rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក ចិន សង្រ្គាមពាណិជ្ជកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកត្រាំ ស្នើ​ដំឡើង​ពន្ធ​នាំចូល​ផលិតផល​ចិន ឱ្យ​ដល់​២០០​ពាន់​លាន​ដុល្លារ

media
លោកត្រាំ ចង់​ដំឡើង​ពន្ធ​លើ​ផលិតផល​ចិន​កំរិត​២៥% REUTERS/Jonathan Ernst

​លោក​ដូណាល់ ត្រាំ មិន​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន ដោយ​ងាយៗ​ទេ ! រដ្ឋបាលនេះ នឹង​​ប្រកាស​ដំឡើង​ពន្ធ ​ ឱ្យ​ដល់​២៥%​ លើ​ផលិតនាំចូលមក​ចិន​ មិនមែន​១០%​ ដូច​ដែលគេ​ធ្លាប់​បាន​ឮ​ពី​មុន​មក​ឡើយ។ ជាមួយ​នឹង​វិធានការ​នេះ ​អាមេរិកនឹង​អាច​ប្រមូល​ចំណូល​ពន្ធ​​ បាន​២០០ពាន់​លាន​ដុល្លារ។


ពន្ធនាំចូល​ផលិតផល​ចិន​មក​អាមេរិក នឹង​មាន​កំរិត ២៥% មិនមែន​១០% ដូច​ដែល​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ធ្លាប់​បាន​ប្រកាស​ កាលពី​ដំបូងទេ។ គម្រោង​​ដំឡើង​ពន្ធនេះ​​​ នឹង​ត្រូវ​រដ្ឋបាល​លោក​ត្រាំ ​ប្រកាស​ជា​សាធារណៈ​​ ​នៅ​ព្រឹក​ថ្ងៃពុធ​ទី ១​សីហា។ នេះ​បើ​តាម​ប្រភព​ស្និទ្ធ​នឹង​សេតវិមាន។

​បើ​តាម​បញ្ជី​ឈ្មោះ​ផលិតផល ដែល​​រដ្ឋាភិបាល​អាមេរិកបានផ្សព្វផ្សាយកាលពី​ខែ​មុន ​ផលិតផល​ជាប់​ពន្ធ​ខ្ពស់​ទាំងនោះ រួម​មាន​ផលិតផល​ចំណីអាហារ​ជាងច្រើន​រយ​មុខ ថ្នាំជក់ ធ្យូងថ្ម ផលិតផលគីមី ឬ​ក៏​គ្រឿង​បំផ្លាស់​អេឡិចត្រូនិក។

ជាមួយ​នឹង​វិធានការ​នេះ អាមេរិក​នឹង​អាច​ប្រមូលចំណូល​ពន្ធ​ បាន​២០០ពាន់​លាន​ដុល្លារ។ ប៉ុន្តែ លោកត្រាំ ទំនង​ជា​មិន​បញ្ឈប់​ត្រឹម​ណេះ​ទេ។ នៅ​ល្ងាច​មិញ លោក​បាន​ព្រមាន​បន្ថែម​ទៀត ថា ទៅ​ថ្ងៃអនាគត​ អាមេរិក​នឹ​ងដំឡើង​ពន្ធ​នាំ​ចូល​ផលិតផល​មក​ពី​ចិន ឱ្យ​ឡើង​ដល់ ៥០០ពាន់​លាន​ដុល្លារ ពោល​គឺ​ដំឡើង​លើ​ស្ទើរ​រាល់​គ្រប់​ផលិត​ផលទាំង​អស់​របស់​ចិន ដែល​ត្រូវ​នាំ​ចូល​មក​កាន់​ទឹក​ដី​អាមេរិក។ ដើម្បី​ទូទាត់​ផលប៉ះពាល់​បណ្តាល​មក​ពីការ​សងសឹក​របស់​ចិនចំពោះការ​ដំឡើង​ពន្ធ លោក​ដូណាល់ ត្រាំបាន​សន្យា​ ផ្តល់​ថវិកា ១២​ពាន់​លាន​ដុល្លារ​ដល់​ក្រុម​កសិករ​អាមេរិក។

ដោយ​មិន​បង្អង់ នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន នាព្រឹក​មិញ​នេះ អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​ចិន​បាន​ ​ប្រកាស​ចាត់​វិធានការ​សង​សឹក​វិញ ដោយ​អះអាង​ថា គំនាប​ពាណិជ្ជកម្មរបស់​​អាមេរិកលើ​​ចិនគ្មានប្រសិទ្ធិភាពទេ ! ចិនតែង​​ផ្តល់​អាទិភាព​ជានិច្ច​ដល់​ការ​ចរចាក្នុង​វិវាទ​ពាណិជ្ជកម្ម។ កាលពី​ខែ​មុន ចិន​បាន​ព្រមាន​យក​ពន្ធលើ​ផលិត​នាំ​ចូលមកពី​អាមេរិកវិញ ឱ្យ​ស្មើ​ដើម​ស្មើការ។

បើ​តាម​ភ្នាក់ងារ​ Bloomberg រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​អាមេរិក​និង​ឧបនាយករដ្ឋមន្ត្រី​ កំពុង​ជជែក​ពិភាក្សា​គ្នា​ជា​ឯកជន​ហើយ​ នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ចរចា។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ សហរដ្ឋ​អាមេរិក​បានរក​ឃើញ​កិច្ច​ព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប ដែល​ព្រម​ជួយ​ដាក់​សម្ពាធលើ​ចិន។ នេះ​បើ​តាម​ការ​អះអាង​របស់​ភាគី​វ៉ាស៊ីនតោន៕​