អានតួអត្ថបទ
ចិន-អាស៊ាន

ចិន​ចង់ធ្វើ​សមយុទ្ធ​ជាមួយ​អាស៊ាន ដោយ​គ្មាន​ប្រទេស​ទីបី ចូលពាក់ព័ន្ធ

ទីក្រុង​ប៉េកាំង​ចង់​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ប៉ុន្តែ ដោយ​គ្មាន​ការចលរួម​ពី​ប្រទេស​ដែល​មិនពាក់ព័ន្ធ។ នេះ​ជា​សំណើ​របស់​ភាគី​ចិន ដែល​មាន​នៅក្នុង​សេចក្តីព្រាង​ក្រមប្រតិបត្តិ ដែល​ចិន​កំពុងចរចា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន នៅ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស នៅ​ទីក្រុង​សិង្ហបុរី កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។ ប្រទេស​ដែល​មិនពាក់ព័ន្ធ ដែល​ចិន​ចង់​សំដៅ គឺសហរដ្ឋអាមេរិក​ដែល​ចេញមុខ​គាំទ្រ​ប្រទេស​សមាជិក​អាស៊ាន ដូចជា​វៀតណាម ឬ​ហ្វីលីពីន ដែល​កំពុង​ជាប់ឈ្លោះ​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។

រដ្ឋមន្រ្តី​ការបរទេស​ចិន លោក​វ៉ាង យី នៅក្រោយ​ជំនួបទ្វេភាគី​ជាមួយ​អាស៊ាន នៅថ្ងៃទី ២​សីហា ២០១៨ នៅប្រទេស​សិង្ហបុរី
រដ្ឋមន្រ្តី​ការបរទេស​ចិន លោក​វ៉ាង យី នៅក្រោយ​ជំនួបទ្វេភាគី​ជាមួយ​អាស៊ាន នៅថ្ងៃទី ២​សីហា ២០១៨ នៅប្រទេស​សិង្ហបុរី ©REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

“យើងជឿថា ដោយ​គ្មាន​ការរំខាន​ពី​ប្រទេស​ខាងក្រៅ ការពិគ្រោះ ពិភាក្សា លើ​ក្រមប្រតិបត្តិ​ចិន និង​អាស៊ាន​នឹង​បោះជំហាន​លឿន​ទៅ​មុខ” នេះ​ជាប្រសាសន៍​របស់​លោករដ្ឋមន្រ្តី ការបរទេស​ចិន វ៉ាង យី ទៅកាន់​អ្នកកាសែត នៅក្រោយ​កិច្ចប្រជុំ​អាស៊ាន នៅថ្ងៃ​ម្សិលមិញ នៅប្រទេស​សិង្ហបុរី។

ទៅតាម​ខ្លឹមសារ​នៃ​សេចក្តីព្រាង ក្រមប្រតិបត្តិ ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ប្រទេស​ចិន​បានស្នើ​ឲ្យ​មាន​សមយុទ្ធ​យោធា រួមគ្នា​ជាមួយ​អាស៊ាន ដែល​បើតាម​លោក​វ៉ាង យី គឺ​អាច​រៀបចំធ្វើឡើង នៅ​ខែ​តុលា​ខាងមុខ។ នៅក្នុង​សេចក្តីព្រាង ក្រមប្រតិបត្តិ ទីក្រុង​ប៉េកាំង​បាន​ស្នើផងដែរ ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ចូលរួមគ្នា​ជាមួយ​ចិន ដើម្បី​រុករក ប្រេង និង​ឧស្ម័ន នៅក្រោម​សមុទ្រ ប៉ុន្តែ ចិន​មិន​បាន​បញ្ជាក់ថា សមុទ្រ​នោះ ជា​សមុទ្រ​ចិន​ខាងត្បូង​នោះទេ។ តាម​ការចង់​បាន​របស់​ចិន ទាំង​សមយុទ្ធ ហើយ​និង​ការរុករក​ប្រេង ឧស្ម័ន​នៅក្រោម​សមុទ្រ រួមគ្នា (ចិន និង​អាស៊ាន) ធ្វើឡើង​ដោយ​គ្មាន​ចូលរួម​ពី​ប្រទេស​ខាងក្រៅ ឬ​បើ​មាន​ត្រូវ​សុំ​ការអនុញ្ញាត ភ្លើងខៀវ​ពីប្រទេស​ដែល​ពាក់ព័ន្ធ។

សូមអាន៖ លោកស៊ីជីនពីង​បំពេញ​ទស្សនកិច្ច ដ៏​ភ្ញាក់ផ្អើល​ នៅ​សមុទ្ទ​ចិន​ខាងត្បូង

ដោយ​ស្នើ​ឲ្យ​មាន​សមយុទ្ធ និង​រុករក​អណ្តូងប្រេង​រួមគ្នា​ជាមួយ អាស៊ាន ចិន​ចង់​ផ្ញើសារ ទៅ ពិភពលោក និងជាពិសេស​អាមេរិក ថា ចិន និង​អាស៊ាន​អាច​ធ្វើការ​ដោះស្រាយ​បញ្ហា​ខ្វែងគំនិតគ្នា នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​មិនចាំបាច់ មានការលូកដៃ ពីអ្នកខាងក្រៅ។

ភាពតានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​បានផ្ទុះឡើង នៅឆ្នាំ ២០១៤ នៅពេល​ចិន​បាន​សាងសង់ ស្ថានីយ៍​បូមប្រេង នៅក្នុង​តំបន់ទឹក ដែល​វៀតណាម ទាមទារ​ជាម្ចាស់​កម្មសិទ្ធិ។ ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម បាន​ចេញមុខ តវ៉ា នៅ​ពេល​ប្រទេស​ចិន​ប្រកាស​ធ្វើ​ជាម្ចាស់​ផ្តាច់មុខ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ប៉ុន្តែ ដោយសារ​តែ​ខ្លាច​បាត់​ជំនួយ និង​ទុន​វិនិយោគ​របស់​ចិន បូកផ្សំ​និង​ជំហរស្ទាក់ស្ទើរ​របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ នៅអាស៊ី សមាជិក​អាស៊ាន​មួយចំនួន លែង​សូវ​ហ៊ាន​ចេញមុខ​ប្រឈមតទល់​ជាមួយ​ទីក្រុង​ប៉េកាំង តួយ៉ាង​ដូចជា​ហ្វីលីពីន របស់ប្រធានាធិបតី​បច្ចុប្បន្ន គឺ​លោក​ឌុយទែរតេ ដែល​បាន​បត់​ជំហរ​នយោបាយ​ផ្ទុយស្រឡះ លែង រិះគន់​ចោទ​វត្តមាន​ចិន ដូច​ប្រធានាធិបតីមុន។

វៀតណាម ជា​ប្រទេស​អាស៊ាន​តែមួយ ដែល​នៅ​បន្តរិះគន់ និង​តវ៉ា​យុទ្ធសាស្រ្ត​ពង្រីកវត្តមាន​របស់​យោធា​ចិន នៅក្នុង​តំបន់ជម្លោះ នៅ​សមុទ្រ​ចិន​ខាងត្បូង។ នៅក្នុង​សេចក្តីព្រាង​ក្រមប្រតិបត្តិ វៀតណាម​នៅបាន​បង្ហាញ​ជំហរ​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​នានា​របស់​ចិន។ ដោយ​មិន​និយាយ​ចំៗ​តែ​ប្រទេស​ចិន វៀតណាម​បាន​អំពាវនាវ​ឲ្យ​ប្រទេស​នានា ឈប់​សាងសង់​កោះសិប្បនិម្មិត និង​បោះទីតាំង​មូលដ្ឋាន​ទ័ព នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ