ចិនថា មហិច្ឆតាកងទ័ពចិនមានគោលដៅការពារអធិបតេយ្យ និងផលប្រយោជន៍ចិន
នៅថ្ងៃសុក្រ ទី១៧ សីហា ចិនតាមរយៈក្រសួងការពារជាតិបានចាត់ទុករបាយការណ៍របស់មន្ទីរបញ្ចកោណអាមេរិកថា ជាការមូលបង្កាច់នឹងចេតនាពិតនៃយុទ្ធសាស្រ្តរបស់ចិន។ នៅក្នុងរបាយការណ៍ចេញផ្សាយក្នុងថ្ងៃព្រហស្បតិ៍ ទី១៦ សីហា មន្ទីរបញ្ចកោណបានគូសបញ្ជាក់ពីការប្រឹងប្រែងរបស់ចិនក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងពិភពលោក និងថា កងទ័ពចិនកំពុងបន្តហ្វឹកហាត់ដើម្បីវាយប្រហារលើផ្ទាំងស៊ីបរបស់អាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១២
ប្រតិកម្មរបស់ក្រសួងការពារជាតិចិនត្រូវបានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនាយប់ថ្ងៃសុក្រ ទី១៧ សីហា។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ច្បាស់ៗថា របាយការណ៍របស់មន្ទីរបញ្ចកោណអាមេរិកដែលបានលើកឡើងពីការគំរាមកំហែងយោធាចិនជាការមូលបង្កាច់គោលបំណងពិតនៃយុទ្ធសាស្រ្តរបស់ចិន។ សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា ចិនកំពុងស្ថិតលើផ្លូវនៃការអភិវឌ្ឍដោយសន្តិភាព និងកំពុងបន្តអនុវត្តយុទ្ធសាស្រ្តការពារជាតិ រួមទាំងចូលរួមលើកស្ទួយសន្តិភាពក្នុងលោក និងការការពារសណ្តាប់ធ្នាប់ពិភពលោកទៀតផង។
ទាក់ទងនឹងការធ្វើទំនើបកម្មយោធាចិនត្រូវបានក្រសួងការពារជាតិចិនអះអាងថា មិនមែនជាការពង្រីកឥទ្ធិពលក្នុងលោកទេ តែមានមានគោលដៅការពារអធិបតេយ្យ ផលប្រយោជន៍ផ្នែកសន្តិសុខជាតិ និងការអភិវឌ្ឍ រួមទាំងការពារសន្តិភាព និងស្ថិរភាពពិភពលោក។ ប្រតិកម្មខ្លាំងៗរបស់ចិនពេលនេះបានឆ្លើយតបនឹងរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិកចេញផ្សាយក្នុងថ្ងៃព្រហស្បតិ៍ ទី១៧ សីហា។ នៅក្នុងរបាយការណ៍ អាមេរិកបានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់ចិនក្នុងវិស័យកងទ័ពដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅលើលោក និងថា កងទ័ពចិនកំពុងពង្រឹងការហ្វឹកហ្វឺនដើម្បីវាយប្រហារលើផ្ទាំងស៊ីបអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកជាយថាហេតុ។
ក្រសួងការពារជាតិចិនបានចាត់ទុករបាយការណ៍របស់ក្រសួងការពារជាតិអាមេរិកថាកំពុងធ្វើឲ្យខូចបង់ជំនឿទុកចិត្តរវាងគ្នា និងបានស្នើអាមេរិកឲ្យបោះបង់ចោលនូវគំនិតសល់ពីសម័យសង្រ្គាមត្រជាក់។ នៅចុងបញ្ចប់ ចិនបានអំពាវនាវដល់អាមេរិកឲ្យចាត់វិធានការជាក់ស្តែងដើម្បីជួយលើកកម្ពស់ និងការពារការអភិវឌ្ឍឲ្យមានស្ថិរភាពនៃទំនាក់ទំនងកងទ័ពរវាងប្រទេសទាំងពីរ។ សូមជម្រាបជូនថាក្នុងខែមករា ក្រសួងការពារជាតិអាមេរិកបានចាត់ទុកយុទ្ធនាការប្រឆាំងនឹងឥទ្ធិពលរបស់ចិន និងរុស្ស៊ីជាសំណុំរឿងអាទិភាពនៃយុទ្ធសាស្រ្តការពារជាតិ។ កំណត់សម្គាល់មួយទៀត សង្រ្គាមពាក្យសម្តីរវាងក្រសួងការពារអាមេរិក និងចិនពេលនេះបានធ្លាក់មក ចំពេលដែលភាគីទាំងពីរកំពុងស្គាល់ភាពតានតឹងយ៉ាងខ្លាំងក្នុងសង្រ្គាមពាណិជ្ជកម្មរវាងគ្នា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ