rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហ្វីលីពីន ចិន សមុទ្រចិនខាងត្បូង កងទ័ព សព្វាវុធ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រធានាធិបតី​ហ្វីលីពីន​រិះគន់​សំណង់​ចិន នៅលើ​កោះសិប្បនិម្មិត នៅ​សមុទ្រ​ចិន​ខាងត្បូង

media
ប្រធានាធិបតី​ហ្វីលីពីន លោក​ឌុទែរតេនៅថ្ងៃ​ថ្លែង​ទៅកាន់​ប្រជាជាតិ ថ្ងៃទី ២៣​កក្កដា ​២០១៨ ©Czar Dancel

ប្រធានាធិបតី​ហ្វីលីពីន លោក​ឌុយទែរតេ នៅ​ថ្ងៃអង្គារ​ម្សិលមិញ បាន​ទាមទារ​ឲ្យ​ចិន កាត់បន្ថយ​មហិច្ឆតា​របស់​ខ្លួន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ប្រមុខរដ្ឋាភិបាល​ហ្វីលីពីន​ចេញមុខ​រិះគន់​នយោបាយ​ពង្រីកទឹកដី​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។ នេះ​ជា​រឿង ដ៏កម្រ ដែល​កើតមាន នៅក្នុង​អាណត្តិ​របស់​ប្រធានាធិបតី ហ្វីលីពីន លោក​ឌុយទែរតេ ដែល​ធ្លាប់​តែមាន​ជំហរ​ទន់ភ្លន់ ជាមួយ ចិន ជាថ្នូរ​នឹង​ប្រាក់​ជំនួយ ហើយ​និង​ការវិនិយោគ​របស់​ចិន។

 


ទោះ​ជាប់​ឈ្មោះ​ជា​ភាគី​ជម្លោះ​មួយ ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង ប្រមុខរដ្ឋាភិបាល​ហ្វីលីពីន លោក​ឌុយទែរតេ កម្រ​នឹង​ដំឡើង​សំលេង​ខ្លាំងៗ ដាក់ទីក្រុង​ប៉េកាំង ដែល​រដ្ឋាភិបាល​ហ្វីលីពីន​ត្រូវ​ពឹងផ្អែក​ទាំង​ក្នុង​ការដោះដូរ​ពាណិជ្ជកម្ម ហើយ​និងការវិនិយោគ។

ប៉ុន្តែ នៅ​ថ្ងៃ​អង្គារម្សិលមិញ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពាណិជ្ជករ និង​សហគ្រិន នៅទីក្រុង​ម៉ានីល លោក​ប្រធានាធិបតី​ហ្វីលីពីន​ស្រាប់តែ​ប្តូរ​ជំហរ និង​បាន​អះអាង​ថា ចិន​គ្មាន​សិទ្ធិ​អ្វី ដែល​ទាមទារ​គ្រប់គ្រង​ដែនអាកាស នៅពីលើ​កោះសប្បនិម្មិត​ដែល​ចិនសាងសង់​ដោយអន្តោម័ត នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះទេ។

“អ្នកមិនអាច​សាងសង់​បង្កើត​កោះមួយ។ ជា​កោះសិប្បនិម្មិត និង​បន្ទាប់មក អ្នកនិយាយ​ថា ដែន​អាកាស​នៅពីលើ​កោះ​នោះ​ជា​របស់​អ្នកនោះទេ”។ នេះ​ជា​ប្រសាសន៍​របស់​លោកឌុយទែរតេ នៅក្នុង​សុន្ទរកថា​របស់លោក ដែល​វិមាន​ប្រធានាធិបតី​ហ្វីលីពីន​បាន​ចេញផ្សាយ នៅថ្ងៃពុធនេះ។ យ៉ាងណាក៏ដោយ លោក​ប្រធានាធិបតី​ឌុយទែរតេ បញ្ជាក់ថា លោក​មិន​ចង់ ឈ្លោះ​ជាមួយ​ចិន​នោះទេ។

ការថ្លែងរិះគន់​ចិន ពីសំណាក់​ប្រធានាធិបតី​ហ្វីលីពីន កើតមាន​នៅក្រោយ​ពេល​មន្រ្តី​យោធា​ហ្វីលីពីន​បាន​តវ៉ាត្អូញត្អែរ ពី​ការដែល ថា យន្តហោះ កងទ័ព​ហ្វីលីពីន ត្រូវ​បាន​ភាគី​ចិន ព្រមាន ជាញឹកញយ នៅរាល់ពេល យន្តហោះ​ហោះ​ទៅជិត​កោះ​ហ្វីលីពីន ដែល​ស្ថិតនៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​កោះសិប្បនិម្មិត​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។

សូមអាន៖  ប្រធានាធិបតី​ហ្វីលីពីន​គ្មាន​សង្ឃឹម​នឹង​អាច​ប្រឆាំង​តទល់​នឹង​ចិន

កាលពី​ខែ​ឧសភា មន្រ្តីយោធា​ហ្វីលីពីន ធ្លាប់​បាន​ចោទប្រកាន់​ម្តងហើយថា ទីក្រុង​ប៉េកាំង​បាន​រំលោភ មើលស្រាល​កងទ័ព​ហ្វីលីពីន ដែល​ប្រចាំការ​នៅ​លើ​កោះ​មួយផ្សេង ទៀត នៅសមុទ្រ​ចិន​ខាងត្បូង។ នៅ​ខែ​ឧសភា​ដដែល កងទ័ព​ចិន​បាននាំ​សព្វាវុធ​ទំនើបៗ​ជាច្រើន មកតាំងទី​ប្រចាំ​ការនៅ​លើ​កោះដែល​ចិន​សាងសង់​នៅ​សមុទ្រ​ចិន​ខាងត្បូង ដូចជា​មីស៊ីល​ដែល​អាច​ផ្ទុកក្បាល​គ្រាប់​នុយក្លេអ៊ែរ។ ការតាំងទី សព្វាវុធ របស់​ចិន ដែល​មាន​ជាលើកទី ១​នៅ​លើ​កោះ​សិប្បនិម្មិត នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​បង្ក​ឲ្យ​មានការព្រួយបារម្ភ និង​រិះគន់​ពី​សហគមន៍​អន្តរជាតិ ព្រោះថា ​សមុទ្រ​ចិន​ខាងត្បូង​ជា​ដែនទឹក​អន្តរជាតិ ដែល​មាន​ឆ្លងកាត់ ១ភាគ៣  នៃ​កប៉ាល់​ទំនិញ​ពិភពលោក។ ទីក្រុង​ប៉េកាំង​ដែល​បាន​ទាមទារ​ជា​ម្ចាស់​ផ្តាច់មុខ​លើ​សមុទ្រ​ចិន​ខាងត្បូង​អះអាង​ហើយ​ថា ខ្លួន​គ្មាន​មហិច្ឆតា​ពង្រីក​ឥទ្ធិពល​យោធា នោះទេ និង​ថា វត្តមាន​យោធា​របស់​ចិន នៅ​សមុទ្រ​ចិនខាងត្បូង គឺ​ដើម្បី ធានា​សន្តិសុខ និង​សុវត្ថិភាព ចរាចរណ៍​ផ្លូវទឹកតែប៉ុណ្ណោះ៕