​អ្នកទាំងនោះ​។

“នេះ​មិនមែនជា​ករណីថ្មីឡើយ​ រឿងបែបនេះ​ធ្លាប់កើតឡើង​រួចមកហើយ​តាំងពី​២៥ ឆ្នាំមុន​ ដូចនេះហើយ​ ក្រុមមេដឹកនាំសាសនា​ទាំងឡាយ ​ចំាបាច់​ត្រូវតែ​គិតគូរដោះស្រាយ​បញ្ហានេះ​ឲ្យខានតែបាន​”។ សម្តេចសង្ឃ​ដាឡៃឡាម៉ា​ មានសង្ឃដីកា​បន្ថែម​។

គួរគូសបញ្ជាក់ថា​ រឿងអាស្រូវផ្លូវភេទ​ក្នុងស្ថាប័នសាសនា​ កំពុងក្លាយជា​ប្រធានបទដ៏ក្តៅគគុកមួយ​នាពេលបច្ចុប្បន្ន​។ ជាក់ស្តែង​ថ្មីៗនេះ​ រឿងអាស្រូវ​រំលោភបំពានផ្លូវភេទ​ ប្រព្រឹត្តិ​ដោយសង្ឃ​និងអាចារ្យកាតូលិក​ កំពុងល្បីរន្ទឺ​ និងទទួលរង​ការរិះគន់យ៉ាងខ្លាំង​ផងដែរ​ នៅក្នុង​ប្រទេសហូងឡង់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ