អានតួអត្ថបទ

ជំងឺ​ប៉េស​ជ្រូក​អាហ្វ្រិក​រាលដាល​ដល់​ប្រទេស​ចិន

ចិន​ប្រទេសអ្នក​ផ្គត់ផ្គង់​សាច់​ជ្រូក​ ធំ​ជាង​គេមួយ ​​នៅ​លើ​ពិភពលោក កំពុង​តែ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង នឹង​កសិកម្ម​ចិញ្ចឹម​ជ្រូក។ ​មាន​កើតរោគ​ប៉េសជ្រូក​អាហ្វ្រិក​ ​ពីរ​ករណី​ហើយ នៅ​ក្នុង​ប្រទេស​ចិន ក្នុង​រវាង​តែ​ប៉ុន្មាន​ថ្ងៃ​សោះ។ ដើម្បី​ជា​កិច្ចការពារ អាជ្ញាធរ​បាន​សម្លាប់​ជ្រូក​អស់​ជា​ច្រើន​ពាន់​ក្បាល។ ​ជំងឺប៉េស​អាហ្វ្រិក​កើត​លើ​សត្វ​ជ្រូក​ មាន​ប្រភព​មក​ពីអាហ្វ្រិក និង​​ធ្លាប់​បាន​ធ្វើ​ការ​រាតត្បាត​នៅ​អឺរ៉ុប​ខាង​កើតកាលពី​បួន​ឆ្នាំ​មុន ហើយ​ទើបបាន​មក​ដល់​អាស៊ី​ខាង​កើត​ជា​លើក​ដំបូង នៅ​ពេល​នេះ។

ចិន​ជួប​ករណី​កើត​ជំងឺ​ប៉េសជ្រូក​អាហ្វ្រិក​ នៅ​ពីរ​តំបន់
ចិន​ជួប​ករណី​កើត​ជំងឺ​ប៉េសជ្រូក​អាហ្វ្រិក​ នៅ​ពីរ​តំបន់ RFI/Grégory Lesca
ផ្សាយពាណិជ្ជកម្ម

ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិ​ចិញ្ចឹម​សត្វ​ជ្រូក ដែល​ចិន​ត្រូវ​ប្រឈម​នឹង​ជំងឺ​ប៉េស។ ជាជំងឺ​ដែល​ធ្លាប់​រាតត្បាត​យ៉ាង​ខ្លាំង​នៅ​អាហ្វ្រិក​រហូត​ជាប់​ឈ្មោះ​ថា ជំងឺប៉េសជ្រូក​អាហ្វ្រិក និង​មិន​ដែល​កើត​​មាន​នៅ​អាស៊ី​សោះ​ពីមុនមក។ រោគប៉េសជ្រូក​អាហ្វ្រិក​ ជា​ជំងឺគ្រុនឈាម​ដ៏​កាចសាហាវ​ខ្លាំងណាស់ ដែល​អាច​សម្លាប់​ជ្រូក​អស់​ពី​កសិដ្ឋាន​ក្នុង​ពេល​តែ​ពីរបី​ថ្ងៃ តែ​មិន​ប៉ះពាល់​ឆ្លង​ដល់​មនុស្ស​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ស្បៀងអាហារ​និង​កសិកម្ម FAO។

ក្តី​ព្រួយ​បារម្ភ​កំពុង​រីកធំធាត់​នៅ​ពេញ​ផ្ទៃ​ប្រទេស ! ព្រោះ​ថា​​ចិន​ចូល​ចិត្ត​សាច់ជ្រូក និង​ ចិញ្ចឹម​​ជ្រូក​​ ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក។ ពាក់កណ្តាល​នៃ​ផលិតផល​សាច់ជ្រូក​​លើ​ភពផែនដី​មាន​ប្រភព​មក​ពី​ចិន។ ពេល​នេះអាជ្ញាធរ​​ចិន កំពុង​បញ្ចេញ​សកម្មភាព​យ៉ាង​ប្រញឹក ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​ជំងឺ​ប៉េសជ្រូក​អាហ្វ្រិក​រាតត្បាត​។

កាលពីថ្ងៃទី ៣ខែ​សីហា ចិន​បានរកឃើញ​ជ្រូក​កើត​ជំងឺ​ប៉េស​អាហ្វ្រិក​​មួយ​ករណី​ដំបូងមួយ នៅក្នុង​ផ្សារ នៃ​ខេត្ត​ ហៃឡុងជៀន ​ភាគ​ឦសាន​ប្រទេស និង​បាន​​សម្លាប់​ជ្រូក​អស់​ជា​ច្រើន​ពាន់​ក្បាល ជា​កិច្ចការពារ។ ជាង​១០​ថ្ងៃ​ក្រោយ មាន​លេច​ ​ជំងឺ​ប៉េសជ្រូក​អាហ្វ្រិក​ករណី​ទី​ពីរ នៅ​ភាគ​កណ្តាល​នៃ​ប្រទេស ចម្ងាយ​ ​២៣០០​គីឡូម៉ែត្រ​ពីករណី​ទី​មួយ​ ក្នុង​កសិដ្ឋាន Shuanghui ​ ដែល​ជា​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​លំដាប់​លេខ​មួយ​ពិភពលោក។ កសិដ្ឋាន​នេះ​ត្រូវ​បិទ​ទ្វារ​ចំនួន​យ៉ាង​ហោច​៦សប្តាហ៍។

​​​​រុស្ស៊ីដែល​មាន​ព្រំដែន​ជាប់​ខេត្ត​ហៃឡុងជៀន កន្លែង​ផ្ទុះ​ករណីគ្រុន​ជ្រូក​ទី​មួយ​ ​ក៏​ធ្លាប់​ប្រឈម​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​ប៉េសជ្រូក​អាហ្វ្រិក កាលពី​បួន​ឆ្នាំ​មុន ដូច​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត​ផ្សេង​ទៀតៗ​ដែរ។

នៅ​ឆ្នាំ​នេះ មេរោគ​គ្រុន​ឈាម​ជ្រូក មាន​កម្លាំងកាច​ខ្លាំង នៅ​ក្នុង​ប្រទេស​រ៉ូម៉ានី បន្ទាប់​ក៏​រាល​ដាល​ដល់​ប៉ូឡូញ។ ប្រទេស​ប៊ុលហ្ការី​ជិត​ខាង​កំពុង​ប្រឹង​ការពារកសិកម្ម​​​ចិញ្ចឹមជ្រូក​របស់​ខ្លួន ដោយ​ដាក់​រនាំង​ប្រឆាំង​សត្វ​ជ្រូក​ព្រៃដែល​ជា​កត្តា​ចម្លង​មេរោគ។ ​ ជំងឺ​នេះ​អាច​ចម្លងតាម​រយៈ​​សត្វ​ល្អិត​ Tique ឬ​ដោយ​ការ​ប៉ះពាល់​គ្នា​រវាង​សត្វ​និង​សត្វ។ ​សំណល់​សាច់​សត្វ​ សម្លៀកបំពាក់​ ឬ​ឡាន​មាន​ជាប់​មេរោគ និង​ការ​ធ្វើ​បំលាស់​ទី​របស់​​មនុស្ស​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ក៏​អាច​ជា​ភ្នាក់ងារ​ដឹកជញ្ជូន​ចម្លង​វីរ៉ុសដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ