អានតួអត្ថបទ
ភូមា​-អ.ស.ប.

អ.ស.ប.​ចាប់ផ្តើម​បេសកកម្ម​​វាយតម្លៃ​​​លើ​លទ្ធភាព​នៃ​​ការ​វិលត្រឡប់​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ទៅ​ភូមា​

ក្រុម​មន្ត្រី​អ.ស.ប.នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ចាប់ផ្តើម​បេសកកម្ម​មួយ​នៅ​ភូមា​តាំង​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ដើម្បី​​​​​វាយតម្លៃ​លក្ខខណ្ឌ​នៃ​​​ការ​វិលត្រឡប់​ជាយថាហេតុ​របស់​ជនភៀសខ្លួន​​​រ៉ូហ៊ីងយ៉ា​ចំនួន​​រាប់​រយ​​ពាន់​នាក់​មក​កាន់​ភូមា​វិញ បន្ទាប់ពី​បាន​រត់​ភៀសខ្លួន​ចេញ​ពី​ប្រទេស​ខ្លួន​កាលពី​ឆ្នាំ​មុន​-នេះ​ជា​ការ​គូសបញ្ជាក់​របស់ អ.ស.ប.។​

ឧត្តម​ស្នងការ​ជាន់ខ្ពស់​ផ្នែក​ជនភៀសខ្លួន​ (UNHCR) ​លោក ​Filippo Grandi នៅ​ក្នុង​សន្និសីទ​សាព័ត៌មានមួួយ​​នៅ​ អសប នៅទីក្រុង Geneve ក្នុង ប្រទេសស្វីស
ឧត្តម​ស្នងការ​ជាន់ខ្ពស់​ផ្នែក​ជនភៀសខ្លួន​ (UNHCR) ​លោក ​Filippo Grandi នៅ​ក្នុង​សន្និសីទ​សាព័ត៌មានមួួយ​​នៅ​ អសប នៅទីក្រុង Geneve ក្នុង ប្រទេសស្វីស REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​លើក​ទី​មួយ​ហើយ​​ ​ដែល អ.ស.ប. បាន​ទទួល​​ការ​អនុញ្ញាត​ពីភូមាកាលពី​ថ្ងៃ​សុក្រ​មុន​នៅ​ក្នុង​ការ​បញ្ជូន​ក្រុម​ការងារ​ចំនួន ៤ ដើម្បី​ចាប់​ផ្តើម​ការងារ​​វាយតម្លៃ​របស់​ខ្លួន​​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​-នេះ​បើយោងតាម​សេចក្តីថ្លែង​របស់​លោក Aoife McDonnell អ្នកនាំពាក្យ​នៃ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន (HCR​)​ ប្រា​ប់ដល់​ទីភ្នាក់ងារព័ត៌មានបារាំង​AFP។

ក្រុម​ការងារ​របស់ អ.ស.ប.ត្រូវ​ស្ថិត​នៅ​​ភូមា​ចំនួន ​២​សប្តាហ៍ ក៏ប៉ុន្តែ ពួក​គេ​អាច​នឹង​ចូល​ទៅ​កាន់​ភូមិចំនួន​តែ​ជាង ៣០​កន្លែង​ប៉ុណ្ណោះ​ នៅ​រដ្ឋ​រ៉ាឃីន​ ក្នុង​ភាគ​ពាយ័ព្យ​ប្រទេស​ភូមា ដែលនៅទីនោះ​​ ​ប្រជាជន​រ៉ូហ៊ីងយ៉ា ត្រូវទទួល​​រង​សោកនាដកម្មនិងការ​កាប់​សម្លាប់​ឥតត្រាប្រណី​ពី​សំណាក់​កងទ័ព​ភូមា។

ម្យ៉ាងទៀត បេសកកម្ម​របស់ អ.ស.ប. នេះ​ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​បរិបថ ​ដ៏​សែន​តាន​តឹង​​មួយ រវាង​ភូមា​និង​អ.ស.ប. ។ ដោយហេតុថា កាលពី​ខែ​សីហា​កន្លង​ផុត​ទៅ​នេះ ​ក្រុម​អ្នកស៊ើប​អង្កេត​របស់​អ.ស.ប. ​បាន​ចោទ​ប្រកាន់​កងទ័ព​ភូមា ​ថា​បាន ​បង្ក​ប្រល័យពូជសាស្ត្រ​ ប្រឆាំង​ទៅ​លើ ​ប្រជាជនភាគតិច ​រ៉ូហ៊ីងយ៉ា​​​ដោយ​បាន​ទាមទារ ​អោយ​មាន​ការ​នាំខ្លួន ​​មេបញ្ជាការ​កងទ័ព​​ភូមា​និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​ភូមា ៥​ រូប​ផ្សេង​ទៀត ​យក​ទៅ​កាត់ទោស​​នៅ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។

ហើយ រយៈពេល ២​ឬ​៣ ថ្ងៃ​ក្រោយមក តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក៏​បាន​ប្រកាស​ពី​សមត្ថកិច្ចពេញលេញ​របស់​ខ្លួន ​នៅ ក្នុង​ការ​ស៊ើបអង្កេត ​លើ ​អំពើ​ឧក្រឹដ្ឋកម្ម​មួយ​ចំនួន​ដែល​​​បង្ក​ឡើង​ដោយក្រុម​​​មន្ត្រី​យោធា​​ជាន់​ខ្ពស់​របស់​ភូមា។

មិនតែប៉ុណ្ណោះ របាយការណ៍​របស់​ក្រុម​អ្នក​ជំនាញ អ.ស.ប. ក៏​បាន​សំដៅ​តម្រង់​ចំ​​ទៅ​លើរូ​ប​លោកស្រី អ៊ុង សានសូជី ដែរ ដែល​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ស៊ីវីល​ភូមា​និង​ក៏​​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាពដោយ​បាន​លើក​ឡើង​ថា ​លោកស្រី​ ពុំ​បាន​ប្រើ​អំណាច​​តាមផ្លូវ ​​សីលធម៌ណាមួយ របស់ខ្លួនទេ​​នៅ​ក្នុង​ការ​ប៉ុនប៉ងបិទ​​បញ្ចប់​អំពើ​ព្រៃផ្សៃ​កាប់​សម្លាប់ទៅលើ​ប្រជាជន​រ៉ូហ៊ីងយ៉ា​។

សូមបញ្ជាក់ថា របាយការណ៍​ពេញលេញ​របស់​ក្រុម​អ្នកស៊ើបអង្កេត​របស់​ អ.ស.ប. ត្រូវ​គេ​រំពឹងទុក​នៅ​ថ្ងៃ​ទី​១៨​កញ្ញា​ខាង​មុខ​នេះ ហើយនៅពេលនោះ ​​ភូមា​ ក៏​នឹង​ស្ថិត​នៅ​ជា​ចំណុច​ស្នូល​ដ៏​សំខាន់​មួយ​​នៅ​នា​ឱកាស​នៃ​សម័យ​ប្រជុំ​របស់ អ.ស.ប ​នាពេលខាងមុខនេះដែរ​៕​.

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ