rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ឥទ្ធិពល​នៃសង្គ្រាម​ពាណិជ្ជកម្ម​លើ​បណ្តា​ប្រទេស​អាស៊ាន

ដោយ ឆន ឌីណា

សង្គ្រាម​ពាណិជ្ជកម្ម ល្កឹកណា វា​ផ្ទុះ​ឡើង​ហើយ វាទំនងជា​មិន​អាច​បញ្ឈប់​វិញដោយ​ងាយស្រួលនោះ​ទេ។ បទពិសោធន៍នៃ​ប្រវត្តិសាស្រ្ដ​មនុស្ស​ជាតិ​​បាន​បង្ហាញថា ការប្រឈម​មុខ​ដាក់​គ្នាក្នុង​សង្គ្រាម​នេះ ជា​ពិសេស​ពី​សំណាក់​មហាអំណាច​កំពូល ដូច​ជា​សហរដ្ឋអាមេរិក និង​ចិន​ សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ទោះ​ជា​ដោយ​វិធានការអ្វី វាអាច​នឹង​ធ្វើ​ឱ្យ​សកម្មភាព​ពាណិជ្ជកម្ម​ពិភពលោក​​ធ្លាក់​ចុះ។

ផលអវិជ្ជមានអាចមានច្រើនរូបភាព និងមានភាពស្មុគស្មាញខ្លាំង តែ​ទោះ​ជាយ៉ាងណា សម្រាប់​បណ្តា​ប្រទេស​អាស៊ាន ផល​អវិជ្ជមាន​ខ្លះ​ទំនង​ជា​នឹង​កើត​ឡើង ដូចករណី​ប្រទេស​វៀតណាមដែល​ពឹង​ផ្អែក​ខ្លាំងលើ​ការ​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក និង​ប្រទេស​ដែល​មាន​ឱនភាពជញ្ជឹងពាណិជ្ជកម្ម និង​អតិផរណាខ្ពស់ស្រាប់ តួយ៉ាង ហ្វីលីពីន និងឥណ្ឌូនេស៊ី។ សម្រាប់​ប្រទេស​កម្ពុជា ផល​ប៉ះពាល់​ទំនង​ជា​មាន​ទំហំតូចជាង​។

 

 

នៅពេល​ដែល​ទំនាក់ទំនងរវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង ចេះតែបន្តកើនកំដៅពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្នុងបញ្ហាសង្គ្រាមពាណិជ្ជកម្ម ទាំងសាធារណៈជន និង​អ្នក​វិភាគ​ពី​តំបន់​អាស៊ី ចាប់ផ្តើម​ចោទជា​សំនួររួម​គ្នាថា៖ តើ​សង្គ្រាម​ពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិក និង​ចិន​​អាចជះ​ឥទ្ធិពល​អ្វី​ខ្លះ​ដល់​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន?

 

តាំងតែពីដើមមីនា បន្ទាប់ពី លោកដូណាល់ ត្រាំ បានប្រកាសដាក់​ចេញ​នូវនយោបាយ​ការពារនិយម សេតវិមាន​បាន​ដំឡើង​ពន្ធ​២៥ភាគរយ លើ​ការនាំចូល​ប្រចាំឆ្នាំពីប្រទេស​ចិន​ ក្នុង​ទំហំ​ទឹកប្រាក់​ ៣៤ពាន់​លានដុល្លារអាមេរិក និង​គ្រោង​ដាក់​ពន្ធ​បន្ថែម​ទៀត​​ក្នុង​ទឹកប្រាក់​ប្រមាណ ១៦ពាន់​លានដុល្លារអាមេរិក​នៅ​ថ្ងៃទី២៣ ខែសីហា ខាង​មុខ។ ប្រទេស​ចិន​ក្រោយ​មក​ក៏​បាន​ឆ្លើយ​តប​វាយបកជា​បន្តបន្ទាប់។ ប្រសិន​បើ សង្គ្រាម​ពាណិជ្ជនេះ​មាន​ទំហំ​តែ​ប៉ុណ្ណឹង​ នោះ​ប្រទេស​អាស៊ាន​មិន​ចាំបាច់ត្រូវ​ព្រួយ​បារម្ភ​ខ្លាំង​ទេ។ ផ្ទុយ​ទៅវិញ ការ​ប្រឈម​មុខ​ដាក់​គ្នា​ទំនង​ជា​មិន​បញ្ឈប់​ត្រឹម​នេះ​ទេ។ រដ្ឋាបាល​ទីក្រុង​​វ៉ាស៊ីនតោន កំពុង​ពិចារណា​ដាក់​​ពន្ធ ក្នុង​អត្រារវាង ១០ ទៅ​ ២៥ភាគរយ​ លើ​ការ​នាំ​ចូល​ផ្សេង​ទៀត ហើយ​លោក​ត្រាំ​ ទៀត​សោត​ ក៏​បាន​គម្រាម​ដាក់​ពន្ធ​លើ​ការ​នាំ​ចូលទាំង​អស់​ពី​ប្រទេស​ចិនក្នុង​ទំហំ​ទឹក​ប្រាក់ ៥០០ពាន់លាន​ដុល្លារអាមេរិក។ លោក​ត្រាំ​ក៏​បាន​បង្កភាព​តាន​តឹងខ្លាំង​ណាស់​ដែរ​ជាមួយ​នឹង​សហភាពអឺរ៉ុប និង​សម្ព័ន្ធ​មិត្ត​ផ្សេង​ទៀត។

យោង​តាម​មេរៀន​ទាញ​ចេញ​ពីប្រវត្តិសាស្រ្ដ​ពិភពលោក សង្គ្រាម​ពាណិជ្ជកម្ម​នៅ​ពេល​ដែល​វា​លេច​ចេញ​ជា​រូបរាង​ហើយ វា​កម្រ​នឹ​ង​រលាយ​​បាត់ទៅ​វិញ​ដោយ​ងាយ​ស្រួល​នោះ​ទេ។ ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល នឹង​ព្យាយាម​ដាក់​ចេញ​នូវ​វិធាន​ការ​ឆ្លើយ​តប ដើម្បី​ទប់​ស្កាត់​ការ​ខាតបង់ ឬ​ដើម្បី​វាយ​បក​​ទៅ​នឹង​ប្រទេស​ដែល​បង្កហេតុ។ ក្នុង​ស្ថានភាព​បច្ចុប្បន្ន ដោយសារ​សហរដ្ឋអាមេរិក​ និង​ប្រទេស​ចិន​ ជា​មហាអំណាច​សេដ្ឋកិច្ចកំពូល​លើ​ពិភពលោក ប្រាកដ​ណាស់​ ស្ទើរ​គ្រប់​សកម្មភាព​របស់​ប្រទេសទាំង​ពីរ​នេះ​នឹង​ជះឥទ្ធិពល​ដល់​ត្រើយ​ម្ខាង​ទៀត​នៃ​ពិភពលោក ដូច្នេះ​ប្រទេស​អាស៊ាន​ក៏​មិន​លើក​លែង​ដែរ។ ផល​អវិជ្ជមាន​អាច​មាន​ច្រើន​រូប​ភាព និង​មាន​ភាព​ស្មុគស្មាញខ្លាំង ជាពិសេស​នៅ​ពេល​ដែល​ទំហំ​នៃ​បញ្ហា​ចេះ​តែបន្ដធ្លាក់​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​យ៉ាង​ណា​មិញ សម្រាប់​ពេល​បច្ចុប្បន្ន​ អ្វីដែល​គេ​អាច​ប្រមើល​ឃើញគឺក្រោម​ពីររូបភាព​។ រូបភាពទីមួយ​គឺផល​ប៉ះពាល់​ពី​ការធ្លាក់ចុះ​តម្រូវការ ឬ​ទំហំសកម្មភាព​ពាណិជ្ជកម្ម​​សាកល ដែល​វា​នឹង​ផ្តល់​ផល​អាក្រក់​ខ្លាំងដល់​ប្រទេស​ដែលប្រព័ន្ធសេដ្ឋកិច្ច​ពឹង​ផ្អែកខ្លាំង​​លើ​ការ​នាំចេញ។ រូបភាពទីពីរគឺ​​ផលប៉ះពាល់​លើ អស្ថេរភាព​អត្រានៃការ​ដោះដូរ ​ដែល​ងាយ​នឹង​បង្ក​ជា​អតិរផរណា និង​ការ​កើន​ឡើង​ថ្លៃ​ទំនិញ​នាំ​ចូល​ជា​ពិសេស​ចំពោះ​ប្រទេស​ដែល​មាន​ឱនភាព​ជញ្ជឹង​ពាណិជ្ជកម្មខ្លាំង។

សម្រាប់​ករណី​ប្រទេស​អាស៊ាន វៀតណាម​អាច​ជាឧទាហរណ៍មួយ​ដ៏ល្អ ជា​គំរូប្រទេសមួយ​ដែល​ងាយ​រង​ផល​ប៉ះពាល់​ខ្លាំង។ សេដ្ឋកិច្ច​វៀតណាមដែល​​មាន​កំណើន​លើស​ពី ៧ភាគរយ​ក្នុង​ឆមាស​ទីពីរឆ្នាំ​នេះ ជា​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​ការ​នាំ​ចេញ​ខ្ពស់បំផុត​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ាន។ ក្នុងរយៈពេល​​១២ខែ​ចុងក្រោយ គិត​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៨ ប្រទេស​នេះ​នាំចេញ ​ប្រមាណ ៩៩.២ភាគរយ ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប (ផ.ស.ស)។ លើស​ពី​នេះ បើ​គិត​ត្រឹម​មួយ​ទសវត្សរ៍​ចុងក្រោយ (២០០៨ ដល់២០១៧) វៀត​ណាម​ជា​ប្រទេស​ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំចេញ​សម្រាប់​វឌ្ឍនភាព​សេដ្ឋកិច្ច ហើយ​ទំហំ​នៃការនាំចេញប្រចាំឆ្នាំមាន​ទំហំ​ដុលធំបំផុត​ទីពីរ​តាម​ពីក្រោយ​ប្រទេស​ថៃ។ សម្រាប់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋអាមេរិក ការ​នាំ​ចេញប្រចាំឆ្នាំ​របស់​វៀត​ណាម​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិកឈរ​លំដាប់​ទីមួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន ដែល​វា​មាន​ន័យ​ថា សេដ្ឋកិច្ច​ប្រទេស​មួយ​នេះ​ងាយ​នឹង​ប្រឈម​ណាស់​នៅពេល​តម្រូវ​ការ​នាំ​ចូល​របស់​សហរដ្ឋអាមេរិក​ធ្លាក់ចុះ។

ផល​អវិជ្ជមាន​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ក៏​អាច​បន្ថែម​សម្ពាធ​ផង​ដែរ ​លើ​ប្រទេស​កំពុង​អភវិឌ្ឍ ដោយសារ​ការធ្លាក់​ចុះ​រូបិយវត្ថុ​ជាតិ​ក្នុង​ស្រុក​ ធៀប​នឹង​ការ​​កើន​តម្លៃ​នៃ​រូបិយប័ណ្ណដុល្លារអាមេរិក។ ក្នុង​ទ្រឹស្ដី​​សេដ្ឋកិច្ច ការពិត​វា​ជារឿង​ល្អ​ទេ ដែល​រូបិយវត្ថុរបស់​ប្រទេស​មួយ​ធ្លាក់​តម្លៃ ព្រោះ​ថា វា​នឹង​អំណោយ​ផល​ដល់ការ​ប្រកួតប្រជែង​អន្តរជាតិ ហើយ​​ការ​នាំ​ចេញផលិត​ផល​របស់​ខ្លួន​មាន​តម្លៃ​ទាប​ធៀប​ជា​មួយ​ទំនិញបរទេស។ ក៏​ប៉ុន្តែ​សម្រាប់​ករណី​ពិសេស​ខ្លះ វា​អាច​នឹង​បង្ក​ជា​បញ្ហាអវិជ្ជមាន​វិញ។ អតិផរណាដែល​​ធ្វើ​ឱ្យ​តម្លៃ​ទំនិញ​ក្នុង​ស្រុក​ជា​ទូទៅ​​កើន​ឡើង និងបង្ក​​ឱ្យ​អំណាច​នៃ​ការទិញ​ធ្លាក់​ចុះ។ សម្រាប់​ប្រទេស​ខ្លះ​ទៀត​ដែល​មាន​ឱនភាព​ជញ្ជឹងពាណិជ្ជកម្ម ការធ្លាក់​ចុះ​តម្លៃ​រូបិយវត្ថុជាតិ​នឹង​មាន​ន័យ​ថា រដ្ឋ​មួយ​ត្រូវ​ចំណាយ​លុយ​ច្រើន​ជាង​មុន​ដើម្បី​នាំចូល​ទំនិញ​ក្នុង​បរិមាណដូចគ្នា។ នេះជាករណី​ប្រទេស ហ្វីលីពីន និងឥណ្ឌូនេស៊ី ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម និង​អតិរផរណា​ស្រាប់។ បញ្ហា​ទាំង​នេះ​នឹង​ដាក់​បន្ទុកខ្លាំង​ចំពោះពលរដ្ឋ​មាន​ចំណូល​ទាប ឬមធ្យម ដែល​ជា​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​ដោយសារ​ថ្ងៃទំនិញ​កើន​ឡើង។

ក្នុង​ក្របខ័ណ្ឌអាស៊ាន សម្រាប់​ប្រទេស​កម្ពុជា ផល​ប៉ះពាល់​ទំនង​ជា​មាន​ទំហំ​តូចជាង ធៀប​នឹង​បណ្តា​ប្រទេស​អាស៊ាន​ខាង​លើ។ គិត​ត្រឹមប៉ុន្មាន​ឆ្នាំ​ចុងក្រោយ វិស័យ​កាត់ដេរ​រួម​ចំណែក​ប្រមាណជាង ៧០ភាគរយនៃ​ការ​នាំចេញ​សរុប​ ខណៈសហរដ្ឋអាមេរិក​ជា​ទីផ្សារនាំចេញ​លំដាប់​ទី២​របស់​កម្ពុជា តំណាង​ប្រហែល២៣ភាគរយ តាម​ពីក្រោយ​សហភាព​អឺរ៉ុបតំណាង​ឱ្យ​ប្រមាណ ៤០ភាគរយ។ ទោះ​ជាយ៉ាង​ណា ដោយសារ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ពឹងផ្អែក​លើ​ការនាំចេញ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៥០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប នោះដោយ​ប្រយោល នៅពេលតម្រូវ​ការ​របស់​ពិភពលោក​ធ្លាក់​ចុះ ហើយ​ប្រសិន​បើ​វា​អាច​បង្ក​ជាវិបត្តិ​សេដ្ឋកិច្ច​សកល​ នោះ​សេដ្ឋកិច្ច​ក្មេងខ្ចី​នៃ​ប្រទេស​មួយ​នេះអាច​នឹង​រង​ផល​ប៉ះពាល់​ខ្លាំង។ វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ២០០៨ បាន​ផ្តល់​ជា​មេរៀន​នេះ​រួច​រាល់​ហើយ​សម្រាប់​កម្ពុជា ព្រោះ​ថា​ផលិតផល​ក្នុង​ស្រុក​សរុប​បាន​ធ្លាក់​ចុះមកត្រឹម​ ០.១ភាគរយ ជា​អត្រា​កំណើន​សេដ្ឋកិច្ច​ទាប​បំផុត​មិន​ធ្លាប់​មាន​ពីមុន ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ នៅពេល​ដែល​អត្រា​អតិផរណា​កើន​ជិត​ដល់​ ២០ភាគរយ។

ទោះ​ជា​យ៉ាង​ណា ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ក៏​អាច​មាន​រូបភាព​វិជ្ជមាន​ផងដែរ។ ជាឧទាហរណ៍​ បើសហរដ្ឋអាមេរិក ឬ​ចិន​បញ្ឈប់​ការ​​នាំចូល​លើប្រភេទ​ទំនិញ​ខ្លះ​ពី​គ្នា​ទៅវិញ​ទៅមក នោះ​ពួកគេ​នឹង​ចាំបាច់​ត្រូវ​ស្វែង​រក​ដៃគូរ​ពាណិជ្ជកម្ម​ថ្មី។ ដូច្នេះ​ ប្រទេស​ផ្សេង​ទៀត​អាច​ទាញ​ផល​ប្រយោជន៍​បាន​ពីការ​ផ្លាស់ប្ដូរ​នេះ​។ ប្រទេស​ទាំង​នោះ​អាច​ជា​​ប្រទេស​នៅ​អាស៊ី ឬ​អាមេរិក​ឡាទីន។ បើ​មាន​ការ​ផ្លាស់ប្ដូរ​ទិសដៅ​ពាណិជ្ជកម្មមែន​នោះ សំនួរបន្ទាប់គឺថា តើ​វា​នឹង​ផ្លាស់ប្ដូរ​ទៅទីណា?      

សកលវិទ្យាល័យ​ហាវ៉ាដ​ជាប់ចោទ​ពី​បទ​រើសអើង​ចំពោះ​សិស្ស​អាមេរិកាំង​ដើម​កំណើតអាស៊ី

រវាង​អារ៉ាប៊ីសាអូឌីត និង​​អាមេរិក តើ​អ្នក​ណា​ចំណេញ និង​អ្នក​ណា​ខាត​នៅក្នុង​រឿង​បាត់​ខ្លួន​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី?

ណូបែលសេដ្ឋកិច្ច២០១៨៖ របកគំហើញ​នៃ​ការ​បញ្ចូល​កត្តា​ធម្មជាតិ ​និង​ចំណេះដឹង​ក្នុង​ការ​វិភាគ​សេដ្ឋកិច្ច

តើ​យុទ្ធសាស្រ្ត​របស់​លោក​ដូណាល់ត្រាំ​ពិតជា​មាន​ប្រសិទ្ធភាព​​ក្នុងការ​ចរចា​ពាណិជ្ជកម្មមែនឬ?

តើ​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ឯណា ហើយ​ចុះ​បើ​អារ៉ាប៊ីសាអូឌីត​ជា​អ្នកសម្លាប់​នៅក្នុង​ទឹក​ដី​តួកគី?

តើ​ការ​ដក​ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​របស់​សហភាពអឺរ៉ុប​មាន​នីតិវិធី​យ៉ាងដូចម្តេច?

បំណុល​របស់​រដ្ឋាភិបាលបារាំង​កើន​ជិត​១០០ភាគរយ

Brexit អាច​គំរាម​ដល់​ប្រសិទ្ធិភាព ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ​នៅ​អឺរ៉ុប

តុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីឱ្យបូលីវី​ចាញ់​ស៊ីលី​ក្នុង​ជម្លោះ​ព្រំដែន

អេស្ប៉ាញ៖​អ្វី​ទៅ​ជា​ស្ថានការណ៍​ពិត​នៅ​តំបន់​កាតាឡូញ៉ា ក្រោយ​ការ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ឯករាជ្យ​កាល​ពី ១ឆ្នាំមុន?

អ៊ីស្រាអែល-រុស្ស៊ី ៖ ទំនាក់ំ​ទំ​​​​​​​​​​​​​​​​​​​​​នងសាំញ៉ាំ ​តាំង​ពី​ឆ្នាំ​ ១៩៤៧​ មក​

ដោយចង់​ចំណេញ​ច្រើន នាយក​Facebook ​កាន់តែ​ផ្តាច់ការ ?

តើគេ​អាច​ធ្វើជំនួញ​ជាមួយ​អ៊ីរ៉ង់ បាន ដោយ​មិនឲ្យ ជាប់​ទណ្ឌកម្ម​របស់​អាមេរិក​ដែរឬទេ?

បោះឆ្នោតប្រធានាធិបតីម៉ាល់ឌីវ៖​បុរសខ្លាំង​លោក​អាប់ឌូឡា យ៉ាមីន​ទទួល​ស្គាល់​ជ័យជម្នះ​របស់​លោក​អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី

បំណុល​សាធារណៈ​សាកល​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​ជាង​ពី​មុន​វិបត្តិ​ហិរញ្ញវត្ត​ឆ្នាំ​២០០៨​

អឺរ៉ុប៖ កំណែទម្រង់​ច្បាប់​កម្មសិទ្ធិបញ្ញា​អាច​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​លើ​បណ្តាញ​អ៊ីនធឺណិត?

តើ​ហេតុដូចម្តេច​បាន​ជា​កិច្ចព្រមព្រៀង​សន្តិភាព​​អូស្លូ នាំ​​វិបត្តិ​អ៊ីស្រាអែល​​ប៉ាឡេស្ទីន​ឱ្យ​​ទ័ល​ច្រក ?!

ហេតុអ្វី​បាន​ជា​មាន​ប្រទេស​អាហ្រ្វិ​ក​កាន់​តែ​ច្រើន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ?

សេដ្ឋកិច្ចសាកល៖ ១០ឆ្នាំក្រោយវិបត្តិហិរញ្ញវត្ថុ

ជំនួប​​កំពូល​ចិន-រុស្ស៊ី​ និង​សមយុទ្ទ​រួម​ គូស​បញ្ជាក់​ពី​ មហិទ្ធិ​ឫទ្ធ​បន្ទាត់​នយោបាយ​ម៉ូស្គូ-ប៉េកាំង​