អានតួអត្ថបទ

បង់ក្លាដែស​កាត់​ប្រព័ន្ធ​អ៊ីនធ័រនែត ដើម្បី​បង្ក្រាប​ចលនា​បាតុកម្ម​និស្សិត

ប្រព័ន្ធអ៊ីនធ័រនែតចល័ត (​ក្នុង​ទូរស័ព្ទ​ដៃ) ត្រូវ​បាន​កាត់​ផ្តាច់​ ស្ទើរ​ទូទាំង​ប្រទេស​បង់ក្លាដែស​ ! នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ និង​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​មូលដ្ឋាន។ រដ្ឋាភិបាល​បង់ក្លាដែស បាន​ចាត់​​វិធានការបែប​​នេះ ដោយ​សង្ឃឹម​ថា​នឹង​អាច​បង្ក្រាបចលនា​​និស្សិត ដែល​តាំង​ពី​ជាង​មួយ​សប្តាហ៍មក​ បាន​នាំ​គ្នា​ធ្វើបាតុកម្ម​ រួច​រាលដាល​ទៅ​ជា​អំពើ​ហិង្សា។

ក្រុមសិស្ស​និស្សិត​បង់ក្លាដែស ធ្វើ​បាតុកម្ម​ទាមទារ​សុវត្ថិភាព​ចរាចរណ៍​ នៅ​ក្រុង​ដាការ ថ្ងៃទី ៤ សីហា២០១៨
ក្រុមសិស្ស​និស្សិត​បង់ក្លាដែស ធ្វើ​បាតុកម្ម​ទាមទារ​សុវត្ថិភាព​ចរាចរណ៍​ នៅ​ក្រុង​ដាការ ថ្ងៃទី ៤ សីហា២០១៨ © Reuters
ផ្សាយពាណិជ្ជកម្ម

ពេញ​មួយ​សប្តាហ៍​កន្លង​មកនេះ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍ ឡានក្រុង​បើក​លឿន​ជ្រុល​ទៅ​បុក​​​ក្មេង​​ពីរ​នាក់ឱ្យ​ស្លាប់​មក និស្សិត​រាប់ពាន់​នាក់ បាន​នាំ​គ្នា​បិទ​ខ្ទប់​រដ្ឋធានី​ដាកា មួយភាគ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្តារ​​សុវត្ថិភាព​ចរាចរណ៍ ឱ្យ​ប្រសើរ​ឡើង។ ចលនា​បាតុកម្ម​បាន​រីក​ធំធាត់​ជា​លំដាប់ រហូត​រាលដាល​ទៅ​ជា​អំពើហិង្សា។ ការ​បង្ក្រាប​របស់​ប៉ូលិស បាន​ធ្វើ​ឱ្យ​​​និស្សិត​ប្រមាណ​ជាង​មួយ​នាក់​បាន​រង​របួស កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

បើ​តាម​សាក្សី ប៉ូលិស​បាន​បាញ់​កាំភ្លើង​គ្រាប់​ជ័រ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ទៅ​លើ​ហ្វូង​បាតុករ ឯ​ចំណែក​កងយុទ្ធជន​រក្សាស្ម័គ​គាំទ្រ​រដ្ឋាភិបាល ក៏​បាន​ចេញ​មុខ​មកវាយប្រហារ​លើ​ក្រុម​និស្សិត​ដែរ បើ​ទោះបី​ជា​ពួកគេ​នេះ​រង​របួស​និង​រត់​ទៅ​រក​ការ​ព្យាបាល​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ក៏​ដោយ។ ប៉ុន្តែ​ប៉ូលិស​បាន​បដិសេធថា​មិន​បាន​បាញ់​តម្រង់​ទិស​លើ​និស្សិត​ទេ។ ចំណែក​រដ្ឋមន្ត្រីក្រសួងគមនាគមន៍​និង​ដឹកជញ្ជូន​ ក៏​បាន​ច្រាន​ចោល​រាល់​ពាក្យ​ថា​ចោទ​ប្រកាន់​ខាង​លើ និង​អះអាង​ថា​គ្មាន​កម្លាំង​របស់​​គណបក្ស​កាន់​អំណាចណា​ម្នាក់​ចេញ​វាយបង្ក្រាប​និស្សិត​ដែរ។​

ប្រឈម​នឹង​ស្ថានភាព​បែប​នេះ អាជ្ញាធរ​ទទួល​បន្ទុក​គ្រប់គ្រង​ប្រព័ន្ធ​ទូរគមនាគមន៍បង់ក្លាដែស ក៏​បាន​ប្រកាស​ផ្តាច់​ប្រព័ន្ធ​អ៊ីនធ័រនែតចល័ត 3G និង​ 4G តាំង​ពី​ល្ងាច​ថ្ងៃ​សៅរ៍​មក សម្រាប់​រយៈ​ពេល​២៤ម៉ោង។ ទូរស័ព្ទ​ដៃ​មិន​អាច​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធ័រនែត​បាន​ទេ តែ​បណ្តាញ​វាយហ្វាយនិង​ខ្សែកាប ទំនង​ជា​មិន​រង​ផលប៉ះពាល់​នឹង​វិធានការ​នេះ​​ឡើយ ព្រោះ​រដ្ឋាភិបាល​ ចង់​សាកល្បង​​​ទប់​ស្កាត់​សមត្ថភាព​ប្រមូល​ផ្តុំ​របស់​និស្សិតតែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ទូរគមនាគមន៍ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី Sheikh Hasina ដែល​ឡើង​កាន់​អំណាច​តាំង​ពី​ឆ្នាំ​២០០៩​មក រង​គំនាប​បាតុកម្ម​តាំង​ពី​ជា​ច្រើន​មក​ហើយ​។ ​ប្រជាពលរដ្ឋ​ បាន​ទាមទារ​ឱ្យ​បង់ក្លាដែស​បិទ​បញ្ចប់​ប្រព័ន្ធ​​ជ្រើសរើស​បុគ្គលិក​រដ្ឋ​ដ៏​ចាស់​គំរិល​និង​រើសអើង។ ហើយ​ពេល​នេះ​ មាន​បន្ថែម​បាតុកម្ម​និស្សិត​ទៀត ទើប​​រដ្ឋាភិបាល​ព្រួយ​បារម្ភ ខ្លាច​ក្រែង​ចលនានិស្សិត ប្រែ​ទម្រង់ទៅ​ជា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ ខណៈ​ដែល​ការ​បោះឆ្នោត​សភា​ នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ចុង​ឆ្នាំ​នេះ​ផង។ តំណាង​រដ្ឋាភិបាល​ដ៏​មាន​ឥទ្ធិពល​បាន​ទៅ​បញ្ចុះ​បញ្ចូល​និស្សិត​ឱ្យ​វិល​ត្រលប់​ទៅ​សាលា​រៀន​វិញ ប៉ុន្តែ​គ្មាន​លទ្ធផល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ