អានតួអត្ថបទ
ថៃ-បរិស្ថាន

អាកាសធាតុ៖​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចោទ​អាមេរិក និង​សម្ព័ន្ធមិត្ត​អាមេរិក​ពី​បទ​មិន​គោរព​ពាក្យ​សន្យា

កិច្ចប្រជុំ​ស្តីពី​អាកាសធាតុ​រយៈពេល ១សប្តាហ៍​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​របស់​ក្រុមអ្នកជំនាញ​មក​ពី​គ្រប់ជ្រុងជ្រោយ​ក្នុង​លោក​បាន​បិទបញ្ចប់​នា​ថ្ងៃ​អាទិត្យ ទី៩ កញ្ញា។ គឺ​ជា​កិច្ចប្រជុំ​ដើម្បី​រៀបចំ​សន្និសីទអន្តរជាតិ​ស្តីពី​អាកាសធាតុ COP២៤ នា​ខែ​ធ្នូ​ខាង​មុខ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ។ នៅ​ក្នុង​ពេល​បិទកិច្ចប្រជុំ ក្រុម​ប្រទេស​កំពុងអភិវឌ្ឍន៍ រួម​ជាមួយ​ក្រុមប្រទេស​ក្រីក្រជាង​គេ​ក្នុង​លោក​បាន​ចោទ​អាមេរិក និង​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ពី​បទ​បំផ្លាញកិច្ចចរចា​រឿង​អាកាសធាតុ និង​មិន​គោរព​តាម​ការ​សន្យា​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​អនុម័ត​ក្នុង​ឆ្នាំ ២០១៥។

ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចោទ​អាមេរិក និង​សម្ព័ន្ធមិត្ត​អាមេរិក​ពី​បទ​មិន​គោរព​ពាក្យ​សន្យាក្នុង​បញ្ហា​អាកាសធាតុ
ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចោទ​អាមេរិក និង​សម្ព័ន្ធមិត្ត​អាមេរិក​ពី​បទ​មិន​គោរព​ពាក្យ​សន្យាក្នុង​បញ្ហា​អាកាសធាតុ AFP
ផ្សាយពាណិជ្ជកម្ម

ពេញ​មួយ​សប្តាហ៍ ក្រុម​អ្នកជំនាញ​អាកាសធាតុ​មក​ពី​គ្រប់ប្រទេស​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ COP២១ អនុម័ត​ឆ្នាំ ២០១៥ បាន​ជជែក និង​ពិភាក្សា​គ្នា​លើ​វិធានការ​ជាក់ស្តែង​មួយ​ចំនួន​ដែល​ត្រូវ​អនុវត្តន៍។ គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​ឆ្នាំ ២០១៥ បាន​សម្រេច​រក្សា​សីតុណ្ហភាព​ក្នុង​ភពផែនដី​នៅ​ក្រោម ២អង្សារ ឬ​ត្រឹម ១,៥អង្សារ​ធៀប​នឹង​សម័យ​មុន​ឧស្សាហកម្ម។ ទន្ទឹម​គ្នា​នេះ COP២១ ក៏​បាន​តម្រូវ​ឲ្យ​​ផ្តល់​ជំនួយ​ប្រចាំ​ឆ្នាំ​ចំនួន ១០០ ០០០លានដុល្លារ​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០២០ ដល់​ក្រុម​ប្រទេស​ក្រីក្រ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស។

គឺ​រឿង​លុយកាក់​នេះ​ឯង​ដែល​បាន​ក្លាយ​ជា​ប្រធានបទ​តានតឹង​ខ្លាំង​ជាង​គេ​នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​ទីក្រុង​បាងកក​ដែល​បាន​បិទបញ្ចប់​នា​ថ្ងៃ​អាទិត្យ ទី៩ កញ្ញា។ ក្រុម​ប្រតិភូ​តំណាង​ឲ្យ​ក្រុម​ប្រទេស​តូចតាច និង​ក្រុម​ប្រទេស​ក្រីក្រ​ជាង​គេ​ក្នុង​លោក​បាន​ដំឡើង​សម្លេង​ចោទ​អាមេរិក និង​សម្ព័ន្ធមិត្ត​អាមេរិក​ពី​បទ​មិន​គោរព​ពាក្យ​សន្យា និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​វត្តមាន​ឧស្ម័នពុល​ដ៏​ច្រើន​សម្បើម​នៅ​ក្នុង​បរិយាកាស​នា​ពេល​កន្លង​មក។ អ្វី​ដែល​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ត្រូវ​ការ​នៅ​ចំពោះ​មុខ គឺ​ថវិកា​ដែល​មាន​តម្លាភាព និង​អាច​ព្យាករ​បាន។ ចំណែក​ក្រុម​ប្រទេស​អាហ្វ្រិក​បាន​ថ្លែង​ថា ក្រុម​ប្រទេស​អភិវឌ្ឍន៍​មិន​គោរព​ពាក្យ​សន្យា​របស់​ខ្លួន ព្រម​ទាំង​បដិសេធ​មិន​និយាយ​ពី​រឿង​ហិរញ្ញវត្ថុ​សម្រាប់​ថ្ងៃ​ខាង​មុខ។

ជា​រួម ទោះ​បី​ជា​មាន​ភាព​ចម្រើន​ទៅ​មុខ​លើ​ប្រធានរឿង​មួយ​ចំនួន​នា​កិច្ចប្រជុំ​រយៈពេល ១សប្តាហ៍​ក្នុង​ទីក្រុង​បាងកក​ក៏​ដោយ ក៏​បញ្ហា​ហិរញ្ញវត្ថុ​នៅ​បន្ត​ជា​ប្រធានបទ​ចម្រូងចម្រាស​ដដែល។ អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ឈ្មោះ ActionAid បាន​មើល​ឃើញ​ថា កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​ឆ្នាំ ២០១៥ កំពុង​ស្ថិត​មាត់ជ្រោះ។ យ៉ាង​ណា​ក៏​ដោយ ប្រទេស​ហត្ថលេខី​ទាំង ១៩០ប្រទេស​មាន​ពេល​ដល់​ដំណាច់​ឆ្នាំ ២០១៨ និង​សន្និសីទអន្តរជាតិ​ស្តីពី​អាកាសធាតុ​លើក​ទី២៤ ក្នុង​ប្រទេស​ប៉ូឡូញ​នា​ពេល​ខាង​មុខ​ដើម្បី​បញ្ចប់​វិធានការ​ជាក់ស្តែង​ដែល​ត្រូវ​ដាក់​ឲ្យ​អនុវត្តន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ