អានតួអត្ថបទ
កូរ៉េខាងជើង

កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម​ទាញ​សញ្ញាអាសន្ន​ពី​វិបត្តិ​កង្វះ​ស្បៀងអាហារ​នៅ​កូរ៉េខាងជើង

សីតុណ្ហភាព​ក្តៅហួតហែង និង​ភាព​រាំងស្ងួត​ដែល​បាន​គ្របដណ្តប់​ទឹកដី​កូរ៉េខាងជើង​តាំង​ពី ១ខែ​កន្លះ​អាច​បំផ្លាញ​ការ​ប្រមូលផល​ស្រូវ ពោត និង​ដំណាំ​ផ្សេងៗ​មួយ​ភាគ​ធំ។ ព្រឹត្តិការណ៍​មួយ​បាន​ធ្វើ​ឲ្យ​សហព័ន្ធ​អន្តរជាតិ​នៃ​កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម​ព្រួយបារម្ភ​ជា​ពន់ពេក និង​បាន​ទាញ​សញ្ញា​អាសន្ន​ពី​វិបត្តិ​កង្វះ​ស្បៀងអាហារ​ជា​យថាហេតុ​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​ដល់​ពលរដ្ឋ​កូរ៉េខាងជើង​ដែល​កំពុង​ជួប​ការ​លំបាក​ស្រាប់។ លោក Joseph Muyambo ប្រធាន​កម្មវិធី​សហព័ន្ធ​អន្តរជាតិ​នៃ​កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម​ប្រចាំ​កូរ៉េខាងជើង​បាន​បញ្ជាក់​ថា មាន​ពលរដ្ឋ​ជា​ច្រើន​លាននាក់​ពឹងផ្អែក​ទាំង​ស្រុង​លើ​ជំនួយ​ស្បៀងអាហារ។

This WFP handout photo dated 24 October, 2005 and received 31 October, 2005 shows North Korean women queuing to receive corn at a public distribution centre in Phyongwon county, south Pyongan province.
This WFP handout photo dated 24 October, 2005 and received 31 October, 2005 shows North Korean women queuing to receive corn at a public distribution centre in Phyongwon county, south Pyongan province. AFP
ផ្សាយពាណិជ្ជកម្ម

« ក្នុង​ចំណោម​ពលរដ្ឋ​កូរ៉េខាងជើង​ជាង ២៤លាននាក់ មាន ១០លាននាក់​ត្រូវ​ការ​ជំនួយ​ស្បៀងអាហារ ហើយ​មាន ៤០% ក្នុង​ចំនួន​ទាំង ១០លាននាក់​កំពុង​ពឹងផ្អែក​ទាំង​ស្រុង​លើ​ជំនួយ​ស្បៀងអាហារ​នេះ។ បើ​ពួក​គេ​មិន​បាន​ទទួល​ទេ នោះ​ពួក​គេ​នឹង​ទទួល​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ។

អ្នក​ដែល​ទទួល​ផលវិបាក​ខ្លាំង​ជាង​គេ​នៅ​ចំពោះ​មុខ គឺ​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ជនបទ​ដែល​បាន​ពឹង​ផ្អែក​ទាំង​ស្រុង​តែ​លើ​ផលដំណាំ​របស់​ពួក​គេ។ ខណៈ​នេះ រដ្ឋអំណាច និង​អង្គការ​ផ្សេងៗ​ទៀត​កំពុង​ធ្វើ​ការ​វាយតម្លៃ​ផលដំណាំ​ដែល​មាន​ជាក់ស្តែង ពិសេស​ផលដំណាំ​ដែល​ប្រើ​ជា​ចំណីអាហារ​មូលដ្ឋាន​របស់​ពលរដ្ឋ។

ចំណែក​សហព័ន្ធ​អន្តរជាតិ​នៃ​កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម​បាន​រៀបចំ​ដំឡើង​ម៉ាស៊ីន​បូមទឹក​ដើម្បី​បញ្ចូល​ទឹក​ទៅ​ក្នុង​ដី​ស្រែ ចំការ​មួយ​ភាគ​ក្នុង​ចំនួន​ដីស្រែ ចំការ​ដែល​កំពុង​ស្ងួត​ហួតហែង​ចំនួន ៤០០ ០០០ហិចតា។ ប្រសិន​បើ​គេ​ពិនិត្យមើល​ស្ថានការណ៍​ទូទៅ​នៅ​ក្នុង​ប្រទេស​នា​ពេល​បច្ចុប្បន្ន គេ​មាន​ក្តីបារម្ភ​ខ្លាំង​ជាង​គេ​ចំពោះ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​តំបន់​ភ្នំ ព្រោះ​ថា ពលរដ្ឋ​ទាំង​នោះ​គ្មាន​មធ្យោបាយ​នឹង​បូមទឹក​ដាក់​បញ្ចូល​ក្នុង​ដីស្រែ ចំការ​របស់​ពួក​គេ ឬ​មួយ​ក៏​ពួក​គេ​គ្មាន​អាងស្តុក​ទឹក​នៅ​ក្បែរ​នោះ​ទេ។

គេ​អាច​ចោទ​ជា​សំណួរ​ថា តើ​ពលរដ្ឋ​ទាំង​អស់​នោះ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា?។ ពួក​គេ​អាច​នឹង​ជួប​ហានិភ័យ​ស្លាប់​ដោយ​គ្មាន​អាហារ​បរិភោគ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ