rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

៣០​ឆ្នាំ​ក្រោយ​ការងើបបះបោរ​ប្រឆាំង​របបសឹក តើ៨៨៨៨ មាន​ន័យ​យ៉ាងណា​សម្រាប់​ភូមា?

ដោយ ឈាង បុប្ផា

នៅ​ថ្ងៃពុធនេះ ថ្ងៃ​ទី ៨ សីហា កាលពី ៣០​ឆ្នាំមុន ចលនា​និស្សិត​ភូមា បាន​ដឹកនាំ​មហាបាតុកម្ម នៅទូទាំងប្រទេស ដើម្បី​ប្រឆាំង​នឹង​រដ្ឋអំណាច​ផ្តាច់ការ ដឹកនាំ​ដោយមេទ័ព នេ វិន។ មនុស្ស​ជាង​៣០០០​នាក់ត្រូវ​បាន​បាញ់​សម្លាប់ នៅក្នុង​ការបង្រ្កាប​ដ៏ហិង្សា​របស់​ក្រុមយោធា​ភូមា។ ថ្ងៃទី ៨ ខែ​៨ ឆ្នាំ ១៩៨៨ ជា​ថ្ងៃ​បើកឆាក ឲ្យ​មាន​កកើតឡើង ក្រុមប្រឆាំង​របស់លោកស្រី​អ៊ុងសាន ស៊ូជី ដែល​បាន​ឈ្នះឆ្នោត ដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ភូមា តាំង​ពី​ឆ្នាំ ២០១៦។

នៅ​ប្រទេស​ភូមា គេ​បាន​ធ្វើ​បុណ្យ​រំលឹកខួប​៣០​ឆ្នាំ នៃ​ចលនា​ងើបបះបោរ​របស់​ក្រុមនិស្សិត ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ភូមា កាលពីថ្ងៃ​ទី ៨ សីហា ឆ្នាំ ១៩៨៨។ នៅរៀងរាល់​ឆ្នាំ ពិធីបុណ្យ​រំលឹក​ខួប​នៃ​ចលនា​បះបោរ​ឆ្នាំ ១៩៨៨ ត្រូវ​បាន​រៀបចំ​ច្រើន ដោយ​សហគមន៍​ប្រជាជន​ភូមា​នៅ​បរទេស។ នៅ​ភូមា ពិធីបុណ្យ​នេះ​ត្រូវ​រៀបចំ​ដាច់ដោយឡែក និង​ក្នុង​ទ្រង់ទ្រាយ​តូចៗ ដោយ​ក្រុមនិស្សិត ឬ​ក្រុមសាសនា ប៉ុន្តែ គ្មាន​ពិធី​បុណ្យ​ធំដំ ថ្នាក់ជាតិ​នោះទេ។ ការទាមទារ​ឲ្យ​មាន​ការរំលឹកខួប​ថ្នាក់ជាតិ និង​ការទទួល​ស្គាល់ ចងចាំ​មិនភ្លេច​នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ដ៏សំខាន់មួយ នេះ គឺ​ជា​អ្វី​ដែល​ក្រុមមនុស្ស​ជំនាន់​៨៨ កំពុង​តស៊ូ​ទាមទារ​ចង់បាន​ពី​រដ្ឋាភិបាល​លោកស្រី​អ៊ុងសាន ស៊ូជី។

លោកស្រី​អ៊ុងសាន ស៊ូជី សុទ្ធ​តែ​ជា​មនុស្ស​ជំនាន់ ៨៨ ដែល​ធ្លាប់​បាន​​ចូលរួម ក្នុង​ចលនា​ងើបបះបោរ កាលពី​៣០មុន និង​ធ្លាប់​ជា​អ្នកទោសនយោបាយ​នៅក្រោម របបសឹកភូមា។ នៅពេលនេះ ពួកគេ​បាន​ចូលដឹកនាំ​រដ្ឋាភិបាល​ភូមា​ទៅហើយ ប៉ុន្តែ រដ្ឋាភិបាល​ភូមា​របស់​លោកស្រី​ស៊ូជី មិនដែល​រៀបចំ​ពិធី​បុណ្យជាតិ ធំដុំ ដើម្បី រំលឹកខួប នៃ​បុព្វហេតុ​នៃ​ចលនា​បះបោរ របស់​ជំនាន់ ៨៨ នោះទេ។

នៅក្នុង បទសម្ភាសន៍​ជាមួយ​វិទ្យុបារាំង អន្តរជាតិ លោក Toe Kyaw អតីត​និស្សិតម្នាក់ ដែល​ធ្លាប់​ចូលរួម នៅក្នុង​ក្រុមដឹកនាំ​ចលនា​បះបោរ ឆ្នាំ ១៩៨៨ បាននិយាយ​ថា កាលពីប៉ុន្មាន​ថ្ងៃ​មុននេះ ក្រុម​របស់​លោកធ្លាប់​ចូលជួប​អញ្ជើញ លោកស្រី​អ៊ុងសាន ស៊ូជី និង​សមាជិក​សភា ភូមា ដែល​ភាគច្រើន​ជាមនុស្ស​ជំនាន់ ៨៨ ធ្លាប់ជាអ្នកទោស​នយោបាយ​របស់​របបសឹក ឲ្យ​ចូលរួម​ប្រារព្ធបុ្យ​ខួប ៣០ឆ្នាំលើកនេះ។ ប៉ុន្តែ រូបលោកផ្ទាល់​ខកចិត្ត​ព្រោះថា លោកស្រី​អ៊ុងសាន ស៊ូជី​បាន​ឆ្លើយ​តប​វិញ​ថា “វាជា​ប្រការ​ល្អ បើសិន លោកស្រី​មិន​ចូលរួម​ក្នុង​ពិធីបុណ្យ​រំលឹកខួប​៣០ឆ្នាំ”។

ទោះជា​លោកស្រី​ស៊ូជី​ឈ្នះឆ្នោត ដឹកនាំ​រដ្ឋាភិបាល​ភូមា​មែន ប៉ុន្តែ លោកស្រី​ស៊ូជី មិនទាន់​ឯករាជ្យ​ពេញលេញ​នោះទេ។ បើសិន​លោកស្រី​ស៊ូជី ទៅ​រំលឹក​ខួប​៣០ឆ្នាំ នៃ​ការងើបបះបោរ​របស់​និស្សិត គឺមាន​ន័យ​ស្មើ​នឹង​ការបរិហាថ្កោលទោស ក្រុមយោធា ដែល​កាលពី ៣០ឆ្នាំ ជាអ្នកបញ្ជា​ឲ្យ​បាញ់​សម្លាប់ក្រុមបាតុករ។ លោកស្រី​ស៊ូជី នៅ​តែ​ខ្លាចក្រែង​ក្រុមយោធាភូមា ព្រោះ​ថា ក្រុមនេះ​នៅតែ​មាន​អំណាច​សំខាន់​នៅ​រដ្ឋសភា និង​ក្តោបក្តាប់​ក្រសួង​សំខាន់​បី​របស់​រដ្ឋាភិបាល ដែលនៅក្នុង​នោះ គឺ​ក្រសួងការពារជាតិ ហើយ​និង​ក្រសួង​មហាផ្ទៃ។

៨៨៨៨

ថ្ងៃ​ទី​៨ ខែ ៨ ឆ្នាំ ១៩៨៨ ជា​ថ្ងៃ​ចាប់ផ្តើម​ដំបូង​នៃ​មហាបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​ឧត្តមសេនីយ៍ នេ វីន ដែល​បាន​ធ្វើ​រដ្ឋប្រហារយោធា និង​ដឹកនាំ​ប្រទេស​ភូមា តាំង​ពីឆ្នាំ ១៩៦២។ នៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៨៨ បាតុកម្ម​ដឹកនាំ​ដោយ​ក្រុមនិស្សិត​ភូមា បាន​ផ្ទុះឡើង​ស្រុះគ្នា នៅ​គ្រប់កន្លែង ក្នុង​ប្រទេស ដើម្បី​ទាមទារ​ឲ្យ​មាន​ការផ្លាស់ប្តូរ ពោល​គឺ​បិទបញ្ចប់​របបយោធា និង​នាំ​យក​លទ្ធិប្រជាធិបតេយ្យ មក​ឲ្យ​ប្រទេសភូមា។ នៅទីក្រុង​រ៉ង់ហ្គូន បាតុកម្ម​របស់​និស្សិត​ភូមា ត្រូវ​បាន​ចូលរួម គាំទ្រ យ៉ាងគគ្រឹកគគ្រេង​ពី​ក្រុម​ព្រះសង្ឃ ហើយ​និង​ប្រជាជន​ភូមា រាប់ម៉ឺននាក់ ដែល​តាមពិត លែង​អាច​ទ្រាំទ្រ​តទៅទៀត នឹង​នយោបាយ​សេដ្ឋកិច្ច​សង្គមនិយម ហើយនិងការគាបសង្កត់ កាត់តែ​ផ្តាច់ការ​របស់​រដ្ឋាភិបាលលោក​នេ វីន។

បាតុកម្ម​របស់​និស្សិត និង​ព្រះសង្ឃ​ភូមា​បាន​បិទបញ្ចប់​ជាមួយ​នឹង​ការបាញ់​សម្លាប់​ក្នុង​ថ្លុកឈាម ពី​សំណាក់​យោធា​ភូមា។ ចាប់តាំង​ពី​ថ្ងៃផ្តើម​បាតុកម្ម រហូត​ដល់​ពាក់កណ្តាល ខែ កញ្ញា​ឆ្នាំ ១៩៨៨ គេ​ប៉ាន់​ប្រមាណថា មាន​មនុស្ស​យ៉ាងហោច ៣ពាន់​នាក់ ត្រូវ​បាន​បាញ់​សម្លាប់​យ៉ាង​ឃោឃៅ នៅក្នុង​ប្រតិបត្តិការ​បាញ់​បង្រ្កាប​របស់​របបសឹក។ នេះ​គេ​នៅមិនទាន់​និយាយ​ពី​និស្សិត និង​មនុស្ស​ជាច្រើន​ពាន់​នាក់ផ្សេងទៀត ដែល​ត្រូវ​បាន​របបសឹក​យោធា ភូមា វាយធ្វើបាប ​ធ្វើ​ទារុណកម្ម ចាប់​ដាក់​ឃុំ នៅក្នុង​ពន្ធនាគារផង។

ចលនា​បះបោរ​របស់​និស្សិត​ភូមា ដែល​គេ​ដាក់​ឈ្មោះ​ម្យ៉ាងទៀត ការងើបបះបោរ​របស់​ជំនាន់ ៨៨ ត្រូវ​បាន​កត់សំគាល់​ដោយ​ហេតុការណ៍​សំខាន់មួយ នោះ​គឺ​ការលេចកើត​រូបរាង​ឡើង នៃ​គណបក្ស​ប្រឆាំង ភូមា របស់​ដោយ​លោកស្រី​អ៊ុងសាន ស៊ូជី។

នៅក្នុង​ការបង្ហាញមុខ ជាសាធារណៈ ជា​លើកទី១ នៅទីក្រុង​រ៉ងហ្គូន នៅ​ថ្ងៃទី ២៦ សីហា ឆ្នាំ ១៩៨៨ លោកស្រី អ៊ុងសាន ស៊ូជី ដែល​អន្តរជាតិ​មិន​ធ្លាប់​ស្គាល់​មុខ​ពីមុន​មក​នោះ បានក្លាយ ជានិមិត្តរូប នៃ​លទ្ធិប្រជាធិបតេយ្យ និង​ត្រូវ​បាន​សកម្មជន ក្រុមនិស្សិត លើក​ឲ្យ​ធ្វើ​ជាមេដឹកនាំ​របស់​ក្រុមប្រឆាំង។ នៅ​ចំពោះមុខ​មនុស្ស​៥សែននាក់ ដែល​បាន​ទៅ​ឈរស្តាប់​លោកស្រី នៅ​ក្រុង​រ៉ង់ហ្គូន នៅពេលនោះ លោកស្រី អ៊ុងសាន ស៊ូជី ដែល​ក្រោយ​មក​បាន​ទទួល​រង្វាន់​ណូបែលសន្តិភាព បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ភូមា ធ្វើ​បាតុកម្ម​ដោយ​សន្តិភាព ដើម្បី​ប្រឆាំង​នឹង​អំណាច​ផ្តាច់ការ​របស់​របបសឹក។ ដោយសារ​តែ​មិនអាច​ទប់ទល់​នឹង​កម្លាំង​របស់​ចលនា​ប្រឆាំង​របស់​មហាជន​ភូមា របបសឹក​ភូមា នៅឆ្នាំ ១៩៩០​បាន​សន្យា​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី។ ប៉ុន្តែ នៅពេល​ដែល​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោកស្រី ស៊ូជី​ឈ្នះឆ្នោត ដល់​ទៅ ៨០ភាគរយ របបសឹក​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផលឆ្នោត និង​បាន​សម្រេច​ចាប់លោកស្រី ស៊ូជី ដាក់​ឃុំ​ក្នុង​គេហដ្ឋាន​រហូត​ដល់​ឆ្នាំ ២០១០។

នៅ​ឆ្នាំ ២០១៦ គណបក្ស​របស់​លោកស្រី ស៊ូជី​បាន​ឈ្នះឆ្នោត​ទទួល​បាន​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា និង​បាន​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​មួយ ប៉ុន្តែ ដែល​មាន​វត្តមាន និង​ការចូលរួម ដ៏ចាំបាច់​របស់​ក្រុមយោធា។

អ្នក​ដែល​ធ្លាប់​ចូលរួម​ក្នុង​បាតុកម្ម នៅខែ សីហា ឆ្នាំ ១៩៨៨ ឬ​ដែល​គេ​ហៅ​ថា មនុស្ស​ជំនាន់​ឆ្នាំ ៨៨ បាន​ចាត់ទុក​ថ្ងៃ​ទី ៨​ខែ ៨ ឆ្នាំ ១៩៨៨ ថា ជាថ្ងៃ​សំខាន់ ព្រោះ​ជាថ្ងៃ​ដែល​កើតមាន​មហាបាតុកម្ម ការងើបបះបោរ​របស់​ប្រជាជន ដែល​ទាមទារ​ឲ្យ​មាន​ការផ្លាស់ប្តូរ​របប នៅ​ប្រទេស​ភូមា។ សម្រាប់​ពួកគេ ភាគច្រើន បើគ្មាន​ថ្ងៃ ទី ៨ សីហា ឆ្នាំ ១៩៨៨ ភូមា​ក៏​មិនរួច​ចាកផុត ពីការដឹកនាំ​ផ្តាច់ការ​របស់​របបសឹក​ដែរ។ របប​នយោបាយ​នៅ​ភូមា​បានផ្លាស់ប្តូរ ពីការដឹកនាំ​របស់​ក្រុមយោធា និង​ចុងក្រោយ ដោយ​រដ្ឋាភិបាល​ស៊ីវិល ជាពិសេស​រដ្ឋាភិបាល​ស៊ីវិលដឹកនាំ​ដោយ​គណបក្ស​ដែល​ធ្លាប់​តែ​ប្រឆាំង ក្រុមយោធា។

ប៉ុន្តែ

នៅ​៣០ឆ្នាំក្រោយ គេនៅតែទាមទារ​ដើម្បី​យុត្តិធម៌ និង​ការចងចាំ​ពី​បុព្វហេតុ​តស៊ូ​របស់​មនុស្ស​ជំនាន់ ៨៨

សម្រាប់​មនុស្សជំនាន់ ៨៨ ភាគច្រើន ការតស៊ូ​របស់​ពួកគេ នៅមិនទាន់​ចប់​នៅឡើយទេ ព្រោះ​ថា លទ្ធិប្រជាធិបតេយ្យ នៅ​ភូមា​សព្វថ្ងៃ នៅមិនទាន់ពេញលេញ​នៅឡើយ។ រដ្ឋាភិបាល​ភូមា​របស់លោកស្រី ស៊ូជី នៅតែស្ថិតនៅក្រោម​ការសម្ពាធ​ឥទ្ធិពល​របស់​ក្រុមយោធា ប៉ុន្តែ យ៉ាងណាក៏ដោយ គេ​ក៏​មិនអស់​សង្ឃឹមដែរ។ ទោះ​ផ្លូវ​ដើរ​នៅ​ឆ្ងាយ ប៉ុន្តែ គេ​នៅតែ​មាន​សង្ឃឹមថា ភូមា​នឹង​ផ្លាស់ប្តូរ។ ក្រុមអតីត​និស្សិត​មួយចំនួន​ដែល​ខកចិត្ត​នឹង​នយោបាយ​មិន​អើពើ​របស់​លោកស្រី ស៊ូជី បាន​អះអាង​ហើយ​ថា សម្រាប់​ការបោះឆ្នោតឆ្នាំ ២០២០ ពួកគេ​នឹង​ត្រៀមរួចហើយ​នឹង​បង្កើត​គណបក្ស​ថ្មីមួយទៀត ដើម្បី​ការពារ​បុព្វហេតុ របស់​អតីត​និស្សិត និង​មនុស្ស​ជំនាន់ ៨៨ នៅ​រដ្ឋសភា។ ប៉ុន្តែ មុន​នឹង​ចូលរួម​ការបោះឆ្នោត ដំណាក់កាល​សំខាន់​ដែល​មនុស្ស​ជំនាន់​៨៨​ត្រូវធ្វើ គឺ​ការបង្រៀន ចងក្រង ថែរក្សា​ឯកសារ រូបភាព នៃ​ព្រឹត្តិការណ៍​បាញ់បង្រ្កាប របស់​យោធា ទៅលើ​បាតុករ កាលពី​៣០​ឆ្នាំមុន ពោល​គឺ​ដើម្បី​កុំ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ភ្លេច មិនចងចាំ ប្រវត្តិសាស្រ្ត​មួយនេះ។ កិច្ចការ​មួយទៀត ដែល​ពួកគេ​កំពុង​តស៊ូ​ធ្វើ និង​ទាមទារ​ចង់បាន​ខ្លាំង គឺ​ការស្វែងរក​យុត្តិធម៌ និង​ផ្តល់​សំណងជម្អឺចិត្ត ព្រោះ​ថា យោធា​ដែល​ជាអ្នកទទួល​ខុសត្រូវ​នៃ​ការបង្រ្កាប​ទៅលើ​ចលនា​និស្សិត នៅតែមានសេរីភាព និង​កំពុងកាន់តំណែង​ខ្ពស់​ក្នុង​រដ្ឋាភិបាល។ មួយវិញទៀត អ្នកទោស​មនសិការ​ភាគច្រើន ដែល​ធ្លាប់​ត្រូវ​រងទារុណកម្ម ក្នុង​គុក​របស់​របបសឹក ត្រូវ​បាន​រដ្ឋាភិបាល​របស់លោកស្រី​ស៊ូជី មិន​រវីរវល់ អើពើ ជួយយក​អាសារ​នោះទេ។

ហុងកុង បើក​សវនាការ​ជម្រះ​ទោស​មេដឹកនាំ “បដិវត្ត​ឆ័ត្រ​លឿង”

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ខ្នះខ្នែងរក្សារដ្ឋាភិបាលចម្រុះដែលអាចឈានដល់ការបែកបាក់

អាមេរិកនិងចិន ត្រដាង​ជម្លោះ​ប្រជែង​ឥទ្ធិពល​នៅ​វេទិកា APEC

អាមេរិក​ថា ខ្លួន​មិន​ចង់​ក្លាយ​ជា​បងធំ​ទេ តែ​ចង់​រួមសហការណ៍​ជាមួយ​គ្រប់​ប្រទេស​នៅ​ក្នុង​តំបន់

សិង្ហបុរី៖​អាស៊ាន​ចង់​ឃើញ​សមុទ្រចិនខាងត្បូង​ក្លាយ​ជា​តំបន់​មាន​សន្តិភាព សន្តិសុខ និង​ស្ថិរភាព

សិង្ហបុរី៖​កិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី៣៣ និង​អាស៊ាន​ជាមួយ​ដៃគូ​ចាប់ផ្តើម​ដោយ​គ្មាន​វត្តមាន​លោកដូណាល់ ត្រាំ

បារាំង​ចង់​ជំរុញ​ឱ្យ​មាន​ការចរចា​បង្កើត​ក្រម​ប្រតិបត្តិ​អ៊ីនធ័រនែត

មុន​មកដល់​ប៉ារីស លោក​ដូណាល់ ត្រាំ ប្រើ​ពាក្យ​ធ្ងន់ៗ លើ​លោក​ម៉ាក្រុង

អាមេរិក៖​ហេតុអ្វី​បាន​ជា​លោក​ដូណាល់ ត្រាំ​កំចាត់​លោក Jeff Sessions ពី​តំណែង​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌?

អាមេរិក៖​លទ្ធផល​បោះឆ្នោត​ពាក់កណ្តាលអាណត្តិ​បាន​ធ្វើ​ឲ្យ​អាមេរិក​កាន់​តែ​ប្រេះឆាថែមទៀត?

អាមេរិក ៖ ហេតុផលនៃ​ចំណាប់​​អារម្មណ៍​ខ្លាំង​នឹង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ ២០១៨

លោកស៊ី ជីនពីង៖ ១៥​ឆ្នាំទៅមុខ ចិន នឹង​នាំចូល​ទំនិញ តម្លៃ ៣០ ០០០ពាន់លាន​ដុល្លារ

ទីបំផុត ពលរដ្ឋ​នូវែលកាឡេដូនី​មិន​ដាច់ចិត្ត​ផ្តាច់ខ្លួន​ចេញ​ពី​ប្រទេស​បារាំង​ទេ

លោកត្រាំ ប្រកាស​អនុវត្ត​ទណ្ឌកម្ម​ប្រេង​និង​ធនាគារ​លើ​អ៊ីរ៉ង់

៥ឆ្នាំ​​ក្រោយ​​មក ​គេ​នៅ​មិនទាន់​អាច​វែកមុខ​ឃាតករ​​ដែល​សម្លាប់​​អ្នកកាសែត RFI ២នាក់​ក្នុង​ប្រទេស​ម៉ាលី

ការ​ស្រាវជ្រាវ​ថ្មី​បង្ហាញថា ទឹក​សមុទ្រ​បាន​ស្រូប​កំដៅ ច្រើន​លើស​ពីអ្វី​ដែលគេ​ធ្លាប់​ប៉ាន់​ស្មាន

អាមេរិក អំពាវនាវឲ្យ ​ទំលាក់​អាវុធ​នៅយេម៉ែន

ផែនដី​ប្រឈម​នឹង​ការផុត​ពូជសត្វ​ទ្រង់ទ្រាយ​ធំ !

យន្តហោះដឹកអ្នកដំណើរ១៨៩នាក់ របស់ឥណ្ឌូណេស៊ីធ្លាក់ចូលសមុទ្រ

ការបោះឆ្នោតប្រេស៊ីល៖បេក្ខជនប្រធានាធិបតី​​ស្តាំនិយមជ្រុល​ឡើងកូដ ដោយសារ​បណ្តាញ​សង្គម