អានតួអត្ថបទ
ភូមា​-អ.ស.ប.

អង្គការ​​សហ​ប្រជាជាតិ៖ ត្រូវ​តែ​​កាត់​ទោស​​មេ​​បញ្ជាការ​​យោធា​​ភូមា​ពី​​បទ​​ប្រល័យ​​ពូជសាសន៍​

គណៈកម្មការ​ស៊ើប​អង្កេត​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ ទើប​បាន​ចេញ​ផ្សាយ​​​របាយ​ចុង​ក្រោយ​មួយ​របស់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​ទី​២៧​សីហា​នេះ ​ដោយ​បាន​ចោទ​ថា កងទ័ព​ភូមា បាន​ធ្វើ​ការ​កាប់​សម្លាប់​រង្គាល​និង​ការ​រំលោភ​ភេទ​រួម​គ្នា​ប្រឆាំង​នឹង​ប្រជាជន​រ៉ូហ៊ីងយ៉ា​ក្នុង​ចេតនា​ប្រល័យ​ពូជសាសន៍។ គណៈកម្មការ របស់ អ.ស.ប.នេះ បាន​ទាមទារ សូម​ឲ្យ​កាត់​ទោស​មេ​បញ្ជាការ​កង​ទ័ព​ភូមា​ក៏​ព្រម​ទាំង​ឧត្តមសេនីយ​ភូមា ៥​នាក់​ផ្សេង​ទៀត។

ឧត្តមសេនីយ​ Min Aung Hlaing ចូលរួម​​​​ក្នុង​ទិវា​​ទុក្ករបុគ្គល​​​នៅ​មតៈចេតិយ​​នៅ​ក្រុង​ Yangon ​ភូមា​​ថ្ងៃ​ទី​​១៩​​កក្កដា​​​ ២០១៨​​​
ឧត្តមសេនីយ​ Min Aung Hlaing ចូលរួម​​​​ក្នុង​ទិវា​​ទុក្ករបុគ្គល​​​នៅ​មតៈចេតិយ​​នៅ​ក្រុង​ Yangon ​ភូមា​​ថ្ងៃ​ទី​​១៩​​កក្កដា​​​ ២០១៨​​​ REUTERS/Ann Wang/File Photo
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍មួយ​​ចុង​ក្រោយ​របស់​ខ្លួន គណៈកម្មការ​ស៊ើប​អង្កេត​របស់​អង្គការ​សហ​ប្រជាជាតិ បាន​លើក​ឡើង​ថា" រដ្ឋាភិបាល​ស៊ីវីល​ភូមា​ដែល​ដឹក​នាំ​ដោយ​លោកស្រី​អ៊ុងស៊ាន់ស៊ូជី បាន​បណ្តោយ​ឲ្យ​មាន​ការ​ស្អប់​គ្នា​យ៉ាង​ហួស​ហេតុ​នៅ​ក្នុង​ប្រទេស​ភូមា​ បាន​​​កំទេច​បំផ្លាញ​ឯកសារ​នានា​និង​ពុំ​មាន​សមត្ថភាព​ធ្វើការ​ការពារ​អាយុជីវិតដល់​ប្រជាជន​​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ ដូច​ជា​បណ្តោយ​អោយ​មាន​អំពើ​ឧក្រឹដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​និង​ឧក្រឹដ្ឋកម្ម​សង្គ្រាម​ដែល​បង្ក​ឡើង​ដោយ​ទាហាន​ភូមា​នៅ​ក្នុង​រដ្ឋ​រ៉ាឃីន កាឈីន​និង​សាន​។

ហេតុការណ៍​ទាំង​អស់នេះ សរ​បញ្ជាក់ផង​ដែរ​ថា “រដ្ឋាភិបាល​ភូមា បាន​ចូល​រួម​ចំណែក​ផង​ដែរដល់​ការ​ធ្វើ​អំពើ​ឃោឃៅ​ទាំង​អស់​ខាងលើ​នេះ​។ គួររំលឹកថា នៅ​ខែ​សីហា​ឆ្នាំ ២០១៧ ប្រជាជន​រ៉ូហ៊ីងយ៉ា​ជាង ៧​សែន​នាក់ បាន​នាំគ្នា​រត់​ភៀសខ្លួន​ពី​ការ​វាយ​លុក​របស់​កងទ័ព​ភូមា ដែល​ធ្វើ​ការ​សងសឹក​ត​ទល់​នឹង​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​នៅ​ប៉ុស្តិ៍​ល្បាត​ព្រំដែន។

ដោយ​ហេតុនេះហើយ ប្រជាជន​រ៉ូហ៊ីងយ៉ា ​បាននាំគ្នា​រត់​ចោល​ស្រុក​ទេស​ដើម្បី​ទៅ​ជ្រក​កោន​​នៅ​ក្នុង​ទឹកដី​ប្រទេស​បង់ក្លាដែស​ដោយ​រស់​នៅ​យ៉ាង​លំបាកលំបិន​នៅ​​ក្នុង​ជំរំ​ជន​ភៀស​​ខ្លួន។

មួយវិញទៀត បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ គឺ​ការ​រៀបចំ​បញ្ជី​មួយ​ដែល​មាន​ឈ្មោះ​​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ភូមា​ចំនួន ៦​នាក់​រួម​ទាំង​មេ​បញ្ជាការ​យោធា​ភូមា​ផង​ដែល​បាន​ជាប់​សង្ស័យ​ពី​បទ​ប្រព្រឹត្ត​អំពើ​ឧក្រឹដ្ឋកម្ម។  អសប ក៏​បាន​រៀបចំ​បញ្ជី​ដ៏​វែង​មួយ​ទៀត​ដែល​​ក្នុងនោះ​មាន​ឈ្មោះ​បុគ្គល​ជាប់​សង្ស័យ​ជា​ច្រើន​រូប​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​តុលាការ​ធ្វើការកាត់ទោស។

ក្រុម​អ្នក​ស៊ើប​អង្កេត​របស់​អសប ក៏​បាន​សូម​ស្នើ​ផង​ដែរ សុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អសប ធ្វើការ​ប្តឹង​តវ៉ា​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឬ​ក៏​ការ​បង្កើត​តុលាការ​ពិសេស​​មួយ​និង​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ទល់​នឹង​ជន​ល្មើស។​

គួរ​រំលឹក​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អសប បាន​អំពាវនាវ​ជា​ច្រើន​ដង​មក​ហើយ ​សុំ​​ឲ្យ​​ភូមា​ បិទ​បញ្ចប់​ប្រតិបត្តិការ​យោធា​និង​ការវិល​ត្រឡប់​របស់​ប្រជាជន​រ៉ូហ៊ីងយ៉ា​ចូល​មក​ក្នុង​ប្រទេស​​ភូមា​​វិញ​​ប្រកប​​ដោយ​សុខ​សន្តិភាព។​​​​​​​

ដំណឹងចុងក្រោយ​បានឲ្យដឹងថា បណ្តាញ​ទំនាក់​ទំនង Facebook  បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ទំព័រ ​Facebook ​របស់​លោក  Min Aung Hlaing ​ដែល​​ជា​​មេ​បញ្ជាការ​​កងទ័ព​​ភូមា ទើប​ត្រូវ​បាន​គេ​បិទ​លែង​ឲ្យ​ប្រើប្រាស់​ដោយ​ហេតុ​ការ​រំលោភ​សិទ្ធ​មនុស្ស​ដ៏ធ្ងន់ធ្ងរ​នៅ​​ភូមា”៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ