អានតួអត្ថបទ
ភូមា-តុលាការព្រហ្មទណ្ឌអន្តរជាតិ

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ថា​ខ្លួន​មាន​​សមត្ថកិច្ច​ស៊ើបអង្កេត​លើ​ការជម្លៀស​ជនជាតិរ៉ូហ៊ីងយ៉ា

ភូមា​រួច​មិន​ផុត​ពី​សំណាញ់​ច្បាប់​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC​ដែល​មាន​ទីស្នាក់ការ​នៅទីក្រុង​ឡាអេ បាន​ប្រកាស​ថា ខ្លួន​មាន​សមត្ថកិច្ច​ស៊ើបអង្កេត​លើ​ករណី​ជម្លៀស​ប្រជាជន​រ៉ូហ៊ីងយ៉ា រាប់សែននាក់​ចេញពី​រដ្ឋរ៉ាឃីន ភាគខាងជើង​ប្រទេស​ភូមា។ ការជម្លៀស​ដោយ​បង្ខំ ដែល​គេ​ចាត់ទុក​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ 

Rohingya refugees, who crossed the border from Myanmar two days before, walk after they received permission from the Bangladeshi army to continue on to the refugee camps, in Palang Khali, near Cox's Bazar, Bangladesh October 19, 2017.
Rohingya refugees, who crossed the border from Myanmar two days before, walk after they received permission from the Bangladeshi army to continue on to the refugee camps, in Palang Khali, near Cox's Bazar, Bangladesh October 19, 2017. ©REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​សម្រេចថា តុលាការ​ដែល​មានទីស្នាក់ការ​នៅ​ទីក្រុង​ឡាអេ មាន​សមត្ថកិច្ច ដើម្បី​ស៊ើបអង្កេត​លើ​ការជម្លៀស​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ចេញ​ពី​រដ្ឋរ៉ាឃីន។

កាលពី​ខែ​មេសា រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ធ្លាប់​ដាក់​ពាក្យ​សុំ​ឲ្យ​ចៅក្រម​បើក​ការស៊ើបអង្កេត​បឋម មួយ ដើម្បី​កំណត់ថា តើ​ការជម្លៀស​មនុស្ស​ដោយ​បង្ខំ អាច​ត្រូវ​ចាត់ទុក​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែរឬទេ។

រដ្ឋាភិបាល​ភូមា នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទៅ​នឹង​ការសម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះទេ។ នៅក្នុង​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា សហគមន៍​អន្តរជាតិ បាន​រិះគន់ និង​ដាក់​សម្ពាធ លើ​រដ្ឋាភិបាល​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ដែល​នៅ​ស្ងាត់ស្ងៀមឈឹង ទៅនឹង​សកម្មភាព​ហិង្សា របស់​យោធា​ភូមា។

សូមបញ្ជាក់ថា នៅ​រដ្ឋរ៉ាឃីន ភាគខាងជើង ភូមា ជាប់ព្រំដែន​បង់ក្លាដែស ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ជាង ៧សែននាក់ បាន​រត់គេចខ្លួន​ដោយ​បង្ខំ ចេញ​ពី​ភូមិ ផ្ទះសម្បែង ដែល កងទ័ព ហើយ​និងប្រជាជន​ភូមា កាន់​ព្រះពុទ្ធសាសនា​បាន​ដុតបំផ្លាញ ក្នុង​ហេតុផល ប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម កាលពី​ឆ្នាំ ២០១៧។ អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​ចោទប្រកាន់​ក្រុមយោធា​ភូមា​ថា បាន​ធ្វើ​នយោបាយ​បោស​សម្អាត​ជាតិ​ពិន្ធុ ហើយ​និង​ប្រល័យ​ពូជសាសន៍។

នៅ​ចុង​ខែ​សីហា​កន្លងទៅ ក្រុមស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​បានស្នើសុំ​ឲ្យ​ស្ថាប័ន​យុត្តិធម៌​អន្តរជាតិ ផ្តន្ទាទោស មេទ័ព ហើយនិង​មន្រ្តីជាន់ខ្ពស់​ភូមា ៥នាក់ ក្នុង​បទចោទប្រកាន់​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ហើយ​និង​ឧក្រិដ្ឋកម្ម​សង្រ្គាម ទៅលើ​ប្រជាជន​កាន់សាសនា​អ៊ីស្លាម រ៉ូហ៊ីងយ៉ា។ រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស លោក​Jeremy Hunt វិញ បាន​អះអាង កាលពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍នេះ​ថា លោក​ចង់​ឲ្យ​មាន​ការកោះប្រជុំ​បន្ទាន់​មួយ នៅ​អង្គការ​សហប្រជាជាតិ ដើម្បី​និយាយ​ពី​ការសម្លាប់រង្គាល​ ជនជាតិ​រ៉ូហ៊ីងយ៉ា នៅក្នុង​ទឹកដី​ភូមា។ សម្រាប់​ប្រមុខការទូត​អង់គ្លេស រាល់​អ្នកទទួល​ខុសត្រូវ ត្រូវ​ប្រឈម​នឹង​ការកាត់ទោស​នៅ​តុលាការ​អន្តរជាតិ។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មាន​សមត្ថកិច្ច​បើកការស៊ើបអង្កេត​លើ​ករណីជម្លៀស​ជនជាតិ​រ៉ូហ៊ីងយ៉ា​មែនហើយ ប៉ុន្តែ ដំណើរការ នីតិវិធី​ស៊ើបអង្កេត​មាន​លក្ខណៈ​ស្មុគស្មាញ ដោយសារ​ថា ភូមា​មិនមែន ជា​ប្រទេស​ហត្ថលេខី នៃ​សន្ធិសញ្ញា​ក្រុង​រ៉ូម ដែល​មាន​ចែង​ពីការបង្កើត​តុលាការ​ព្រហ្ម្ទទណ្ឌ​អន្តរជាតិ។ ប៉ុន្តែ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន តុលាការ​បាន​បញ្ជាក់ហើយ​ថា ខ្លួនមាន​សមត្ថកិច្ច​បើកការស៊ើបអង្កេត បន្ទាប់​ពីរកឃើញ​មាន​ភស្តុតាង​ស្តីពីការប្រព្រឹត្ត​បទឧក្រិដ្ឋ ការរត់ឆ្លងដែន ចូល​ទៅ​ប្រទេស​បង់ក្លាដែស ដែល​ជា​ប្រទេស​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ