rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

បី​ឆ្នាំក្រោយមក កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​មានតែនៅលើ​ក្រដាស

ដោយ ឈាង បុប្ផា

ក្រុង​បាងកក​របស់​ប្រទេស​ថៃ នៅថ្ងៃ​អង្គារទី ៤ កញ្ញា ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​ស្តីពី​បញ្ហា​អាកាសធាតុ ក្នុង​គោលដៅ ផ្តល់សន្ទុះ ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​អន្តរជាតិ ស្តីពី អាកាសធាតុ COP២១ ដែល​ត្រូវ​បាន​អនុម័ត កាលពី​បីឆ្នាំ មុន នៅ​ទីក្រុង​ប៉ារីស។ កិច្ចប្រជុំ​ក្នុង​ប្រទេស​ថៃ ធ្វើឡើង​នៅ ៣ខែ​មុន​បើក​ជំនួបកំពូល​ស្តី ពីអាកាសធាតុ COP ២៤ នៅ​ប្រទេស​ប៉ូឡូញ។

 

ក្រុង​បាងកក​នៅ​ថ្ងៃអង្គារ​នេះ ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​មួយ​ស្តី​ពី​បញ្ហា​អាកាសធាតុ។ កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​បាងកក ធ្វើឡើង ដើម្បី ពិភាក្សា​ពី​វិធានការ​ជាក់ស្តែង ដែល​គេ ត្រូវអនុវត្ត ក្នុង​នាម​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​ក្រុង​ប៉ារីស។ គេ​រំពឹងថា កិច្ចប្រជុំ រយៈពេល ៦ថ្ងៃ នៅ​ទីក្រុង​បាងកក (ថ្ងៃទី​៤ដល់ ថ្ងៃទី ៩​កញ្ញា) នឹង​អាច​ផលិត​ចេញ​ជា​រូបរាង​នូវ​វិធានការរួម មួយ ដែល​គេ​នឹង​អាច​បោះឆ្នោត អនុម័ត ជាផ្លូវការ នៅ​ក្នុង​សន្និសីទ លើកទី ២៤ ស្តីពី​អាកាសធាតុ ដែល​ត្រូវ​ធ្វើ​នៅប្រទេស​ប៉ូឡូញ នៅ​ចុងឆ្នាំនេះ។

នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃ​នេះ នៅ​មុខ​អគារ​ដែល​ត្រូវ​បើកកិច្ចប្រជុំ​ស្តីពីអាកាសធាតុ សកម្មជន​បរិស្ថាន​បាន​លើក​បដា​បរិហារ​រិះគន់​ក្រុមប្រទេស​មហាឧស្សាហកម្ម ប្រទេស​អ្នកមាន ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើនជាងគេ ប៉ុន្តែ ដែល​គេចវេស​មិនចេញមុខ ទទួល​ខុសត្រូវ​ទៅវិញ។

កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​អាកាសធាតុ​បាន​កើត​ចេញ​ជា​រូបរាង ជា​ផ្លូវការ តាំងតែ​ពី ឆ្នាំ ២០១៥​ម្ល៉េះ នៅទីក្រុង​ប៉ារីស ប៉ុន្តែ កិច្ចព្រមព្រៀង នៅ​មិនទាន់​អាច​យកទៅប្រើប្រាស់ បាន​នៅ​ឡើយ ដោយសារតែ វិធានការរួម​ដែល​ប្រទេស​នីមួយៗ ត្រូវ​អនុវត្ត នោះ គឺ​គេ​នៅមិនទាន់​និយាយ​ចរចា ត្រូវរ៉ូវ​គ្នា​នៅឡើយ។ ឧទាហរណ៍ ទៅតាម​កិច្ចព្រមព្រៀង គ្រប់ប្រទេស​ក្នុង​លោក​បាន​យល់ស្របថា ​ត្រូវ​ធ្វើយ៉ាងណា ទប់​កុំ​ឲ្យ​កំដៅ​លើ​ផែនដី កើនឡើង​ខ្ពស់​ជាង​២អង្សា​បន្ថែមទៀត ពី​ពេលនេះ រហូត​ដល់​ឆ្នាំ ២១០០។ ប៉ុន្តែ វិធានការ ដែល​ប្រទេស​នីមួយៗ ត្រូវ​អនុវត្ត​ជាក់ស្តែង​នោះ គឺ​គេ​នៅមិន​ទាន់​មាន​សរសេរ​ចែង​នៅឡើយ។ អ្នកជំនាញ​ខាងអាកាសធាតុ​បាន​ព្រមាន​ហើយថា បើ​គ្មាន​វិធានការ​រួម ដែល​អាច​ជា​កាតព្វកិច្ច ចាប់ចង​ឲ្យ​ប្រទេស​ហត្ថលេខី ត្រូវ​អនុវត្តធ្វើ​តាមនោះ ទេ កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស ស្តីពីអាកាសធាតុ នឹង​ត្រូវ​រាជ័យ ធ្លាក់ទឹក។

សូមអាន៖ អ្នកវិទ្យាសាស្រ្ត៖ ផែនដី​នឹង​ក្លាយ​ជា​បន្ទប់ឆ្ពុង បើសិន​​កំដៅ​កើនឡើង​៤​អង្សាទៀត

បញ្ហា​ធំ គឺ​រឿងលុយ

មាន​តែ​រឿងពីរទេ ដែល គេ​នៅ​តែ​និយាយ​មិនត្រូវ​គ្នា មិន​ថា នៅក្នុង​សន្និសីទ​COP ២១ COP ២២ ឬ​សន្និសីទ​ចុងក្រោយ នៅ​ប្រទេស​អាល្លឺម៉ង់។ ទី១ គឺ​រឿងលុយ និង​ទី ២ គឺ​រឿង​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​ប្រភព​ធ្វើ​ឲ្យ​ផែនដី ឡើងកំដៅ។

នៅក្នុង​កិច្ច​ព្រមព្រៀង ក្រុង​ប៉ារីស គេ​គ្រោង​ចង់​បាន​ថវិកា ឬ​វិភាគទាន​បៃតង ប្រមាណ ១០០ ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ សម្រាប់​ជួយ​ប្រទេស​ក្រីក្រ ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រងគ្រោះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ។ ទៅតាម​កិច្ចព្រមព្រៀង ប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍ នឹង​អាច​ទទួល​បាន​ថវិកា​បៃតង ចាប់ពី​ឆ្នាំ ២០២០។ រហូតមក ប្រទេស​កំពុង​អភិវឌ្ឍន៍​ចង់​ឲ្យ​ប្រទេស​ផ្តល់ជំនួយ បង្កើន​ប្រាក់វិភាគទាន និង​ការវិនិយោគ ទៅលើ​មធ្យោបាយ ដែល​អនុញ្ញាត​ឲ្យ​រស់សម្របខ្លួន​បាន​នឹង​ការប្រែប្រួល​អាកាសធាតុ។ ប្រទេស​កំពុងអភិវឌ្ឍន៍​ចង់​បាន​គម្រោង​ជំនួយ​គ្រប់គ្រង និងកើត​ចេញពី ស្ថាប័ន​រដ្ឋ។ ប៉ុន្តែ បញ្ហា​នៅត្រង់​ថា ប្រទេស​អ្នកមាន​វិញ ផ្តល់​អាទិភាព​ច្រើន​ទៅលើ​វិស័យ​ឯកជន គម្រោងការ​ដែល​ផ្តល់​ប្រាក់​ចំណេញ ច្រើនជាង គម្រោងការ សម្រាប់​ទិសដៅ ក្នុង​រយៈពេល​វែង។ មួយវិញទៀត ប្រទេស​អ្នកមាន និង​ប្រទេស​មហាឧស្សាហកម្ម ដែល​ជាអ្នកបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ច្រើនជាងគេ និង​ជាអ្នកដែល​ត្រូវ​បង់វិភាគទាន​សម្រាប់​កញ្ចប់​ថវិកា​បៃតង កំពុង​រក​លេស ដោះដៃ ឬ​ទម្លាក់​បន្ទុក​ដាក់គ្នា​ទៅវិញ ទៅមក។

កិច្ចប្រជុំ​នៅទីក្រុង​បាងកក​នៅសប្តាហ៍នេះ ត្រូវ​ផ្តោតសំខាន់​ផងដែរ លើ​ផលប៉ះពាល់​លើ​កិច្ចព្រមព្រៀង ស្តីពីអាកាសធាតុ នៅក្រោយ​អាមេរិក​របស់​លោកដូណាល់ ត្រាំ ប្រកាស​ដកខ្លួន​ចេញពីកិច្ចព្រមព្រៀង កាលពី​ឆ្នាំមុន។ អាមេរិក ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើនជាងគេ ក្នុង​លោក ជាមួយ​ប្រទេស​ចិន មិន​ត្រឹម​តែ​ដកខ្លួន លែង​គោរព​តាម​កិច្ចព្រមព្រៀង​តែប៉ុណ្ណោះទេ អាមេរិក​នៅ​បាន​បដិសេធ លែង ផ្តល់​វិភាគទាន​ប្រមាណ ២ពាន់​លាន​ដុល្លារ ទៅ​កញ្ចប់​ថវិកា បៃតង ដែល​អាមេរិកធ្លាប់​បាន​សន្យា នៅពេល​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពីអាកាសធាតុ នៅទីក្រុង​ប៉ារីស។

អ្នកជំនាញ៖ គេ​នឹង​មិនងាយ​សម្រេច​តាម​គោលដៅ ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង

គេ​បាន​ព្រមព្រៀង គ្នា កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដើម្បី​ធ្វើយ៉ាងណា ទប់ទល់​កុំ​ឲ្យ​ផែនដី កើនឡើង​ខ្ពស់ ២​អង្សារ​បន្ថែមទៀត។ ទប់ទល់​កុំ​ឲ្យ​ផែនដី ឡើង​កំដៅ​ជាងមុន គឺ​គេ​ត្រូវ​កាត់បន្ថយ ការបញ្ចេញ​ផ្សេងកាបូនិក ដែល​កើត​ចេញ​មកពី​ឧស្សាហកម្ម ប្រើ​ប្រេង ឬ​ធ្យូងថ្ម។ ប៉ុន្តែ ជាមួយគ្នា នៅក្នុង​កិច្ចព្រមព្រៀង ប្រទេស​សមាជិក​អាច​កែតម្រូវ​នយោបាយ​ថាមពល​របស់ខ្លួន រហូត​ដល់​ឆ្នាំ ២០២៣។ សម្រាប់​អ្នកជំនាញ​អាកាសធាតុ គេ​មិនអាច​ពន្យារ​ពេល​តទៅមុខ​ទៀត​បាន​ទេ។ គេ​បាន​វាយតម្លៃ​ហើយ​ថា ជាមួយ​នឹង​ការអនុវត្ត នយោបាយ​ជាតិ គឺ​បញ្ចេញ​ឧស្ម័ន​កាបូន ច្រើន ដូច​សព្វថ្ងៃនេះ កំដៅ​ផែនដី​នឹង​កើន​ឡើង ដល់​ទៅ ៣អង្សា​បន្ថែម​ទៀត។ ផែនដី​កើនឡើង​កំដៅ បីអង្សា​បន្ថែម​ទៀត នោះ គឺ​ផែនដី ជីវិត​មនុស្ស​សត្វ ធម្មជាតិ នឹង​ប្រឈម​រងគ្រោះមហន្តរាយ ដែល​ជា​លទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ ដូចជា ភ្លើងឆេះព្រៃ ខ្យល់ព្យុះ ទឹកជំនន់ ឬ​ការឡើង​កំពស់​ទឹកសមុទ្រ​ជាដើម ដែលយើង​ឃើញ ​កំពុង​កើតមាន​រួចហើយ​នៅលើ​ផែនដី សព្វថ្ងៃនេះ៕

នៅក្រោយ​ការរិះគន់ អូស្ត្រាលី​ប្តូរជំហរ​ពីរឿង​ចង់​ផ្ទេរ​ស្ថានទូត​ទៅ​នៅហ្ស៊េរុយសាឡិម

តើ​លោក​អាន់វ៉ា អ៊ីប្រាហ៊ីមកំពុង​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី?

អារ៉ាប៊ីសាអូឌីត ថាមិន​ដែល​មាន​បំណង​សម្លាប់​លោក Jamal Khashoggi ទេ!

ហេតុអ្វី​អាមេរិក​រឹតបន្តឹង​ការនាំចេញ​នុយក្លេអ៊ែរ​ទៅប្រទេស​​ចិន?

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​សុំ​លាលែងពី​​តំណែង

IMF៖​កំណើនសេដ្ឋកិច្ច​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០១៨ និង ២០១៩ មាន​តិច​ជាង​ការ​ប្រមើលទុក

ចិនចោទ​ប្រធាន​អាំងទែរប៉ូល​ដែលបាត់ខ្លួន ពីបទ​​ពុករលួយ

ប្រេស៊ីល៖​ការបោះឆ្នោត​ប្រធានាធិបតី​បង្កប់​ដោយ​ភាព​ប្រេះឆា​ក្នុង​សង្គម និងកំណើន​​សម្លេង​របស់​គណបក្ស​ស្តាំនិយមជ្រុល

តើអ្វី​ខ្លះ​ជា​កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​ ប៉ុមប៉េអូ នៅតូក្យូ ព្យុងយ៉ាង សេអ៊ូល ?

ណូបែល​សន្តិភាព​ឆ្នាំ​២០១៨ បាន​ទៅ​​លើ​សកម្មជន​ប្រយុទ្ធ​ប្រឆាំង នឹង​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​

ហេតុអ្វីបាន​ជា​ឥណ្ឌា​នៅតែ​ផ្គើន​ចង់ទិញ​ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី S-400?

បារាំង​ចោទ​អ៊ីរ៉ង់​ពី​បទ​នៅ​ពី​ក្រោយ​គម្រោង​ធ្វើ​ភេរវកម្ម​នៅ​ជាយ​ក្រុង​ប៉ារីស​

របាយការណ៍៖ កំដៅផែនដី​នឹង​កើនឡើង ១,៥អង្សាសេ នៅឆ្នាំ ២០៤០

អាមេរិក​រកឃើញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​កាណាដា និង​ម៉ិចស៊ិក

ហេតុអ្វី​ សារTwitter​តែ​ប៉ុន្មានម៉ាត់​ធ្វើ​ឲ្យ​លោក​Musk ខ្ទាតចេញ​ពីតំណែង​ប្រធាន​ក្រុមហ៊ុន​Tesla?

ចោរ​បន្លំ​ចូល​ក្នុង​គណនី ​Facebook ​របស់​អ្នក​ប្រើ ​មិន​តិច​ជាង​៥០​លាន​គណនី

តើ​ព្រឹទ្ធសភាអាមេរិក​នឹងតែងតាំង បេក្ខជន​ចៅក្រម​តុលាការ​កំពូល ដែល​រងចោទប្រកាន់​ពីរឿងអាស្រូវផ្លូវភេទ?

តើ​ទស្សនកិច្ច​របស់​លោកអ៊ែរដូហ្កាន​នៅ​អាល្លឺម៉ង់​អាច​ជួយ​ស្តារ​ទំនាក់ទំនង​តានតឹង​រវាង​តួកគី និង​អាល្លឺម៉ង់​បាន​ដែរ​ឬទេ?

អ៊ីរ៉ង់ ក្លាយជា​សំណុំរឿង​ស្នូល​នៃ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.

អ.ស.ប. បើក​មហាសន្និបាត​លើក​ទី​៧៣ នៅ​ក្នុង​បរិបទ​ពិភពលោក​ពោរពេញ​ដោយ​ជម្លោះ និង​ការ​មិន​ទុក​ចិត្ត​គ្នា