អានតួអត្ថបទ
ឥណ្ឌា

ហេតុអ្វី​បានជា​កំណើន​សេដ្ឋកិច្ច​របស់​ឥណ្ឌា បោះ​ពួយ​លឿន​ស្លេវទៅមុខ?

កំណើន​សេដ្ឋកិច្ច​របស់​ឥណ្ឌា បាន​កើនឡើង​គួរ​ឲ្យ​កត់សំគាល់។ តាម​តួលេខ​ផ្លូវការ​ចុះផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច​ឥណ្ឌា ចន្លោះ​ពីខែ​មេសា​ដល់​ខែ​មិថុនា បាន​កើនឡើង​ប្រមាណ ៨,២% គឺ​ខ្ពស់​ជាង​ការព្យាករណ៍​របស់​ទីភ្នាក់ងារ​សេដ្ឋកិច្ច Bloomberg ដែល​បាន​វាយតម្លៃថា អត្រា​កំណើន​សេដ្ឋកិច្ច នឹង​មាន​ប្រមាណ ៧,៦%។ កំណើនសេដ្ឋកិច្ច ដ៏​ខ្ពស់​របស់​មហាអំណាច​សេដ្ឋកិច្ច​ទី ៣​របស់​អាស៊ី ស្តែង​ឲ្យ​ឃើញពី​ការរីកចម្រើន​ក្នុង​វិស័យ​ផ្តល់​សេវា ផលិតកម្ម ហើយ​និង​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​ឥណ្ឌា ដែល​អាច​ធន់ទប់ទល់ បាន​នឹង​បញ្ហា​ធ្លាក់ចុះថ្លៃ លុយរូពី ឬតម្លៃ​ប្រេង ដែល​ចាប់ឡើងថ្លៃ នៅទីផ្សារ​អន្តរជាតិ។ 

An India Rupee note is seen in this illustration photo June 1, 2017.
An India Rupee note is seen in this illustration photo June 1, 2017. ©REUTERS/Thomas White/Illustration/File Photo
ផ្សាយពាណិជ្ជកម្ម

តួលេខ​របស់​ការិយាល័យ​ស្ថិតិ កណ្តាល​ឥណ្ឌា​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​មួយឆ្នាំ ប៉ុណ្ណោះ កំណើន​សេដ្ឋកិច្ច​ឥណ្ឌា ប្រចាំ​ត្រីមាស បាន​កើន​ឡើង ពី ៥,៦% កាលពី​ខែ​មេសា ឆ្នាំ២០១៧ មក​ដល់​៨,២% នៅ​ខែ​មេសា ឆ្នាំនេះ។ កំណើន​សេដ្ឋកិច្ច​របស់​ឥណ្ឌា ដែល​កើនឡើង​ខ្ពស់​ជាងការព្យាករណ៍​របស់​ទីភ្នាក់ងារសេដ្ឋកិច្ច​ទៅទៀតនោះ រឹងរឹត​តែ​បញ្ជាក់​យ៉ាងច្បាស់​ថា ឥណ្ឌា​កំពុង​ស្ថិត​ក្នុង​ចំណោម​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​បោះជំហាន​លឿនខ្លាំង។

ផលិតផល​ក្នុង​ស្រុក​របស់​ឥណ្ឌា​បាន​ចាប់កើនឡើង​មកវិញ បន្ទាប់​ពី​រង្គោះរង្គើ​ដោយសារ​នយោបាយ​កំណែទម្រង់​សេដ្ឋកិច្ច​របស់​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ណារិនដ្រា ម៉ូឌី កាលពី​ឆ្នាំ ២០១៦។ សម្រាប់​ប្រធាន​ទីភ្នាក់ងារ​វាយតម្លៃ សន្តិសុខ​សេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច​ដ៏ខ្ពស់​របស់​ឥណ្ឌា​ស្តែង​ឲ្យ​ឃើញ​ថា សេដ្ឋកិច្ច​របស់​ឥណ្ឌា អាច​ធន់ ទប់ទល់​បាន​នឹង​ការឡើងចុះ​នៃ​តម្លៃប្រេង ហើយ​និង​ការធ្លាក់ចុះ​នៃ​តម្លៃ​រូពី​របស់​ឥណ្ឌា។ “ នៅពេល​ដែល​អត្រា​អតិផរណា​ធ្លាក់ចុះ​បន្តិច បូកផ្សំ​នឹង​គ្រឹះ​សេដ្ឋកិច្ច​ដ៏​រឹងមាំ ឥណ្ឌា​គ្មាន​អ្វីត្រូវ​បារម្ភ​នោះទេ”​នេះជា​ប្រសាសន៍​របស់​លោក​Sujan Hajra ប្រធាន​សេដ្ឋកិច្ចវិទូ របស់​ទីភ្នាក់ងារ Anand Rathi Securities។

ជាមួយ​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប ប្រមាណ ២៥៩៧ ពាន់លាន​ដុល្លារ នៅឆ្នាំ ២០១៧ ឥណ្ឌា បាន​ដណ្តើម​ចំណាត់​ថ្នាក់​ពី​បារាំង ដើម្បី ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក ទី៦។ នៅ​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​របស់​ឥណ្ឌា បាន​និយាយ​ថា នៅ​ឆ្នាំ ក្រោយ ឥណ្ឌា​ទំនង​ជា​នឹង​ផ្តួល​ប្រទេស​អង់គ្លេស​មួយទៀត​ដើម្បី​ឈាន​ទៅកាន់​តំណែង​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី ៥។

រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ឥណ្ឌា បាន​វាយតម្លៃដែថា ឥណ្ឌា​ដែល​មាន​ប្រជាជន​១២៥០​លាន​នាក់ នឹង​អាច​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​បី នៅក្នុង​ពិភពលោក នៅ​រវាង​ឆ្នាំ ២០៣០។ កំណើន​សេដ្ឋកិច្ច​ជាប់ៗ​គ្នា​យ៉ាងដូច្នេះ គឺ​ដំណឹង​ល្អ និង​សំខាន់​ណាស់​សម្រាប់​រដ្ឋាភិបាល​ជាតិ​និយម​របស់​លោក​នាយករដ្ឋមន្រ្តី​ណារិនដ្រា ម៉ូឌី។ ចូល​កាន់អំណាច​នៅ​ឆ្នាំ ២០១៤ លោក​ម៉ូឌី ដែល​បាន​សន្យា​ជំរុញ​សេដ្ឋកិច្ច​ឥណ្ឌា​ឲ្យ​ស្វាហាប់​ឡើងវិញនោះ បាន​ប្រកាស​រួចហើយថា នឹង​ឈរ​ធ្វើ​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​សម្រាប់​ការបោះឆ្នោត​ដែល​ត្រូវ​ប្រព្រឹត្ត​នៅ​ដើម​ឆ្នាំក្រោយ។

អ្នកសេដ្ឋកិច្ច​វិទូ​មួយចំនួន​វិញ បាន​វាយតម្លៃថា ទោះមាន​កំណើនសេដ្ឋកិច្ច​ល្អ​ខ្ពស់មែន ប៉ុន្តែ ឥណ្ឌា​មិនអាច​ត្រេកអរ​ភ្លេចខ្លួន​នោះទេ។ សេដ្ឋកិច្ច​ឥណ្ឌា​នឹង​អាច​ត្រូវ​គំរាមកំហែង ដោយសារ​តម្លៃ​ប្រេង​ឡើងថ្លៃ ព្រោះថា ចង់ ឬមិនចង់ ឥណ្ឌា​នៅ​តែ​ត្រូវការ ពឹងផ្អែក​លើ​ការទិញ​នាំចូល​ប្រេង​ពី​បរទេស​សម្រាប់​ថាមពល​ក្នុងស្រុក៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ