អានតួអត្ថបទ

ប្រមុខ​ការទូត​អាមេរិក​ទៅ​ប៉ាគីស្ថាន​ដើម្បី​ស្តារ​ទំនាក់ទំនង

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ាគ ប៉ុមប៉េអូ បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ ក្នុង​​ថ្ងៃ​ពុធ​នេះ។ លោក បាន​ជួប​ពិភាក្សា​ជាមួយ​នាយរដ្ឋមន្ត្រី​ថ្មី​ លោក អ៊ីមរ៉ាន ខាន់ និង​បានបង្ហាញ​​ក្តី​សង្ឃឹម​ថាអាមេរិក​និងប៉ាគីស្ថាន​អាចបើក​ទំព័រទំនាក់​​​ទំនងគ្នា​​ថ្មី​ជា ​ឱ្យ​ប្រសើរ​ឡើង​វិញបន្តិច។ បាគីស្ថាន​និង​អាមេរិកមើល​មុខ​គ្នា​មិន​សូវ​ចំទេ និង​រឹត​តែ​ដុនដាប​ខ្លាំង​ទៀត​​នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។

រដ្ឋមន្ត្រីការបរទេស​ប៉ាគីស្ថាន លោក Shah Mehmood Qureshi (ស) និង​លោក​Mike Pompeo ថ្ងៃទី ០៥​កញ្ញា ២០១៨
រដ្ឋមន្ត្រីការបរទេស​ប៉ាគីស្ថាន លោក Shah Mehmood Qureshi (ស) និង​លោក​Mike Pompeo ថ្ងៃទី ០៥​កញ្ញា ២០១៨ © Reuters
ផ្សាយពាណិជ្ជកម្ម

លោក ប៉ុមប៉េអូ បាន​ចុះ​ចត​លើ​ដី​ប៉ាគីស្ថាន នៅវេលាម៉ោង​១រសៀល​ម៉ោង​ក្នុង​ស្រុក និង​បាន​ចាក​ចេញ​ទៅ​វិញនៅ​ក្នុង​ថ្ងៃដដែល បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​មួយ​ភ្លែត ជាមួយ​អគ្គមេបញ្ជាការ​កងទ័ព ដ៏​មាន​អំណាច លោក Joseph Dunford ព្រម​ទាំង​តំណាង​មន្ត្រីការទូត​ប៉ាគីស្ថាន និង​លោក​នាយក​រដ្ឋមន្ត្រី​ថ្មី លោក អ៊ីនរ៉ាន ខាន់។

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែលលោក ប៉ុមប៉េអូ​ ​ក្នុង​នាម​​ប្រមុខ​ការ​ទូត​អាមេរិក​បាន​មក​ដល់​ប៉ាគីស្ថាន ! ប្រទេសដែល​អាមេរិក​ចាត់​ទុក​ថា​ត្រូវ​មាន​ចំណែក​​​ចាំបាច់​ក្នុង​ការ​ស្វែង​រក​ច្រក​​ចេញ​បិទ​បញ្ចប់​សង្គ្រាម នៅអាហ្វហ្កានីស្ថាន​ជិតខាង។ ​​​អាហ្វហ្កានីស្ថាន​​លុង​ក្នុង​សង្គ្រាម​​ អស់​១៧​ឆ្នាំ ហើយ​ស្ថានភាព​សន្តិសុខ​កាន់​តែ​ធ្លាក់​ចុះ​យ៉ាប់យឺន​​ជា​លំដាប់។ អាហ្វហ្កានីស្ថាន​និង​អាមេរិក​បាន​ចោទ​ជា​រហូត​មក និងទាមទារ​ឱ្យ​ប៉ាគីស្ថានឈប់​គាំទ្រ​ក្រុមប្រដាប់​អាវុធ​​អ៊ីស្លាម​ជ្រុលនិយម​ ដូច​ជា​ពួក​តាលីបង់ និង​បណ្តាញ​Haqqani តាម​រយៈ​ការ​​ផ្តល់​ជម្រក​ឱ្យ​ពួក​នេះ​បាន​ជ្រកកោន​នៅ​តាម​ព្រំដែន​ជាមួយ​អាហ្វហ្កានីស្ថាន។

អាមេរិក​ចោទ ប៉ាគីស្ថាន​បដិសេធ ! ​ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរដែល​មិន​សូវ​ល្អ​ស្រាប់​ទៅហើយ​ កាន់​តែ​​រកាំរកូសខ្លាំង​ទៀត នារយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ រហូត​ដល់​អាមេរិក​ប្រកាស​បង្វែរ​ប្រាក់​ជំនួយ​៣០០​លាន​ដុល្លារ​សម្រាប់​ប៉ាគីស្ថាន​។

ប៉ុន្តែ​​នៅ​ថ្ងៃ​នេះ អាមេរិក​និង​ប៉ាគីស្ថានបាន​បង្ហាញ​ក្តី​​សង្ឃឹម​ថា​នឹង​អាច​បើក​ទំនាក់ទំនង​ថ្មី​រវាងគ្នា​ប្រសើរ​ឡើងវិញ​ ព្រោះ​លោក​ប៉ុមប៉េអូ និង​លោក​អ៊ីមរ៉ាន ខាន់ បាន​យល់​ព្រម​ស្រប​គ្នា​ថា សន្តិភាព​អាហ្វហ្កានីស្ថាន​ជា​កម្មវត្ថុ​រួម​របស់​អាមេរិក​និង​ប៉ាគីស្ថាន ដោយ​បាន​តែង​តាំង​អ្នក​ការទូត​អាមេរិក​ដើម​កំណើត​ប៉ាគីស្ថាន ជា​គ្រប់​គ្រង​សំណុំ​រឿង​​នេះ។ ជំនួយ​៣០០​លាន​ដុល្លារ​នឹង​អាច​ប្រគល់​ឱ្យ​ប៉ាគីស្ថាន​វិញ​ប្រសិន​បើ​កាលៈទេសៈ​តម្រូវ។ នេះ​បើ​តាមប្រសាសន៍​របស់​ប្រមុខ​ការទូត​អាមេរិក​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ